អត្ថបទនេះ នឹងពិនិត្យទៅលើឧបករណ៍តន្ត្រី ទ្រខ្មែរឬទ្រខ្សែបី ព្រមទាំងប្រភេទទ្រស្រដៀងនឹងទ្រខ្មែរនៅលើពិភពលោកផងដែរ ដែលរួមមាន៖ សសាមសៃថៃ រែបាប់អេហ្ស៊ីប រែបាប់ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី រែបាប់អារ៉ាប់ ទួរគី និងអាហ្វហ្កានីស្ថាន រែបិកអឺរ៉ុប កាម៉ាន់ចេអ៊ីរ៉ង់ (កាម៉ាន់ចា តាល និងហ្គេចាស) និងកាម៉ាន់ចាអាហ្សឺបៃហ្ជាន។
ពាក់ព័ន្ធនឹងឧបករណ៍តន្ត្រីខាងលើនេះ បញ្ញវ័នអ្នកស្រាវជ្រាវជាច្រើនបានសរសេរយ៉ាងក្បោះក្បាយ។ នៅក្នុងនោះ អ្នកស្រីសារ៉ា បូហ្គេន បានអះអាងថា ឧបករណ៍តន្ត្រីគ្រឿងខ្សែកូត បានហូរចូលពីប្រទេសពែរក្សទៅប្រទេសចិន ដែលមានប្រជាប្រិយភាពនៅក្នុងអំឡុងឆ្នាំ១២៧៩-១៦៤៤។ អ្នកស្រី ក៏បានអះអាងថា ទ្រខ្សែបីថៃ ជាឧបករណ៍តន្ត្រីមួយក្នុងចំណោមឧបករណ៍ឯទៀតដែលគេបានបង្កើតឡើង នៅសម័យអាយុធ្យានាសតវត្សទី១៤។ អ្នកស្រីក៏បានបន្តទៀតថា គេបានគិតថាឧបករណ៍ទ្រខ្សែបីថៃ មកពីប្រទេសកម្ពុជានៅពេលដែលថៃលុកលុយប្រទេសកម្ពុជា។
ដោយសារការស្រាវជ្រាវមិនគ្រប់គ្រាន់និងមិនស៊ីជម្រៅ អ្នកស្រីបាននិយាយថា ពាក់ព័ន្ធនឹងប្រភពនឹងដើមកំណើតនៃទ្រខ្មែរ គឺវាបានគេឧទ្ទេសនាមនៅពេលជាមួយគ្នានឹងឧបករណ៍រែបាប់នៅម៉ាឡេស៊ីនិងស៊ូម៉ាត្រានៅចុងសតវត្សទី១៥។ ប៉ុន្តែជាការពិតដោយយោងទៅលើចម្លាក់ដែលជារូបតំណាង ខ្មែរយើងបានឆ្លាក់រូបឧបករណ៍ទ្រខ្មែរនៅលើប្រាសាទបាយ័នតាំងតែពីចុងសតវត្សទី១២និងដើមសតវត្សទី១៣មកម្ល៉េះ ពោលគឺតាំងមុនសតវត្សទី១៥។ ម្យ៉ាងទៀត លោកស្រីបានគិតថា ដោយទ្រខ្មែរជាឧបករណ៍តន្ត្រីតែមួយគត់នៅកម្ពុជាដែលមានខ្សែបី វាប្រាកដជាមានប្រភពដើមពីបរទេសហើយ។
ពាក់ព័ន្ធនឹងរែបាប់ គេបានរកឃើញរូបចម្លាក់តូចមួយនៅលើដុំដីដុតនៅប្រទេស អេហ្ស៊ីបដែលមានរូបអ្នកលេងរែបាប់ក្នុងកាលបរិច្ឆេទអំឡុងឆ្នាំ១០០០ មុនគ្រឹស្តិសករាជ្យ។ ឧបករណ៍រែបាប់បុរាណទាំងនេះ មានខ្សែ១ ២ ឬ៤។ ពីកោះជ្វា ប្រទេសឥណ្ឌូណេស៊ី ឧបករណ៍រែបាប់ បានធ្វើដំណើរទៅទីកន្លែងឯទៀតៗលើពិភពលោក។ ដោយឡែក ប្រទេសនីមួយៗមានប្រភេទឧបករណ៍រែបាប់ដោយឡែករៀងៗខ្លួន។ ជាក់ស្តែង រែបាប់ ជាឧបករណ៍តន្ត្រីមួយដែលមានប្រជាប្រិយភាពជាងគេនៅក្នុងវប្បធម៌អារ៉ាប់ និងប្រទេសអាហ្វហ្កានីស្ថាននិងពែរក្ស។
