ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀមសែនដូនតាក្នុងរដូវភ្ជុំបិណ្ឌ

ទំនៀមសែនដូនតាក្នុងរដូវភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” ឬ “ប្រភពពិធីបុណ្យភ្ជុំបិណ្ឌ” ពុំលើកមក​និយាយរៀបរាប់​​ក្នុង​អត្ថបទ​នេះទេ។ បំណងក្នុងអត្ថបទនេះ ខ្ញុំចង់រៀបរាប់បង្ហាញទិដ្ឋភាពតូច​មួយ​​នៃ​ទំនៀម​សែនដូនតា និងបណ្តែតដូនតា ​ជា​កិច្ច​ចុង​​បំផុត​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។ នៅតំបន់​ខ្លះ​ក្នុង​ល្ងាចថ្ងៃ១៥ រោច ខែភទ្របទ នៃថ្ងៃទី២ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយក្នុង​គ្រួសារ​នីមួយៗ​តែង​តែ​រៀប​ចំ​កិច្ច​សែន​ដូនតា។ តាម​ការសង្កេត ​សមាជិក​គ្រួសារ​ដែល​ទៅ​​រស់​នៅ ឬចេញ​ទៅរក​ស៊ី​ជិត​ឆ្ងាយ​ក្តី តែង​វិល​ត្រទ្បប់​មក​ជួបជុំ​ក្នុងឱកាសសែនដូនតាពុំដែល​ខាន​។ ​ប៉ុន្តែទំនៀម​សែន​ដូនតា​នេះ​គេ​មើល​ឃើញ​ថា ​ពុំ​ប្រតិបត្តិដូច​គ្នា​ទូទៅពីស្រុកមួយទៅស្រុកមួយឡើយ តែក៏​មាន​ប្រតិ​បត្តិ​​ជា​ហូរហែ​ក្នុង​សហគមន៍ខ្មែរនៅកម្ពុជាក្រោមដែរ។ បើធៀបនឹងទំនៀម​​ក្នុងព្រះបរម​រាជ​វាំង ហាក់ដូចជា​ត្រូវ​នឹងព្រះរាជ​ពិធី​​ថ្វាយព្រះបិតរ។

តាមទម្លាប់ក្នុងវេលាល្ងាចនោះ គេត្រូវមានគ្រឿងសំណែនដូចជា ផ្លែឈើ ចេកទុំ  នំចំណី ស្រា មាន់ស្ងោ ទឹកក្រូច បង្អែម​ ចម្អាប ព្រមទាំង​បាយ​បិណ្ឌ​-បាយ​បត្តបូរ​ រៀបចំ​ដាក់​លើ​កម្រាល​ក្នុង​ទីសមគួរមួយ។ ​សំណែន​ក្នុង​​កិច្ច​នេះ​​​ក៏ពុំដូច​គ្នា​ទាំង​ស្រុង​ដែរ ខ្លះថែម​ទាំង​មាន​រៀបដូងខ្ចី១គូ សំពត់​អាវ​ថ្មី និងគ្រឿង​ក្រអូប​ជាដើម។ លុះរៀបចំ​ស្រេច​ហើយ​គេ​​​អញ្ជើញ​ចាស់ទុំ និងញាតិ​មិត្ត​ភូមិ​ផង​របង​ជាមួយ​​មក​ចូល​រួម។ បន្ទាប់មក​ចាស់​ទុំ​ណា​​​ម្នាក់ ឬមេគ្រួសារ​​ផ្តើមអុជទៀន ធូប​ព្រេន​​បីបទ ក្នុងន័យ​សូមអញ្ជើញ​​ជី​ដូន​ជីតា​ដែល​ចែកឋាន​ទៅ ចូលមកសេព​សោយ​ទទួលយក​ម្ហូប​ចំណី​​កូន​ចៅ​រៀបចំ​​ជូន​ក្នុង​ឱកាស​នេះ។ ពេល​ព្រេន​ចប់​មួយ​បទ គេច្រូច​ស្រាបន្តិចទៅ​ក្នុងចានសំណែន​ដោយ​ឡែក​​​មួយដែល​មាន​ដាក់​លាយ​​ច្របល់​គ្នា​ទាំងនំចំណី ​បង្ហែម ​ចម្អាប ផ្លែឈើ និងជាពិសេស​គួរ​ឱ្យ​សម្គាល់ គេតែង​​កាត់​​​ក្បាល​​មាន់​ស្ងោ​មក​ដាក់​ចូល​ផង។ សំណែន​មួយចាននេះ គេដាក់នៅចុង​ជាយកន្ទេល​ផុត​ពីសំណែននានា​​។ លុះព្រេនចប់ គេច្រើនយកសំណែននេះ​ ទៅ​ចាក់​​ក្រោមជណ្តើរផ្ទះ ឬ​នៅ​ជាយ​​ភូមិដែល​គេ​យល់​ថាសម្រាប់ពពួកអមនុស្ស​ផ្សេងៗ​ពុំ​មែន​​ជា​ញាតិ។​ ចំពោះ​ពាក្យ​និយាយ (ឬសូត្រ?) ទាំងបីបទ​ហាក់​​ដូចជាពោលចេញមកតែរៀងខ្លួន ពុំមានពាក្យ​តែ​មួយ​​ដូចធម៌អាថ៌ ឬអ្វី​ដែល​មាន​ការ​តាក់​តែង​ចង​ក្រង​ច្បាស់​លាស់​​ឡើយ តែមាន​ខ្លឹមសារ​រួម​ជាការអញ្ជើញ​ជីដូនជីតា ឬ​ញាតិ​​​ទាំង​​ប្រាំពីរ​សន្តាន​ដែល​​ស្លាប់ទៅ មក​​ទទួល​សំណែន​ដែលរៀបចំក្នុង​ឱកាស​នេះឱ្យ​បាន​​បរិបូណ៍។

