ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈមរុត (Maruta) នៅក្នុងសិល្បៈខ្មែរ

មរុត (Maruta) នៅក្នុងសិល្បៈខ្មែរ

សិលាចារឹក​ប្រាសាទភ្នំហាន់ជ័យ (K.81) ចារជាភាសាសំស្រ្កឹតនៅស.វ.ទី៧ គាថាទី២១ បានរៀបរាប់ថា៖

          “នវេវយសិវ្ឬត្តស្យ                  យស្យរាជ្យភរោទ្យតះ

          ចិត្រិយតេកុមារស្យ               សៃនាន្យំមរុតាមិវ”។

ប្រែសម្រួលថា៖

          “តាំងពីនៅបឋមវ័យរហូតដល់ព្រះអង្គបានទទួលភារកិច្ចគ្រប់គ្រងដែនដី ព្រះអង្គ​មានព្រះតេជៈបារមី មានរស្មីភ្លឺថ្លា ប្រៀបដូចព្រះកុមារ ដែលដឹកនាំទ័ពមរុត (Maruta)

តើមរុតជាអ្វី? តើនៅក្នុងសិល្បៈខ្មែរគេបង្ហាញមរុតបែបណាខ្លះ?

មរុត (Maruta) ឬមាននាមមួយទៀតថា មរុតគណ (Marutagaṇa) គឺជាក្រុមកងទ័ពខ្យល់របស់ព្រះឥន្រ្ទនៅស្ថានសួគ៌ដែលបម្រើការឱ្យព្រះឥន្រ្ទ ហើយមានឫទ្ធានុភាពខ្លាំងអស្ចារ្យដោយអាចបំបែកពពកបង្កើតឱ្យមានភ្លៀងសម្រាប់ស្រោចស្រពដល់មនុស្សលោក។ នៅក្នុងព្រហ្មញ្ញសាសនា គេចាត់ទុកមរុតជាព្រះនៃពន្លឺ ផ្គរលាន់ និងខ្យល់ព្យុះ ដែលព្រះហស្តប្រដាប់ដោយពូថៅពណ៌មាស មានយានជំនិះជាសត្វសេះចម្បាំងដ៏មានឫទ្ធានុភាព។ ចំនួនទ័ពមរុតអាចប្រែប្រួលបានទៅតាមពេលវេលា ដោយជួនកាលមាន ២៧, ៤៩, ៦០ ឬជួនកាលទៀតមានលើសពី៦០ទ័ពក៏មាន។ ការបែកខ្ញែកឱ្យមានចំនួនច្រើនបែបនេះ ដោយសារព្រះឥន្រ្ទបានបំបែកខ្លួនមរុតជាបំណែកតូចៗកាលពីគេកំពុងស្ថិតនៅក្នុងផ្ទៃព្រះនាងទិតិដែលជាមាតា ដើម្បីបន្ថយអានុភាពនិងអំណាចរបស់មរុត ដ្បិតព្រះឥន្រ្ទយល់ថា មរុតមានចិត្តឃោរឃៅ និងអាចបង្កគ្រោះវិនាសដ៏ធំដល់ទ្រង់ និងស្ថានទេវតាទាំងមូល។ មរុត មានចរឹកឃោរឃៅខ្លាំង ដោយមានធ្មេញដែក អាចគ្រហឹមដូចសត្វតោ រស់នៅភាគ​ពាយព្យ និងគេចាត់ទុកជាកងទ័ពសង្រ្គាមវ័យក្មេង ដ្បិតពួកគេបានជួយព្រះឥន្រ្ទកម្ចាត់បិសាចវ្រិត្រ (Vritra)។

