ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ កាល-ភៃរវ (Kãla-Bhairava?) នៅសំបូរព្រៃគុក

ចម្លាក់ កាល-ភៃរវ (Kãla-Bhairava?) នៅសំបូរព្រៃគុក

ភៃរវ (Bhairava) គឺជាព្រះនាមម្យ៉ាងរបស់ព្រះឥសូរនៅពេលទ្រង់បែងភាគទៅជាទម្រង់កាចសាហាវឃោរឃៅ ដ្បិតពាក្យថា “ភៃ” ក្លាយមកពីពាក្យដើមថា “ភីរុ” (Bhĭru) ប្រែថា “គួរឱ្យខ្លាច”។ នៅក្នុងព្រហ្មញ្ញសាសនា ព្រះភៃរវ មានព្រះនាម និងទម្រង់រូបរាងកាយច្រើនណាស់ទៅតាមការបែងភាគរបស់ទ្រង់។ ប្រសិនបើគេបង្ហាញទ្រង់ក្នុងទម្រង់ព្រះហស្តកាន់ដំបង គេច្រើនហៅទ្រង់ថា ដន្ទបនិ (Dandapani) ព្រោះដំបងនោះមានឈ្មោះថា “ដន្ទ” (Danda) ប្រើសម្រាប់ដាក់ទោសមនុស្សដែលមានបាបកម្ម ឬបើទម្រង់ជាទ្វារបាលយាមសំណង់របស់ព្រះឥសូរ​ ដោយមានព្រះហស្ថកាន់ដំបងដូចគ្នាគេច្រើនហៅទ្រង់​ថា “ក្សេត្របាល” (Kśetrapala) ដែលប្រែថា “អ្នកយាមដីស្រែ” ហើយជាទូទៅយានជំនិះរបស់ទ្រង់ គឺជាសត្វឆ្កែដែលមានឈ្មោះថា “ស្វស្វ” (Svasva) (រូបលេខ១)។ ចំណែកនៅក្នុងព្រះពុទ្ធសាសនាវជ្រយាន ព្រះភៃរវ គេចាត់ទុកជាព្រះពោធិសត្វក្នុងទម្រង់កាចសាហាវ ដែលគេនិយមហៅព្រះនាមទ្រង់ថា “មញ្ជុស្រី” (Maňjuśrĭ), “​ហេរុក” (Heruka), “វជ្រភៃរវ”​ (Vajrabhairava) និង “យមន្តក”​ (Yamantaka)។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញចម្លាក់មួយដែលទំនងជាព្រះភៃរវ ក្នុងទម្រង់ជា “កាល-ភៃរវ” (Kãla-Bhairava) ឆ្លាក់នៅលើវិមានអណ្តែតនៃ តួប៉មកណ្តាល (N1) ក្រុមប្រាសាទសំបូរ (តំបន់ប្រាសាទសំបូរព្រៃគុក) ដែលជាប្រាសាទមានទ្វារចេញចូលបួន និងសំខាន់ជាងគេនៅក្រុមខាងជើង (រូបលេខ២-៤)។

ទេវកថាដែលទាក់ទងនឹង កាល-ភៃរវ មានរៀបរាប់នៅក្នុងគម្ពីរសិវមហាបុរនំ (Shiva Mahãpuranaṃ) ដែលសាច់រឿងតំណាលថា៖ “ព្រះព្រហ្ម និងព្រះវិស្ណុបានឈ្លោះប្រកែកគ្នាលើសំណួរថា “តើនរណាជាអាទិទេពបង្កើតលោក និងជាទេពធំជាងគេ?”។ ដោយភាពក្រអឺតក្រទម ព្រះព្រហ្មបានអួតក្តែងៗថាទ្រង់ជាអ្នកបង្កើតលោក និងបានឱ្យព្រះវិស្ណុថ្វាយបង្គំទ្រង់ ដ្បិត ព្រះព្រហ្មយល់ថា ទ្រង់មានព្រះសិរប្រាំដូចព្រះសិវ ហើយក៏អាចធ្វើអ្វីៗគ្រប់យ៉ាងបានដូចព្រះសិវដែរ។ លើសពីនេះទៀត ព្រះព្រហ្មបានភ្លេចការងាររបស់ព្រះសិវ ហើយបានចូលជ្រៀតជ្រែកការងាររបស់ព្រះសិវថែមទៀត។ ការឈ្លោះប្រកែកគ្នារវាងព្រះព្រហ្ម និងព្រះវិស្ណុក៏កើតទៅជាការប្រយុទ្ធអូសបន្លាយជាច្រើនឆ្នាំ។ ក្រោយមក ព្រះសិវក៏លេចរូបរាងឡើងក្នុងទម្រង់ជាសសរភ្លើងមានព្រះភក្រ្តនៅចំកណ្តាលសសរ។ ដោយមានព្រះទ័យក្រោធជាមួយការក្រអឺតក្រទមរបស់ព្រះព្រហ្ម ព្រះសិវក៏បានច្បូតព្រះកេសាមួយសរសៃចេញព្រះសិររបស់ទ្រង់ ប្រែក្រឡាទៅជាទេពមួយដែលមានភាពសាហាវឃោរឃៅមានព្រះនាមថា “កាល-ភៃរវ” ដើម្បីកាត់ព្រះសិររបស់ព្រះព្រហ្មអស់មួយ ទើបក្រោយមកព្រះព្រហ្មមានព្រះសិរតែបួនរហូតមក។ បន្ទាប់មក ព្រះកាលភៃរវ ក៏យកព្រះហស្តចាប់យកលលាដ៍ក្បាលរបស់ព្រះព្រហ្មដាក់ចូលទៅក្នុងចានមួយ លាយជាមួយឈាមរបស់ព្រះវិស្ណុ។ ព្រះព្រហ្មនិងព្រះវិស្ណុដឹងកំហុសខ្លួន ក៏ក្រាបថ្វាយបង្គំព្រះសិវ។ ចាប់ពីពេលនោះមក ព្រះព្រហ្មបានត្រាស់ដឹង លែងក្រអឺតក្រទម បានក្លាយជាព្រះដែលមានប្រយោជន៍ដល់សត្វលោក ហើយទ្រង់បានដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសិវដែលបានកាត់ព្រះសិររបស់ខ្លួន។ រីឯ​ ព្រះ​សិវ ក៏បានតែងតាំងព្រះកាល-ភៃរវ ជាអ្នកយាម (ទ្វារបាល) ក្រុង “កាសិ” (Kãsi) និងយាមរាល់ទ្រព្យ​សម្បត្តិទាំងអស់ដែលមាននៅក្នុងប្រាសាទព្រះសិវ”។

