រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំដោយបញ្ចេញសន្ធឹកខ្ទររំពង ធ្វើឲ្យរញ្ជួយផែនពសុធា។ បន្តិចក្រោយមក យាន្តនោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយបើសិនជាគេអើតតាមបង្អួចនៃទូរណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះខ្វែងកាត់ជាក្រឡាចត្រង្គប្រកបដោយកិរិយាចេះរត់ថយក្រោយវិញ។ វាលស្រែ! វាលស្រែ! ពាសពេញតៗជាប់គ្នាដល់ជើងព្រៃ គេមើលទៅឃើញខៀវសន្លឹម។
នៅក្នុងស្រែសុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់រំហើយបោកបក់បណ្តាលឲ្យកើតជារលកពព្រាំមកយោលដើមស្រូវខ្ចីពណ៌បៃតងស្រស់ នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំគ្នាត្រង់នេះបន្តិចត្រង់នោះបន្តិច។ បុប្ផាទាំងនេះហាក់ដូចជាឧប្បត្តិកឡើងសម្រាប់ជាគ្រឿងលម្អនៃសំពត់ព្រំពណ៌បៃតង ដែលលាតសន្ធឹងក្រោមមេឃក្រឡានាគ និងក្រោមរស្មីថ្លាត្រចេះនៃព្រះសុរិយា នៅក្នុងទឹកថ្លាខ្យងកុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានគ្រួសារឬចង្កៀល ខ្យងដើរគូរៗវា។ ឆ្ងាយពីនេះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិ៍វារីជាតិ ឯពួកអ្នកស្ទូងដែលស្លៀកពាក់ខ្មៅហើយប្រឡាក់ភក់ស្រមក បាននាំគ្នាងើបមើលខ្សែរទេះភ្លើង ហើយភ្នែកស្លឹង។
ពួកសិល្សវិទ្យាល័យដែលបានឈប់សម្រាកពីរខែ បានស្រុះគ្នាធ្វើដំណើរចូលទៅក្រុងបាត់ដំបងវិញ ដោយអ៊ឹកធឹកៈ ខ្លះផ្លុំគែន ខ្លះទះដៃ ខ្លះទន្ទ្រាំក្តារបន្ទរ ហើយខ្លះច្រៀងទំនុកបារាំង ដែលគេធ្លាប់ឮអ្នកលេងកុនឈ្មោះ ទីណូរូស៊ីច្រៀង។ ក្មេងម្នាក់ឈ្មោះបូណាចេះប្រសព្វយ៉ាងចំឡែកខាងធ្វើត្រាប់សំដី និងកិរិយានៃគ្រូអាចារ្យ ដែលជាហេតុបណ្តាលឲ្យសំណើចផ្ទុះឡើងឮទ្រហឹងអឹងអាប់។ យុវជនខ្លះទៀតដែលមានឬកពាជាអ្នកសុភាពរម្យទមឈរនៅមាត់បង្អួចមើលសត្វហើរ មនុស្សធ្វើការ និងទេសភាពនានា ហើយមានទឹកមុខរីកថ្លាហាក់ដូចជាបានជួបនឹងមិត្តភក្តិ។ វ៉ាកងធំ! អ្នកអានទាំងឡាយគង់ជ្រៀបស្រាប់ហើយនូវកំលាំងនៃសេចក្តីសប្បាយ ដែលពង្រីកទ្រូងនៃយុវជនសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យចំលែកអស្ចារ្យដែលបើកទ្វារជើងមេឃធំទូលាយទៅខាងមុខបាន។ បក្សាដែលគេបង្ខាំងនៅក្នុងទ្រុង ហើយបើគេបើកទ្វារលែងទៅមានសេចក្តីត្រេកអរយ៉ាងណាមិញ ក្មេងសិស្សទាំងឡាយក៏សប្បាយយ៉ាងនោះដែរ។ ខ្លួនគេដូចជាស្រាល ចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេដូចជាមនុស្សស្រវឹង គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលសប្បាយអ្វីបានយូរដល់ម្លេះទេ។
គេរួចពីចំណងការរៀនសូត្រដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។ លាហើយសៀវភៅធំ ដ៏មានវិជ្ជាពិបាកឡើងងងឹតមុខ! លាហើយសំលេងគ្រូអាចារ្យដែលបង្ខិតបង្ខំស្តីបន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញ! លាហើយកន្លែងទទួលភោជនាហារដែលធំក្លិនឆ្លាបៗជាប់នឹងច្រមុះ! លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួតប្រណាំងគ្នា លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយបងប្អូនញាតិសន្តាន។ គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លាន ដើរលេងតាមកំសាន្ត។ ឈប់ពីរខែ ជយោ! ក្នុងចំណោមជនដែលកំពុងត្រេកត្រអាលយ៉ាងនេះ! អ្នកទាំងឡាយគ្មាននឹកនាថានឹងមាននរណាធ្វើមុខជូរកើតទុក្ខបានឡើយ។ តែបើសំឡឹងគយគន់ឲ្យម៉ត់ចត់ទៅក៏នឹងឃើញកុមារម្នាក់ដែលមានរូបរាងដូចជាចៅចិន មានអាយុប្រហែល១៨ឆ្នាំ មុខរាហ៍ សំបុរជ្រះ រាងមាំ ដោយប្រព្រឹត្តកីឡា ហើយមានកំពស់យ៉ាងបង្គួរ។ យុវជននោះអង្គុយសញ្ជប់ ទឹកមុខស្ងប់ស្រពោននៅក្នុងយានតែម្នាក់ឯង។ ឯសក់សំពោង ដែលអណ្តែតសំផុរទៅដោយល្បឿនខ្យល់ និងខោអាវសៗ កាត់តាមនិយមអឺរ៉ុប ដែលមានប្រឡាក់ពាសពេញ សំដែងឲ្យឃើញថាអ្នកកំឡោះមានទុក្ខជាទម្ងន់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព