ទំព័រដើមសិល្បៈមរតករស់ជាងសិតសំរិទ្ធខ្មែរ

ជាងសិតសំរិទ្ធខ្មែរ

ជាងស្មិតសំរឹទ្ធខ្មែរបានបន្តបច្ចេកទេសតាំងពីសម័យមុនអង្គរ រហូតដល់បច្ចុប្បន្នដែល យើងប្រទះឃើញនៅតាមស្ថានីយ៍បុរេប្រវត្តិ រាជវាំងអង្គរធំ និងបន្តនៅរាជវាំងឧត្តុង។ នៅប្រទេសតំបន់អាស៊ីមួយចំនួនមានការចាក់ពុម្ភសំរឹទ្ធស្រដៀងគ្នាដូចជានៅប្រទេសថៃ ប៉ុន្តែសមាធាតុផ្សំខុសគ្នាបន្តិច។ តាមការកំណាយស្នាដៃសិតរូបសំរឹទ្ធខ្មែរនៅសម័យអង្គរនៅសតវត្សទី១១ និង១២នៃគ.ស គឺមានគុណភាពល្អជាងសម័យមុនៗ។ អត្ថបទស្រាវជ្រាវនេះគ្រាន់តែបង្ហាញពត៌មានទីតាំងចាក់ពុម្ពសំរឹទ្ធខ្មែរ នៅសង្កាត់ព្រៃស ខ័ណ្ឌមានជ័យ ភ្នំពេញ និងសកម្មភាពសិតរូបព្រះពុទ្ធធំមួយអង្គនៅវត្តព្រះឥន្ទកោសីយ(វត្តលើ)​មកបង្ហាញត្រួសៗតែប៉ុណ្ណោះ។ ប៉ុន្តែនៅមានតំបន់ផ្សេងៗទៀតមិនទាន់បានសិក្សា និងប្រៀបធៀបគ្នានៅឡើយ។     

តាមទិន្នន័យបុរាណវិទ្យាមុនអង្គរ រហូតដល់ក្រោយសម័យអង្គរ និងសិលាចារឹក បានបង្ហាញថាប្រពៃណីសិតលោហៈនេះ បានចម្លងទៅបន្ទាយលង្វែក ឧត្តុង និងរាជវាំងនៅរាជធានីភ្នំពេញជាដើម ដែលបច្ចុប្បន្នឃើញមាននៅសង្កាត់ព្រៃស ខ័ណ្ឌ មានជ័យ និងសាលារចនា ។ល។ តាមការស្រាវជ្រាវនៅឧដុង្គ និងបន្ទាយលង្វែកក៏នៅមានសហគមផលិតលោហៈនៅផ្នែកខាងជើងនៃបរិវេណព្រះបរមរាជវាំងចាស់ នៅតែបន្តមានដល់សព្វថ្ងៃ។ យើងឃើញនៅព្រះរាជវាំងថៃដែលទទួលមរតពីអង្គរ ក៏មានលំនាំដូចគ្នានេះដែរ ដែលសង់រោងសិប្បកម្មនៅខាងជើងព្រះបរមរាជវាំង។ តាម​ជំនឿខ្មែរ គឺ​គេ​តែង​ដាក់​រោង​សិប្បកម្ម​នៅ​ទិសឦសាន ឬ​ទិស​ខាងជើង និង​ត្រូវដាក់​ឲ្យ​ឆ្ងាយ​ពី​ប្រាសាទ និង​កន្លែងទីប្រជុំជន​មនុស្ស​រស់នៅ​។

ការសង្កេតមើលរោងជាងស្លលោហៈនៅសង្កាត់ព្រៃស ខ័ណ្ឌមានជ័យ និងពិធីសិតព្រះកេសព្រះពុទ្ធនៅវត្តឥន្ទកោសី ខេត្តសៀមរាប បានបង្ហាញពីបច្ចេកទេស និងខ្នាតសម្រាប់ស្លលោហៈដូចជា វិធីសាស្រ្តចាក់ពុម្ពដោយរូបក្រមួន (lost wax casting) ដែលប្រើទាំងរូបតូច និងរូបធំ។ បច្ចេកទេសនេះត្រូវប្រើច្រើនតាំងពីសម័យបុរាណមក​​ ដែលស្រដៀងគ្នាទៅនឹងប្រទេសមួយចំនួននៅអាស៊ី និងចិន​។ នៅចិនបុរាណបានបង្ហាញពីវិធីសាស្រ្តចាក់ពុម្ភដោយប្រើក្រមួន (lost wax casting) នៅក្នុងសម័យសន្តតិវង្សស៊ាង (Shang dynasty)។ ចំណែកចាក់ពុម្ពដោយសូនក្រមួន (lost wax) នេះចែកជា២ទៀតដោយស្នាដៃជាងខ្មែរ គឺ Hollow casting និង Solid casting។ ទាំងពីរនេះប្រើវត្ថុធាតុដើមដូចគ្នា ប៉ុន្តែទី២ត្រូវការសំអាតដោយដៃច្រើនជាងវិធីសាស្រ្តទី១។ បើរូបធំត្រូវប្រើ Hollow casting ដើម្បីងាយស្រួល និងសន្សំសំចៃលោហៈផ្សំ ដែលបច្ចេកទេសត្រូវរងបញ្ហាដូចជាប្រើកំលាំងខ្លាំងលើការចាក់ពុម្ព និងទុកឲ្យលោហៈត្រជាក់។ ទាំង Solid និង Hollow casting តំបូងគឺត្រូវឆ្លាក់រូបជាក្រមួនដូចគ្នា មុននឹងដំណើរការចាក់ពុម្ព។ បច្ចេកទេសទាំងអស់នេះយើងឃើញនៅបន្តប្រើប្រាស់នៅសង្កាត់ព្រៃស ខ័ណ្ឌមានជ័យ និងពិធីសិតព្រះកេសព្រះពុទ្ធនៅវត្តឥន្ទកោសី ខេត្តសៀមរាប។

ក្រមួននោះធ្វើឡើងដោយក្រមួនឃ្មុំគុណភាពពុំសូវល្អ និងស៊ីឡិច។​​ ការបង្កើតពុម្ពក្រមួនត្រូវចម្លងពីរូបដើមណាមួយ ដោយប្រើដីឥដ្ឋ ឬស៊ីម៉ងត៍ បន្ទាប់មកយកទៅធ្វើជាពុម្ពគំរូ។ ជាពិសេសពុម្ពដីឥដ្ឋ ឬស៊ីម៉ងត៍នោះសម្រាប់ចាក់ និងសូនរូបក្រមួន ដើម្បីទៅលាបឱ្យសព្វផ្ទៃខាងក្នុងពុម្ពដោយដៃរហូតបានរូបជាក្រមួន។​ ជាងស្មូនបានភ្ជាប់រូបក្រមួនពីម្ខាងទៅម្ខាងទៀត ការសម្អាត និងឆ្លាក់បន្ថែម​ ដើម្បីបន្ថែមក្បាច់លម្អផ្សេងៗ។ ការបង្កើតទឹកដីឥដ្ឋ និងដីឥដ្ឋ គឺសម្រាប់មកប្រើធ្វើជាបាវខាងក្រៅរបស់រូប ដែលមានលាយសមាធាតុផ្សំពីកំទិចដីដំបូក​ អង្កាម និងដីឥដ្ឋបាតស្រះ ត្រពាំងជាដើម។ បច្ចេកទេសទាំងពីរ Solid និង Hollow casting ត្រូវការលាបដីឥដ្ឋខាងក្រៅក្រមួនមួយស្រទាប់ម្តងៗជុំវិញរហូតដីក្លាយជាពុម្ពខាងក្រៅ។ ជាធម្មតាពុម្ពដីដែលលាបធ្វើពីដីឥដ្ឋតិចបំផុត៣ស្រទាប់។ ពេលរូបក្រមួនសម្រាប់ Solid គឺប្រើសម្រាប់តែ Solid casting ប៉ុន្តែពេលសម្រាប់ Hollow គឺត្រូវមានរន្ធត្រជៀកសម្រាប់ចាក់លោហៈចូល និងបន្តទៅរូបក្រមួនខាងក្នុង ហើយក្រមួនក្រាសឬស្តើងទៅតាម​ទំហំនៃរូប។ បច្ចេកទេសនេះគេអាចប្រើរូបក្រមួន និងលោហៈផ្សំបិទភ្ជាប់គ្នាតែមួយក៏បាន ដើម្បីអោយលោហៈផ្សំទៅជំនួសរូបក្រមួន។

