កាំបិតផ្គាក់

ក្នុងវចនានុក្រមខ្មែរផ្សាយដោយពុទ្ធសាសនបណ្ឌិត្យឆ្នាំ១៩៦៧ ត្រង់ទំព័រទី៥២០ ឱ្យនិយមន័យផ្គាក់ថា គឺជាឈ្មោះគ្រឿងសស្ត្រាមួយប្រភេទធ្វើដោយដែក មានមុខតែម្ខាង រាងស្រដៀងនឹងកាំបិតចែត ប៉ុន្តែមានដងវែងសម្រាប់ឆ្ការ ត្រាយ ត្រួសព្រៃ ឬកាត់អ្វីៗក៏បាន។ ដោយសារមានរូបរាង និងប្រើការសម្រាប់កាប់កាត់ដូចកាំបិតដែរ ដូច្នេះហើយបានជាពេលខ្លះគេហៅឧបករណ៍នេះថា កាំបិតផ្គាក់។ ឧបករណ៍នេះមានដងវែងសម្រាប់កាន់ធ្វើពីឈើ ចំណែកផ្លែភ្ជាប់ដងធ្វើពីដែកសម្រាប់កាប់ឱ្យមុត។ ដងនោះទៀតសោត គេច្រើនរើសយកប្រភេទឈើត្រង់មានកោងខុបនៅខាងចុង ហើយច្រើនតែជាដើមល្ងៀង ព្រោះដើមនេះដុះចេញពីដីតែងវៀចចេញពីត្រង់គល់  ទើបដុះត្រង់មកលើ។ ដើមឈើធំខ្លះទៀតដូចជា ចំបក់ សេមាន់ មាន់ព្រៃ តែងមានដុះសាច់ទ្រនុងពកវែងផុសចេញពីគល់មក ហៅថាព្រឹង ដែលគេអាចកាប់ព្រឹងយកមកធ្វើដងផ្គាក់បានដែរ។

បើដើមដែលកាប់មកធ្វើដងនោះស្ទើរត្រង់ គេយកដើមនោះបញ្ចូលខ្នោះ រួចវាយស្នៀតទុកមួយខែ ឬយូរខែផង ដើម្បីឱ្យសាច់ឈើពត់មកត្រង់តាមចន្លោះខ្នោះដែលកៀប (រូបលេខ៣)។ ផ្ទុយទៅវិញបើក្បាលដងស្ទើរកោង គេត្រូវយកផ្នែកក្បាលដែលទើបកាប់ភ្លាមស្រស់ៗទៅកប់ក្នុងផេះរងើកភ្លើងរយៈពេលមួយសន្ទុះ រួចយកទៅពត់នឹងដើមឈើណាមួយ បន្ទាប់ចងទុកចោលរយៈពេល២៥ថ្ងៃទៅមួយខែ ទើបស្រាយខ្សែចងពត់នោះចេញ(រូបលេខ៤-៥)។ ធ្វើដូច្នេះទៅពេលសាច់ឈើនោះក្រៀមស្ងួតខ្សោះទឹកអស់ហើយ វានឹងរក្សារូបសណ្ឋានដូចដែលគេចង់បាន។

ជាទូទៅដងផ្គាក់មានប្រវែងពី៤តឹកទៅ៨តឹក ឯផ្លែមានប្រវែងចន្លោះពី៣តឹកកន្លះទៅ៤តឹក។ ផ្លែផ្គាក់ខ្លះមានក្បាច់លំអទាក់ភ្នែកផង គេហៅថាផ្គាក់គ្រឿង។

ចង្កំជារង្វង់មូលដែកដែលគេរុំព័ទ្ធជុំវិញត្រង់បរិវេណក្បាលដងផ្គាក់។ វាជួយឱ្យដងជាប់ណែនល្អ មិនធ្វើឱ្យប្រេះបែក ឬបាក់នៅពេលកាប់ឈើ។ ចំនែក​ស្នៀត ជាដែកខ្លីមួយដែលគេស៊កសៀ​តបញ្ចូលចន្លោះប្រហោងផ្លែ និងឈើ ដើម្បីឱ្យផ្លែផ្គាក់ជាប់ណែនមិនរង្កើររហូតចេញពីដង។ នៅពេលប្រើកាប់ញឹកញាប់នាំឱ្យស្នៀតប្រហោងលែងណែន ដូច្នេះទៅដែកស្នៀតនោះតែងរបូតចេញ ហើយដែលអ្នកប្រើត្រូវយកមកឱ្យជាងដំដែកដាក់ស្នៀតថ្មី ឬវាយស្នៀតថ្មីមួយបន្ថែមពីលើទៀត។ យើងឃើញស្នៀតនោះមានពីរត្រួតគ្នាមួយជាដែក និងមួយនៅពីលើជាឈើ ដែលគេវាយចូលបន្ថែមឱ្យណែន។

