ទំព័រដើមសិល្បៈអំពីវត្តក្តុល ក្នុងខេត្តបាត់ដំបង

អំពីវត្តក្តុល ក្នុងខេត្តបាត់ដំបង

នៅក្នុងក្រុងបាត់ដំបង នៃខេត្តបាត់ដំបងដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា យើងសង្កេតឃើញ ជាពិសេសតាមដងស្ទឹងសង្កែមានវត្តបុរាណសង់ក្នុងសម័យអាណានិគ​មនិយមបារាំងជាច្រើន។ នៅក្នុងចំណោម ១០សង្កាត់នៃក្រុងបាត់ដំបង មានសង្កាត់មួយឈ្មោះ សង្កាត់ក្តុលដូនទាវ ដែលមានវត្តចំណាស់មួយឈ្មោះ “វត្តក្តុល” សង់តំណាលគ្នានឹងវត្តដទៃទៀតក្នុងក្រុងដូចជា វត្តដំរីស វត្តសង្កែជាដើម។ វត្តក្តុល មានទីតាំងនៅក្នុងភូមិ​ក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវទៅពាមឯកស្របតាមមាត់ស្ទឹងត្រើយខាងលិច និងមានចម្ងាយប្រមាណជា ៤គីឡូម៉ែត្រពីក្រុងបាត់ដំបង។វត្តក្តុលត្រូវបានគេហៅឈ្មោះជាផ្លូវការតាំងពីកសាងដំបូងថា “វត្តប្រាបច្ចាមិត្ត” ដែលសព្វហៅជាប់ថា  “វត្តក្តុល”

វត្តក្តុល កសាងឡើងនៅស.វ.ទី១៩ ក្នុងឆ្នាំ ១៨៣០ ក្នុងសម័យលោកម្ចាស់ កថាថនឈុំ  (គទាធរ)។ ចំពោះប្រវត្តិកសាងវិញពុំសូវមានឯកសារចងក្រងច្រើនទេ យើងឃើញមានសៀវភៅមួយនិយាយអំពី “បាត់ដំបងសម័យលោកម្ចាស់” ដែលបានរៀបរាប់អំពី ព្រះចៅ ពញាបឌិន ឬចៅឃុន មានឋានៈជា ចៅពញាបតិន្ទ្រតេជោ គឺជាមេទ័ពធំរបស់សៀមបានមកឱ្យរៀបចំក្រុងបាត់ដំបង ដើម្បីទប់ទល់នឹងស្តេចអាណ្ណាម រវាងឆ្នាំ១៨៣៨។ ក្នុងការរៀបចំក្រុងនេះ មេទ័ពធំ ឬចៅពញាបឌិន បានដឹកនាំកសាងបន្ទាយប្រាការមួយធ្វើអំពីឥដ្ឋបូកបាយអ ដែលមានបណ្តោយប្រវែង ៧២០ម៉ែត្រ ទទឹង ៤៨០ម៉ែត្រ​ កម្ពស់ ២ម៉ែត្រកន្លះ និ​ង​កម្រាស់ ៨តឹក។ លុះក្រោយមកចៅពញាបឌិនធ្វើមរណកាលទៅ និងបានឧទ្ទិសដីបន្ទាយនេះថ្វាយចំពោះពុទ្ធសាសនា ហើយបានកសាងវត្តអារាមមួយហើយដាក់ឈ្មោះថា “វត្តប្រាបប្រាមបច្ចាមិត្រ” ដែលសព្វថ្ងៃហៅ “វត្តក្តុល”។ ចំណែកវត្តនេះពីមុន ជាទីតាំងបន្ទាយរបស់ចៅពញាបឌិន។ បច្ចុប្បន្នគេបានសរសេរទៅជា “វត្តប្រាប្បច្ចាមិត្ត”។ ពាក្យនេះមានន័យថា គឺការយកឈ្នះលើសត្រូវឬបង្ក្រាបសត្រូវ និងមិនឱ្យត្រលប់មកវិញ ដែលមានបំណ​ងចង់មកបៀតបៀនទឹកដីជាដើម។

