ទំព័រដើមប្រវត្តិសាស្ត្រទេពទុគ៌ានៅប្រាសាទសំបូរព្រៃគុក

ទេពទុគ៌ានៅប្រាសាទសំបូរព្រៃគុក

បដិមាទុគ៌ារកឃើញនៅឥណ្ឌាខាងត្បូង
បដិមាទុគ៌ារកឃើញនៅសំបូរព្រៃគុក

ទុគ៌ា គឺជាទេពស្រីចម្បាំងដ៏ល្បីល្បាញមួយនៅក្នុងព្រហ្មញ្ញសាសនា និងគេស្គាល់ថាជាមហេសីរបស់ព្រះឥសូរ។ រឿងទេវកថាដែលគេស្គាល់ច្រើនរបស់ព្រះនាងទុគ៌ា គឺជាការប្រយុទ្ធគ្នាជាមួយអសុរដែលបង្ហាញទ្រង់មានព្រះហស្តច្រើន ហើយព្រះហស្តនីមួយៗកាន់អាវុធដែលទទួលបានមកពី​ទេពផ្សេងៗ។ រឿងរ៉ាវទេវកថាដែលសំខាន់ទាក់ទងនឹងទេពនេះ គឺមានឈ្មោះថា “ទុគ៌ាមហិង្សា​សុរមាទ៌ិនិ” ដែលជាទេវកថាបង្ហាញអំពីចម្បាំងប្រយុទ្ធគ្នារវាងព្រះនាងទុគ៌ា និងបិសាចក្របីមហិង្សា​សរ ហើយនៅឥណ្ឌាគេនិយមឆ្លាក់បដិមាទាក់ទងសាច់រឿងនេះណាស់។ មហិង្សាសុរ គឺជាពាក្យសំស្រ្កឹតដែលផ្សំឡើងដោយពាក្យ “មហិង្សា” មានន័យថា ក្របី និង “អសុរ” មានន័យថា បិសាច។ តាមគម្ពីរ Vâmana Purâna បានបង្ហាញថា ព្រះនាងទុគ៌ាកាន់កេតន​ភណ្ឌមួយចំនួនដូចជា ត្រីសូល៍បានមកពីព្រះឥសូរ, កងចក្រនិងខ្យងស័ង្ខបានមកពីព្រះវិស្ណុ, ផ្គាំនិង​ថូបានមកពីព្រះព្រហ្ម, វជ្រឬកាំរន្ទះបានមកពីព្រះឥន្រ្ទ, ខែលនិងដាវបានមកពីព្រះកាល, ព្រួញបាន​មកពីព្រះអគ្នី, ធ្នូបានមកពីព្រះវាយុ, បំពង់ពោរពេញដោយព្រួញនិងពូថៅបានមកពីព្រះសូរ្យ និង​ព្រះពិស្ណុការ។ ប៉ុន្តែ កេតនភណ្ឌទាំងនោះសិល្បករបង្ហាញជាទម្រង់ផ្សេងៗ អាស្រ័យទៅ​តាមព្រះហស្តរបស់ទ្រង់ដែលជួនកាលមាន ព្រះហស្ត ២, ៤, ៦, ៨, ១០ និង ១៨។ ព្រះនាង ទុគ៌ាមានព្រះហស្ត១៨ ភ្នែកបី សក់ខ្មៅរលោង ហើយគេច្រើនតែឃើញ​រូបព្រះនាងទុគ៌ាក្នុងកាយវិការជ័យជម្នះលើការសម្លាប់ក្របីមហិង្សា រីឯរូបតំណាងព្រះនាងទុគ៌ា​វិញ ច្រើនតែបង្ហាញសកម្មភាពមួយក្នុងទម្រង់ទឹកមុខស្ងប់ស្ងាត់ និងស្រទន់។ នៅសម័យមុន​អង្គរ ស.វ.ទី៦ ខ្មែរនិយមគោរពទេពអង្គនេះណាស់ ហើយបើតាមភស្តុតាងជារូបបដិមាគេបានរក​ឃើញយ៉ាងតិចក៏មាន ១៦​ រូប ដែលមាននៅក្នុងទឹកដីខេត្តកំពង់ធំ កំពង់ចាម សៀមរាប តាកែវ កំពង់ស្ពឺ ព្រៃវែង។ល។

