ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកមិនស្គាល់ប្រភពមួយនៅព្រះបរមរាជវាំង​ K.១២៧៩

សិលាចារឹកមិនស្គាល់ប្រភពមួយនៅព្រះបរមរាជវាំង​ K.១២៧៩

សិលាចារឹកនេះ​​ចារនៅលើមេទ្វារប្រាសាទ​សម័យមុនអង្គរ​មួយ ​ដែល​មិន​ដឹងច្បាស់អំពី​ប្រភព​ដើម។ បើពិនិត្យសង្កេតលើលក្ខណៈថ្មភក់ដែលមានគ្រាប់ធំៗមិនសូវល្អនិង​លក្ខណៈ​ចារដូចនេះ យើងកម្រជួបប្រទះនៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជាណាស់​ដ្បិតទីនោះច្រើនតែប្រើប្រាស់ប្រភេទថ្មស៊ីសច្រើនជាង។ លក្ខណៈថ្មចារបែបនេះ គួរតែមានប្រភពមកពីតំបន់ភាគខាងជើងទន្លេសាបនិងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ យោង​តាម​ទម្រង់​អក្សរចារឹកនិងស្ថានភាពថ្ម​ យើងអាចប្រៀបធៀបបាននឹងសិលាចារឹក K.១១៤មក​ពីវត្តស្វាយសាច់ភ្នំ ខេត្តកំពង់ចាម។​ របាយការណ៍ចុះបញ្ជីសារពើភណ្ឌសិលាចារឹក​​របស់សារមន្ទីរជាតិ​ និងសាលា​បារាំង​ចុងបូព៌ា បានផ្ដល់​ព័ត៌មាន​ថាមេទ្វារប្រាសាទ​ពីរ​និង​​សសរពេជ្រសម័យមុនអង្គរ​ពីរ ​ត្រូវប្រជាពលរដ្ឋខេត្តមួយដឹកទូកតាម​ទន្លេ​យក​មក​ថ្វាយ​​ព្រះករុណា​ព្រះបរមរតនកោដ្ឋនៅអំឡុងឆ្នាំ​១៩៩៧​។ មុនពាក់​កណ្ដាល​ឆ្នាំ​២០១៥ មេទ្វារដែល​មាន​ចារសិលាចារឹកនេះ​តម្កល់​ទុកនៅវាល​ខាងមុខប្រាសាទមួយ ខាង​ជើង​ព្រះទីនាំង​​ទេវាវិនិច្ឆ័យ ជាមួយ​មេទ្វារប្រាសាទ​ចំនួនបីនិងសសរពេជ្របួនផ្សេងទៀត។​ ​

​មេទ្វារប្រាសាទ​ និងសសរពេជ្រ

នៅបន្ទាត់ទីមួយមានការឈូសលុប​ ដែលយើងអាចនៅឃើញមាន​ការ​​ចារឹកកាលបរិច្ឆេទដែលទំនងជាចារ​ខុស​ ទើប​លុបរួចចាប់ចារជាថ្មីនៅបន្ទាត់​ទីពីរ។ អក្សរដែលកោសលុបនោះ​នៅសល់ដានដែលអាចឱ្យយើង​អានបានថា «អទ្យាឝីត្យ»។ សំណេរកាលបរិច្ឆេទ​ដែលកោសលុបនេះ យើង​អាច​សន្និដ្ឋានបាន​ថាជា «អទ្យាឝីត្យុត្តរបញ្ចឝត» (?) ដែលត្រូវជាឆ្នាំ​៥៨១នៃមហាសករាជ។ ប៉ុន្តែ​ឆ្នាំដែលចារត្រឹមត្រូវនៅបន្ទាត់ទីពីរគឺចារនៅឆ្នាំ​៥៨៩​នៃមហាសករាជ​ ត្រូវនឹងឆ្នាំ​៦៦៧នៃគ្រិស្ដសករាជ។