នៅក្នុងបរិវេណវត្តក្តុល មានសំណង់ប្រវត្តិសាស្ត្រចាស់ៗ ដែលបានបន្សល់តាំងពីសម័យបារាំង និងសំណង់កសាងសម័យក្រោយ។ សំណង់ទាំងនោះរួមមាន៖ សំណង់ព្រះវិហារ សាលាធម្មឬធម្មសាលា កុដិ ចេតិយចាស់ក្នុងសម័យលោកម្ចាស់ និងជាពិសេសគឺចម្លាក់រឿងរាមកេរ្តិ៍ ដែលឆ្លាក់ពីកំបោរបាយអនៅជាប់នឹងរបង ឬហៅម្យ៉ាងទៀតថាជា រាជវ័តិនៃទីធ្លាខឿនព្រះវិហារ ហើយក៏មានសំណង់ចាស់ថ្មីជាច្រើនផ្សេងទៀត។

ចំពោះព្រះវិហារ ជាប្រភេទព្រះវិហារជហ្វា៤មានដំបូលកឹង៣ថ្នាក់ប្រក់ក្បឿង។ គួរបញ្ជាក់ថា ព្រះវិហារចាស់ពីមុនមានរាងជាបោត (មានទំហំតូច) ធ្វើអំពីឈើ លុះមកដល់ឆ្នាំ១៨៨០ ទើបមានការជួសជុលស្ថាបនាព្រះវិហារថ្មីឡើងវិញ ដូចដែលយើងឃើញសព្វថ្ងៃ (រូបលេខ១)។ ព្រះវិហារសព្វថ្ងៃមានពណ៌ស្លាទុំ នៅតាមសសរផ្នែកខាងក្រៅ ឬហៅថាល្វែងបាំងសាច មានបិតសន្លឹកមាសជាបន្ទះតូចៗជុំវិញសសរ នៅលើហោជាងខាងកើត មានឆ្លាក់រូបជើងពានទ្រព្រះខ័ន ហើយនៅខាងលើព្រះខ័នមានត្រីសូល៍ និងកងចក្រជាប់ទៅនឹងកំពូលកណ្តាលនៃត្រីសូល៍ ដែលព្រះសង្ឃមួយព្រះអង្គគង់ក្នុងវត្តនេះ មានសង្ឃដីការថា ជាតំណាងឱ្យអំណាចរបស់ស្តេចដែលមកកាន់ការ​នាសម័យនោះ(រូបលេខ២)។ ចំណែកឯហោជាងព្រះវិហារផ្នែកខាងលិចវិញ គេបានឆ្លាក់រូបដំបង ប៉ុន្តែពុំដឹងច្បាស់ថាមានន័យយ៉ាងណា ឬក៏ប្រហែលជាអាចតំណាងឱ្យខេត្តបាត់ដំបង (រូបលេខ៣)។  នៅមុនសម័យ ប៉ុល ពត នៅក្នុងព្រះវិហារមានតម្កល់ព្រះអង្គជីធំមួយធ្វើអំពីឈើលាបថ្នាំខ្មៅ ក្រហ​ម និងទឹកមាសហើយមានបិតសន្លឹកមាសកាឡៃនៅផ្នែកខ្លះ (រូបលេខ៤) ប៉ុន្តែព្រះអង្គជីធំនោះ ត្រូវបានបំផ្លាញចោលក្នុងសម័យប៉ុល ពត។ លុះសព្វថ្ងៃ នៅខាងក្នុងព្រះវិហារមានតម្កល់ព្រះអង្គជីធំមួយផ្សេងទៀតធ្វើអំពីស៊ីម៉ងត៍ គឺជាពុទ្ធបដិមាក្នុងកាយវិការអភ័យមុទ្រ ដែលទើបនឹងធ្វើនៅសម័យក្រោយ (រូបលេខ៥)។