ចម្លាក់រូបទេពដែលសិល្បករឆ្លាក់នៅលើជញ្ជាំងប្រាសាទ (ចម្លាក់ផ្នែកខាងក្រោមនៃវិមានអណ្តែត) ឃើញមាន​ច្រើនណាស់ដូចជា តួប៉ម N1, N11, N20,​ ប្រាសាទតាមុំ ហើយលោក ចិន្ត ច័ន្ទរតនា សន្និដ្ឋានយ៉ាងច្បាស់ថាជា “ទ្វារបាល” ប៉ុន្តែលោកមិនបានបញ្ជាក់ថាទ្វារបាលនោះជាអ្វី​ឱ្យប្រាកដទេ។ ដោយឡែក ចម្លាក់នៅផ្នែកខាងក្រោមនៃវិមានអណ្តែតនៅតួប៉ម N1 យើងឃើញ​សិល្បករឆ្លាក់បែ្លកពីចម្លាក់ដទៃទៀតនៅក្នុងតំបន់ ដ្បិតសិល្បករឆ្លាក់រូបទេពទាំងនោះអង្គុយក្នុងកាយវិការ “រាជលីលាសាន” (Rãjalĭlãsana) (ជើងម្ខាងបញ្ឈរជង្គង់និងម្ខាងទៀតកន្ធែក) ព្រះហស្តកាន់ដំបងដូចគ្នា ប៉ុន្តែគេបានឆ្លាក់រូបព្រះកាលនៅអមសងខាង​ទេពនោះទៀតផង ទើបបានយើងអាចសន្និដ្ឋា​នថាជាទម្រង់របស់ “ព្រះកាល-ភៃរវ” (រូបលេខ៥-៨)។ ការយល់ឃើញបែបនេះស្របនឹងទេវកថាដែ​លបានរៀបរាប់ខាងលើថា “ព្រះសិវបានតែងតាំងព្រះកាល-ភៃរវ ជាអ្នកយាមទ្រព្យសម្បត្តិទាំងអស់នៅប្រាសាទរបស់ទ្រង់” ដ្បិតតាមរយៈសិលាចារឹកនៅក្រុមសំបូរ (K.148, K.436, K.439) បានឱ្យដឹងថា អាទិទេពដែល​តម្កល់នៅតួប៉មប្រាសាទ N1 គឺជាសិវលិង្គមានព្រះនាមថា “ស្រីគម្ភីរេស្វរ”។ ​ចំណែកឯដំបងដែលកាន់នៅក្នុងព្រះហស្តរបស់ទេព ទំនងជាដំបងរបស់ព្រះភៃរវ ឬក្សេត្របាល ដែលមានឈ្មោះថា “ដន្ទ” ហើយមានទម្រង់ដូចគ្នានឹងបដិមាព្រះភៃរវ ដែលរកឃើញនៅខាងកើតបេងកាល់ ដូចបង្ហាញនៅរូបលេខ១ស្រាប់ ប៉ុន្តែខុសត្រង់ថាចម្លាក់នៅលើវិមានអណ្តែតនៅសំបូរព្រៃគុកពុំមានបង្ហាញជាយានជំនិះសត្វឆ្កែ។ ទោះបីមិនបានបង្ហាញក៏មិនចម្លែក​អ្វីដែរ ដ្បិតថា ចម្លាក់ទេពទាំងឡាយនៅវិមានអណ្តែតសិល្បករមិននិយមបង្ហាញរូបទេពជាមួយយានជំនិះរបស់ទ្រង់ឡើយ។ ម្យ៉ាងវិញទៀត ប្រសិនយើងពិចារណាអំពីចម្លាក់រូបព្រះកាលនៅសងខាងទេពភៃរវ ជារូប “កិត៌ិមុខ” (Kirtimukha) ដែលជាអ្នកយាមសំណង់របស់ព្រះសិវជាមួយព្រះកាល-ភៃរវ ក៏អា​ចទៅរួចដែរ ព្រោះមានរឿងទេវកថាមួយឈ្មោះថា “ប្រាំប្រា” (Prām Prā) និទាននៅក្នុងគម្ពីរបទ្មបុរាណ (Padmapurāna) និងស្កន្ពបុរាណ (Skanbapurāna) ថា៖ ជាលន្ធរ (Jālandhara) ដែលទទួលពរពីព្រះឥសូរ មានមហិទ្ធិឫទ្ធិខ្លាំងពូកែ មិនមាននរណាម្នាក់ផ្ចាញ់បាន។ ជាលន្ធរ ដើរអុកឡុកដល់ពួកយក្ស ទេវតា និងមនុស្ស។​ ពួកទេវតា និងមនុស្សមិនមាននរណាម្នាក់អាចទប់ទល់បានទេ។ ជាលន្ធរ បញ្ជួនរាហូដែលជាទូតរបស់ខ្លួនទៅទូលព្រះសិវមកធ្វើសង្គ្រាមជាមួយខ្លួន និងគំរាមកំហែងដល់ព្រះសិវថា បើព្រះសិវចាញ់នឹងយកមហេសីបរវតីមកធ្វើជាព្រះមហេសីរបស់ខ្លួន។ ពេលព្រះសិវឮការគំរាមដែលរាហូមកប្រាប់ ក៏ក្រោធខឹងបណ្តាលឱ្យកើតជាយក្សមានមុខជាសិង្ហលោតចេញមកពីចិញ្ចើមរបស់ព្រះអង្គ។ យក្សនោះមានខ្លួនស្គម តែមានមហិទ្ធិឫទ្ធិខ្លាំងក្លា បញ្ចេញសម្រែកយ៉ាងខ្លាំង។ រាហូឃើញចម្លែកពេកក៏ភ័យខ្លាចហើយរត់ចេញទៅរកព្រះសិវឱ្យជួយ។ ព្រះសិវហាមយក្សមិនឲ្យធ្វើបាបដល់រាហូ។ យក្សក៏ស្តាប់បញ្ជាព្រះសិវ ហើយទូលសួរទៅវិញថា «ខ្លួនឃ្លានណាស់សុំអ្វីផ្សេងស៊ីជំនួសរាហូ»។ ព្រះសិវក៏បង្គាប់ឲ្យយក្សស៊ីដៃជើងរបស់ខ្លួន។ យក្សលោភលន់ពេកក៏ស៊ីដៃជើងខ្លួនឯងរហូតអស់នៅតែមិនឆ្អែតក៏ស៊ីពោះនិងទ្រូងបន្ថែមទៀត។ ព្រះសិវទតឃើញក៏កើតការអាណិត បង្គាប់ថា «អ្នកគឺជាកូនដែលគួរឱ្យស្រឡាញ់របស់យើង ចាប់ពីពេលនេះតទៅអ្នកនឹងបានឈ្មោះថា កិត៌ិមុខ។ ចាប់ពីពេលនេះតទៅ អ្នកឯងត្រូវនៅយាមវិមានរបស់យើងរហូតទៅ អ្នកដែលមិនគោរពយើង នឹងមិនទទួលពរពីយើងឡើយ”

