ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤)

រាត្រីស្ងាត់ខ្យល់បក់ល្វិចៗ ល្ហើយរហឹម។ស្លឹកឈើទាំងឡាយត្រូវនឹងវាយោដែលរត់សន្សឹមៗ កើតជាតូរ្យតន្ត្រីមួយយ៉ាងមនោរម្យ។ លើមេឃ ព្រះច័ន្ទចោលនេត្រាប្រកបដោយមេត្តា មកលើពិភពលោក ធ្វើឱ្យទេសភាពអាណាខេត្តសិរីសោភ័ណក្លាយទៅជាភាពយន្តមួយយ៉ាងកម្សត់។ ផ្កាយភ្លឺព្រិចៗព្រោងព្រាតកណ្តាលផ្ទៃពពកខៀវស្រងាត់។ ក្នុងកូនផ្ទះ នាងទេវីអង្គុយបត់ជើងរវៃសូត្រពីមុខកូនចង្កៀងខ្លាញ់មួយ។សូររត់ឮរ៉ែ តិចៗ ជើងចក់យំចឹកៗនៅលើដំបូល។

នារីស្រៀវខ្លួនខ្ញាក នឹកដល់ប្រុសជាទីស្នេហា។ចិត្តនាងរមួតរមួលខ្លាំង។ពន្លឺចង្កៀងធ្វើឱ្យឃើញមុខនាងក្រឡង់ដូចវង់ព្រះច័ន្ទ។កណ្តាលវង់នេះ ភ្នែកពីរបញ្ចាំងរស្មីយ៉ាងរលង់។ស្បែកបបូរមាត់ឃើញស្តើង គួរឱ្យចង់អង្អែលលេង។ ដៃនាងធ្វើការ ចិត្តនាងហិចហើរទៅឆ្ងាយ ឆ្ងាយពីរហាត់ ឆ្ងាយពីផ្ទះ ឆ្ងាយពីរបង ឆ្ងាយដល់ដើមពោធិ៍ ដែលហាក់នៅជើងមេឃ ដុះតែឯងរង់ចាំនាង។ដៃនាងធ្វើការ ភ្នែកនាងរំពៃលបមើលឳពុកនាងដែលសម្រាន្តបើកភ្នែកព្រិចៗ។

ទេវីស្រីទន្ទឹងចង់ឱ្យឳពុកនាងសម្រាន្តលង់លក់ទៅ។មួយនាទីកន្លងយូរ ហាក់ដូចមួយសតវត្សរ៍។ខាងក្រៅឆ្កែព្រុសឡូៗ ឮគួរឱ្យខ្លាច តែនាងបែរជាភ័យទៅវិញ ព្រោះខ្លាចសង្សារកម្សត់រង់ចាំនាង។ម្យ៉ាងទៀតខ្លាចក្រែងខានជួប ហើយខាននិយាយ។នារីភ័យនឹងបានជួប នារីសប្បាយនឹងជីពចរនាងដើរឮទូងៗ ធ្ងន់ៗ…។ វិសេសក្លាហានក្រោកឈរឡើង។នាងទេវីភ្ញាក់។វិសេសក្លាហានដើរទៅជញ្ជាំង ចាប់យកដាវមួយយ៉ាងវែង ហូតផ្លែដាវចេញពីស្រោម មេដៃស្ទាបផ្លែដាវ។នាងទេវីមើលកាយវិការរបស់ឳពុកនាងគ្មានចោលកន្លែងណា។វិសេសក្លាហានចាប់ដងដាវដៃម្ខាង ដៃម្ខាងទៀតចាប់ចុងដាវសាកល្បង មើលហាក់សួរដាវថា នៅរឹងប៉ឹងទេ?

ធ្វើដូច្នោះបណ្តើរ គាត់ងាកមកមើល និយាយនឹងនាងបណ្តើរ៖

កូន! ល្មមទៅចូលរកដំណេកហើយ។

នារីដាក់ភ្នែកចុះនៅស្ងៀម ឳពុកនាងបន្តទៅទៀតយ៉ាងរាយមាយថា៖

យប់ៗ កូនឯងខ្លាចអីឬ?

នាងមើលទៅឳពុកនាង ចោលញញឹមយ៉ាងស្រស់ជូនទៅលោកឳពុក រួចហើយឆ្លើយយ៉ាងស្រួយស្រេះ៖

  • កូនខ្លាចដែរ លោកឪពុក។
  • ខ្លាចអី?
  • ខ្លាចចោរ។
  • អត់ខ្លាចទេ។
  • មិនមែនចោរលួចអីវ៉ាន់ទេ គឺចោរចាប់មនុស្សស្រីៗនោះណា!
  • អី! ទៅខ្លាចអី អាចោរបែបនោះ? បើវាមក ឳពុកចាប់ដាវនេះជាចុងក្រោយបង្អស់។ឳពុកនឹងការពារកូនឱ្យបាន ដូចកាលឳពុកនៅកម្លោះ… ផ្តាំចាស់ម្តង។ កុំព្រួយអី! ទៅ! ពន្លត់ភ្លើងដេកទៅ!

