ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរទល់ដែន (ភាគ៣)

អក្សរសិល្ប៍៖ រឿង មហាចោរទល់ដែន (ភាគ៣)

បងប្អូនពីរនាក់៖

  • ស្រីដែលមានរូបល្អ ដូចអូន មិនគួរមានចិត្តអាក្រក់សោះ។

ថាហើយកាមាសើចក្អាកក្អាយ សើចឮរំពង។

  • យី! អីលោកហ៊ានហៅរូបខ្ញុំអូនផង? ខ្ញុំជាប្អូនលោកពីកាលណាមក? មនុស្សអីក៏មានចិត្តឫស្យា មុខក្រាស់ម៉្លេះ? ថាហើយ នាងច្រត់ដៃនឹងចង្កេះនាង សម្លឹងមុខបុរសគ្មានប្រហែលឡើយ។កាមាសើចដដែល។
  • បើមិនឲ្យហៅអូន តើឲ្យខ្ញុំហៅអីវិញ? ហៅបង? ហៅអ្នកបង? ហៅមិនកើតទេ។

នាងទេវីឮសម្តីចុងក្រោយនេះ នាងស្មានក្នុងចិត្តថា ប្រហែលបុរសនេះឃើញនាង និងមានន្ទហើយ ពីព្រោះកាមាត្រូវជាប្អូនបង្កើតរបស់មានន្ទ។​ នាងខំទប់សេចក្តីអៀនខ្មាស ប្រឹងធ្វើទឹកមុខដដែល។

  • យី! ចំណាស់ប៉ុនខ្ញុំ លោកហៅខ្ញុំបងមិនបានឬ?
  • ហៅមិនបាន ព្រោះខ្ញុំស្រឡាញ់អ្នកយូរមកហើយ។ខ្ញុំចង់បានអ្នកជាប្រពន្ធខ្ញុំ។ខ្ញុំប្រាថ្នាលើកតម្កើងអ្នកឲ្យខ្ពស់ផុតអស់នារីដែលមាននៅលើលោកនេះ។ ខ្ញុំចង់ឲ្យអ្នកថ្កុំថ្កើងដោយសារស្នាដៃខ្ញុំ។
  • មិនបាច់និយាយច្រើនទេ! ខ្ញុំមិនត្រូវការឲ្យលោកលើកតម្កើងខ្ញុំទេ ពាក្យថោក គំនិតទាប ខ្ញុំមិនចង់ស្តាប់លោកទេ។

បុរសឡើងក្រហមស្លឹកត្រចៀក។ដោយស្រឡាញ់នាងទេវីពេក កាមាមើលមុខនាងឃើញល្អអ្វី ក៏ល្អម៉្លេះទេ ទោះកំពុងខឹងក្រញូវដូច្នោះក៏នៅតែល្អ។សម្លេងពីរោះអ្វីក៏ពីរោះម៉្លេះ ទោះគំហក ដៀលត្មះប៉ុណ្ណោះហើយ ក៏នៅតែពីរោះ។អ្នកមើលមុខនាងដោយអង្វរ ហើយពោលថា៖

  • ខ្ញុំទាប អ្នកខ្ពស់ បានជាខ្ញុំស្រឡាញ់អ្នក។ខ្ញុំសូមចិត្តអ្នកចុះ កុំខឹងអ្វីនឹងខ្ញុំ។ ដោយស្រឡាញ់អ្នកពេកហើយ បានជាអម្បាញ់មិញ ខ្ញុំស្ទុះមកឱបអ្នក។សូមទោសអ្នកចុះ កុំប្រកាន់ខ្ញុំ។ ខ្ញុំពិតជាស្រឡាញ់អ្នកមែន។ ថ្ងៃនេះខ្ញុំចង់និយាយជាមួយនឹងអ្នកឲ្យបានវែងឆ្ងាយ ដើម្បីអ្នកយល់…។
  • ខ្ញុំមិនបាច់ស្តាប់លោកទេ។ ខ្ញុំមិនចង់ស្តាប់ ខ្ញុំមិនចង់យល់លោកទេ។

កាមាខឹងឆួលក្នុងចិត្ត ដោយមើលឃើញជាក់ថា ធម៌ត្រជាក់មិនបានការ។ អ្នកខាំធ្មេញដើរចូលទៅរកនាង ប្រាថ្នាគិតចាប់គំហែង ចាប់ដោយកម្លាំងតែម្តង។ នារីសម្លឹងបុរសយ៉ាងកាចបំផុត។ កាមាទុចង៉ក់។ នាងពោលថា៖