ជារួមមក ចម្លាក់ដែលមានទម្រង់ជាទ្វារបាលឆ្លាក់នៅលើផ្នែកខាងក្រោមនៃវិមានអណ្តែត តួប៉ម N1 ទំនងជារូបព្រះ “កាល-ភៃរវ” ដែលជាអាទិទេពមួយកើតចេញពីការបែងភាគ (ព្រះកេសា) របស់ព្រះសិវ ក្នុងទម្រង់ជាទេពគួរឱ្យភ័យខ្លាច មានព្រះហស្តកាន់ដំបង មានយានជំនិះជាសត្វឆ្កែ ហើយមានតួនាទីជាអ្នកថែរក្សារាល់ទ្រព្យសម្បត្តិទាំងអស់ដែលមាននៅប្រាសាទព្រះសិវ។ ទោះបីជាយ៉ាងណា ការសិក្សានៅក្នុងអត្ថបទខ្លីនេះ គ្រាន់ជាសេចក្តីសន្និដ្ឋានបឋមប៉ុណ្ណោះ៕

———————————————————————-

Reliefs of Bhairava at Sambo Prei Kuk

Bhairava is one of the names of Lord Shiva in fierce form. Bhai derives from Bhiru means fear. In Hinduism, Bhairava manifests in many forms and has different names. When he holds a stick, he is called Dantabani. Danda means stick. The stick uses to punish as a weapon. Also, if he is a guardian temple of Lord Shiva, he holds a stick and calls Kśetrapala meaning guardian of rice field. He has a dog names Svava as a vehicle. In Vajrayana, Bhairava refers to Maňjuśrĭ, Heruka, Vajrabhairava and Yamantaka. Relatively, this article illustrates the reliefs of Kãla-Bhairava in temple N1 of Sambo Prei Kuk. 

Kãla-Bhairava mentions in Shiva Mahãpuranaṃ. It says that while the three lords, Vishnu, Brahma and Shiva argued who is the supreme god. Due to angriness, Shiva pulled one hair and manifested it to a pierce god called Kãla-Bhairava to cut one head of Brahma. Later, he put the head of Bhrama in a bowl mixed with the blood of Vishnu. Accordingly, Shiva appointed Kãla-Bhairava as a guardian of Kãsi city and the wealth in Shiva’s temples. 

The reliefs on the walls of the temples N1, N11, N20 and Tamom temple are identified as a guardian, but no detailed information. One of the reliefs on the N1 wall shows a deity in Rãjalĭlãsana. He holds a stick and surrounding by Kala on both sides. Thus, he could be Kãla-Bhairava. Based on three inscriptions, K.148, K.436 and K.439, a deity of the N1 temple was a Shivalinga called Srigambhiresvara. In addition, the stick on his hand is probably the stick of Bhairava or Kśetrapala. This stick is similar to the stick of the Bhairava statue found in Bengal. Although Bhairava appears without the dog, he appears with Kala or Kirtimukha. According to Indian myth, Prām Prā in Padmapurāna and Skanbapurāna, a demon with a lion head emerged from the brow of Shiva, when Shiva got informed by Rahu that Jālandhara wanted to fight with him and took his consort if he won. Due to angriness, this demon wanted to eat Rahu. However, Shiva stopped the demon and allowed the demon to eat his legs, but the demon ate himself instead. Due to this story, Shiva called him Kirtimukha and appointed him to protect his temple. 

In conclusion, the relief of guardian on the wall and under flying temple at N1 temple probably Kãla-Bhairava, a fierce form of Lord Shiva. He holds a stick and has a dog, Svava as a vehicle. He guards the wealth of the Shiva temple. As an essential topic, further study is necessary.

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!