មានទ្រឹស្តីគួរឱ្យចាប់អារម្មណ៍មួយដែលថាតើឧបករណ៍ និងក្រុមសន្តានរែបាប់បានធ្វើដំណើរដូចម្តេចទៅទ្វីបអឺរ៉ុប។ អ្នកប្រវត្តិវិទូតន្ត្រី បានអះអាងថាអ្នកផ្សព្វផ្សាយសាសនាគ្រឹស្តិបានឧទ្ទេសនាមឧបករណ៍តន្ត្រីអាស៊ីបូព៌ាខ្លះទៅអឺរ៉ុប។ នៅក្នុងអំឡុងពេលប្រមាណពីចុងសតវត្សទី១១ដល់ចុងសតវត្សទី១២ ឧបករណ៍តន្ត្រីអារ៉ាប់ រួមទាំងរែបាប់ត្រូវបានគេស្គាល់នៅអឺរ៉ុប។ គេឃើញថា រែបាប់ មានឥទ្ធិពលដ៏ខ្លាំងក្លាទៅលើវប្បធម៌អឺរ៉ុប ដូចដែលបានបង្ហាញដោយឧបករណ៍តន្ត្រី រែបិក។ លើសពីនេះទៅទៀត ឧបករណ៍ រែបាប់ ដែលមានប្រជាប្រិយភាពនៅអឺរ៉ុប ហៅថា រែបិក នោះក៏មានឥទ្ធិពលទៅលើអភិវឌ្ឍន៍នៃឧបករណ៍តន្ត្រីវីយ៉ូឡុងផងដែរ។
កាម៉ាន់ចេ ជាឧបករណ៍តន្ត្រីប្រកបដោយមោទនភាពរបស់ប្រទេសអ៊ីរ៉ង់។ វាជាឧបករណ៍តន្ត្រីគ្រឿងខ្សែកូតប្រពៃណីតែមួយគត់នៅក្នុងសិល្បៈតន្ត្រីអ៊ីរ៉ង់។ ឧបករណ៍តន្ត្រីខ្សែបីនេះ អាចរឹតនិងផ្លាស់ប្តូរក្នុងគម្លាតសូរបួនសុក្រឹតឬប្រាំសុក្រឹត (perfect fourths or perfect fifths)។ ឧបករណ៍នេះត្រូវបានគេកត់ត្រាជាឯកសារលើកទី១នៅប្រទេសពែរក្សនាសតវត្សទី១៩។ ពាក្យ «កាម៉ាន់ចេ» មានពីរម៉ាត់គឺ៖ «កាម៉ាន់» មានន័យថា «កោង» និង «ចេ» ជាពាក្យបន្ថែមខាងចុងនៃពាក្យ មានន័យថា «តូចបំផុត»។ ដូច្នេះ «កាម៉ាន់ចេ» មានន័យថា «រាងកោងតូច» សំដៅទៅលើឆាករបស់ឧបករណ៍។ សំណេរយោងទី១ទៅលើឧបករណ៍កាម៉ាន់ចេ មានកាលបរិច្ឆេទប្រមាណ១២០០ឆ្នាំមុននេះ។ នៅក្នុង រាជវង្សសាហ្វាវីដ (១៥០១-១៧៣៦) គេបានចាត់ទុកឧបករណ៍តន្ត្រីកាម៉ាន់ចេនេះថាជាឧបករណ៍សំខាន់បំផុត ជាពិសេសនៅក្នុងចំណោមតន្ត្រីករប្រពៃណីដែលលេងភ្លេងនៅតាមផ្លូវនិងទីសាធារណៈ។ នៅក្នុងបរិបទអនុវត្តន៍ គេឃើញមានឧបករណ៍តន្ត្រីកាម៉ាន់ចេបីប្រភេទនៅប្រទេសអ៊ីរ៉ង់គឺ៖ កាម៉ាន់ចា តាល (ល័រីកាម៉ាន់ចេ) និងហ្គេចាស (ទួកមែនសារ៉ា កាម៉ាន់ចេ) មានខ្សែ៣ ៤ ឬ៥ ដែលគេឃើញមានផងដែរនៅប្រទេសអាហ្សឺបៃហ្ជាន ហៅថា កាម៉ាន់ចា។
