ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទប្រាប់ទិស ឬប្រាសាទកំពង់ក្ដី K.១៧១

សិលាចារឹកប្រាសាទប្រាប់ទិស ឬប្រាសាទកំពង់ក្ដី K.១៧១

ប្រាសាទប្រាប់ទិស ឬប្រាសាទកំពង់ក្ដី ស្ថិតនៅក្នុង​ភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុក​ជីក្រែង​ ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅ​ចម្ងាយប្រមាណជា​៧០០ម៉ែត្រ នៃទិស​អាគ្នេយ៍ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្ដី។ លោក ហ្ស៊ក សឺដែស សន្និដានថាប្រាសាទនេះ​ប្រហែលជា​ទីតាំង​មន្ទីរពេទ្យ ឬអរោគ្យសាលាមួយ នៅក្នុងរាជ្យព្រះបាទ​ជ័យវម៌្មទេវទី៧។ ប្រាសាទនេះ មានតួប្រាង្គមួយ​រាងបួនជ្រុងស្មើ មានមណ្ឌបលយមកទិសខាងកើត។ មាន​ហោ​ត្រៃ​មួយ​ធ្វើពីថ្មបាយក្រៀម​ ស្ថិតនៅទិសអាគ្នេយ៍របស់ប្រាង្គ​ មានច្រកចូលពីទិស​ខាង​លិច​ កំពែង​រាងចតុកោណកែងធ្វើពីថ្មបាយក្រៀម។ នៅទីតាំងនេះ គេធ្លាប់រកឃើញ​សិលាចារឹក​ចំនួន​៣ផ្ទាំង មានចុះលេខបញ្ជី​ K.១៧០ K.១៧១ និង K.៧៦៩។ សិលាចារឹក​ដែល​យើង​យក​មកបង្ហាញនាពេលនេះ ជាសិលាចារឹក K.១៧១ ដែលចារ​នៅលើ​មេទ្វារ​ខាង​ត្បូង នៃច្រកចូលឬគោបុរៈខាងលិច។

សិលាចារឹកនេះ សរសេរជាភាសាខ្មែរបុរាណ​ មានចំនួន៩បន្ទាត់ ចុះកាលបរិច្ឆេទ​នា​មហាសករាជឆ្នាំ​៨៩១ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ​៩៦៩ ស្ថិតនៅក្នុងរាជ្យព្រះបាទ​ជ័យវម៌្មទេវ​ទី៥(ជ័យវរ្ម័នទី៥)។ សិលាចារឹកនេះ​ជា​ព្រះរាជសាសន៍ឬព្រះរាជបញ្ជា​របស់​ព្រះ​បាទ​ជ័យ​វម៌្ម​ទេវទី៥ ត្រាស់ដល់​គម្ដែងអញព្រះគ្រូ អាចារ្យ និងគម្ដែងអញដទៃទៀតជាបណ្ឌិតឱ្យ​ស្ដាប់​របាយការណ៍​ព្រះរាជបុណ្យ​និងបុណ្យ​របស់រាស្ដ្រផង មានម្រតាញកុរុង​-ន្ន ដែល​​មាន​សទ្ធារួមគ្នាជាមួយ​លោញធេញ និងលោញលក្ក ជាម្ចាស់ដើមបុណ្យ​​ បានថ្វាយទ្រព្យ​នានា​ដល់​ប្រាសាទប្រាប់ទិសនេះ។ ដង្វាយទាំងនោះមានអ្នកបម្រើប្រុសស្រីចំនួន២៣នាក់។ ថូវៅទិ​ ស្ពោក ពពិល នូទឹក ខាលស្រាព ថូដាក់ទឹកលាងជើង ដែលសុទ្ធសឹងសាងពីប្រាក់។ ចុងក្រោយ ជារបាយឈ្មោះដីស្រែនិងចំនួនដីស្រែ​បីកន្លែងដែលថ្វាយចំពោះប្រាសាទនេះ។

អត្ថបទបុរាណជាអក្សរខ្មែរទំនើប

១- ៙៨៩១នុមាន៑​វ្រះឝាសន​ធុលិវ្រះបាទ​ធុលិជេង៑​វ្រះកំម្រតេង៑អញ៑​ត​កំ

២- ម្រតេង៑​អញ៑​វ្រះគុរុ​នុអាចាយ៌្យ​កំម្រតេង៑អញ៑​[[ត]]បណ្ឌិត្ត​តិប្រេស្ដប៑វត៌មាន​វ្រះរាជ

៣- បុន្យ​នុបុណ្យ​រាឞ្ដ្រតមាន៑(ផោង៑)ម្រតាញ៑កុរុង៑-ន្ន​សមថ៌នុលោញ៑ធេយ៑នុលោញ៑​​  លក្កគិនក្កនៃ

៤- [យបុ]ន្យ​នេះគិទ្រវ្យ​តិជ្វន៑តវ្រះ​កំម្រតេង៑អញ៑ • ខ្ញុំសីកន្លេង៑​តៃសំអប៑​តៃកំវ្រៅ​តៃ​ធម៌្ម

៥- សិ[-ៃ]កន៑ស្រច៑ • សិកន៑ឥសិកន៑ហិសិកន៑ន្រិសិនរសិកំវិន៑​តៃកំវៃ​តៃកំវិត៑​តៃ​ចាម្ប​​​​តៃថ្អ្យ

៦- ក៑តៃសំឧយ៑សិបំនង៑សិកន៑ទិក៑តៃបន៑លស៑តៃថ្អ្យក៑តៃប-ន៑សិទីគ៌សិ(ប្រវាត៑)​តៃ​កន៑(តេំ)