ដោយឡែក នៅតំបន់ប្រាសាទសំបូរព្រៃគុក ការបង្ហាញព្រះនាងទុគ៌ាជាបដិមាទោលមានតែមួយប៉ុណ្ណោះ គឺស្ថិតនៅតួប៉ម N9 នៃក្រុមប្រាសាទសំបូរឬក្រុម​ខាងជើង ដែលជាតួប៉មបែរមុខទៅ​ទិសខាងត្បូងទល់មុខតួប៉មដែលតម្កល់រូប​បដិមាព្រះហរិហរ (តួប៉ម N10)។ បដិមានេះកម្ពស់ ១៣០ ស.ម. ហើយ​បើ​គិតទាំងជើងទម្រមានកម្ពស់សរុប ១៦៥ស.ម. ឈររាងផ្អៀងកាច់ចង្កេះ រូបរាងទន់ភ្លន់មិនកាចសាហាវ តែប្រកបដោយអំណាចទៅវិញ ដែលតំណាង​ឱ្យអំណាចព្រះឥសូរនិងព្រះវិស្ណុ ដែលមានសមត្ថភាពសម្លាប់បិសាចក្របី។ ដើមឡើយ បដិមានេះបែកជាបីបំណែក ដែលពីរបំណែកខាងលើរកឃើញនៅ​កន្លែងតែមួយក្បែរតួប៉ម N1 ហើយប្រហែល៥០ឆ្នាំក្រោយមួយបំណែកខាង​ក្រោមរក​ឃើញនៅខាងមុខតួប៉ម N9។ សព្វថ្ងៃ បដិមានេះគេតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ ហើយនៅសំបូរព្រៃគុកគេបានធ្វើរូបចម្លងមួយតម្កល់ក្នុងតួប៉ម N9។

ក្រៅអំពីការបង្ហាញព្រះនាងទុគ៌ាជាបដិមាទោល យើងឃើញចម្លាក់ព្រះនាងទុគ៌ាចំនួនពីរផ្ទាំងឆ្លាក់នៅលើជញ្ជាំងឥដ្ឋកំពែងខាងលិចនៃក្រុមប្រាសាទយាយព័ន្ធ។ ផ្ទាំងទីមួយ មានស្ថានភាពបាក់បែកច្រើន ដោយសារតែឥដ្ឋបានធ្លាក់មកក្រោមស្ទើរតែជិតអស់ទៅហើយ។ ប៉ុន្តែគេអាចនៅមើលឃើញផ្នែកខ្លះដូចជា ក្បាលក្របី ជើងតោ និងផ្នែកខ្លះនៃរូបទេពស្រីក្នុងកាយវិការចម្បាំង ដែលយើងអាចសន្និដ្ឋានបានថាជារូបព្រះនាងទុគ៌ានិងសត្វតោដែលជាយានជំនិះរបស់ទ្រង់កំពុង​ប្រយុទ្ធជាមួយបិសាចមហិង្សាសុរ ដែលគេបង្ហាញជារូបសត្វក្របីតែម្តង។

ចម្លាក់ទុគ៌ាមហិង្សាសុរនៅជញ្ជាំងឥដ្ឋកំពែងខាងលិចប្រាសាទយាយព័ន្ធ

ចម្លាក់មួយផ្ទាំង​ទៀតឆ្លាក់នៅក្បែរចម្លាក់ផ្ទាំងទីមួយដែរ នៅមានសភាពល្អប្រសើរច្រើន។ ចម្លាក់នេះ​គេបង្ហាញទេពស្រីមួយអង្គនិងសត្វតោ កំពុងប្រយុទ្ធជាមួយបិសាច (អសុរទម្រង់ជាមនុស្ស)។ ព្រះនាងទុគ៌ាដែលបង្ហាញនេះ មានព្រះហស្តពីរកាន់អាវុធទាំងសងខាង ព្រះបាទម្ខាងជាន់លើខ្លួន និង​ម្ខាងទៀតកំពុងជល់ជង្គង់ទៅរកមុខបិសាច (អសុរ)។ អសុរដែលបង្ហាញនេះ ក៏ទំនងជារូបមហិង្សាសុរដដែល គ្រាន់តែសិល្បករបង្ហាញទម្រង់ជាមនុស្សដូចរូបនៅឥណ្ឌាដែលបង្ហាញខាងលើដែរ។

ជារួមមក បដិមានិងចម្លាក់ទាំងបីដែលបង្ហាញខាងលើគ្រាន់តែចង់បង្ហាញថា នៅសម័យមុនអង្គរនា​ស.វ.ទី៦-៧ ខ្មែរនិយមបង្ហាញចម្លាក់ព្រះនាងទុគ៌ាណាស់ ប៉ុន្តែមកដល់សម័យអង្គរហាក់ដូចជាលែងសូវនិយមវិញ។ រូបទាំងនេះបានបង្ហាញអំពីគំនិតរបស់សិល្បករខ្មែរនៅជំនាន់នោះ ក្នុងការចេះដឹងក្បួនច្បាប់ព្រហ្មញ្ញសាសនាបានទូលំទូលាយ ហើយយកមកអនុវត្តចេញជាចម្លាក់និងបដិមាទាំងនេះឡើង៕

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!