ទ្រខ្មែរ ឬ ទ្រខ្សែ៣ ជាប្រភេទគ្រឿងខ្សែកូតនិងជាឧបករណ៍តន្ត្រីដ៏ចាស់មួយនៅក្នុង ចំណោមឧបករណ៍តន្ត្រីខ្មែរទាំងអស់ ដែលមានចម្លាក់ជារូបតំណាងនៅលើប្រាសាទបាយ័នជាតឹកតាង។ ទ្រខ្មែរ មានប្រអប់សូរប្រវែងប្រមាណ ១៥ ស.ម. (ពីឆ្វេងទៅស្តាំ) និង ២០ ស.ម. (ពីលើមកក្រោម) ធ្វើពីលលាដ៍ដូងស្ងួត កាត់ជាបីយកផ្នែកខាងគូទ ហើយពាសដោយស្បែក ពង្រូលឬពស់ប្រមោយ។ នៅលើសន្ទះស្បែក ផ្នែកខាងលើនិងឆ្វេង គេដាំ «ដោះ» ដែលហៅថា «ដោះទ្រខ្មែរ» ធ្វើពីក្រមួនឃ្មុំលុញទំហំប៉ុនម្រាមដៃ ឬសំបកខ្យងក្តក់ ដើម្បីឲ្យមានសូរធ្ងន់ និងរំញ័រល្អ។ ដងទ្រខ្មែរដែលស៊កចូលទៅក្នុងប្រអប់សូរត្រឡោកដូងពីលើមកក្រោមមានប្រវែងប្រមាណ ៨០ ស.ម.។ ទ្រខ្មែរ មានខ្សែបីធ្វើពីសូត្រ នីឡុង ស្ពាន់ឬដែក និងឆាកមានរាងដូចដងធ្នូធ្វើពីឈើខ្លឹមឬឫស្សី មានខ្សែធ្វើពីសក់កន្ទុយសេះឬជ័រនីឡុងចងភ្ជាប់ពីចុងទៅគល់ដងឆាក ដោយទុកសាច់ឈើបន្តិចសម្រាប់កាន់កូត។ ឆាករបស់ទ្រខ្មែរ នៅដាច់ពីឧបករណ៍ មិនដូចជាទ្រឆេ ទ្រសោ ឬទ្រអ៊ូឡើយ។ ទ្រខ្មែរ មានឆ្លាក់ក្បាច់រចនា បង្កប់ដោយភ្លុកឬឆ្អឹងយ៉ាងល្អប្រណិត។
គេរឹតទ្រខ្មែរទៅតាមសូរ A-D-G (A = ខ្សែក្រោម, D = ខ្សែកណ្តាល, G = ខ្សែលើ)។ ពេលសម្តែង គេយកឆាកមកដាក់ភ្ជាប់នឹងខ្សែទ្រ ដើម្បីកូតឲ្យឮសូរ។ ពេលត្រូវផ្លាស់ប្តូរពីខ្សែមួយទៅខ្សែមួយទៀត អ្នកលេងបង្វិលតួទ្រទៅឆ្វេងឬស្តាំទៅតាមតម្រូវការ។ តន្ត្រីករខ្មែរខ្លះ មានចំណាប់អារម្មណ៍ថា ការរៀនទ្រខ្មែរ គឺមានការលំបាកជាងការរៀនឧបករណ៍ទ្រឯទៀតៗ។
ឧបករណ៍ទ្រខ្មែរ ដែលប្រើនៅក្នុងវង់តន្ត្រីអារក្សនិងអាពាហ៍ពិពាហ៍បុរាណខ្មែររាប់សតវត្សមកហើយ ជាឧបករណ៍សំខាន់និងនាំមុខគេនៅក្នុងវង់តន្ត្រី ពោលគឺអ្នកលេងទ្រខ្មែរនៅក្នុងវង់តន្ត្រីអារក្ស (អារក្ខ) ដែលមានឧបករណ៍ ទ្រខ្មែរ ខ្សែ១ ចាប៉ីដងវែង ប៉ីពក ប៉ីប្របុស ឈឹង ស្គរដៃពីពីរឡើងទៅ និងអ្នកច្រៀង ក្នុងជំនឿអរូបី ខ្មោចឬព្រលឹង ជាពិសេសក្នុងពិធីបញ្ចូលរូបឬលៀងអារក្សដើម្បីឲ្យអារក្សសប្បាយរីករាយ ឬពិធីប្រារព្វសុំភ្លៀងនៅពេលរីងស្ងួត ពេលស្រុកកើតជំងឺរាតត្បាត ទុរ្ភិក្ស ឬមហន្តរាយក្នុងគោលបំណងសូមសេចក្តីសុខសិរីសួស្តីជ័យមង្គលឲ្យផុតគ្រោះថ្នាក់ចង្រៃផ្សេងៗ ក៏ដូចជានៅក្នុងវង់តន្ត្រីអាពាហ៍ពិពាហ៍បុរាណ ដែលមានឧបករណ៍ ទ្រខ្មែរ ខ្សែ១ ចាប៉ីដងវែង ប៉ីប្របុស ឈឹង ស្គរដៃ និងអ្នកច្រៀង គឺអ្នកលេងទ្រខ្មែរដែលមានតួនាទីផ្តើមបទ ហើយតន្ត្រីករឯទៀតត្រូវទទួលនិងលេងបន្ត រហូតដល់ចប់បទ។
ទ្រខ្មែរ ជាឧបករណ៍តន្ត្រីរបស់ខ្មែរសុទ្ធសាធប្រកបដោយលក្ខណៈ ចរិត អត្តសញ្ញាណ ពណ៌សម្បុរ និងជាព្រលឹងរបស់ខ្មែរ ហើយខ្មែរយើងប្រើនៅក្នុងវង់តន្ត្រីទាំងពីរខាងលើ ដែលមានអាយុកាលចាស់ជាងគេនៅក្នុងចំណោមវង់តន្ត្រីខ្មែរទាំងអស់។
កាលបរិច្ឆេទ សកម្មភាព និងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងប្រភេទទ្រខ្សែបីពិភាពលោក៖
- គេបានរកឃើញរូបចម្លាក់តូចមួយនៅលើដុំដីដុតនៅប្រទេសអេហ្ស៊ីបដែលមានរូបអ្នកលេងរែបាប់ក្នុងកាលបរិច្ឆេទអំឡុងឆ្នាំ១០០០ មុនគ្រឹស្តិសករាជ្យ។
- សំណេរយោងទី១ទៅលើឧបករណ៍កាម៉ាន់ចេ មានកាលបរិច្ឆេទប្រមាណ១២០០ឆ្នាំមុនឆ្នាំ២០១៩ (ដែលឯកសារយោងសរសេរ) គឺសតវត្សទី៩។
- នៅក្នុងអំឡុងពេលប្រមាណពីចុងសតវត្សទី១១ដល់ចុងសតវត្សទី១២ ឧបករណ៍តន្ត្រីអារ៉ាប់ រួមទាំងរែបាប់ត្រូវបានគេស្គាល់នៅអឺរ៉ុប។
- យោងទៅលើចម្លាក់ដែលជារូបតំណាង ខ្មែរយើងបានឆ្លាក់រូបឧបករណ៍ទ្រខ្មែរនៅលើជញ្ជាំងប្រាសាទបាយ័ន (ចុងសតវត្សទី១២-ដើមសតវត្សទី១៣)។
- ឧបករណ៍តន្ត្រីគ្រឿងខ្សែកូត បានហូរចូលពីប្រទេសពែរក្សទៅប្រទេសចិន ដែលមានប្រជាប្រិយភាពនៅក្នុងអំឡុងឆ្នាំ១២៧៩-១៦៤៤។
- ទ្រខ្សែបីថៃ ជាឧបករណ៍តន្ត្រីមួយក្នុងចំណោមឧបករណ៍ឯទៀតដែលគេបានបង្កើតឡើងនៅសម័យអាយុធ្យានាសតវត្សទី១៤។
- នៅក្នុងរាជវង្សសាហ្វាវីដ (១៥០១-១៧៣៦) គេបានចាត់ទុកឧបករណ៍តន្ត្រីកាម៉ាន់ចេនេះថាជាឧបករណ៍សំខាន់បំផុត ជាពិសេសនៅក្នុងចំណោមតន្ត្រីករប្រពៃណីដែលលេងភ្លេងនៅតាមផ្លូវនិងទីសាធារណៈ។
- ឧបករណ៍កាម៉ាន់ចេ ត្រូវបានគេកត់ត្រាជាឯកសារលើកទី១នៅប្រទេសពែរក្សនាសតវត្សទី១៩។
សរុបសេចក្តីមក យោងទៅលើឯកសារនិងកត្តាខាងលើ យើងអាចលើកជាសំណួរមួយចំនួនដើម្បីពិចារណា៖ ១) រូបតន្ត្រីករលេងឧបករណ៍រែបាប់ ដែលមានឆ្លាក់នៅលើដុំដីដុត មានកាលបរិច្ឆេទអំឡុងឆ្នាំ១០០០ មុនគ្រឹស្តិសករាជ្យ គេរកឃើញនៅប្រទេសអេហ្ស៊ីប អាចយកជាការបានដែរឬទេ? ២) ហេតុអ្វីបានជាគ្មានសកម្មភាពនិងព័ត៌មានពាក់ព័ន្ធនឹងប្រភេទឧបករណ៍រែបាប់ (ប្រភេទទ្រខ្សែបី) ពិភពលោក នៅក្នុងចន្លោះពេលយ៉ាងយូរ ពីអំឡុងឆ្នាំ១០០០ មុនគ្រឹស្តិសករាជ្យដល់អំឡុងសតវត្សទី៩ នៃគ្រឹស្តិសករាជ្យ (ជិតទៅ ២,០០០ឆ្នាំ)? ៣) ឯកសារមួយចំនួនបង្ហាញពីវត្តមានប្រភេទទ្រខ្សែបីនៅក្នុងអំឡុងឆ្នាំ១០០០ នៃគ្រឹស្តិសករាជ្យ ប្រហាក់ប្រហែលនឹងឧបករណ៍ទ្រខ្មែររបស់កម្ពុជា ដែលមានចម្លាក់រូបតំណាងនៅលើប្រាសាទបាយ័នជាតឹកតាង។ ឯកសារដែលមាន មិនបានបង្ហាញថាមានការធ្វើដំណើររបស់ប្រភេទទ្រខ្សែបីពីក្រៅប្រទេសមកកម្ពុជាឡើយ។ ទាំងអស់សុទ្ធតែជាការសន្មត។ ហេតុអ្វី? ៤) តើឯកសារខ្លះឬទាំងអស់ដែលអះអាងអំពីប្រភេទទ្រនៅក្រោមអត្ថបទសិក្សានេះអាចយកជាការបានដែរឬទេ? ខ្ញុំយល់ថាការស្រាវជ្រាវលើប្រធានបទនេះ ត្រូវបន្តទៅទៀតដើម្បីស្វែងរកភាពច្បាស់លាស់និងការពិតពាក់ព័ន្ធនឹងឧបករណ៍តន្ត្រីទ្រខ្សែបី៕
———————————————————————–
TROR KHMER: KHMER SPIKE FIDDLE ICONOGRAPHY OF THE BAYON TEMPLE
The present article attempts to examine the tror Khmer or tror khsae bey (three-stringed fiddle) in particular and the world spike fiddles in general. They are the Thai saw sam sai, Egyptian rebab, Indonesian and Malaysian rebab, Arabian and Afghan rebab, European rebec, Persian/Iranian kamanche: kamancha, tal, and gheichagh, and Azerbaijan kamancha.
