ទំព័រដើមសិល្បៈរបាំច្រូតស្រូវ

របាំច្រូតស្រូវ

សិល្បៈខ្មែរនានា ទាំងរូបីនិងអរូបី​ ឆ្លុះបញ្ចាំងពីជីវិត បទពិសោធន៍ ស្ថានភាព និងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ដោយសិល្បៈ មានប្រភពនិងកំណើតកើតចេញពីទំនៀមទម្លាប់ ប្រពៃណី និងសាសនា ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្រែចម្ការ របាំប្រពៃណីខ្មែរ ក៏បង្កប់នូវអត្ថន័យខ្លឹមសារជាច្រើនដែលពាក់ព័ន្ធនឹង ជាពិសេស កសិកម្ម។ «របាំច្រូតស្រូវ»​ យកលំនាំតាមជីវិតនិងសកម្មភាពកសិកម្ម ជាពិសេសក្នុងរដូវច្រូតកាត់ដែលសិល្បករសិល្បការិនីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តិតយកជាខ្លឹមសារនិងគំនិត ហើយបានច្នៃប្រឌិតបង្កើតជារបាំនេះឡើង។

«របាំច្រូតស្រូវ» មានចលនាទន់ភ្លន់ ឆ្លុះបញ្ចាំងអំពីសកម្មភាពកសិកម្ម ដូចជាស្ទូងស្រូវនិងច្រូតស្រូវ ជាដើម។ ខ្មែរយើងប្រើឧបករណ៍មួយចំនួនដើម្បីនឹងច្រូតកាត់ប្រមូលផលពីស្រែស្រូវ ដូចជា «កណ្តៀវ» ដែលមានច្រើនប្រភេទ មានកណ្តៀវខ្វាង កណ្តៀវស្លាប កណ្តៀវត្រកងឬកណ្តៀវលំពាស់ និងកណ្តៀវទំពក់។

ចម្រៀងនិងតន្ត្រីកំដររបាំច្រូតស្រូវ មានបីបទ៖​ ១) បទខ្មែរក្រងផ្កា ២) បទខ្មែរច្រូតស្រូវ និង៣)​ បទឡាំលាវ។

បទខ្មែរច្រូតស្រូវ

១. បើនាងច្រូតស្រូវ                       ច្រូតនឹងកណ្តៀវ

ស្រីតូចរាងរាវ                               កណ្តៀវបងឲ្យ។

២. បើស្រីនាងច្រូត                        ស្រីកុំបណ្តោយ

មើលមុខមើលក្រោយ                   ប្រយ័ត្នមុតដៃ។

បទឡាំលាវ

១. យើងកសិករ                            មានចិត្តស្មោះសរ

នាំគ្នាធ្វើការ                                  សម្បូណ៌សប្បាយ

សម្បូណ៌ផលា                              កសិករខេមរា

ផុតទុក្ខភ័យ។

២. យើងកសិករ                            មានចិត្តស្មោះសរ

នាំគ្នារាំលេង                                 កម្សាន្តសប្បាយ

លើវាលធំធេង                              ប្រុសស្រីចាស់ក្មេង

សូមអញ្ជើញរាំ។

ចម្រៀងទាំងពីរបទខាងលើនេះ លាតត្រដាងនិងបង្កប់នូវអត្ថន័យខ្លឹមសារ ដក់ជាប់នៅក្នុងបេះដូងរបស់បុរសខ្មែរ ដែលយកចិត្តទុកដាក់ គិត និងស្រឡាញ់នារីរបស់ខ្លួនជាប្រពន្ធក៏ដូចជាសង្សារ ដូចដែលចម្រៀងដ៏ពីរោះ រៀបរាប់អំពីការច្រូតកាត់ដោយប្រើឧបករណ៍ជាតិពន្ធុ កណ្តៀវ ព្រមទាំងការរំឭកដល់នាងថា ប្រយ័ត្នមុតដៃ។ ម្យ៉ាងទៀត ពាក្យពេចន៍នៅក្នុងចម្រៀង ក៏ផ្តល់ជារូបភាពដល់ទស្សនិកជនឱ្យស្រមៃឃើញការនាំគ្នាធ្វើការ ដើម្បីភោគផលសម្បូណ៌ផលា និងដើម្បីឲ្យជីវភាពគ្រួសារនិងសង្គមផុតទុក្ខព្រួយ។​ នៅទីបញ្ចប់ របាំច្រូតស្រូវបង្ហាញអំពីការសប្បាយរីករាយ បន្ទាប់ពីការប្រមូលផលសម្បូណ៌ហូរហៀរ។

ខ្មែរយើងខ្លះនាសម័យឥឡូវ មិនដែលបានឃើញនិងស្គាល់ឧបករណ៍កសិកម្ម «កណ្តៀវ» នេះទេ។ ដោយការវិវត្តនិងការអភិវឌ្ឍឧបករណ៍និងរបស់របរប្រើប្រាស់ទាន់សម័យឧបក​រណ៍បុរាណដូចជាកណ្តៀវខ្មែរ ក៏មានភាពរាវស្តួចនិងចុះឱនថយ ព្រមទាំងប្រឈមនឹងការបាត់បង់ទៅថ្ងៃអនាគតទៀតផង៕

——————————————————————-

Harvest Dance

Time and again, Khmer ​folk dance stresses the importance of nature, while reflecting and signifying beyond their literal meaning. As one of the new creations of the Royal University of Fine Arts, the Robaim Chraut Srauv or Harvest Dance is performed to reflect Khmer peasant’s activities, from planting rice to harvesting it, with the very last episode depicting the display of joyfulness after all the hard work has been completed.

The movements are slow and soft, performed to the accompaniment of the peasant’s tunes. The dance is composed of graceful bending, swaying, and turning, and is accented by spectacular foot movements. It shows the movements and gestures of the actual processes of planting and harvesting rice as well as the expression of the joyfulness of Khmer peasants after their productive crops and harvest.

The dance is said to reflect the Khmer peasants’ lives by means of music and song, agricultural tools, national dresses, movements, and gestures that can easily be recognizable. It is a literal dance taken directly from life.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!