នាងទេវីក៏រុំអំបោះ តម្លោះរហាត់ រៀបចំទុកដាក់តាមកន្លែង ពន្លត់ភ្លើង ចូលដំណេកតាមពាក្យឳពុកនាង។
ក្នុងមុងងងឹត លើពូកដែលមានកម្រាលសស្អាត នារីគេងងើយភ្នែកទៅលើគិត។រូបប្រុសថ្លៃវិសេសមកប្រឡែងលេងនឹងនាងក្នុងខួរក្បាលនាង។ស្ត្រីសប្បាយជាពន់ពេក។
មួយម៉ោងកន្លងទៅ… ពីរម៉ោងកន្លងទៅ… ស្រីលបស្តាប់ឮសូរឳពុកនាងស្រមុកខែៗ។យុវតីត្រេកអរព្រួចគ្រលួចក្នុងចិត្ត។
កល្យាណរិះរកពាក្យសម្តីដើម្បីនិយាយនឹងសង្សាររបស់នាង។នាងគិតថា ត្រូវថែមត្រង់នេះមួយមាត់ ត្រូវបន្ថយពាក្យត្រង់នេះមួយឃ្លា រួចនាងទន្ទេញគំនិតដែលនាងរកឃើញហើយដែលនាងសន្មតថា ថ្លៃថ្លាពីរោះមែននោះ។កែវល្បងនិយាយឃ្លាឡើងវិញមួយដងជាពីរដង។
វិសេសក្លាហានសម្រាន្តលក់ស្កប់ស្កល់។កញ្ញាក្រោកពីគ្រែ ត្រចៀកប្រុងស្តាប់។គ្មានសូរអ្វីប្លែកឆ្លើយសោះ។ដល់ប្រាកដថា គ្មានឮអ្វីហើយ ទើបជីវ៉ាបើកមុងខ្វាក លបៗ បន្ថើរជើង ដើរតម្រង់ទៅមាត់ទ្វារ។នាងទាញទ្វារដោយទប់សូរមិនឱ្យឮយឺតៗ ទ្វារចំហកាន់តែធំឡើងៗ។ទេវីបញ្ឆិតខ្លួន លបស្តាប់ជាចុងក្រោយបង្អស់ ស្ទុះចេញទៅក្រៅ។ ស្រីឆោមចាប់លើកសំពត់បន្តិចហើយរត់យ៉ាងលឿនកាត់តម្រង់ទៅដើមពោធិ៍។លុះឈប់ដកដង្ហើម ហូតកន្សែងជូតញើសបើកស្បៃគ្របសុដន់បង្ហើបបន្តិចបក់បញ្ចូលខ្យល់។
ឱ! រាត្រីស្ងាត់ភ្លឺព្រិលៗ ឃើញដើមឈើឈរស្លុងៗ អ្នកហាក់មានអានុភាពអ្វីម៉្លេះ? អ្នកចាប់ចិត្ត ចាប់សតិបញ្ញាមនុស្សលោកឱ្យលង់លក់ក្នុងសុបិនមួយដ៏អស្ចារ្យដែលយើងចេតនាចង់ឱ្យតែពេលនៅនឹងដដែល ដើម្បីក្រេបទេសភាពងងឹតស្រពិចស្រពិលដែលមានលាយទឹកស្នេហាសង្សារនេះឱ្យបានអស់ចិត្ត។
ចំពោះនាងទេវីស្រីនឹងកត់ត្រាទុកក្នុងចិត្តជាប់ជានិច្ចថា រាត្រីនេះជារាត្រីធំបំផុតតែមួយក្នុងមួយជីវិតរបស់នាង។ឆោមស្រស់ចង់ឱ្យរាត្រីនេះក្លាយទៅជារាត្រីឯករបស់ប្រវត្តិសង្ខារនាង។ សង្សារស្រីចង់សរសើររាត្រីនេះ ចង់ច្រៀងតែពីរាត្រីនេះ ប្រយោជន៍ឱ្យគូស្នេហ៍ជាន់ក្រោយៗស្គាល់តែរាត្រីមួយនេះ។
ជាអវសាន កែវចាំៗៗពុំឃើញប្រុសកម្លោះមកដល់សោះ។សូរចង្រិតយំក្នុងគុម្ពស្មៅ ធ្វើឱ្យចិត្តនាងស្រើបស្រាលត្រេកត្រអាលក្រៃពេក។អំពិលអំពែកហើរចាប់ភ្នែកនាងឱ្យមើលឃើញតាម ក្រែងឆ្លុះឃើញគូជីវិតរួចដឹងថាសង្សារនៅទីណា។សូរថ្លែនផ្លាស់កន្លែងទាញឆក់ក្រដាសត្រចៀកនាងឱ្យតាមសូរ។ មិនយូរប៉ុន្មាន ស្រមោលមួយលេចចេញមក។

ស្រីឆោមត្រេកអរជាអនេក ស្ទើរលោតទៅលើមេឃ។នារីក្រោកឈររង់ចាំទទួល។ស្រមោលកាន់តែជិតមក។ លុះបុរសម្នាក់មកដល់ បុត្រវិសេសក្លាហានចោលខ្លួនទាំងស្រុង ទៅក្នុងរង្វង់ដៃគូស្នេហាដែលនាងទន្ទឹងចាំផ្លូវ ដូចគេចាំមាតាមកពីផ្សារ។ទេវីស្រីលោតឱបរឹតបុរស ថ្វីត្បិតតែរង្វង់ដៃកម្លោះនេះរឹតនាងខ្លាំងទៅហើយ។ មានន្ទពុំបង្អង់ឱ្យខាតពេលឡើយ ភក្ត្រាយុវជនឱនក្រេបលំអងក្លិននារីដោយរួសរាន់ បន្ទាន់ចិត្តដែលស្នេហាយ៉ាងជ្រាលជ្រៅ។ទេវីស្រូបក្លិនសង្សារវិញយ៉ាងតិចៗ តែយ៉ាងខ្មួលខ្មាញ់ព្រោះនាងខ្មាសច្រើនណាស់ទៅហើយ។ គឺបុរសហើយ ដែលកាត់សុបិនដ៏ថ្លៃថ្លានេះ ហើយដែលដាស់នាងឱ្យដឹងខ្លួនមកនៅលើពិភពលោកយើងនេះវិញ។ (សូមរងចាំតាមដានភាគទី៣ ផ្នែកទី២ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!