ទូក គឺជាយានយ៉ាងសំខាន់ សម្រាប់មធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនតាមផ្លូវទឹកតាំងពីបុរាណកាលមក។ ក្នុងវប្បធម៌ខ្មែរ ទូកក៏ប្រើប្រាស់នៅក្នុងកិច្ចពិធីនិងការកម្សាន្ដផងដែរ។ តាមរយៈសិលាចារឹកខ្មែរដែលរកឃើញកន្លងមក យើងពុំប្រទះឃើញមានសិលាចារឹកណានិយាយអំពីពិធីបុណ្យអុំទូកឡើយ។ យ៉ាងនេះក្ដី នៅក្នុងអត្ថបទសិលាចារឹកភាសាខ្មែរបុរាណ យើងបានប្រទះឃើញពាក្យ «ទូក» ដែលមានសំណេរច្រើនបែបផ្សេងៗគ្នា។ នៅសម័យមុនអង្គរប្រទះឃើញសំណេរជា «ទោក៑» និង «ទ្វក៑» ចំណែកឯនៅសម័យអង្គរវិញឃើញមានសំណេរជា «ទ្វក៑» «ទុក៑» និង «ទូក៑» និងសម័យក្រោយៗមកទៀត គេប្រទះសំណេរតែម្យ៉ាងគឺ «ទូក»។ នៅក្នុងចំណោមសិលាចារឹកទាំងឡាយនោះ សិលាចារឹកអ្នកតាបាក់ក K.៩៤០ ជាភស្ដុតាងប្រវត្តិសាស្ត្រមួយបង្ហាញយើងឱ្យឃើញពីតួនាទីមួយបែបនៃការប្រើប្រាស់ទូកនាសម័យមុនអង្គរ។
តាមលោក ហ្ស៊ក សេដេសសិលាចារឹកនេះរកឃើញនៅក្នុងឆ្នាំ១៩៤៨ នៅក្នុងវាលស្រែក្បែរទួលអ្នកតាបាក់ក ស្ថិតនៅក្នុងអតីតឃុំដង្កោ ស្រុកភ្នំពេញ ខេត្តកណ្ដាល បច្ចុប្បន្នត្រូវនឹងទួលព្រៃសាលា ខាងលិចវត្តតាំងកសាងប្រមាណ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីតាំងនេះធ្លាប់ជាទីទួលឥដ្ឋព័ទ្ធជុំវិញដោយកសិន្ធុ ប៉ុន្ដែបច្ចុប្បន្ននេះបានបាត់រូបរាងទាំងស្រុងទៅហើយ។
សិលាចារឹកនេះសាងអំពីថ្មភក់ រាងជាសន្លឹកសីមា ធំលើរាវក្រោម ផ្នែកខាងលើមានរចនារូបគោនន្ទីក្រាបលើផ្កាឈូក ដែលនៅក្រោមនេះមានឆ្លាក់ក្បាច់ពងត្រីខណ្ឌចែកផ្ទៃរូបចម្លាក់និងផ្ទៃចារសិលាចារឹក។ ថ្មនេះមានកម្ពស់៩៧ស.ម. បន្ទារ៤២ស.ម. និងកម្រាស់៨ស.ម. ទម្ងន់៧៨គ.ក. ចារឹកអក្សរនិងភាសាខ្មែរសម័យមុនអង្គរស.វ.ទី៧-៨។ សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ អត្ថន័យសិលាចារឹកនេះ ចារអំពីព្រះរាជបញ្ជាស្ដីពីការបែងចែងអំបិល(សម្រាប់ធ្វើបុណ្យ)ដល់ប្រាសាទនិងអាស្រម ដែលមានសរុបចំនួន៥ទីតាំង ដោយមានបញ្ជាក់ពីចំនួនអំបិលត្រូវផ្ទុកក្នុងទូកនីមួយៗ ដែលមកដឹកនៅឯកំពង់តីថ៌គ្រាម។ ចុងក្រោយជាបម្រាមហាមមិនឱ្យមានរណាយកពន្ធ និងរារាំងលើទូកដឹកអំបិលទាំងនោះ ទាំងទៅទាំងមក។ បើនរណាល្មើសនឹងព្រះរាជបញ្ជា នឹងត្រូវទទួលទោស។
ពាក្យ “តីថ៌គ្រាម” ក្នុងសិលាចារឹកនេះបញ្ជាក់ពីទីតាំងកំពង់មួយ ដែលទំនងជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនតាមផ្លូវទឹកនាសម័យនោះ។ បើពិនិត្យលើទីតាំងដែលរកឃើញសិលាចារឹកនេះ ហាក់ពុំមានផ្លូវទឹកសំខាន់ពីបុរាណដែលសក្ដិសមជាកំពង់ជួញដូរនោះឡើយ។ តីថ៌គ្រាម អាចជាទីតាំងមួយនៅតំបន់ទន្លេចតុមុខ ដែលជាកំពង់មានសកម្មភាពពាណិជ្ជកម្មតាំងពីបុរាណមក ឬអាចនៅតំបន់ណាមួយនៃទន្លេបាសាក់។ ស្ថាននាមដែលគួរឱ្យចាប់អារម្មណ៍មួយ និងអាចផ្សារភ្ជាប់នឹងសិលាចារឹកនេះបាន គឺព្រែកអំបិល នៅស្រុកស្អាង ខេត្តកណ្ដាល ដែលអាចជាទីតាំងដែលដឹកអំបិលពីទន្លេបាសាក់ទៅកាន់តំបន់អង្គរបុរីនិងភ្នំពេញកាលពីសម័យបុរាណ។ អំបិល ជាគ្រឿងផ្សំចាំបាច់សម្រាប់ជីវភាពរស់នៅរបស់មនុស្ស។ អំបិលអាចផលិតពីទឹកសមុទ្រឬពីដីក្រាម។ ដូច្នេះ ប្រសិនបើអំបិលដែលមានក្នុងសិលាចារឹកអ្នកតាបាក់ក ជាអំបិលសមុទ្រ ទំនងជាអាចនាំមកតាមទន្លេបាសាក់ជាពុំខាន។ តាមសិលាចារឹកវត្តជើងឯក K.៤២៦ ចារនៅស.វ.ទី៧-៨ ក៏មានលើកឡើងទាក់ទងនឹងទូក ដែលយើងអាចមើលឃើញថាតំបន់នោះ ក៏ជាតំបន់ដឹកជញ្ជូនផលិតផលភាជន៍តាមផ្លូវទឹកមួយយ៉ាងសំខាន់ ដែលលាតសន្ធឹងទៅដល់តំបន់ពត់សរ ស្រុកបាទី រហូតដល់ទន្លេបាសាក់ផងដែរ។
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង