ទំព័រដើមសិល្បៈព្រះរាជដំណាក់ផែទន្លេចតុមុខ

ព្រះរាជដំណាក់ផែទន្លេចតុមុខ

នៅមុខព្រះបរមរាជវាំងចតុមុខ ត្រង់ចន្លោះ​​ព្រះអង្គដងកើ និង​អ្នកតា​ដំបងដែកគេ​សង្កេត​ឃើញ​មាន​​អគារ​មុខដាច់មួយ​សង់ពីថ្ម​ ស្ថិត​នៅ​​លើ​ច្រាំង​ទន្លេ។ រាល់​ពេល​ប្រារព្ធ​ព្រះ​​រាជ​ពិធី​អុំទូក គេ​​​សន្មត់​ហៅអគារនេះថា “ព្រះពន្លាជ័យ”។ ប៉ុន្តែ​មុនមានព្រះពន្លា​នេះ គេ​ដឹង​ថានៅទីនោះធ្លាប់​មាន​សំណង់​មួយ​យ៉ាង​វិចិត្រ​ សង់​បណ្តែត​ទឹក​ហៅថា “ព្រះរាជ​ដំណាក់​​ផែ” ឬ “ព្រះ​​ដំណាក់​​ផែ”។ ព្រះរាជដំណាក់ផែ ឬព្រះពន្លា​ជ័យ មាន​តួ​នាទី​​​សំខាន់​បំផុត​​​​ក្នុង​ព្រះ​រាជ​​​​ពិធីអុំទូក ដ្បិតជា​កន្លែង​រៀបចំថ្វាយ​ព្រះ​មហា​​​​ក្សត្រ​គង់​ទតព្រះ​រាជ​ពិធី ប្រទាន​​ភ្លើង​លយ​ប្រទីប និង​គង់​ជា​ព្រះរាជាធិបតី​ក្នុង​​ព្រះរាជពិធី​កាត់​ព្រ័ត្រ ព្រម​ទាំង​ជា​​កន្លែង​​សម្រាប់​​​​​​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ គណ​អធិបតី និង​ភ្ញៀវកិត្តិយស​ជាតិ-​​អន្តរ​ជាតិ អញ្ជើ​ញ​​​​​​​​ទស្សនា​​​​ព្រះ​រាជ​ពិធីសំខាន់ៗ​ខាង​​លើ។

យោងតាមសេចក្តីនៃ​ឯកសារមហាបុរសខ្មែរ​​ឱ្យដឹងថា ព្រះរាជដំណាក់ផែ​សង់ក្នុង​រាជ្យ​ ព្រះបាទ​​​​នរោត្តម (១៨៥៩-១៩០៤) ជាសំណង់​បណ្តែតទឹក​​​ ហើយ​ភ្ជាប់​​ដោយ​ផ្លូវ​មួយ​ខ្សែ​​ហៅ​​ថា “ផ្លូវប្រដាប់ក្រុង” រត់​​ត្រង់​ចូលទៅព្រះបរមរាជវាំង ឆ្ពោះចំ​ប្រាសាទ​ទេវា​វិនិច្ឆ័យ។ តាមរយៈ​រូបថត​ និងឯកសារផ្សេងៗ ​ព្រះ​រាជ​ដំណាក់​​នេះសង់អំពី​ឈើ​​ ដំបូល​ស្លឹក​រាង​​ជ្រាល​ថ្នាក់ៗ ​និង​ជញ្ជាំង​ក្តារជុំវិញ ហើយ​នៅពេល​ប្រារព្ធ​​ពិធី​អុំទូក​ម្តងៗ​ គេ​តែង​រៀបចំ​តុបតែង​​ដោយ​ផ្កាភ្ញី ព្រម​ទាំង​គ្រឿង​លម្អ​ផ្សេងៗ​​។ ទន្ទឹម​នឹង​នេះ គេដឹងថា​​នៅ​ក្នុង​គ្រា​នោះ​រដ្ឋបាល​អាណា​ព្យាបាល​​បារាំង​ ថែម​ទាំង​​បាន​​ផ្តិត​យក​​​រូប​ព្រះរាជ​ដំណាក់​​ផែខាង​លើ​​បានបោះ​ពុម្ព​លើ​ក្រដាស​ប្រាក់​សម្រាប់​ចរាចរណ៍​​​​​​​​ប្រើ​ប្រាស់​​​​ទូទាំង​​​​ឥណ្ឌូ​ចិនផងដែរ។ ក្នុង​​ពេល​នោះ គេ​​សង្កេត​ឃើញ​មាន​ការជួសជុល​​ផ្នែក​ខ្លះ​ នៃ​ព្រះរាជ​ដំណាក់​​ផែឡើង​វិញ ដោយ​​​​​បាន​​ដូរ​ដំបូលថ្មី និង​រៀបចំ​​ឱ្យ​មាន​ជា​របៀង​​ព័ទ្ធជុំ​វិញជាដើម។

ចូលមកដល់​រាជ្យ ​ព្រះបាទ​ស៊ីសុវត្ថិ (១៩០៤-១៩២៥) ព្រះ​រាជ​ដំណាក់​ផែ​ហាក់​ដូច​ជា​​បាន​រចនា​ឱ្យ​កាន់តែប្រសើ​រជាង​មុន និង​បាន​​កែ​លម្អ​បន្ថែម​ឱ្យ​មាន​បង្កាន់​ដៃ​ជុំវិញ។ រីឯ​នៅក្នុង​រាជ្យ ព្រះបាទ​​មុនីវង្ស (១៩២៧-១៩៤១) គេសង្កេត​ឃើញព្រះរាជដំណាក់ផែ​ ហាក់រំកិលអណ្តែត​ទៅខាង​ជើង​​បនិ្តច​ ពោល ​គឺ​តាំងនៅ​ចំ​​ខាង​មុខ​​​ប្រាសាទចន្រ្ទ​ឆាយា។ ប៉ុន្តែ​​នៅក្នុង​រាជ្យ​ ព្រះបាទ​ នរោត្តម សីហនុ ក្នុង​សម័យសង្គម​រាស្រ្ត​និយម ព្រះរាជ​ដំណា​ក់​ផែ​នេះបាន​រំកិល​មក​ខាងត្បូង​វិញ​ ពោល​គឺ​នៅ​ម្តុំ​ទីតាំង​ដើម​​កាលពីរាជ្យ ​ព្រះបាទ​នរោត្តម។ ជាអកុសលនៅក្នុង​រវាង​ឆ្នាំ​១៩៧០ ប្រទេស​​ជាតិ​ធ្លាក់​ចូលក្នុង​ភ្លើង​សង្រ្គាម ព្រះរាជ​ដំណាក់​ផែ​នោះ​ក៏​ត្រូវ​គេ​​បំផ្លិច​បំផ្លាញ​​ទាំង​ស្រុង រហូត​មកដល់​រវាង​ដើម​ទសវត្ស​​ទី៩០ ទើប​មានការ​សាងសង់​សំណង់​ព្រះពន្លាមួយ​​​នៅលើ​ច្រាំង​ទន្លេ​ទុក សម្រាប់​ប្រើ​ប្រាស់​​​​​​​​ជំនួស​ព្រះរាជ​ដំណាក់​ផែដូចឃើញ​ដល់សព្វថ្ងៃ​។

ជារួមមក ព្រះរាជដំណាក់ផែនៃទន្លេចតុមុខតែង​ទទួល​បានការ​យក​ព្រះទ័យ​ទុក​ដាក់​ពីសំណាក់​ព្រះមហាក្សត្រ​គ្រប់ព្រះអង្គ​ ទុកជាព្រះរាជដំណាក់​សម្រាប់ទ្រង់​​យាង​ទត​ព្រះ​រាជ​ពិធី​នានា​​​តាម​​ទំនៀមទម្លាប់តរៀងមក។ ក្នុង​រាជ្យ​ ព្រះបាទ​នរោត្តម ព្រះអង្គ​​​​​យាង​ទត​​​ពិធី​​​ប្រណាំង​ទូក-ង និងទូក​មួងពីរដង​ក្នុង​មួយឆ្នាំ ពោលគឺ​​​ក្នុង​ពេល​ចេញ​​ព្រះ​វស្សា​ថ្ងៃ១៤-១៥កើត និង​​ថ្ងៃ១ រោច​ ខែអស្សុជ​ម្តង និង​​នៅ​ថ្ងៃ​​១៤-១៥ កើត និង​ថ្ងៃ១ រោច ខែ​កត្តិក​ម្តង។​ ក្នុងរាជ្យ​ ព្រះបាទមុនីវង្ស ក្នុង​ព្រះរាជពិធី​អុំទូក ទ្រង់​តែង​ចាត់​ឱ្យ​​រៀបចំ​ក្រុម​ច្រៀងសកវាទ៍ទាំងស្រីទាំងប្រុស​ចូល​ច្រៀង​ថ្វា​យ​នៅ​លើ​​ព្រះ​រាជ​ដំណាក់​ផែ​នេះផង​ដែរ។ យោងតាមឯកសារ​ព្រះរាជ​ពិធី​ទ្វាទស​មាស ​​បាន​ពណ៌នា​​ទិដ្ឋភាពនៃ​ព្រះរាជពិធីអុំ​ទូក​ថា “ទាហាន​​​​​ក្រុម​​រក្សា​​ព្រះអង្គ ក្រុម​ខេមរ​ភូមិន្ទ ចាំគោរព​អម​សងខាង​ផ្លូវ​តាំងពី​មុខ​ទ្វារ​ព្រះបរម​​​រាជវាំង​រហូតដល់មាត់​ច្រាំង ទាហាន​​សេះ ក្រុម​រក្សា​ព្រះអង្គ ចាំគោរព​អម​តាម​មាត់​ជណ្តើរ​ដែល​​ស្តេច​ចុះ​ទៅ​ព្រះរាជ​ដំណាក់​ផែ។ ប្រធាន​រដ្ឋ​សភា ប្រធាន​​ក្រុម​ប្រឹក្សា​រាជ​អាណា​ចក្រ រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ រង់​ចាំ​ក្រាប​បង្គំ​ទទួល​​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិតលើ​ត្បូង និង​សម្តេច​ព្រះ​មហាក្សត្រិយានី​ នៅ​មាត់​​ជណ្តើរ​ខាងលើ​ ហើយ​តាម​ហែព្រះ​អង្គ​​ទៅ​ព្រះរាជ​ដំណាក់​ផែ”៕

អត្តបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!