ឯសំណង់ចេតិយ​ មានច្រើនពាសពេញក្នុងបរិវេណវត្ត ប៉ុន្តែយើងសង្កេតឃើញមានសំណង់ចេតិយមួយដែលមានលក្ខណៈខុសប្លែកពីចេតិយធម្មតា។ សំណង់ចេតិយធំនេះមានទីតាំងនៅក្រោយព្រះវិហារភាគខាងលិច ដែលសល់ពីសម័យលោកម្ចាស់ ដោយមានការរចនា និងរូបរាងខុសប្លែកពីចេតិយក្នុងវត្តនានានៅក្នុងខេត្តបាត់ដំបង (រូបលេខ៦)។ ចំពោះរាជវ័តិដែលបានសាងសង់នៅលើទីធ្លាខឿន នៃព្រះវិហារវត្តក្តុលនេះមានពីរផ្នែកផ្សេងគ្នា គឺទី១ចាប់ពីពាក់កណ្តាលរាជវ័តិទៅផ្នែកខាងកើត កាលពីមុនសម័យសង្គ្រាមរបបប៉ុល ពត គេឃើញនៅមានរាជវ័តិកសាងដំបូង ពីកំបោរបាយអ មានក្បាច់ផ្កាភ្ញី ក្បាច់     វល្លិ៍នៅលើរាជវ័តិ តែត្រូវបានបំផ្លាញក្នុងសម័យប៉ុល ពត (រូបលេខ៧)។

សព្វថ្ងៃ រាជវ័តិដែលឃើញនៅភាគខាងកើតធ្វើពីដែកវិញ។ ចំណែកផ្នែកទី២ គឺចាប់ពីពាក់កណ្តាលរាជវ័តិទៅផ្នែកខាងលិចវិញ គេបានឆ្លាក់សាច់រឿងរាមកេរ្តិ៍ជាឈុតៗទាំងផ្នែកខាងក្នុង និងខាងក្រៅនៃរាជវ័តិ (រូបលេខ៨)។

ចម្លាក់រឿងរាមកេរ្តិ៍ នៅក្នុងវត្តក្តុលនេះធ្វើឡើងអំពីកំបោរបាយអ សរុបទាំងអស់ ៤៨ផ្ទាំង ឬឈុតនៅលើរាជវ័តិនៃទីធ្លាខឿនព្រះវិហារ។ ចំពោះអាយុកាលនៃចម្លាក់នេះ យើងពុំដឹងច្បាស់ថាសង់តំណាលគ្នានឹងព្រះវិហារ ឬសង់នៅសម័យក្រោយមកទៀតយ៉ាងណានោះទេ។ ឈុតដែលបានឆ្លាក់បង្ហាញនៅលើរាជវ័តិនេះ ភាគច្រើនឃើញបង្ហាញនូវសាច់រឿងដូចគ្នាទៅនឹងសាច់រឿងគំនូររាមកេរ្តិ៍ក្នុងព្រះវិហារព្រះកែវមរកត។ ចំណែកខ្លះទៀតមាននៅក្នុងខ្សែអាត់សម្លេងរបស់ចាស់ព្រឹទ្ធាចារ្យដូចជា៖ តាគ្រុឌ ដែលជាអ្នកពោលល្ខោនខោល នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម តាសយ ដែលជាអ្នកពោលល្ខោនខោលនៅវត្តស្វាយអណ្តែត នៅស្រុកល្វាឯម ខេត្តកណ្តាល, រាមកេរ្តិ៍ពោលដោយ តាចក់ និងឯកសារផ្សេងៗមួយចំនួនទៀត។

​  ចម្លាក់រាមកេរ្តិ៍ នៅវត្តក្តុលបានបង្ហាញឈុតជាច្រើន ដែលក្នុងសិល្បករចម្លាក់បានរំលេចនូវឈុតមួយចំនួនដែលទាក់ទងនឹងទេសភាពព្រៃឈើ ទិដ្ឋភាពទូទៅក្នុងសង្គម ការទទួលឥទ្ធិពលនៃវប្បធម៌ពីបរទេស ដូចជាការស្លៀកពាក់ សំណង់ស្ថាបត្យកម្មបែបបស្ចឹមប្រទេសពោល គឺប្រទេសបារាំងដែលបានដាក់អាណានិគមលើប្រទេសកម្ពុជាជាងមួយសតវត្ស (១៨៦៣-១៩៥៣)។ ក្រៅពីនោះក៏នៅមានសំណង់ផ្ទះបុរាណខ្មែរ សំពៅ គ្រឿងលម្អក្នុងសំណង់អាគារ វត្ថុប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសព្វាវុធជាដើម (រូបលេខ៩-១០)។

អត្ថបទដើម៖ លោក នាង សុវណ្ណតារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!