ទំព័រដើមសិល្បៈវិហារបុរាណវត្តចុងជាច

វិហារបុរាណវត្តចុងជាច

វត្តចុងជាច ឬហៅតាម​ឈ្មោះថ្មីថា “វត្តសិរីមង្គល” ស្ថិតនៅក្នុងភូមិចុងជាច ឃុំចុង​ជាច ស្រុកដំបែរ ខេត្ត​ត្បូងឃ្មុំ។ បច្ចុប្បន្នវត្តនេះមានវិហារពីរទន្ទឹមគ្នា ដែលវិហារ​ខាងជើង​ជា​​វិហារឈើ ប្រក់​ក្បឿង​ស្រកាលេញ សង់​លើ​ខឿន​ពីរថ្នាក់ និងរចនាលម្អប្រកប​ដោយ​ក្បូរ​​ក្បាច់យ៉ាង​រស់​រវើក។ ក្រោយមានវិហារថ្មី វិហារចំណាស់នេះត្រូវទុកចោល ពុំមាន​ការ​ជួស​ជុល​ថែទាំ​សម្អាត​​​ឡើយ។ តាមរយៈ​សំណេរខ្លីៗនៅលើ​គំនូរលម្អខាងក្នុង​វិហារ គេ​អាច​​​ដឹងបានថា វិហារនេះសាងសង់ក្នុងរវាង​ពាក់​កណ្តាល​សតវត្សទី២០ ពោលគឺ​រួច​រាល់​ក្នុង​​រវាង​​ពុទ្ធសករាជ២៥០០ ដែលគាប់ជួនត្រូវនឹង​បុណ្យ​ពាក់​កណ្តាល​សាសនា​។ ប៉ុន្តែ​អ្វី​ដែល​ពិសេសជាងនេះ ក្នុង​ផ្ទាំងគំនូរ​ស្តីពីពុទ្ធប្រវត្តិ​ត្រង់​អន្លើខ្លះ សិល្បករបាន​គូរ​បញ្ចូល​​ព្រះ​ឆាយាលក្ខណ៍​អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ។​

បើពិនិត្យ​លើលក្ខណៈ​សំណង់ គេអាចចាត់​វិហារវត្ត​ចុងជាចចូល​ក្នុង​ជំពូក​វិហារ​បុរាណ​​​ជហ្វា​​៦។ វិហារ​នេះ មាន​គ្រឿងបង្គំឈើ​នៅផ្នែក​ខាង​លើ​ ទ្រដោយ​សសរ​ឈើ​ចំនួន​៦៦ដើម ដែល​​មាន​សសរ​៦ ជួរ​បណ្តោយ​ និង​១១ ជួរទទឹង។ រីឯដំបូលកិង មាន៣ថ្នាក់ រាង​ជ្រាល​ចុះទៅសងខាង ហើយមានលម្អដោយ​ជហ្វា៣ នៅចុង​ព្រំដំបូលខាងមុខ និង​ជហ្វា​៣ នៅចុង​ព្រំដំបូលខាងក្រោយ។ ហោជាង​ខាងមុខ ឆ្លាក់​លម្អ​​ដោយ​រូបទេពមួយអង្គគង់​ភ្នែន ទ្រង់​ព្រះខ័ននៅព្រះហស្ថទាំងសងខាង និងរចនា​លម្អ​បន្ថែម​​​​ដោយ​​ក្បាច់ភ្ញីទេស​ព័ទ្ធ​ជុំ​វិញ។ រីឯហោជាងខាងក្រោយ មានឆ្លាក់ជា​​រូប​ទេពមួយអង្គគង់​លើ​រាហូ និងរចនា​លម្អ​ដោយ​ក្បាច់ភ្ញីទេស​ព័ទ្ធជុំវិញ ស្រដៀង​នឹង​ហោជាងខាងមុខដែរ។ ដោយ​ឡែក​តាម​ព្រំ​ដំបូល​នីមួយៗលម្អដោយ​នាគចែង​ ហើយរងស្បូវមានដាំកញ្ចក់លម្អផង។

ដោយឡែកចំពោះរចនាសម្ពន្ធសំណង់​ផ្នែកខាងក្រោមនៃវិហារនេះ គេសង់​ជញ្ជាំង​ឥដ្ឋ​ពាស​ដោយ​​កំបោរ​បាយ​អរ ដោយ​ទុក​សសរ​បាំងសាច​​ដូច​វិហារ​ជហ្វា​៤ដែរ។ ជញ្ជាំង​ផ្នែក​​ខាង​មុខ​ និងខាងក្រោយ​មានទ្វារ៣ ដូចគ្នា និងនៅជញ្ជាំងចំហៀងមានទ្វារ៦ ដូចគ្នា (សរុប១៨ទ្វារ) តែពុំមានបង្អួចឡើយ។ រីឯនៅ​ផ្នែក​ខាង​ក្នុង គេឃើញមាន​សសរ​ឈើ​ធំៗ​ពីរជួរបណ្តោយ ហើយលាប​លន​​លម្អ​ដោយ​គំនូរជារូបនាគ និង​ពពួក​មច្ឆជាតិ ព្រម​ទាំង​រចនា​​ដោយ​​ក្បូរក្បាច់​តាំង​ពី​គល់​​សសរ​ រហូត​ដល់​ចុងសសរ។ រីឯ​ពិតាន​ខាងលើ ជាពិតាន​ឈើលម្អដោយ​គំនូរ​ផ្សេងៗ​ក្នុងពុទ្ធសាសនាផង រួមទាំងរូបទេព​និករ​នានា និងតួ​អង្គ​​​​មួយ​ចំនួន​​ក្នុងរឿង​រាមកេរ្តិ៍ផង។ ការរចនាលើផ្ទៃពិតានបែបនេះ ហាក់ស្រដៀងគ្នានឹងពិតាន​វិហារ​បុរាណវត្តចិនដំដែក ដែលស្ថិតក្នុងរាជធានីភ្នំពេញដែរ។

ចំពោះផ្នែកខាងក្នុងនៃវិហារខាងលើនេះ គេឃើញមាន​សល់ព្រះពុទ្ធ​បដិមា​ព្រះជីវ៍​១​អង្គ គង់ក្នុង​កាយវិហារ​ផ្ចាញ់មារ សាងអំពីស៊ីម៉ងត៍ និងព្រះពុទ្ធបដិមាខាងមុខ១ អង្គ​ទៀត​ស្ថិត​ក្នុងកាយវិការផ្ចាញ់មារដូចគ្នា។​ រីឯគំនូរលើជញ្ជាំងនៃវិហារនេះវិញ សិល្បករ​បាន​គូរ​លម្អដោយ​គំនូរពុទ្ធប្រវត្តិ និងរឿងជាតកមួយជួរខាងលើ ព្រមទាំង​គំនូរ​និយាយ​ពីការ​​ធ្វើ​ទារុណ្ឌ​កម្ម​​សត្វ​នរកមួយផ្ទាំងនៅជួរខាងក្រោម​។ ប៉ុន្តែលក្ខណៈពិសេសដែល​គួរ​ឲ្យ​កត់​សម្គាល់​​នៃគំនូរ​វិហារ​នេះ គឺសិល្បករគូរ​ត្រង់​អន្លើព្រះពុទ្ធចូលនិព្វាន​នៅលើ​ជញ្ជាំង​ខាង​ក្រោយ​ព្រះជីវ៍ ហើយ​​អន្លើ​ព្រះអង្គផ្ចាញ់មារគូរនៅលើផ្ទៃជញ្ជាំងខាងមុខ ឈម​នឹង​ព្រះ​ជីវ៍វិញ។ ទន្ទឹមនឹងនេះសិល្បករមានគូរបញ្ចូល​ព្រះឆាយាលក្ខណ៍​ព្រះបរមតនកោដ្ឋ ត្រង់​​កន្លែងដែល​ព្រះពុទ្ធយាងចុះចាក​ឋានទេវលោក ហើយទេសនានៅនគរសង្កស្ស។​

ដូច្នេះជារួមមក វិហារនេះសង់ក្រោយ​ទទួលបានឯករាជ្យ​ពីបារាំងក្នុងរវាងពីរឬ​បី​ឆ្នាំ។ ប៉ុន្តែលក្ខណៈរចនាសម្ពន្ធ​សំណង់​ទូទៅ ហាក់ដូចជា​ពុំសូវទទួល​ឥទ្ធិពល​បរទេស​ឡើយ ហើយ​បើទោះបីជា​ពុំឃើញមានឯកសារ ឬប្រវត្តិជាក់លាក់នៃវិហារ តែសំណង់​នេះ​ទំនង​ជា​សាងសង់ឡើងដោយសទ្ធារួមគ្នារបស់ទុព្ធបរិស័ទចំណុះជើងវត្ត ដ្បិតគេឃើញ​មាន​​សំណេរស្ទើរ​គ្រប់​ផ្ទាំងគំនូរ ​បញ្ជាក់ពីចំនួន​ប្រាក់រៃអង្គាសតាមភូមិ​រួមគ្នា​ចេញ​ថ្លៃ​គំនូរ​ទាំង​​អស់នោះ​ ពោលគឺពុំឃើញមានសទ្ធាអ្នកមុខអ្នកការ ឬអ្នកចម្ងាយណាឡើយ៕

អត្ថបទដើម៖ កញ្ញា ហៀង សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!