៧- តៃកន៑ស • វៅទិម្វាយស្វោក៑ម្វោយវល៑វ្យល៑វ្យរប្រាក៑នុទិក៑ម្វាយ៑ខាល៑ឝរាវវ្យរអឃ៌្យ

៨- បាទ្យម្វាយ៑តំបរនេះ(សិង)ប្រាក • អាយ៑ត្រវាង៑បក៑​ស្រេ​ជេង៑​ម្វាយ៑​អាយ៑​វលធរ​ស្រេ​ជេង៑​បិ

៩- យស្រេជេង៑–ល៑ជេង៑អាយ៑វ្រះបយ៌្យង៑ស្រេត្រវាង៑ក្រ្វច៑៙

អត្ថបទប្រែសម្រួលជាភាសាខ្មែរទំនើប

មហាសករាជឆ្នាំ​៩៨១ មានព្រះរាជសាសន៍ធូលីព្រះបាទធូលីជើង​ព្រះ​គម្ដែង​​អញ​(ស្រីជ័យវម៌្មទេវទី៥)ដល់គម្ដែងអញព្រះគ្រូ និងអាចារ្យ (និង)គម្ដែងអញ (ជា)​បណ្ឌិត ប្រើ​ស្ដាប់​ព័ត៌មាន(/របាយការណ៍)ព្រះរាជបុណ្យនិងបុណ្យរបស់រាស្ត្រដែលមានផង។

ម្រតាញកុរុង-ន្ន រួមជាមួយនិង​​លោញធេយ​ លោញលក្ក គឺអ្នកម្ចាស់​បុណ្យ​។​ នេះ​គឺ​ទ្រព្យ​​ដែលថ្វាយចំពោះ(ប្រាសាទ)ព្រះគម្ដែងអញ។ ខ្ញុំបម្រើ សីកន្លែង តៃសំអប់ តៃ​កំព្រៅ តៃធម៌ សី–កន្រ្សាច់ សីកន្អិន សិកន្ហិ សីកន្ន្រិ សីនរ សីកំវិន តៃកំវៃ តៃកំវិត តៃចាម្ប តៃថ្អៀក តៃសម្អុយ សីបំណង សិកន្ទិក តៃបន្លាស់ តៃថ្អៀក តៃប-ន សីទីឃ៌ សិប្រវាត តៃកន្ដើម។ ថូវោទិមួយ ស្ពោកមួយ​ ពពិលប្រាក់ពីរ នូទឹកមួយ ខាលស្រាពពីរ  ថូ/ចានដាក់ទឹកលាង​ជើងភ្ញៀវ​​៤។ (របស់ទាំង)នេះសុទ្ធសឹងសាងពីប្រាក់។ នៅឯត្រពាំងបក់ ស្រែចំនួនមួយជើង នៅ​ឯ​​វលធរស្រេបីជើង ស្រែជើង—ជើង នៅឯព្រះប្រេង​(គឺ)ស្រែត្រពាំងក្រួច៕

វាក្យសព្ទសំខាន់ៗ

វ្រះឝាសន​             ព្រះរាជសាសន៍ ព្រះរាជតម្រាស់ ព្រះរាជបញ្ជា។

វត៌មាន                 ព័ត៌មាន ដំណឹង របាយការណ៍។ (វ > ព)

​សមថ៌                   (សំ. < សំ = រួមគ្នា + អថ៌ = ប្រយោជន៍) គំនិតរួមគ្នាបំណងដូចគ្នា​ ចូលរួមជាមួយគ្នា

សី/សិ                   ឋានន្តរនាមសម្គាល់អ្នកបម្រើប្រុស។

តៃ​                       ឋានន្តរនាមសម្គាល់អ្នកបម្រើស្រី។

វៅទិ                      (សំ.) ថូម្យ៉ាងធ្វើពីលោហៈ។ ពាក្យនេះក្លាយមកជា «ប៉ោត»​។

វល៑វ្យល៑                ពពិល។ (វ > ព)

ខាល៑ឝរាវ              ផ្តិល(ខាត់?)មានជើងស្រាពក៍។

អឃ៌្យបាទ្យ             (សំ.) ថូដាក់ទឹកលាងជើងភ្ញៀវ។

—————————————————————————

Inscription of Prasat Prab Dis or Prasat Kampong Kdei K.171

Prasat Prab Dis or Prasat Kampong Kdei is located in Prasat Village, Kampong Kdei Commune, Chi Kreng District, Siem Reap Province. This temple is located about 700 meters southeast of the Prab Dis bridge or Kampong Kdei bridge. Mr. Cœdès speculated that the temple may have been the site of a hospital in the reign of Jayavarman VII.

The temple has a rectangular tower with a mandapa to the east. There is a laterite library on the southeast side of the tower with a west entrance, a rectangular wall built of laterite. At this site, three inscriptions were found with the registration numbers K.170, K.171, and K.769. The inscription we are presenting now is the inscription K.171 inscribed on the south gate of the western entrance or gopura.

This inscription is written in the ancient Khmer language with 9 lines, dated in 891 G.E corresponding to 969 C.E, during the reign of King Jayavarman V. This inscription is the royal order of King Jayavarman V to enlighten Kammratam An, Preah Krou, Achar, and other Kaṃmratāṅ Añ as a master to listen to the report of the royal festival and the festival of the citizen. There is Mratāṅ Kuruṅ-Nn that has generosity together with Loñ Dhen and Loñ Lka, the owners of the festival donated property to this temple Prasat Prab Dis. The offerings consisted of 23 male and female servants. Thūvaudi, Spok, Babil, Nūdịk, Khāle, Srab, foot washing vase, which is all made of silver. Finally, a list of the names of the rice fields and the number of three rice fields dedicated to this temple.

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!