  • កាមា! កាមា! កាមា! កុំចូលជិត! តែបើចូល មានតែស្លាប់ និងរស់ប៉ុណ្ណោះ!
  • ខ្ញុំមិនថយមួយជំហានទេ។
  • ឈប់! កាមា បើចង់និយាយនឹងយើងណាស់ ឈរឲ្យស្ងៀមមួយកន្លែងចម្ងាយបីម៉ែតពីយើង។អើ! ធ្វើយ៉ាងហ្នឹង បានហៅថ្លៃថ្នូរ ពេញដោយជាកូនប្រុស។ ឥឡូវនិយាយមកចុះ បើពេញជាកូនប្រុសព្រះកម្ពុតមែន ខ្ញុំស្តាប់។
  • អ្នកជ្រាបទេ? ខ្ញុំស្រឡាញ់អ្នកយូរមកហើយ។ឳពុកខ្ញុំ ព្រះកម្ពុតជាចៅហ្វាយលើភពផែនដី ចង្វាត់សិរីសោភ័ណនេះ។ ខ្ញុំអាចសូមឪពុកខ្ញុំ ចូលដណ្តឹងអ្នកបាន។តែខ្ញុំគ្រាន់តែចង់ដឹងចិត្តអ្នកបន្ថែមបន្តិចទៀតទេ បានជាខ្ញុំតែងឆ្លៀតឱកាស ចង់ជួបនឹងអ្នក ដើម្បីយើងនិយាយគ្នាឲ្យដឹងដើម ដឹងចុងបន្តិច។ឳពុកខ្ញុំប្រាកដជាស្រឡាញ់អ្នកដែរ ពីព្រោះគាត់បាននិយាយដំណាលពីរឿងអ្នករឿយៗណាស់។
  • ឪពុកលោកតំណាលពីគ្រប់ស្រីដែលមានរូបល្អ។នេះជាការធម្មតាទេ។
  • ទេ! លោកប្រហែលជាចង់បានអ្នកជាកូនប្រសាដែរ។
  • ប្រហែលជាចង់បានខ្ញុំយកទៅធ្វើជាប្រពន្ធខ្លួនឯងទេដឹង? ឳពុកលោកជាមនុស្សមកពីអវចី ប្រពន្ធរាប់ដប់ម្ភៃ លួចកូនគេ លួចប្រពន្ធគេ។
  • យីអ្នក! ខ្ញុំនិយាយមិនស្តាប់ បានតែបងមានន្ទឬ ទើបនិយាយស្តាប់បាន?
  • អើ! ខ្ញុំស្តាប់តែមានន្ទពិតប្រាកដមែន។មានន្ទជាគូសង្សារខ្ញុំ ជាប្តីខ្ញុំពេញចិត្ត។ អើ! អើ! បើកាមាឯងជាប្អូនមានន្ទ ហើយដឹងថាមានន្ទជាបងកាមាឯងស្រឡាញ់ខ្ញុំហើយ ម្តេចក៏កាមាឯងមកស្រឡាញ់ខ្ញុំទៀត?ឬចង់ក្បត់មានន្ទជាបងបង្កើត? លោកក្បត់ចុះ តែខ្ញុំ ខ្ញុំមិនក្បត់ទេ។កាមា! ខ្ញុំសូមលោករកស្រីណាទៀតទៅ មិនខ្វះទេ ស្រីល្អនោះ។តែធ្វើដូច្នោះ នាំឲ្យបាក់បែកគ្រួសារយើងទេ។ទៅ! កាមាអញ្ជើញទៅចុះ។

កាមារឹតតែខឹងទៀត អ្នកសំឡក់នាងទេវីស្ទើរធ្លុះពីរបី។ខ្យលគំនុំមួយ បោកមកលើដួងចិត្តអ្នកដូចព្យុះសង្ឃរា។យ៉ាងរហ័សអ្នកបែរមុខចេញ ស្ទុះលោតកាត់គុម្ពផ្កាមួយ ពីមួយទៅមួយ តម្រង់ទៅគេហដ្ឋានព្រះកម្ពុតឳពុក។

នាងកញ្ញាទេវីបានធូរ ដូចដកបន្លាពីដើមទ្រូង ធូរចិត្ត ឈរមើលកាមាដែលបាត់ទៅ។អស់កម្លាំងហេវ នារីដើរមួយៗទៅកាន់ផ្ទះនាង៕(សូមរងចាំតាមដានភាគទី៣ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!