ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៨)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៨)

រាត្រីស្ងាត់

លោកឪពុក កូនសូមទោស ! ច៎ាះ ! កូនសូមទោស លោកឪពុក ! កូនបានជាខុសចំពោះចិត្ដលោកឪពុកហើយ។ ច៎ាះ! កូនខុសពិតមែន។ កូនស្រលាញ់ ។ កូនបានលបចេញពីផ្ទះទៅជួបនឹងគេទាំងយប់ពាក់កន្ដាលអធ្រាត្រ។ កូនខុសនឹងទំនៀមទំលាប់ ខុសនឹងអ្នកមានគុណមែនហើយ។ តែសូមលោកឪពុកជ្រាបថាកូនពុំទាន់បានខុសនឹងធម្មជាតិទេ។ កូនជាផ្នែកមួយរបស់ធម្មជាតិ កូនជាមនុស្ស។

ថាហើយនាងមើលមុខវិសេសក្លាហាន។ តែទឹកមុខបិតានៅក្រហមដដែល ភ្នែកនៅតែសម្លក់ក្រឡោតដដែល មានតែថ្គាមទាំងពីរ ដែលប្រខាំគ្នាថែមទៀត នារីអស់សង្ឃឹម។ ញើសលោតចេញពីថ្ងាសនាងផ្លោតៗ ហូរតាមខ្នងនាង។ ស្ងួនភ្ងាដឹងថា ឪពុកនាងពុំប្រណីទោសនាងទេ។ ហេតុនេះមានតែទឹកភ្នែកប៉ុណ្ណោះ ដែលនិយាយទៅទៀត។

វិសេសក្លាហានក្រោកឈរឡើង ដង្ហើមធំៗ ខ្លីៗ មុខដូចខ្លា។ នាងទេវីរិតតែភ័យទៅទៀតឱបជើងលោកឪពុក។ នាងភួងអោជើងម្ខាង។ យូរបន្ដិចមក វិសេសក្លាហានអោនទៅចាប់បុត្រីឲ្យក្រោកឈរឡើង នាងទេវីបានធូរក្នុងចិត្ដឥតឧបមា នឹកថាឪពុកនាងយល់ព្រមអនុលោមកំហុសនាងហើយ។ វិសេសក្លាហានដឹកដៃឆោមស្ងួនទៅមាត់ទ្វារ។ កញ្ញាបែរជាឆ្ងល់ឡើងវិញជាពន់ពេក ដោយមិនដឹងថា ឪពុកនាងចង់ធ្វើយ៉ាងណា ចង់និយាយយ៉ាងណា។ លុះដល់មាត់ទ្វារហើយ វិសេសក្លាហានច្រានស្មានាងទេវីយ៉ាងខ្លាំងទៅខាងក្រៅ ដោយពន្លឺពាក្យថា៖

  • ទៅចុះ អញអស់មានកូនទៀតហើយ។ នាងភួងដែលឃើញរឿងចំលែកអស្ចារ្យដូច្នោះ ស្ទុះភ្លែតទៅឱបជើងវិសេសក្លាហានសាជាថ្មី ហៀបនឹងនិយាយ តែវិសេសក្លាហានច្រាននាងដួលទៅក្រោយដោយគំហកថា៖
  • ទេ! អញគ្មានកូនទៀតទេ។ នៅខាងក្រៅ នាងទេវីឱបដៃស្រពោនដូចផ្កាត្រូវថ្ងៃ។ នាងអស់ចិត្ដ អស់ពាក្យនឹងនិយាយ អស់គំនិតនឹងគិត។ ស្រីយំខះទឹកភ្នែកអស់ហើយ។ មួយរំពេចនេះ នាងឃើញជាក់ថាកែវអស់ផ្ទះនៅទៀតហើយ គឺមុខជាដេកក្រោមដើមឈើ ត្រូវខ្យល់ ត្រូវថ្ងៃ ត្រូវភ្លៀង អត់បាយហើយចាប់ពីរាត្រីនេះតទៅ។ ទេវីបែរមើលក្នុងទីងងឹត ដើម្បីរកផ្លូវដែលនាងត្រូវដើរទៅមុខក្នុងជីវិតនេះ តែមិនឃើញផ្លូវណាសោះ។កល្យាណបែរមើលរកទិសដែលនាងត្រូវយក តែមិនដឹងជាយកទិសណាសោះ។ នាងបែរមើលដំបូលផ្ទះ។ ឱ! ដំបូលនេះដាច់ចិត្ដលែងទទួលនាងទៅហើយ។

មានន្ទមកដល់ ! ដៃប្រុសម្នាក់ចាប់នាងយ៉ាងខ្លាំងទាញចូលក្នុងផ្ទះវិញ។ ធីតាភ្ញាក់។ មានន្ទដើរយ៉ាងស្វាហាប់ចូលស្លុងទៅក្នុងផ្ទះ លុតជង្គង់ម្ខាងគ្រឹប ទៅលើក្ដារពីមុខវិសេសក្លាហាន និយាយដោយវាចាមួយៗ យ៉ាងដាច់ខាត៖