ជាញឹកញាប់កាលណាប្រើកាប់នេះកាប់នោះយូរថ្ងៃខែទៅ នាំឱ្យបាក់ដងជៀសមិនរួច ពិសេសត្រង់កន្លែងថ្នាំងឈើ ចំណែកផ្លែដែកច្រើនតែសឹករេចរិលជាធម្មតា។ ដោយមូលហេតុនេះហើយនាំឱ្យគិតថា ដងជារបស់ចាំបាច់ដែលត្រូវមានសម្រាប់ត្រៀមទុកផ្លាស់ដងថ្មី ឬធ្វើផ្គាក់ថ្មី ប្រការមានការបាក់ដងឬផ្លែដោយចៃដន្តពេលណាមួយ។ ដងថ្មីដែលត្រូវយកមកផ្លាស់ គឺជាដងដែលគេបានកាប់យកមកហាលថ្ងៃ និងរក្សាទុករយៈពេលយ៉ាងតិចក៏១ខែដែរ មុននឹងអាចយកមកធ្វើដងផ្គាក់ ទើបដងនោះស្ងួតល្អឥតរួមមាឌសាច់ឈើដែលអាចនាំឱ្យចង្កំនិងស្នៀតធូរនៅពេលក្រោយមក។ ត្រង់នេះហើយដែលនាំឱ្យមានពាក្យលើកថា បាក់ដងមួយខែ បាក់ផ្លែមួយថ្ងៃ គឺថាផ្លែវិញអាចដំតែមួយព្រឹកឬមួយថ្ងៃពេញក៏អាចបានផ្លែមួយ ចំណែកដងវិញរកបានដោយលំបាកឬស្រួលក្តី ក៏មិនអាចយកមកធ្វើដងផ្គាក់បានភ្លាមៗដែរ។ ដូច្នេះពេលដើរព្រៃ ឬទៅចំការ គេរវៀសរវៃចោលភ្នែកមើលអាយនាយ ក្រែងប្រទះភ្នែកនឹងដើមឈើ ដែលមានសណ្ឋានអាចធ្វើដងផ្គាក់បាន។ ឈើដងផ្គាក់អាចថាជារបស់កម្រផងក៏សឹងថាបាន ព្រោះយូរៗទើបប្រទះភ្នែកម្តង។ យើងឃើញដើមល្ងៀងជាច្រើនដែលម្ចាស់ផ្ទះកាប់យកមករក្សាទុកយូរថ្ងៃខែនៅផ្ទះសម្រាប់ទុកធ្វើដងផ្គាក់ពេលត្រូវការនាពេលខាងមុខ។

សព្វថ្ងៃឃើញថាអ្នកស្រុកនៅទីជនបទ ប្រើផ្គាក់ជាប្រចាំថ្ងៃពេលចេញទៅព្រៃស្រែចំការឃ្វាលគោក្របី ប្រើត្រួសត្រាយកាប់ចំការ ត្រួសផ្លូវដើរ ត្រួសមែកឈើ កាប់ផ្តួលរលំឈើតូចធំ ចាំងសសរក្រាក់របង ពុះឧស កាប់វល្លិ៍បន្លា។ល។ ប៉ុន្តែបើក្រលែកមើលឱ្យឆ្ងាយបន្តិច តាមរយៈចម្លាក់នៅប្រាសាទបុរាណនានាឃើញថា កាលបុរាណមនុស្សប្រើផ្គាក់ ជាគ្រឿងសព្វាវុធ គ្រឿងចម្បាំងផងដែរ ដូចមានបង្ហាញនៅ។ សព្វថ្ងៃបើទោះជាគេលែងប្រើផ្គាក់ជាអាវុធប្រយុទ្ធគ្នាក៏យើងនៅឮសល់ពាក្យជេរថា អាគេកាប់ នេះប្រហែលជាគេប្រើផ្គាក់សម្រាប់កាប់គូ សត្រូវ ឬក៏កាប់មនុស្សដូច្នោះមែន។ ឃើញថាផ្គាក់ជាឧបករណ៍ដែលមនុស្សខ្មែរប្រើតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នកាលជាប់មករហូតឥតដាច់៕

អត្ថបទដើម៖​ លោក អាន រស្មី

————————————————————————————–

Phkeak (Machete)

Based on the Khmer dictionary, Phkeak is a weapon made of iron. It has a long handle. It uses to carve trails through tropical forests, to slash out clearings or to cut. As it functions as a knife, sometimes it is called Kambit Phkeak (Kambit means knife in Khmer).

Bended edge wood is used for the Phkeak handle. Among all, Lngeang (Mempat tree) is well selected because the trunk is slightly curved.  Besides, it has Chambak (wild Almond), Semorn (cockscomb), and Mien Prey (forest longan). It is because those trees have multiple trunks called Pring that are used for Phkeak’s handle.  Sometimes, if the branch is too straight, it is put in a cuff or mould for about one month to make the edge bend. However, if it does not curve enough, the top edge will be put into hot ash and then store for 25 days to one month. Twenty-five days to one month is enough to dry the wood and avoid deformation.

Generally, Phkeak is 40 to 80 cm. The blade is between 30 to 40 cm. Some blades have a beautiful decoration known as Phkeak Krieng (Adorned machete). The rings around the head area help the blade and handle together and prevent it from cracking while using. Additionally, it has a Sneat (a small piece of iron uses as a key) between the blade and a handle. This key uses to avoid the loose. In some cases, the key could be more than one as the gap is big.

Frequently, the amount of use makes the blade and the handle break. Therefore, the handle is well made and reserved at home for replacement. However, the blade is not reserved because it could be made in a single day. Phkeak does not use only to clear the trails, cut the wood and vegetation, but is used as a weapon. According to the bas-relief of the temples, Phkeak was used as a weapon on the battlefield. However, in the present, Phkeak is not a weapon, but through daily communication shows that the function of Phkeak as a weapon is present.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!