ការប្រើប្រាស់លោហៈធាតុផ្សំមានដូចជាស្ពាន់ សំណប៉ាហាំង សំណ និងស័ង្កសី។ ការវាស់ និងថ្លឹងលោហធាតុមកស្លលាយគ្នាទាំងនៅព្រៃសរ ភ្នំពេញ និងវត្តឥន្ទកោសី ខេត្តសៀមរាប គឺមានការវិត្តន៍ខុសគ្នាខ្លះពីសម័យបុរាណ។ បើតាមការវិភាករូបពីសម័យបុរាណដែលមកពីតំបន់ផ្សេងគ្នា និងសម័យកាលផ្សេងគ្នាក៏មានលក្ខណៈលាយភាគរយមិនសូវស្មើគ្នាដែរ។ នៅសម័យសតវត្សទី៧ ដល់៩គស គេប្រទះឃើញមានកំរិតស្ពាន់៨០% សំណប៉ាហាំង១០ទៅ១៥% សំណ៥%។ រូបសំរឹទ្ធសម័យសតវត្សទី១០ទៅ១១ មានកំរិតស្ពាន់៩០% សំណប៉ាហាំង២% សំណ៥% ស័ង្កសី៣%។ បច្ចេកទេសនៅសតវត្សទី១២ទៅ១៣ មានកំរិតស្ពាន់៨០% សំណប៉ាហាំង១៥ទៅ២០% សំណ៥%។

សម្រាប់រូបធំ គឺប្រើ Solid casting ត្រូវប្រើគ្រោងឆ្អឹងខាងក្នុង ធ្វើពីដែក ធំតូចទៅតាមទំហំរបស់រូប។ ប៉ុន្តែចំពោះរូបធំៗខ្លាំង ដែលពិបាកលើក និងធ្ងន់តម្រូវអោយចាក់ពុម្ភតាមផ្នែកនីមួយៗ បីឬបួនបន្ទះបន្ទាប់មកភ្ជាប់គ្នា។ ជាពិសេសម៉ូត និងក្បាច់វាទាំងនោះត្រូវមានពុម្ភធ្វើវា ការលើកាន់ពេលកំពុងចាក់ពុម្ភក៏ពិបាក និងប្រើប្រាស់លោហៈមួយផ្នែកៗបន្តិចម្តងក៏មិនងាយស្រួល។ បច្ចេកទេសដុតស្លសំរឹទ្ធនៅចិន និងអាស៊ីមួយចំនួន គឺបើប្រើរន្ធខ្យល់ហៅថាទុយូសម្រាប់បង្កើនសីតុណ្ហភាពរហូតដល់១២០០អង់ក្សាសេ ដើម្បីរលាយដំស្ពាន់ធម្មជាតិ និងដុតក្នុងឡនៅព្រៃសរប្រហែលពី១០០០ ទី១២០០អង់ក្សាសេ។​ លោហៈផ្សំរលាយចូលគ្នា គឺមានតួនាទីទៅជំនួសរូបក្រមួន និងធ្វើអោយក្រមួនហូរចេញ។

បច្ចេកទេសទាំងពីរនេះ នៅពេលដែលសីតុណ្ហភាពឡើងកំដៅគ្រប់អាចរលាយ និងអាច យកមកចាក់ក្នុងពុម្ព ឬហូរចូលក្នុងពុម្ព។ ការចាក់ពុម្ពលោហៈនេះ ត្រូវមានជំនាញច្បាស់លាស់ និងប្រុងប្រយ័ត្នខ្លាំងណាស់ បើការចាក់ពុម្ពមិនជោគជ័យ នឹងធ្វើឱ្យខាត់បង់លោហៈធាតុ។ ជាងនេះទៅទៀតពុម្ពតែងតែបិទបន្ថែមមុនពេលចាក់លោហៈចូល ដោយប្រើដីភក់ទន់ៗ ដើម្បីបិទរន្ធប្រេះ និងរន្ធក្រមួនហូរចេញ។ ជាចុងក្រោយបន្ទាប់ពីចុះត្រជាក់បន្តិចម្តងៗរហូតដល់ជោគជ័យ ពុម្ពនោះត្រូវវាយបំបែកបន្តិចម្តងៗ ដោយប្រុងប្រយ័ត្ន (រូបលេខ៨)។ ចុងក្រោយបន្តសម្អាតដោយខាតរំលីងបន្តិចម្តងៗ។

សរុបមកទោះបីមានសមាសភាគលាយខុសគ្នាតិចតួចរវាងសម័យមុនអង្គរ និងពេល បច្ចុប្បន្នយ៉ាងណា ក៏ជាងស្មូនខ្មែរបច្ចុប្បន្ននៅតែប្រើប្រាស់បច្ចេកទេសបុរាណ។ ជាងស្មិតសំរឹទ្ធខ្មែរនៅបន្តអនុវត្តន៍តាមបច្ចេកទេស និងសមាសធាតុផ្សំពីសម័យបុរាណមកអនុវត្តន៍ ហើយពួកគាត់នៅចងចាំបរិមាណលោហៈផ្សំមួយចំនួននៅឡើយ។

អត្ថបទដើម៖ លោក ថូ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!