ពិធីបុណ្យអុំទូក

បុណ្យអុំទូក គឺជាព្រះរាជពិធីរបស់ព្រះមហាក្សត្រ ដែលមានកំណត់នៅក្នុងពិធីបុណ្យទ្វាទស្សមាស និងជាបុណ្យប្រពៃណីជាតិ ដែលទូទៅប្រារព្ធរៀងរាល់ឆ្នាំចំនួន៣ថ្ងៃគឺ១៤កើត ១៥កើត និង១រោចខែកត្តិក ដែល១៥កើតជាថ្ងៃពេញបូណ៌មី។ កម្មវិធីសំខាន់ៗ មានដូចជាប្រណាំងទូក បណ្តែតប្រទីប និងអកសំបុកសំពះព្រះខែ។

បើតាម លោក Maurice Glaize​ ជាអ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់ បានបញ្ជាក់ថា ពិធីបុណ្យអុំទូកប្រារព្ធឡើង ដើម្បីរំលឹកដល់ចម្បាំងទ័ពជើងទឹកខ្មែរដែលបានរំដោះទឹកដីពីចាមមកវិញ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន្ត និងប្រាសាទបន្ទាយឆ្មារជាដើម។ ទោះបីយ៉ាងនេះក្តី បើពិនិត្យឲ្យស៊ីជម្រៅបន្តិចទើបឃើញថា ព្រះរាជពិធីបុណ្យអុំទូកមិនមែនជាការប្រារព្ធពិធីប្រណាំងទូកដើម្បីរំលឹកដល់ចម្បាំងជើងទឹក ឬដើម្បីកំសាន្តនោះទេ ប៉ុន្តែជាកិច្ចពិធីតាមបែបជំនឿសាសនារំលឹកដល់គុណរបស់ទឹក ដែលនាំមកនូវភោគផលដល់ផ្នែកកសិកម្ម។

តើពិធីបុណ្យអុំទូកទាក់ទងយ៉ាងដូចម្តេចជាមួយទឹក និងកសិកម្ម?

នៅរវាងខែសីហា ដល់ខែវិច្ឆិកា ទឹកទន្លេមេគង្គបានជន់ឡើង ហើយទន្លេសាបបានហូរពីត្បូងទៅជើង នាំទឹកទៅបំពេញគ្រប់បឹងបួរ និងទំនាបនានា ដូច្នេះការងារកសិកម្មមិនអាចដំណើរការទៅបាននោះទេ។ លុះដល់រវាងខែវិច្ឆិកាទឹកទន្លេមេគង្គបានស្រកចុះ ហើយទន្លេសាបបានហូរត្រឡប់ពីជើងទៅត្បូងវិញ ដោយបន្សល់នូវដីល្បាប់ដ៏មានជីជាតិសម្រាប់វិស័យកសិកម្ម។ ហេតុដូច្នេះ ក្នុងពិធីបុណ្យអុំទូកគេឃើញថា អ្នកអុំទូកបានអុំទូកប្រដេញគ្នា ដោយមានសន្ទុះយ៉ាងខ្លាំងហាក់បណ្តេញទឹកដែលជន់លិចឲ្យថយត្រឡប់ទៅវិញ ដើម្បីឲ្យប្រជាកសិករអាចប្រកបកសិកម្មឡើងវិញបាន។

ដោយឡែក អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត គឺនៅថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក មានកិច្ចពិធីមួយហៅថា ផ្តាច់ព្រ័ត្រ ដោយចុងទាំងសង្ខាងរបស់ព្រ័ត្របានទាញសន្ធឹងយ៉ាងតឹង និងមានបារគូម្នាក់ (អាចារ្យនៅព្រះបរមរាជវាំង) អង្គុយលើទូកនៅចន្លោះកណ្តាលរវាងចុងទាំងសង្ខាង ត្រូវផ្តាច់ព្រ័ត្រយ៉ាងណាឱ្យដាច់តែ១ម្តងក្នុងវេលាណាបានកំណត់។ ការផ្តាច់ព្រ័ត្រនេះ គឺដើម្បីទម្លាយទឹកដែលចាល់ក្នុងទន្លេឲ្យហូរទៅសមុទ្រវិញ។ តាមរយៈលោក ស៊ីយ៉ុន សុភារិទ្ធ ជាបុរាណវិទូខ្មែរ បានបញ្ជាក់ថា ព្រ័ត្រ មានទំនាក់ទំនងទៅនឹងវដ្ត ដែលជាចលនាវិលត្រឡប់មិនដាច់នៃពេល ដូច្នេះផ្តាច់ព្រ័ត្រ គឺផ្តាច់ពេល ផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី ផ្តាច់រដូវចាស់ ចូលរដូវថ្មី ដែលនាំឲ្យកសិករអាចប្រកបរបរកសិកម្មឡើងវិញ។

សូមរំលឹកថា កាលពីដើមប្រជាជនខ្មែរប្រារព្ធពិធីចូលឆ្នាំក្នុងខែកត្តិក ដែលជាខែប្រមូលផលស្រូវទុំ មិនមែនក្នុងខែចែត្រដូចបច្ចុប្បន្ននេះទេ ដូច្នេះហើយទើបពិធីបុណ្យអុំទូក​តែងប្រារព្ធឡើងដោយមានពិធីអកអំបុកសំពះព្រះខែអមជាមួយផង។ ថ្ងៃអកអំបុក​ គឺជាថ្ងៃពេញបូណ៌មី ដែលពេលនោះប្រជាជនខ្មែររៀបតង្វាយដោយមានអំបុក ចេកទុំ ទឹកដូងជាដើមចំពោះព្រះច័ន្ទ។ យោងតាមលោកសាស្រ្តាចារ្យ អាំង ជូលាន ដែលជានរវិទូខ្មែរដ៏ល្បីម្នាក់ បានលើកឡើងថា សម្រាប់អ្នកស្រុកសៀមរាប ហៅពិធីអកអំបុកនេះថា អកព្រះខែ ដោយអំបុក គឺធ្វើពីស្រូវដែលទើបប្រមូលផលបាន ហើយព្រះខែក្នុងថ្ងៃពេញបូណ៌មី (ព្រះច័ន្ទពេញវង្ស) ដូច្នេះអកអំបុក ឬអកព្រះខែ គឺអកភាពបរិបូណ៍ទៅក្នុងខ្លួន។

សរុបមក ព្រះរាជពិធីអុំទូកមិនមានទំនាក់ទំនងទៅនឹងចម្បាំងជើងទឹកដែលមានក្នុងប្រវត្តិសាស្រ្ត និងនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរនោះទេ ប៉ុន្តែជាកិច្ចពិធីដែលទាក់ ទងជាមួយទឹក និងការងារកសិកម្ម។  

អត្ថបទដើម៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!