លុះព្រលឹមថ្ងៃ១ កើត ត្រូវនឹង​ខែអស្សុជ គេរៀបចំ​ជូន​ដូនតា​ត្រទ្បប់​ទៅ​ស្រុក​វិញ។ រណ្តាប់​​ដែល​គេតែង​រៀបចំ​ដាក់​ជូន​ដំណើររួមមាន នំចំណី ផ្លែឈើ គ្រាប់​​ពោត គ្រាប់​សណ្តែក ល្ង អង្ករ អំបិល ម្រេច ខ្ទឹម ។ល។​ ខ្ចប់ជា​កញ្ចប់​តូចៗ​ដូចគ្រឿងបម្រុង​ ​ដាក់​លើ​ស្រទប​ចេក​បត់​ឱ្យមាន​សណ្ឋាន​ដូចទូក ឬសង្ឃឹក ឬក្បូនសម្រាប់ផ្ទុករណ្តាប់ទាំងនោះ។

បន្ទាប់មក គេអុជ​ទៀន​ធូប​ដោត​ដាក់​​ក្នុង​ទូកនោះ ​បណ្តែត​តាមទឹក ហើយឧបកិច្ចថា “ទៅ​ស្រុក​​ទន្លេ​ស្ងួតកន្ទួតមួយ​ដើម” ដែលជាស្រុកមាន​និយាយ​ក្នុង​រឿង​ព្រេង​ពាក់​ព័ន្ធ​នឹង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ក្នុងវេលានេះដែរ ​គេក៏មានកិច្ចសូមខមាទោសគោ-ក្របី ជា​ពាហនៈ​អូសទាញ​​យ៉ាង​សំខាន់​ ដោយយកទៅលាង​ទឹក ​លាប​ប្រេង ចងអំបោះ ឱ្យស៊ីចេក និងនំ ហើយ​និយាយ​សូម​ខមាទោស​​ ដែលខ្លួនជាម្ចាស់​ធ្លាប់វាយ​ដំ​​ជេរប្រទេច ដឹក​ជញ្ជូន​ធ្ងន់​ស្រាល​​ក្នុង​ការងារ​ស្រែ​ចម្ការ​កន្លងមក។ ពេញមួយថ្ងៃនេះ គេពុំប្រើសត្វទាំង​នោះឡើយ បើទោះ​ជាការងារ​ស្រែ​ចម្ការ​ពុំទាន់រួចរាល់ចប់សព្វគ្រប់ក្តី។ កិច្ច​សែនព្រេនចុងបំផុតនៃ​ពិធី​ភ្ជុំ​បិណ្ឌ​​នេះ​ ក៏​ឃើញ​​ក្នុង​ជំនឿ​​ជន​ជាតិ​កួយក្នុង​ស្រុក​វាលវែង ខេត្តកំពង់ធំដែរ ដែល​ជា​​ក្រុម​ជន​ជាតិដើមភាគតិច​មាន​ជំនាញ​ខ្ពស់​ខាង​ផលិត​ដែក។ គេតែងរៀបចំ​ចំម្ហូម​អាហារ បង្អែម ចម្អាប គ្រឿងភេសជ្ជៈ សែនដែក (ឧបករណ៍ដែក ឬមានដែកខាងក្នុង) ដែល​គេ​ធ្លាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃដូចជា កាំបិត ពូថៅ ដឹង រណា ចប និងជំនីក នៅក្នុងថ្ងៃ១៤ រោច ហើយ​គេ​តម​មិនយកឧបករណ៍​ទាំង​នោះ​មក​ប្រើ​ឡើយ រង់ចាំ​រហូតផុតថ្ងៃភ្ជុំ៕

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!