សិលាចារឹកនេះ ​ជាបញ្ជីកត់ត្រាតង្វាយ​របស់​បោញយជមាន និង​ក្លោញ​យជមាន​នៅថ្ងៃចន្ទ ១១កើត​ ខែមាឃ នក្សត្រស្រាពណ៍ ចំពោះ​ទេពព្រះនាម ស្រីគោកណ៌្ណេស្វរៈ/ ស្រី​គោកណ៌្ណេសូរ។ តង្វាយ​ទាំងនោះរួមមានអ្នកបម្រើប្រុស​៤នាក់ ​អ្នកបម្រើស្រី១១នាក់និងកូនរបស់ពួកគេចំនួន១០នាក់ រួមទាំង​ស្រែ ដោកស្រូវ ជង្រុក ដូង និងច្បារ​ដំណាំផងដែរ​។ ចុងក្រោយ គឺជាការ​ដាក់បណ្ដាសា​ដល់នរណាដែល​លួចរបស់ទាំងនោះ​ឱ្យធ្លាក់នរកឈ្មោះមហារោរព(មហារៅរវ)។

ទេពព្រះនាម «ស្រីគោកណ៌េស្វរៈ» ទើបតែរកឃើញដំបូងនៅក្នុងសិលាចារឹកនេះ ដែលជាព្រះនាមរបស់ប្រតិមារបស់ព្រះឥសូរ។ តាមលក្ខណៈតួអក្សរ និងសំណង់ឃ្លាល្បះ យើងអាចប្រៀបធៀបបាននឹងសិលាចារឹក K.719 ដែលដាច់ព្រះនាមទេពសល់ត្រឹមតែ «—ណ៌្ណេឝ្វរ» ក៏ទំនងជាមានពាក្យពេញជា «ឝ្រីគោកណ៌្ណេឝ្វរ» ដូចសិលាចារឹកនេះដែរ។  

សំណៅផ្ដិតសិលាចារឹក K.១២៧៩

អត្ថបទដើមជាអក្សរខ្មែរទំនើប

១-    [អទ្យាឝីត្យ]

២-    ឆិទ្រាឝីត្យុត្តរបញ្ចឝតឝកបរិគ្រហឯកាទឝី

៣-   រោច៑​មាឃ​ឝ្រវននក្ឞត្រ​ចន្ទ្រទិវសវារ​អំនោយ៑បោញ៑​យ

៤-    ជមាន ក្លោញ៑យជមានឰតវ្រះកម្រតាង៑អញ៑ឝ្រីគោ

៥-    កណ៌្ណេឝ្វរ ក្ញុំតសិ វាក្លង៑ទ្រោង៑​១ វាវ្ងាហ៌្វល៑១ វាធវល១

៦-    វាប្រាណ១ ក្ញុំតកន្តៃ​ កុនិរន្ត​១ កោន៑កុ​ វាក្លង៑អរស៑១  វាកន្ទោស៑១

៧-    កុជុង៑កន្ទិន៑១ ​ វានារទី១ កុយោជេរអញ៑១ កោន៑កុ​ កុស្លាឆៅ១

៨-    វាច្រៃ១ វាកន្ទោច៑១ វាក្រៅ១  កុវោំបស្សំតង៑១ កោន៑កុ​ កុ​កប១ វាកេតលេ

៩-    អញ៑១ កុបិនាង៑១ កុមាន្រអញ៑១ កុយេអាយ៑១ កុមាស៑១ កុខេ១  កុ​ច្ងា​ប១

១០-  (កុ)អំវី១ កុជ្រៃ១ កុ​អំវៅ១ ស្រេត្រេយ៑ ស្រេ​ជ្នង ស្រេសំវោក៑ ស្រេប្រង៑​ករោំ ​កន្ដោក៑

