ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈចម្លាក់ទ្រនាប់ជើង នៅសារមន្ទីរអង្គរបុរី ខេត្តតាកែវ

ចម្លាក់ទ្រនាប់ជើង នៅសារមន្ទីរអង្គរបុរី ខេត្តតាកែវ

ទ្រនាប់ជើង ជាវត្ថុមួយដ៏សំខាន់សម្រាប់ធ្វើដំណើរ ពិសេសដំណើរថ្មើរជើងទៅកន្លែងជិត​ ឬឆ្ងាយ។​ តាមរយៈភស្ដុតាងបុរាណវិទ្យាបានឱ្យដឹងថា ទ្រនាប់ជើងដំបូងរកឃើញនៅស្ថានីយបុរេប្រវត្តិសាស្រ្តមួយកន្លែងគឺ Areni ក្នុងប្រទេសអាមេនី ដែលមានកាលបរិច្ឆេទនៅរវាង៥៥០០ឆ្នាំមុនគ្រិស្តសករាជ។ បើតាមគម្ពីររបស់ឥណ្ឌាទ្រនាប់ជើងត្រូវបានបរិយាយដំបូងៗ នៅក្នុង Yajurveda​  Atharvaveda និង Brahmanas។​​

នៅតំបន់អាស៊ីខាងត្បូង យើងឃើញការប្រើប្រាស់ស្បែកជើងចំពោះបដិមាមានឡើងជាយូរមកហើយ។ ដោយហេតុថានៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ មានអាកាសធាតុក្ដៅ នាំឱ្យមនុស្សមិនសូវចូលចិត្តពាក់ទ្រនាប់ជើងឡើយ ពោល គឺភាគច្រើនមនុស្សចូលចិត្តដើរជើងទទេ។ ដោយឡែក នៅក្នុងសិល្បៈខ្មែរ សិល្បករពុំសូវនិយមឆ្លាក់រូបទេព ឬបដិមាផ្សេងៗពាក់ទ្រនាប់ជើង ឡើយ ព្រោះនៅក្នុងសិល្បៈឥណ្ឌាក៏ពុំសម្បូណ៌​ចម្លាក់ឬបដិមាដែលមានពាក់ទ្រនាប់ជើងដូចគ្នា។

ទោះបីការឆ្លាក់ទ្រនាប់ជើងនៅក្នុងសិល្បៈខ្មែរពុំសូវសម្បូណ៌ក៏ដោយ តែនៅសារមន្ទីរអង្គរបុរី ខេត្តតាកែវ យើងឃើញចម្លាក់មួយធ្វើអំពីដីដុត (Terracotta) ឬ ព្រះបាទបដិមាមានពាក់ទ្រនាប់ជើង។ ដោយសារផ្នែកខាងលើនៃចម្លាក់បានបាត់បង់អស់ទៅហើយ យើងពុំអាចកត់សម្គាល់បានថា ចម្លាក់នេះជាបដិមាអ្វីមួយឱ្យប្រាកដនោះឡើយ។ ទ្រនាប់ជើងនេះ មានបាតស្មើ  ទំហំប្រមាណជា ៨ស.ម. ហើយមានខ្សែនៅចំកណ្ដាលមួយ ដែលឥណ្ឌាហៅថា paduka/kharaun។ ចំពោះអាយុកាលរបស់ចម្លាក់ធ្វើពីដីដុតនេះ ប្រហែលជាពុំខុសអ្វីពីបដិមា ឬចម្លាក់ធ្វើពីដីឥដ្ឋ ដែលរកឃើញនៅស្ថានីយអូរកែវ សព្វថ្ងៃនៅប្រទេសវៀតណាម និងនៅស្ថានីយអង្គរបុរីនេះទេ ដោយមានអាយុកាលនៅរវាងដើមគ្រិស្តសករាជ បន្ដរហូតដល់រវាងសតវត្សរ៍ទី៦ គ្រិស្តសករាជ។

បើយើងក្រឡេងមើលទៅសិល្បៈឥណ្ឌានាសម័យដំបូងៗវិញ ទ្រនាប់ជើងដែលមានបាតរាបស្មើ (paduka/kharaun) ក៏ពុំសូវមានឆ្លាក់បង្ហាញដែរ។ យ៉ាងណាវិញក្នុងសិល្បៈគន្ធារ (Gandhāra) នារវាងសតវត្សរ៍ទី៣នៃគ្រិស្តសករាជ គេប្រទះឃើញមានបដិមាពោធិសត្វមួយចំនួនក៏ឃើញមានពាក់ទ្រនាប់ជើងរបៀបនេះដែរ។ បើទោះជាបដិមាភាគច្រើនក្នុងសិល្បៈនេះជើងទទេក៏ដោយ។ ម៉្យាងវិញទៀត តំបន់មួយចំនួននៅអាស៊ីកណ្ដាលដែលជាមណ្ឌលពុទ្ធសាសនាកាលពីសម័យបុរាណនៅចន្លោះសតវត្សរ៍ទី១ ដល់ទី៣ នៃគ្រិស្តសករាជ ដែលជាផ្នែកមួយនៃអាណាចក្រ គុសាណា (Kuṣāṇa) គេក៏ប្រទះឃើញមានចម្លាក់ធ្វើពីដីឥដ្ឋមានពាក់ទ្រនាប់ជើងដូចនៅអង្គរបុរី និងសិល្បៈគន្ធារ ដែរ។

ចម្លាក់ដែលមានពាក់ទ្រនាប់ជើងធ្វើពីដីដុត (paduka/kharaun) នៅអង្គរបុរីដែលលើកយកមកបង្ហាញខាងលើ គឺគ្រាន់តែចង់បង្ហាញពីលក្ខណៈកម្រមួយដែលលេចឡើងក្នុងសិល្បៈខ្មែរនាសម័យដើមដំបូងងៗ។ ម្យ៉ាងទៀត ចម្លាក់នេះក៏អាចបង្ហាញពីឥទ្ធិពលឥណ្ឌាលើសិល្បៈខ្មែរសម័​យហ្វូណនផង ត្បិតសិល្បៈនាសម័យហ្វូណន ទទួលឥទ្ធិពលពីសិល្បៈឥណ្ឌាយ៉ាងច្រើនពិសេសនាសម័យគុប្ត (Gupta) និងឥទ្ធិពលពីសិល្បៈឥណ្ឌា-ក្រិច (Indo-Greek)៕

——————————————————————

A carving of ancient footwear in Angkor Borei, Takeo province

Footwear is essential for traveling on foot. Based on the archaeological finding, the earliest carving of footwear that shares the characteristic of the flip flop has been found in a pre-history site of Arena, Ameni, about 5500 BC. According to the early texts in India, this type of footwear has mentioned in Yajurveda, Atharvaveda, and Brahmanas.  

In South Asia, the statue wears footwear appeared a long time ago. In south and southeast Asia, the climate is hot, so people do not like footwear. They like to walk barefoot. Similarly, in Khmer and Indian Arts, the statue was rarely appearing with footwear.

Although the carving of footwear in Khmer arts was rare, a terracotta foot at Angkor Borei, Takeo province appears wearing footwear similar to flip flop. This footwear is 8 cm in length. It has a strap in the middle that Indian call Paduka/Kharaun. This terracotta foot probably has the same date as other terracotta statues at Oc Eo site, 1st century and continue up to 6th century. 

In Indian Art, showing the statue wearing this ancient footwear was rare. However, it appeared on a statue of Avalokitesvara of Gandhāra art, 3rd CE. It was the same time that the other statues were barefoot. Similarly, a terracotta statue from a significant Buddhist center, Kusāna, 1th-3rd century wears the same type of footwear on a statue of Gandhāra art and a terracotta foot from Angkor Borei.  Remarkably, a carving with ancient footwear at Angkor Borei is a rare finding. It shows the influence of Indian art in the Gupta, and also Indo-Greek art.

អត្ថបទដើម៖ លោក លាក់ ស៊ីផាន់ណា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!