នៅក្នុងទេវកថាព្រហ្មញ្ញសាសនា រឿងដំណាលមរុតមានដូចតទៅ៖ “ព្រះនាងទិតិ ត្រូវជាមហេសីរបស់ឥសីកស្យប មានគំនុំជាមួយព្រះឥន្រ្ទយ៉ាងខ្លាំង ដោយសារព្រះឥន្រ្ទបានសម្លាប់កូនប្រុសដំបូងរបស់នាងឈ្មោះ “ទៃត្យស”។ មានថ្ងៃមួយ ព្រះនាងទិតិបានទូលព្រះស្វាមីរបស់ខ្លួនថា “ហេតុអ្វីបានជាពួកទេវតាតែងតែចង់កម្ចាត់កូនរបស់ខ្ញុំ ទោះបីជាបុត្ររបស់ខ្ញុំអង់អាចក្លាហានយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែចង់កម្ចាត់កូនរបស់ខ្ញុំ ហើយព្រះវិស្ណុតែង​នៅឈរខាងទេវតាមិនជួយខ្ញុំម្ចាស់ទេ” ឥសីកស្យាបបានតបថា៖ “បើព្រះវិស្ណុជួយទេវតាហើយ អ្នកនឹងមិនអាចធ្វើអ្វីបានឡើយ”។ ពេលនោះ ព្រះនាងទិតិក៏ស្រែកថា “សូមព្រះជាម្ចាស់ប្រទានបុត្រាមួយអង្គដ៏ខ្ញុំម្ចាស់មក ដើម្បីសម្លាប់ព្រះឥន្រ្ទចោល”។ ឥសីកស្យាបមិនចូលចិត្តព្រះឥន្រ្ទឡើយ តែទ្រង់ក៏មិនពេញចិត្តទៃត្យសដែលជាបុត្រាដែរ ហើយទ្រង់ដឹងច្បាស់ថាចក្រវាលនឹងវិលវល់ដរាបណាព្រះឥន្រ្ទមិននៅដឹកនាំបន្ត។ ឥសីបានប្រាប់អំពីត្រណមជាច្រើនដល់ព្រះនាងទិតិ ដើម្បីសម្រេចសេចក្តីប្រាថ្នាបំផ្លាញព្រះឥន្រ្ទ ដែលត្រណមនោះត្រូវប្រណិប័តន៍ពេញមួយឆ្នាំមានដូចតទៅ៖ ហាមធ្វើបាបសត្វ, ហាមនិយាយកុហកឬជេរអ្នកដទៃ, ហាមកាត់សក់និងក្រចក, ហាមប៉ះរបស់ស្មោកគ្រោក, ហាមងូតទឹកដោយជ្រមុជខ្លួនចូលក្នុងទឹក, ចេះទប់កំហឹង, ហាមនិយាយទៅកាន់មនុស្សមិនសក្តិសម, ហាមស្លៀកពាក់ស្អាត, ហាមពិសាររបស់ដែលអ្នកផ្សេងធ្លាប់ពិសារ, ហាមបរិភោគសាច់, ហាមផឹកទឹកដោយប្រើដៃ, ហាមចេញក្រៅពេលព្រលឹមនិងព្រលប់, ហាមដេកដាក់ក្បាលទៅខាងជើងនិងខាងលិច, ហាមដេកដោយមិនលាងជើងនិងជើងសើម, ហាមដេកជាមួយអ្នកដទៃ, ហាមដេកនៅពេលព្រលឹមឬព្រលប់, ត្រូវថ្វាយបង្គំគោ ព្រះព្រហ្ម និងលក្ម្ស៊ីមុនបរិភោគអាហារព្រឹក, ត្រូវគោរព​ប្រណិប័តន៍ស្រ្តីដែលកំពុងមានប្តី និងត្រូវគោរពខ្ញុំជាប្តីផង។ ឥសីបញ្ជាក់បន្តថា “ប្រសិនបើអ្នកអាចតមវ្រត ឬ ពុម្ស្វន (Vrata,​ Pumsvana) នេះបានពេញមួយឆ្នាំ បុត្រារបស់អ្នកកើតមកនឹងអាច​ដឹកនាំបងប្អូនទៅបំផ្លាញព្រះឥន្រ្ទបាន”។ ដំណឹងនេះបានឮទៅដល់ព្រះនាងអទិតិ ដែលត្រូវជាមហេសីម្នាក់ទៀតរបស់ឥសីកស្យប ហើយនាងក៏យករឿងនេះទៅទូលដល់ព្រះឥន្រ្ទ។ ព្រះឥន្រ្ទបានឮរឿងនេះហើយក៏ភ័យយ៉ាងខ្លាំង និងខំរកវិធីដើម្បីបំបែកពិធីសាសនារបស់ឥសីកស្យាបនិងនាងទិតិ។ ក្រោយមក ព្រះឥន្រ្ទក៏បានគប់វជ្រ(រន្ទះ) បំបែកកូនក្នុងផ្ទៃរបស់ព្រះនាងទិតិជាបំណែកតូចៗ ដើម្បីឱ្យកូននោះកើតមកពុំសូវមានឫទ្ធានុភាពខ្លាំងក្លា និងមិនអាចបំផ្លាញទ្រង់បាន។ ក្រោយមក ក្នុងរយៈពេល១០០ឆ្នាំកូន​នោះកើតមកបានឱ្យព្រះនាមថា “មរុត” ហើយព្រះឥន្រ្ទក៏យកមរុតទៅធ្វើជាកងទ័ពនៅស្ថានលើ ដ្បិត​ពួកគេមានគ្នាច្រើនក្រោយពីការបំបែកដោយគ្រាប់​វជ្ររបស់ទ្រង់ ហើយបានចាត់តាំងពួកគេជាអ្នកបម្រើទ្រង់ក្នុង​ការបំបែកពពកបង្កើតភ្លៀងសម្រាប់មនុស្សលោករហូតមក”។

