ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៩)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៩)

  • លោកមេឃុំ លោកជំទប់បាចទឹកឲ្យពរសព្ទសាធុការដល់គូថ្មី ដែលផ្ដិតមេដៃចុះសំបុត្រអាពាហ៍ពិពាហ៍ មិនឲ្យយូរដល់តិចតួចឡើយ។ ទើបវិសេសក្លាហានឲ្យពរជ័យដល់បុត្រាបុត្រី ឲ្យបានសុខគ្រប់ប្រការ។
  • សូមកូននៅជាមួយគ្នាឲ្យបានសុខ។ ឪពុកគ្មានអ្វីចងដៃកូនទេ ឪពុកមានតែប្រទេសខ្មែរយើងទាំងមូលចងដៃកូន ។ ប្រទេសនេះមានទឹក ដី ព្រៃសព្វគ្រប់មុខ លោហធាតុគ្រប់មុខ។ កូនអាចនាំគ្នាកាប់គាស់ ចិញ្ចឹម ដាំ ឆ្ការ ពុពារ ទាញផលឲ្យបានបរិបូណ៌តាមចិត្ដកូន។ប៉ុន្ដែដើម្បីឲ្យផលដែលកូនរកបានមក កូនតោងធ្វើខ្លួនកូនឲ្យទៅជាម្ចាស់ស្រុកពិតៗ កូន ! កូន !…

ក្នុងពេលប្រស់ទឹកឲ្យពរនេះ វិសេសក្លាហានដួលផ្ងារខ្លួនទៅក្រោយ។ លោកមេឃុំ លោកជំទប់ មានន្ទ នាងទេវី នាងភួងក៏ផ្អើលឆោឡោ ខ្លះកោសខ្យល់ ខ្លះចាប់ ខ្លះច្របាច់ ខ្លះហៅ ខ្លះផ្ដុំត្រចៀក តែជីពចរវិសេសក្លាហាន ក៏ចេះតែវាយថយទៅៗ រហូតដល់ដាច់ខ្យល់សូន្យឈឹងតែម្ដង។ វិសេសក្លាហានចូលកាន់មរណភាពក្នុងពេលនេះឯង។ លោកថយចេញពីពិភពលោកនេះដោយមានទឹកមុខញញឹម ព្រោះលោកបានទុកដាក់បុត្រីជាទីស្នេហារបស់លោកហើយ ញញឹមព្រោះលោកជឿថា វរលក្ខណ៍មានបង្អែកមួយដ៏មាំមួនហើយ ញញឹមដោយពេញចិត្ដគ្មានអរិត្រង់ណា។

នាងទេវី និងមានន្ទប្ដីប្រពន្ធថ្មី កើតទុក្ខនឹងមរណៈសញ្ញានេះយ៉ាងខ្លាំងជាងគេ។ នាងភួងឱបជើងខ្មោចយំរអាក់រអួល រៀបរាប់ពីចិត្ដវិសេសក្លាហាន ពីគុណសម្បត្ដិវិសេសក្លាហាន។ នាងទេវីរៀបរាប់អំពីសេចក្ដីសោកស្ដាយដោយបិតានេះ ពុំទាន់បានឃើញនាងសុខ រឺទុក្ខយ៉ាងណាផងទៅថ្ងៃមុខ។ នាងរំជួលយោលយោគសោកយ៉ាងក្រៃអនេក។ មានន្ទមានទឹកមុខក្រៀមបំផុត។ ក្នុងពេលនោះ ជើងសេះឮសូរកុបៗផាយពីចំងាយមក។ មានន្ទប្រុងខ្លួនមើលទៅទិសដែលអស្សពាហ៍មក។ លុះមកដល់មុខខ្ទមកម្សត់ អ្នកជិះលោតចុះពីលើខ្នងអាជានេយ្យយ៉ាងរហ័ស។ បុរសមិនស្គាល់នេះមកគំនាប់មានន្ទយ៉ាងស្វាហាប់ រួចហុចសំបុត្រមួយដែលមានន្ទហែកមើលឃើញមានសេចក្ដីដូចតទៅ៖

សិរីសោភ័ណ ថ្ងៃ ១០កើត ខែ ពិសាឃ ព.ស ២៤០៨

ទីព្រះពន្លាជ័យព្រះកំពុត មកដល់មានន្ទមេទ័ពអានាខេត្ដសិរីសោភ័ណ

ចូលខ្លួនមកជាប្រញាប់ គ្មានបង្អង់បានឡើយ។ រឹងទទឹង មានទោសអាជ្ញាសឹក។

ព្រះកំពុត

លុះមើកូនសំបុត្រចប់ហើយ មានន្ទដកដង្ហើមធំ។ ណាមួយខ្មោចឪពុកក្មេកនៅជ្រងោ ណាមួយអាណិតដល់នាងទេវី ណាមួយព្រួយបារម្ភប្រហែលឪពុកលោកដឹងរឿងមករៀបការហើយ បានជាហៅទៅបន្ទាយយ៉ាងប្រញាប់ដូច្នោះ។ អ្នកសសៀរទៅជិតនាងទេវីកំពុងតែយំ ខ្សឹបប្រាប់ថា :

  • ឪពុកបងមានសំបុត្រហៅបងយ៉ាងប្រញាប់ មានសំបុត្រនេះ។

នាងទទួលសំបុត្រមកអាន។ នាងបែរមកកើតទុក្ខនឹងប្ដីទៀតហើយ។ ឱ !ទុក្ខអើយទុក្ខ ! ! គិតទៅក្នុងវដ្ដសង្សារនេះឃើញតែទុក្ខជួបតែទុក្ខ មានតែទុក្ខ។ ទុក្ខអ្វីក៏ទុក្ខម៉្លេះ មកញាំញីនាងទេវីមួយគ្រាជាពីរគ្រា រួចមកបន្ថែមលើគ្នាគ្មានស្រាកស្រាន្ដដូច្នោះ។ នាងសួរស្វាមីថា៖

  • មានរឿងអ្វីបង ?
  • ទេ មិនដឹងទេ តែអូនយកប្រាក់ពីរណែននេះទុកស្អែកទិញអីវ៉ាន់ និមន្ដលោកឆាន់ រូបបងមកជួយធ្វើក្ដារមឈូសពីព្រឹកមិនខាន។
  • ច៎ាះ ! បងមកកុំខានណា !

មានន្ទឮបណ្ដាំនេះព្រឺព្រួចគ្រលួចក្នុងចិត្ដអាណិតភរិយា? ព្រោះភរិយានេះផ្ដាំតែប៉ុណ្ណោះឯង។ បងមកកុំខានណា ពាក្យនេះឮសូរធ្ងន់ក្នុងដួងចិត្ដមេទ័ពក្មេងនេះ។ ពាក្យនេះពីរោះរកតូរ្យតន្ដ្រីណាមកប្រៀបស្មើគ្មាន។ ពាក្យនេះឮក្ដូងៗ ក្នុងបេះដូង…។ ពាក្យនេះថ្មីដរាបចង់តែឮ ចង់តែស្ដាប់ ចង់តែឲ្យនាងថាម្ដងទៀត។ មានន្ទមើលមុខនាង នាងមើលមុខមានន្ទ រួចបុរសក្រោកដើរយ៉ាងលឿនទៅខាងក្រៅ ដែលអ្នកយកសំបុត្រនៅរង់ចាំ។ រួចមានន្ទប្រាប់អ្នកយកសំបុត្រថាឲ្យដើរទៅបន្ទាយវិញចុះ ។ ចំនែកអ្នកលោតលើខ្នងលេះបំផាយតម្រង់ទៅអាសនៈព្រះកំពុតជាបិតា៕

(សូមរងចាំតាមដានភាគទី១០ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!