១១-  ក្ឧល៑ ត្មុរ៑ តោង៑ ច្បរ៑ ​• គិុនេះ​ឥស្ដេល៑​បោញ៑​យជមាន​ • ក្លោញ៑​យជមាន

១២- ឱយ៑ផោង៑​តវ្រះផោង៑ រិគេឱយ៑តកុលេ​គេ​ (o) មន៑​បោញ៑​យជមាន

១៣- ក្លោញ៑​យជមាន​ស្រច៑ហ្វត្តន៑គេ​តក្មី​តគិុនេះអំនោយ៑​គេតវ្រះរោះគិុ

១៤- ចោរ៑គេ​ទៅកំលុង៑គិុនរក  គិុតមហារៅរវ

អត្ថបទប្រែសម្រួល

ឆ្នាំ​៥៨៩ នៃមហាសករាជ ថ្ងៃទី១១កើត​ ខែមាឃ នក្សត្រស្រាពណ៍ ថ្ងៃចន្ទ។ តង្វាយ​​របស់​បោញ​យជ​មា​ននិងក្លោញយជមានថ្វាយដល់​ព្រះ​ស្រីគោកណ៌្ណេស្វរៈ រួមមានអ្នកបម្រើប្រុស​៖ វាក្លងទ្រោង១ វាវ្ងាហ៌្វល១ វាធវល១ វាប្រាណ១ និង​អ្នកបម្រើស្រី៖ កុនិរន្ដ១និងកូនរបស់នា គឺវាក្លងអរស១ វាកន្ទោស១ កុទុងកន្ទិន១ និងវានារទី១ កុយោជេរអញ១និងកូនរបស់នាង​គឺកុស្លាឆៅ១ វាវ្រៃ១ វាកន្ទោច១​ និងវាក្រៅ១ កុវោបស្សតង១និងកូនរបស់នាងគឺកុកប១​ និងវាកេតលេអញ១ កុបិនាង១ កុមាន្រអញ១ កុយេអាយ១ កុមាស១ កុខេ១ កុច្ងាប១ កុអំវី១ កុជ្រៃ១ កុអំវៅ១។ ស្រែត្រើយ ស្រែជង់ ស្រែអំពក ស្រែប្រាំងក្រោម ដោក ជង្រុក គោ ដូង ច្បារដំណាំ គឺទាំងអស់នេះ​ដែល​បោញយជមាន ក្លោញយជមាន ថ្វាយ​ចំពោះព្រះ។ រីឯនរណា​ដែលយកទ្រព្យទាំងនេះឱ្យដល់ក្រុមគ្រួសារគេ បោញយជមាននិងក្លោញយជមាន សម្រេចឱ្យហូតទ្រព្យ​ទាំងនោះពីគេវិញយ៉ាងឆាប់និងថ្វាយចំពោះព្រះវិញ។ គឺ(អ្នកណា)លួច​ គេ(នឹងធ្លាក់)ទៅក្នុង​នរក​គឺ​(ធ្លាក់)ដល់(ឋាននរក)មហារៅវព។

—————————————-

Unknown Inscription at the Royal Palace K. 1279

This inscription is inscribed on the main door of a pre-Angkorian temple that origin is unknown. If we exam at the sandstone features with large grains that are not very good and inscribing like this, we rarely find them in the southern part of Cambodia, because this area mostly uses rock stone. Such inscribing like this should originate from the northern Tonle Sap and southeastern regions of Cambodia. According to the inscription form and stone condition, we can compare it with the inscription K.114 from Wat Svay Sach Phnom, Kampong Cham province. According to the Inscriptions inventory list from the National Museum and EFEO report provided information on the main door of two temples and the two colonnades in Pre-Angkorian were brought by a resident by boat along the river to the Norodom Sihanouk King during 1997. Before mid-2015, the main door temple with the inscribing of this inscription was kept in the field in front of a temple north of Preah Tineang Tevea Vinichhy, along with three main doors temple and other four colonnades.

On the first line of this inscription, there is a deletion where we can still see the date inscription, which seems to be the wrong inscribed, then delete and reinscribe on the second line. The scratched letter remains a trace that allows us to read ” អទ្យាឝីត្យ”. This erased date can be inferred as “អទ្យាឝីត្យុត្តរបញ្ចឝត” (?), Which is the date 581 G.E. But the correct date inscribed on the second line is inscribed in 589 G.E. corresponding to 667 C.E.

This inscription is a record of the offerings of Poñ Yoj Mān and Kloñ on Monday, the 11th day of the Khmer month (Meak Naksatraporn) to the goddess named Srei Kork Nanesvara / Srei Kork Nesūr. The offerings included four male servants, 11 female servants, and 10 of their children, as well as rice fields, barns, coconuts, and farms. The last is to curse anyone who steals those things to go to hell in the name of Maharob (Maharaov).

The goddess “Srei Kork Nesvara” was first discovered in this inscription, the name of the statue of Shiva. In terms of character and sentences, we can compare it to the inscription K.719, which is separated from the name of the goddess, only “— Nnaesvara” is likely to have the full word “Shri Korknesvara” like this inscription.

អត្ថបទដោយ៖ លោក​ ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,400SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!