In reference to the millennium-old world spike fiddles, extensive accounts have been provided by scholars. In her thesis, Bogen said:
. . . the notion of the bow reached China from Persia. The period of 1279-1644 was the time during which the spike fiddle was widely accepted by musicians in China. . . . one of the numerous spike fiddles with two strings tuned a fifth apart and is played with a horsehair bow. During 1644-1992 the spike fiddle was a part of almost every musical form in China. In northern China, the spike fiddle known as the banhu was implemented. Regardless, of the style of opera, some form of the spike fiddle was used. (2019: 11).
The Thai three-stringed saw sam sai was one of the instruments invented in the Sokhothai period (14th century) (Bogen 2019: 34). She claimed that the model for the saw sam sai most likely came from the Near East to India and was then traded. It is also thought to have come from Cambodia, as an almost identical instrument, the tror Khmer is found. “If the Khmer were using the instrument at the time the Thai conquered the nation, it is quite possible that the Thai adopted the saw sam sai from the tro Khmer” (ibid.: 35). [Note: The different spellings of tror or tro are intentional depending upon the sources cited.]
Unfortunately lacking thorough research, Bogen mentioned that “in regard to its origin it is possible to date the tro Khmer’s appearance in Cambodia but it is possible that it was introduced when the rebab made it [sic] appearance in Malaysia and Sumatra towards the end of the 15th century” (2019: 37). The iconography of the tror Khmer on the Bayon temple (late 12th-early 13th centuries) proved otherwise that the instrument already existed in Cambodia prior to the 15th century (see photograph). She also claimed that therefore, it can be assumed that the tro Khmer is a relative of the Iranian rebab (ibid.). Furthermore, she continued to say that “what is interesting is that the tro Khmer is the only bowed string instrument that has three strings. This may explain that the instrument was of foreign origin” (2019: 38).
From Java, the rebab traveled all over the world, and each nation had their own version of the spike fiddle. There is an interesting theory as to how the rebab and its family came to Europe. Musical historians have asserted that the Crusaders introduced certain oriental instruments into Europe. At the time, from about the end of the 11th century to the end of the 12th the Arabic instruments, including the rebab were no longer new in Europe (Engel n.d.: 79, Bogen 2019: 43). The rebab had a tremendous influence on European culture and this can be seen in the rebec (Bogen 2019: 43). The form of the rebab that became popular in Europe is known as the rebec, which influenced the development of the violin (Bogen 2019: 44).
Regarding the three-stringed spike fiddle kamanche, there are two dates given to the instrument. First, “the first written reference to the kamanche dates from 1200 years ago,” said Bogen. Second, she said that kamanche was first documented in Persia around the 19th century (2019: 55). In practice, there are three types of kamanche in Iran: kamancha, tal (lori kamanche with three or four strings), and gheichagh (Turkmen Sarah kamanche). Kamanche—three, four, or five strings—can also be found in Azerbaijan called kamancha.
Tror Khmer is a Khmer spike fiddle carved on the Bayon temple (late 12th-early 13th centuries). Tror Khmer is also known as tror ksae bey, which literally means “three-stringed fiddle.” The precise origin of tror Khmer is unknown. However, oral history reveals that the instrument has existed side by side with the Khmer people. It has been used in the worship of spirit and wedding ensembles for millennia.
Among the oldest Khmer musical Khmer musical instruments, its resonator (side to side is 6 inches, and top to bottom is 8 inches) is made from a dried coconut shell cut in thirds covered with lizard skin (pungroul) or snake skin (puoh pramaoy). Glued directly on to the skin is a piece of wax or blob of a thumb-size to create a vibration and nasal sound, a tone quality desired by Khmer musicians. The neck connected from the resonator is 31 inches long. The strings are made of silk or nylon. A detachable bow, whose hair is made of horsehair, sugar-palm fibers, or nylon threads, is used to play the instrument. The tuning of the tror Khmer is A (low string), D (middle string), and G (high string).
អត្ថបទដើម៖ បណ្ឌិ សំ សំអាង