ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងែនេះរាល់កិច្ចការ និងមុខរបររកស៊ីជួញដូរមិនត្រូវពឹងផ្អែកលើសំណាង ឬវាសនានោះទេ។ រាល់សកម្មភាពគួរមានគោលបំណង ដើម្បីទទួលបានផល។ ថ្ងៃនេះអ្នកអាចមានកំហឹងបន្តិចបន្តួច ដូច្នេះគួរយកចិត្តទុកដាក់ចំពោះសាច់ញាតិ ចាស់ៗផង នោះផលល្អនឹងកើតមានឡើងវិញ។ ក្នុងពេលអ្នកមានបញ្ហាផ្លូវចិត្តចូររក្សាភាពទន់ភ្លន់ និងស្ងប់ស្ងាត់។ អ្នកអាចបង្កបញ្ហាដោយការនិយាយបំផ្លើស ដូច្នេះចូរនិយាយស្តីតែពាក្យពិត និងត្រឹមត្រូវ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់មុខរបររកស៊ី និងកិច្ចការរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ ថ្ងៃនេះចូរកុំនៅតែមួយកន្លែង ព្យាយាមផ្លាស់ប្តូរ ចែកចាយបទពិសោធន៍ និងការទទួលខុសត្រូវរបស់អ្នកទៅអ្នកដទៃ។ ជោគជ័យរបស់អ្នក គឺការខិតខំប្រឹងប្រែងធ្វើការ។ សម្រាប់ទំនាក់ទំនងប្រុសស្រី ថ្ងៃនេះលោកអ្នកមិនទាន់ទទួលបានអារម្មណ៍កក់ក្តៅនោះទេ។ លោកអ្នកគួរបង្ហាញចំណាប់អារម្មណ៍លើគ្រួសារឲ្យបានច្រើន ពិសេសគួរនៅក្បែរកូន ពីព្រោះអ្នកអាចបាត់បង់ទំនុកចិត្តពីកូន។ ចំពោះសុខភាព លោកអ្នកអាចមានបញ្ហាឈឺខ្នង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ធ្វើជំនួញពាណិជ្ជកម្ម បើទោះបីជាអ្នកមិនស្ថិតក្នុងអាជីពជំនួញ ក៏មិនគួរដកខ្លួនទាំងស្រុងនោះទេ អ្នកអាចសូម្បីតែសុំបញ្ចុះតម្លៃសម្រាប់ទំនិញនានារបស់អ្នក។ ចំពោះអ្នកប្រកបការងារតាមស្ថាប័នរដ្ឋ ឯកជននានានឹងអាចសម្រេចកិច្ចការប្រកបដោយលទ្ធផលវិជ្ជមាន ព្រមទាំងទទួលបានការសរសើរពីថ្នាក់ដឹកនាំ។ ថ្ងៃនេះទំនាក់ទំនងសេ្នហា នឹងចម្រើនលូតលាស់ទៅមុន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការនានាតម្រូវឲ្យប្រឹងប្រែងសំឡឹងមើលទៅគ្រប់ជ្រុង អ្នកត្រូវធ្វើសកម្មភាពឲ្យបានច្រើន ដើម្បីឆក់យកឳកាសដែលមានចំពោះមុខ។ អ្នកអាចត្រូវដៃគូរជំនួញ ការងារ និងមនុស្សនៅជុំវិញខ្លួនទាញយកប្រយោជន៍ ដូច្នេះចូរចេះសង្កេត និងការពារខ្លួន។ សូមអ្នកព្យាយាមរក្សាអនាម័យឲ្យបានល្អ ពីព្រោះអ្នកអាចប្រឈមនឹងជំងឺឆ្លង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានលំនឹងគួរឲ្យកត់សម្គាល់។ ថ្ងៃនេះអ្នកហាក់ពិបាកចិត្ត តែសូមរក្សាលំនឹងក្នុងខ្លួនដោយចេះប្រើប្រាស់ពេលវេលាឲ្យបានល្អ។ ចូរផ្តោតលើសកម្មភាពបច្ចុប្បន្ន ហើយងាកមកប្រាស្រ័យទាក់ទងនឹងមនុស្សស្និទ្ធស្នាល ដើម្បីធ្វើឲ្យអារម្មណ៍ប្រសើរឡើងវិញ។ ចំពោះសុខភាព អ្នកត្រូវសម្រាក់ឲ្យបានច្រើន ព្រោះភាពហត់នឿយរបស់អ្នកប៉ះពាល់ដល់អារម្មណ៍។ ដោយឡែកសម្រាប់ទំនាក់ទំនងកំឡោះក្រមុំ គឺយល់ចិត្តគ្នាបានល្អណាស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកអាចមានសភាពវិលវល់ក្នុងការប្រកបការងារ ក៏ដូចជាជំនួញជូញដូរ ដូច្នេះចូរព្យាយាមរៀបចំគម្រោងឲ្យបានច្បាស់លាស់ ដើម្បី បញ្ជៀសលទ្ធផលអវិជ្ជមាន។ ចំពោះក្តីសេ្នហា ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់សាងមនោសញ្ចេតនានោះទេ ព្រោះលោកអ្នកអាចនឹងទទួលអារម្មណ៍មិនប្រាកដប្រជា គួរគិតគូរពីការងារទើបប្រសើរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងទទួលបានការទុកចិត្តពីមនុស្សផ្ទុយភេទ ហើយរាល់បញ្ហានានាក្នុងមុខរបរការងារ នឹងទទួលបានជ័យជំនះពីគូរបដិភាគ។ បង្កើនការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ប្រសិនបើអ្នកចង់បានការផ្លាស់ប្តូរដែលជោគជ័យ។ ចូរសំដែងចេញនូវអាកប្បកិរិយាសមរម្យ យោគយល់ និងអធ្យាស្រ័យ។ ថែរក្សារាងកាយរបស់អ្នក ដើម្បីកុំឲ្យមានជំងឺធ្ងន់ធ្ងរ ទាក់ទងនឹងតម្រង់នោម។ សម្រាប់សុខភាពខួរក្បាល សូមកុំគិតពីកំហឹងពីអតីតកាល កុំឲ្យអនុស្សាវរីយ៍អាក្រក់បំផ្លាញអ្នក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការរកស៊ីជួញដូរ និងការប្រកបការងារនានាមានភាពចម្រើនលូតលាស់ល្អណាស់ ចំណែកសំណាងគឺនៅនឹងខ្លោងទ្វាររបស់អ្នក។ ថ្ងៃនេះសូមកុំចាញ់បោកកាយវិការ និងភាពសំដីទន់ភ្លន់ប្រកបដោយកល្បល្បិចពីមនុស្សថ្នាក់លើ។ ទំនាក់ទំនងស្នេហាមានភាពរលូនជាទីបំផុត។ ព្យាយាមបង្ហាញភាពត្រឹមត្រូវ និងជឿទុកចិត្តពីមនុស្សជាទីស្រលាញ់។ ប្រសិនបើអ្នកមានជំងឺរាំរ៉ៃ សូមចាត់វិធានការជាបន្ទាន់ គិតគូរឲ្យមានម៉ត់ចត់ពីសុខភាពរបស់អ្នក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងជំនួញជួញដូររបស់អ្នកនឹងទទួលបានទិន្នផលដ៏ល្អប្រសើរ។ មានមនុស្សប្រុសស្រីចាំគាំទ្រ និងលើកស្ទួយកិច្ចការរបស់លោកអ្នកជានិច្ច ដូច្នេះសូមអ្នកកុំបាត់បង់ជំនឿចិត្តលើខ្លួនឯង នៅពេលមានបញ្ហា។ ថ្ងៃនេះចូរស្លៀកពាក់ឲ្យបានស្រស់ស្អាតដើម្បីត្រៀមទទួលលាភសំណាង។ ចំពោះទំនាក់ទំនងប្រុសស្រី អ្នកអាចបាត់បង់ការជឿជាក់ពីមនុស្សជាទីស្រលាញ់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាប្រក្រតី តែអ្នកអាចមានភាពច្របូកច្របល់បន្តិច ដោយសារទទួលខុសត្រូវការងារច្រើនពេក។ ម្យ៉ាងមិនទាន់មានគម្រោងប្រតិបត្តិការច្បាស់លាស់។ សម្រាប់ការសិក្សាស្វែងយល់បន្ថែម គឺមិនទាន់ធ្វើបានល្អទេក្នុងថ្ងៃនេះ ព្រោះអារម្មណ៍ និងស្មារតីអ្នកមិនទាន់អាចទទួលបានទេ។ សម្រាប់ទំនាក់ទំនងកំឡោះក្រមុំ បើទោះយ៉ាងណាសូមកុំអស់សង្ឃឹមក្នុងការស្វែងរកសេ្នហាពិត។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ការខិតខំ ដូច្នេះគួរចេញពីផ្ទះស្វែងរកឳកាសជោគជ័យ និងផលលាភ។ សម្រាប់លោកអ្នកដែលកំពុងបំពេញការងារ និងមុខរបរ នឹងទទួលបានភាពជោគជ័យជាទីមោទន។ ចំពោះ បញ្ហាក្នុងទំនាក់ទំនងរបស់ជនប្រុសស្រី ថ្ងៃនេះលោកអ្នកប្រាកដជានឹងអាចជួសជុលស្ថានការណ៍បាន។ ចំណែកកំឡោះក្រមុំ ចូរកុំប្រញាប់ប្រញាល ប្រើប្រាស់ពាក្យសំដីឲ្យហួសដែនកំណត់ ចូរសំដែងចេញនូវឥរិយាបថសមរម្យ សន្សឹមៗក្នុងការនិយាយទាក់ទងគ្នា។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ចំពោះអ្នករកស៊ីជួញដូរនឹងទទួលបានផលចំណេញយ៉ាងច្រើន ចំណែកអ្នកប្រកបការងារវិញក៏នឹងអាចសម្រេចផលគ្រប់យ៉ាង។ លើសពីនេះ ចូរអ្នករងចាំស្តាប់ដំណឹងល្អ ចំពោះតំណែងការងារថ្មី។ សម្រាប់ទំនាក់ទំនងក្នុងជីវិតគ្រួសារ លោកអ្នកនឹងឈានដល់ជីវិតថ្មីមួយដ៏ស្រស់ស្អាត។ ថ្ងៃនេះសុខភាពអាចមានផលរំខានបន្តិចនៅបំពង់ក តែគ្មានអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ទេ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព