ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥)

  • អូន! អូន! អូន!

យុវតីរឹតតែឱបគូជីវិតខ្លាំងទៅទៀត ដោយឥតឆ្លើយតបវិញឡើយ មានន្ទបន្តវាចាទៅទៀតថា៖

  • អូន! អូនកុំឲ្យខាតពេលយើង។
  • ច៎ាះ!
  • អូន! ម្ដេងក៏ម្ដងនេះ អូនហាក់ដូចជាញាប់ញ័រជាងសព្វថ្ងៃមួយដងម្ល៉េះ? អូនមានរឿងអ្វី អូនកើតអ្វី?
  • ច៎ាះ! ច៎ាះ! ខ្ញុំញ័រដោយត្រេកអរបានជួបនឹងបង ប្អូនអត់កើតអ្វីទេ ប្អូនសប្បាយ។ ទេ! ប្អូនមានទុក្ខ អូ៎! ទេ ប្អូនសប្បាយទេ។
  • ប្អូនសប្បាយ?
  • ច៎ាះ! ប្អូនសប្បាយ! ប្អូនសូមជម្រាបរឿងមួយដល់បងឲ្យបានជ្រាប។ រឿងប្អូនជាស្រីដូចស្រីឯទៀត។ រឿងប្អូនឥតប្លែកពីស្រីឯទៀតទេ។ ច៎ាះ! ច៎ាះ! រឿងប្អូនដូចជារឿងអ្នកឯទៀត… ។

មានន្ទសើចដោយឃើញថា នាងនិយាយពុំទៅមុខសោះ។ បុរសអង្រួនស្មាននាងថា៖

  • នែ! បងស្ដាប់បានហើយ! រឿងអ្វី?

នារីជំទើតចុងជើង ដើម្បីឲ្យមាត់របស់នាងទៅជិតត្រចៀកប្ដីនាងបន្តិចទៅទៀត៖

  • បង! បង!
  • បាទ!
  • ប្អូន! … ឱ! … ប្អូននិយាយមិនរួចទេ។ ប្អូន… ។

មានន្ទតឹងដើមទ្រូង និយាយដាច់ៗនេះជាពន់ពេក តែបុរសឃើញថា កែវកម្សត់ប្រែភេទខុសពីធម្មតាខ្លាំងណាស់។ អ្នកឱបរឹតធីតារឹតតែខ្លាំងឡើង។ អ្នកយកម្រាមដៃអង្អែលសាច់នាងថ្នមៗ រួចពោលសម្ដីយ៉ាងទន់ភ្លន់ថា៖

  • អូន! សូមនិយាយមក កុំឲ្យបងចាំស្ដាប់យូរពេក។ ប្អូនធ្លាប់ភប់ប្រសព្វនឹងបង ជាយូរណាស់មកហើយ។ គួរណាស់ តែអូនស្ដាប់បងឲ្យជាក់។ អូនៗ សូមទុកចិត្តបងចុះ បងនឹងជួយអូន ទោះដល់ក្ដីមរណៈក៏បងហ៊ានដែរ។ ឱ! ក្នុងជាតិនេះ បងស្រឡាញ់អូនអស់ប៉ុណ្ណឹងហើយ គឺថាឥតមានរបស់អ្វីមកប្រៀបធៀបបានទេ។ សូមអូននិយាយមកចុះ បងចាំស្ដាប់។
  • ច៎ាះ! … ច៎ាះ! … ហ៊ឺ! ប្អូននិយាយមិនបានទេ។ ចាំយប់ស្អែកទៀតចុះ។
  • ទេ! បងចង់ដឹងតែយប់នេះឯង។
  • ច៎ាះ! ហ៊ឺ! សូមចាំដល់យើងបែកគ្នាសិន។
  • ទេ! បងចង់ដឹងតែឥឡូវនេះឯង។
  • បង! បង!

នារីឱបបុរសយ៉ាងខ្លាំងជាថ្មីម្ដងទៀត រួចបន្តវាចាថា៖

  • ច៎ាះ! បងៗ ប្អូនខ្មាសបងណាស់។
  • អូនមិនស្រឡាញ់បងទេ?
  • អូនស្រឡាញ់ៗជីវិតមួយ។
  • ប្រាប់មក។
  • ច៎ាះ! ប្អូនមាន… ។
  • មានអី?
  • ផ្ទៃពោះ។
  • មានផ្ទៃ? អីអូនមានផ្ទៃពោះ?
  • ច៎ាះ! ប្អូនជាមាតានៃបុត្ររបស់បងចំនួនពីរខែហើយ។

បុរសចាប់មុខនាង ដៃទាំងពីរច្របាច់ដោយសេ្នហា និងដោយរីករាយយ៉ាងខ្លាំង។ នារីបន្តកិច្ចសន្ទនាតទៅទៀតថា៖

  • ច៎ាះ! ប្អូនមានផ្ទៃពោះ បន្តិចទៀត បុត្រមួយនឹងកើតឡើងមានរូបល្អដូចបង។ ក្នុងសាច់ សរសៃឆ្អឹងរបស់កូននេះ ឈាមបង និងឈាមប្អូនហូរលាយគ្នា។ ឱ បង! កូននោះមានឬកពាដូចបង មានសម្ដីដូចបង មានសន្តានចិត្តដូចបងមិនខាន។ បន្តិចទៀត ប្អូនបីបុត្រនោះនឹងដៃប្អូនហើយ។ ឱ! បន្តិចទៀតប្អូនបំបៅបុត្រនោះ ប្អូនចិញ្ចឹមបុត្រនោះ។ បង! បងធ្វើយ៉ាងណា? ឥឡូវនេះ? ដើម្បីកុំឲ្យអ្នកជិតផងតិះដៀលប្អូនជាស្រី! បងចោលប្អូនឬ?

ទឹកភ្នែកហូរសស្រាក់ពីភ្នែកនាងទេវី។ មានន្ទរំជួលដួងចិត្ត អាណិតសង្សារកម្សត់។ អ្នកតបថា៖ មិនអីទេ យើងរៀបការគ្នាឆាប់ៗនេះ។

កញ្ញារីករាយយ៉ាងណា អស្ចារ្យនឹងពាក្យនេះ។ គឺជាពាក្យដែលនាងរង់ចាំប្ដូរស្លាប់ ប្ដូឬរស់។

  • ចុះ ឪពុកបងថាម៉េច?
  • ឪពុកជាឪពុក ប្រពន្ធជាប្រពន្ធ!

ទេវីទទួលពាក្យនេះដោយពេញចិត្តទៀត។ ស្ត្រីសើចទាំងទឹកភ្នែករមៀល ស្រក់តក់ៗ ធ្លាក់លើទ្រូងមានន្ទ ដែលមានចិត្តខ្លោចផ្សាឥតឧបមា។

បុរសពុំចង់ឲ្យនាងយំទេ ពុំចង់ឲ្យនាងកើតទុក្ខទេ អ្នកចង់ឲ្យសង្សារសប្បាយ។ អ្នកពន្យល់នាងថា៖ កុំយំអូន! គេយំតែកាលណាស្រុកខ្ញុំគេ។ បងមិនចោលអូនទេ បងប្ដេជ្ញាថា ទោះមានរឿងរ៉ាវឪពុកម្ដាយ បងប្អូន ជំទាស់យ៉ាងណា ក៏បងយកអូនជាប្រពន្ធដែរ។ ចូរអូនកុំភ័យអី ព្រោះយើងនិយាយថា យើងសាងសុខដោយខ្លួនយើង។ យើងគ្មានគំនិត ពឹងផ្អែកផ្ដេករកសុខលើចន្ទល់អ្នកណាទេ។ អូននិងបង បានគិតហើយ បានយល់ហើយ យើងស្រឡាញ់គ្នា។ គំនិត និងបំណងនេះ ជាទេពវត្ថុ ដែលគ្មានអ្វីមករំលាយបានឡើយ។ (សូមរងចាំតាមដានភាគបន្តនៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!