ទំព័រដើមហោរាសាស្ត្រអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៧)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៧)

ភាគទី៧

ក្នុងមួយវិនាទីនោះ វិសេសក្លាហានចូលប្រកៀកនឹងខ្លួនកាមា ហូតយកដាវដែលព្យូរនៅចង្កេះគ្រវាត់ឮប្រាវលើក្ដារ ឆែកឆេរមើលសព្វហោប៉ៅពុំឃើញមានអាវុធអ្វីទៀត ក៏បញ្ជាឲ្យកាមាអង្គុយលើកៅអីជិតនោះ កាមាធ្វើតាមបង្គាប់។ មួយសន្ទុះក្រោយមក ចង្កៀងខ្លាញ់ក៏ភ្លឺឡើង កាមាញញឹមយ៉ាងខែងរកវិសេសក្លាហាន ដែលប្រុងស្មារតីគ្មានធ្វេសសោះឡើយ។

  • មើលរឿងអ្វី ?
  • សូមលោកអ៊ំ មើលទៅបន្ទាប់កូនស្រីលោកអ៊ំមើល។

វិសេសក្លាហានងាកទៅមើលទ្វារ ឃើញចំហមួយប្រលោះខ្លួន។ លោកភ្ញាក់ខ្លួនខ្ញាក ស្ទង់ដឹងស្ថានការណ៍កើតសង្ស័យ ចិត្ដក្ដៅក្ដួល។ កាមាកាន់ជ័យជំនះមួយយ៉ាងអស្ចារ្យនៅពេលនោះ។

  • សូមលោកអ៊ំអញ្ជើញចូលមើលលើគ្រែកូនស្រីលោកអ៊ំមើល។

វិសេសក្លាហានស្ទុះភ្លែតចូលក្នុងបន្ទប់នារី យកចុងដាវវាត់បើកមុងមានតែពួក និងខ្នើយ។ ចិត្ដមោហោមួយយ៉ាងរំពងក្នុងរាត្រីស្ងាត់ថា៖

  • ហាស់ ! កូនស្រី ! ទេវី !

សូរសម្រែកឮបានតែប៉ុណ្ណោះតាចាស់យើងដួលផ្ងាខ្លួនទៅក្រោយសន្លប់បាត់ស្មារតី។ កាមាឃើញដូច្នោះ ក៏ក្រោកពីកៅអីឈានជើងទៅយកដាវខ្លួនដែលដេកលើក្ដារមកស៊កចូលក្នុងស្រោមដូចមុន រួចផ្លោះតាមបង្អួចទៅបាត់ក្នុងទីងងឹតទៅ។ សម្រែកវិសេសក្លាហានលាន់ឮស្ទើររហែកមេឃ។ សូរសម្រែកបោះពួយក្នុងអាកាសទៅដល់ត្រចៀកនាងទេវី ដែលកំពុងនិយាយលេងយ៉ាងរីករាយជាមួយមានន្ទជាគូគាប់ នាងឈប់ង៉ក់ដូចគេកន្ដ្រាក់។ កញ្ញាងើបក្បាលឡើងពីជង្គង់មានន្ទដោយបើកភ្នែកធំៗ ។ ដើមទ្រូងនាងញ័រយ៉ាងខ្លាំង។ ស្រីហាក់ដឹងរឿងអាសន្នអស់។ នាងច្រានមានន្ទវឹងដែលដួលទៅក្រោយ រួចរត់សំដៅទៅផ្ទះ។ មានន្ទស្រឡាំងកាំងក្រោកឡើងបោសគូទស្រែកដោយសម្លេងហៅនាង៖

  • ឈប់ៗ រឿងអ្វី ? ទេវីអូន !

តែនារីទៅឆ្ងាយណាស់ទៅហើយ បុរសក៏ដើរតាមក្រោយនាងទៅ ដោយឈានជើងយ៉ាងវែងៗ ប្រញាប់ប្រញាល់ឲ្យបានទាន់គូធីតាពន្លឺចង្កៀងចោះប្រលោះមួយយ៉ាងធំក្នុងអាកាសងងឹត តាមទ្វារខ្ទមដែលចំហ។ នាងទេវីទុចជើងដោយបានឃើញពន្លឺនេះ។

ពន្លឺធ្វើឲ្យនាងកើតក្ដីខ្លាច តែទោះដល់មរណៈក៏ដោយនាងត្រូវតែចូលទៅរកពន្លឺនេះ។ ព្រលឹងនៅចុងសក់ កញ្ញាប្រឹងទប់សន្ដានចិត្ដកុំឲ្យជ្រួលច្របល់ពេក តែឥតប្រយោជន៍។ ស្រីដឹងមុនថា ទុក្ខមួយយ៉ាងធំនឹងមានដល់នាងក្នុងមួយភ្លែតទៀតនេះ តែនាងយល់ថាចៀសទុក្ខនេះមិនបានផុតទេ នាងត្រូវតែប៉ះទង្គិចជាដាច់ខាត។ នាងនឹកថា មិនអីទេខ្លួននាងខុស ហើយនាងព្រមទទួលទុក្ខទាំងអស់ដោយឥតប្រកែក តែពុំដឹងជាទុក្ខនោះ មានភាព រឺ បែបយ៉ាងណានៅឡើយ។

កល្យាណកើតមានមនោសញ្ចេតនាមួយថ្មីដែលមកសណ្ឋិតក្នុងខ្លួននាង គឺចង់ដឹង។ នាងឈានជើងមួយៗចូលក្នុងផ្ទះយ៉ាងមានះ ដោយធ្មេចភ្នែកកុំឲ្យឃើញពន្លឺដ៏មហិមានេះ។ មួយជំហានដែលនាងដើរ ធីតាហាក់ឃើញឧបសគ្គកាន់តែធំឡើង។ ខ្លួន ស្រីព្រលឹងហាក់ចេះតែថយក្រោយទៅវិញ។ មួយជំហានដែលនាងបានបោះកន្លងរួចមកហើយ គឺឧបសគ្គមួយដែលនាងឆ្លងរួច ស្រីហាក់បានធូរចិត្ដបន្ដិច។ ផ្ទះស្ងាត់ឈឹង ទេវីរិតតែឆ្ងល់ទៅទៀត។ នាងដើរដល់មាត់ទ្វារ។ នាងដកដង្ហើមធំម្ដង។ នាងអើតមុខចូលខាងក្នុងផ្ទះ។ ឱ ! រឿងអីដូច្នោះ ? នាងឃើញឪពុកនាងដួលដេកលើក្ដារសន្លប់បាត់ស្មារតីឥតដឹងខ្លួន។ យុវតីខ្លោចចិត្ដអាណិតឪពុក។ នាងយំយ៉ាងខ្លោចផ្សា ហើយរត់ទៅបីត្រកងលោកឪពុកជាអ្នកមានគុណ ផ្ដេកក្បាលដាក់លើភ្លៅនាង។ បុត្រីអង្រួនដាស់បិតា តែគ្មានពោក្យអ្វីសួរ អ្វីឆ្លើយសោះ។ កញ្ញាភិតភ័យកាន់តែខ្លាំងឡើងៗ។ កល្យាណងើបមុខឡើងឃើញម៉ែភួង នាងទ្រហោយំថា៖

  • ម៉ែភូង ជួយផង ! ជួយឪពុកខ្ញុំផង លោកកើតអី?

នាងភួងទឹកភ្នែករហាមដែរឱបជើងវិសេសក្លាហានយំដូចកូនក្មេង។

  • ម៉ែភួងៗ ទៅរកទឹកមួយផ្ដិលមក ឆាប់ៗ ម៉ែភួង។

លុះបានទឹកមក នាងទេវីលាបមុខលោកឪពុក លាបដៃជើង និង សព្វសព៌ាង្គកាយ។ គាប់ជួនពេលនោះ ព្រលឹងវិសេសក្លាហានក៏ចូលមកសណ្ឋិតកាន់រូបវិញធ្វើឲ្យមេទ័ពចាស់ងាកក្បាលចុះឡើងៗ។ នាងទេវីត្រេកអរក្រៃលែង ដូចបានឃើញឪពុកនាងមានកំនើតជាថ្មី។ ស្រីខំដាស់បោសអង្អែលទាំងទឹកភ្នែកថា៖

  • លោកពុក លោកពុក នេះកូន ស្គាល់កូនទេ លោកពុក ពុកកើតអ្វី?

ដំបូងវិសេសក្លាហានហាក់ភ្ញាក់ពីដេក។ លោកឮមាត់កូនលោកខ្សាវ រួចសូរមាត់បុត្រីនេះឮកាន់តែខ្លាំងឡើងៗ។ លោកបើកភ្នែកឃើញនាងទេវីឱបលោក ឃើញនាងភួងនៅទ្រចុងជើងលោក។ មួយស្របក់ក្រោយមក កម្លាំងក៏កាន់តែមានឡើងវិញបន្ដិចម្ដងៗ ទើបវិសេសក្លាហាន នឹកឃើញរឿងដែលនាំឲ្យលោកដេកដួលនៅទីនេះ។

សេចក្ដីក្រោធខឹងមួយឆួលឆេះឡើងយ៉ាងពេញទំហឹង មករោលរាលរូបគាត់។ គាត់ក្រោកអង្គុយសម្លឹងមើលមុខនាងទេវីមិនដាក់ភ្នែក។ លោកច្រានកែវដែលធ្លាប់ជាពន្លកចេញពីខ្លួនលោក កុំឲ្យស្រីអប្បលក្ខណ៍កាន់សាច់លោកទៀត។ នាងទេវីឆ្ងល់ ឆ្ងល់នឹងកាយវិការនេះ ទើបនាងនឹកភ្លែតឡើងថា លោកឪពុកនាងជ្រាបរឿងនេះហើយ។ នាងលុតជង្គង់ ដៃទាំងពីរខ្ទប់មុខយំឮឃឹកៗ។ កញ្ញាពោលទាំងត្រដាបត្រដួសថា៖ (សូមរងចាំតាមដានភាគទី៨ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!