សូមទានលោកអ៊ំ រូបកូនប្រុសរបស់លោកអ៊ំ ទើបលេចចេញពីបន្ដូលចិត្ដលោកអ៊ំ។ ខ្ញុំមានន្ទ ខ្ញុំសូមប្រគល់ខ្លួន ប្រគល់ជីវិតជាកូនប្រុសតែមួយរបស់លោកអ៊ំ។ សូមលោកអ៊ំជឿថា កូនប្រុសនេះមានចិត្ដដូចលោក មានគំនិតដូចលោកអ៊ំ មានឧត្ដមគតិចំពោះជាតិ និងចំពោះប្រជាជនដូចលោកអ៊ំគ្មានខុសប៉ុនមួយចម្រៀកសក់ទេ។ ខ្ញុំសូមលើកដៃសច្ចាចំពោះមុខលោកអ៊ំថា ចាប់តាំងពីយប់នេះទៅ ខ្ញុំធ្វើការពុះពារគ្រប់បែបយ៉ាងប្រឆាំងនឹងអយុត្ដិធម៌ ដែលជនជាតិខ្មែរយើងកំពុងរងទុក្ខវេទនា ប្រឆាំងនឹងគំនិតខ្ញុំគេដែលខ្មែរមាន ប្រឆាំងនឹងជនជាតិនានា ដែលគ្របសង្កត់ខ្មែរយើងជំនួសលោកអ៊ំដែលចាស់ណាស់ទៅហើយ។ ក្នុងការតស៊ូនេះ ខ្ញុំបេ្ដជ្ញាជាឱឡារិកថា ចំពោះប្អូនទេវីខ្ញុំទទួលបីបាច់រក្សាអស់មួយជីវិត ទុកនាងជាគូវាសនាពីអតីតជាតិមក ហើយជាវត្ថុមួយដ៏ថ្លៃថ្លា ដែលខ្ញុំការពាររាល់ទិវា។

វិសេសក្លាហាន មើលមុខមានន្ទដោយពុំលែងចោលសោះ។ លោកញញឹមជាសញ្ញាទទួលយល់ព្រម។ លោកងក់ក្បាល រួចលូកដៃទៅចាប់ស្មាមានន្ទ មានវាចាថា៖

  • ចាប់តាំងពីពេលនេះតទៅ ឯងជាកូនអញទាំងពីរ។
  • នាងទេវីសប្បាយចិត្ដក្នុងគ្រានោះ នឹងរកវត្ថុអ្វីមកប្រៀបគ្មានឡើយ។ នាងហាក់ហើបខ្លួនពីដី ហាក់អណ្ដែតត្រសែតលើអាកាសជាមួយមានន្ទ និងជាមួយឪពុកនាង កញ្ញាស្ទុះទៅឱបជង្គង់លោកឪពុកជាទីស្នេហា។ នាងភួងក៏ធ្វើដូច្នោះដែរ។ វិសេសក្លាហានបន្ដសេចក្ដីមួយៗ ដូចតទៅ ៖
  • កាលណាបានឯងគិតរៀបការគ្នា ?
  • បាទខ្ញុំបាទសូមរៀបការក្នុងបីខែទៀត។

វិសេសក្លាហានងើបទៅលើគិត។ រួចលោកគ្រវីក្បាល។

  • ទេ ! មិនបានទេ
  • បាទពីរខែទៀត
  • ទេ!
  • បាទមួយខែទៀត
  • ទេ !
  • បើដូច្នោះតាមចិត្ដលោកអ៊ំកាលណា ? មួយអាទិត្យទៀត ?
  • ទេ ! មិនបានទេ។ តោងសែនទាំងយប់នេះ។

មានន្ទឮដូច្នោះ ក៏ដាក់ភ្នែកចុះ។ អ្នកនៅស្ងៀមគិតវាយក្រឡាស្ទង់ ញញឹមរួចទទួល :

  • បាទ ! បាន !

ពិធីសែនព្រេនចាប់ធ្វើឡើងមួយរំពេចក្នុងវេលានោះ។ នាងភួងត្រូវទៅដាស់លោកមេឃុំ ជំទប់មកដោយឥតបង្អង់។ នាងទេវីត្រូវធ្វើម្ហូបអាហារមាន់ទាសំរាប់សែនភ្លាម។ វិសេសក្លាហាន និងមានន្ទត្រូវកាច់ស្លាធម៌ រកទៀនធូបដោយរួសរាន់។ មិនយូរប៉ុន្មាន លោកមេឃុំ លោកជំទប់ក៏មកដល់ ភ្លើងទៀនធូបក៏ភ្លឺរន្ទាល កូនស្រី កូនប្រុសក៏ក្រាបទាំងគូទន្ទឹមគ្នា។

(សូមរងចាំតាមដានភាគទី៩ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!