នៅស.វ.ទី៧ សិល្បករខ្មែរបានស្គាល់រឿងនេះយ៉ាងច្បាស់ ទើបបានជាគេចារពីឈ្មោះទ័ពមរុតនៅក្នុងសិលាចារឹកដែលលើកឡើងខាងលើ។ ជាងនេះទៅទៀត ចម្លាក់មរុតបានពេញនិយម​យ៉ាងខ្លាំងនៅស.វ.ទី៧ ជាពិសេស គឺក្នុងរចនាបថសំបូរព្រៃគុកតែម្តង។ ចម្លាក់មរុតស្ទើរតែទាំងអស់គេបង្ហាញនៅលើផ្តែរទ្វារខាងកើតរបស់ប្រាសាទ ដោយគេឆ្លាក់រូបកងទ័ពមរុតជិះលើសត្វសេះនៅអមសងខាង​ព្រះឥន្រ្ទដែលគង់នៅលើដំរី។ រូបបង្ហាញអំពីមរុតយើងឃើញមានច្រើន​គួរសមដែលយ៉ាងតិចក៏មានជាង១៣ផ្ទាំងនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងនៅក្រៅពីតំបន់ប្រាសាទសំបូរព្រៃគុកមានលើសពី២០ផ្ទាំង។ ភាគច្រើនចម្លាក់មរុតដែលរកឃើញ​នៅក្រៅតំបន់ប្រាសាទសំបូរព្រៃគុក គេរកឃើញនៅខេត្តកំពង់ចាមដូចជា គុកត្រពាំងស្រុក វត្តតាំងក្រសាំង ភ្នំធំ វត្តសូភាស ដំបងដែក, ប្រាសាទផ្សេងទៀតក្នុងខេត្តកំពង់ធំដូចជា ព្រះធាតុរកា វត្តមហរ វត្តស្លែង គុកបារេង តាំងក្រសាំង ភូមិរុន វត្តបឹងខាងត្បូង គុកនគរ ទួលក្បិល និងប្រាសាទ​ដទៃទៀតនៅប្រទេសថៃសព្វថ្ងៃ។ ក្នុងឆ្នាំ២០១៥ លោក Ben Wreyford ធ្លាប់បានសិក្សាចម្លាក់មរុត​នេះយ៉ាងល្អិតល្អន់ ដោយលោកព្យាយាមរកអំណះអំណាងថា ទេពជិះសេះនៅអមព្រះឥន្រ្ទឆ្លាក់នៅលើផ្តែរទ្វាររចនាបថសំបូរព្រៃគុក គឺជា “មរុត” ពុំមែនជាអស្វិនដែលជាសេះបងប្អូនភ្លោះត្រូវជា​បុត្ររបស់ព្រះសូរ្យឡើយ។៧ ការសនិ្នដ្ឋានរបស់លោក គឺផ្តោតសំខាន់ទៅលើសិលាចារឹក និងចម្លាក់នៅលើផ្តែរទាំងមូលតំណាងឱ្យការបង្កើតភ្លៀងស្រោចស្រពផែនដី ព្រោះយើងឃើញមាន​ព្រះឥន្រ្ទនៅកណ្តាលជាទេពនៃផ្គររន្ទះ (ជាអ្នកបង្កើតទឹកភ្លៀង), មរុតជិះសេះ ជាទ័ពខ្យល់ និងជាអ្នកបំបែកពពកឱ្យមានភ្លៀង, ក្បាច់ដងធ្នូរាងកោងតំណាងឱ្យឥន្ធនូ៨, សត្វមករជាសត្វទេវកថាតំណាងឱ្យទឹកដូចសត្វនាគ, រំយោលផ្កាធ្លាក់ចុះមកក្រោមនិងគ្រាប់ឈូកតំណាងឱ្យដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកស្រោចស្រពផែនដី។៩ ជារួមមក មរុត គឺជាកងទ័ពខ្យល់និងជាអ្នកចម្បាំងដ៏ខ្លាំងក្លានៅស្ថានសួគ៌។ នៅស.វ.ទី៧ ខ្មែរបានស្គាល់ទេវកថាមរុតយ៉ាងច្បាស់ ដោយបានលើកយកមក​កត់ត្រានៅក្នុងសិលាចារឹក និងឆ្លាក់បង្ហាញជាចម្លាក់នៅតាមប្រាសាទជាច្រើន។ ជាទូទៅ សិល្បករខ្មែរឆ្លាក់រូបមរុតជិះសេះនៅអមសងខាងព្រះឥន្រ្ទដែលជាទេពនៃផ្គររន្ទះ និងជាលោកបាលប្រចាំនៅទិសខាងកើត ជាពិសេសយើងឃើញចម្លាក់នេះច្រើនជាងគេនៅតំបន់ប្រាសាទសំបូរព្រៃគុក។ ការឆ្លាក់និយមឆ្លាក់រឿងនេះឡើងទំនងមកពីខ្មែរយល់ថា ទឹកភ្លៀង គឺពិតជាភោគផលដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ។​ ទោះបីជាយ៉ាងណា នៅសម័យក្រោយមកទៀត ការបង្ហាញចម្លាក់មរុតជិះសេះ​អមសងខាងព្រះឥន្រ្ទគង់លើដំរីកម្រមានខ្លាំងណាស់ ពោល យើងឃើញមានតិចតួចបំផុតនៅចុងស.វ.ទី៨ (ផ្តែរទ្វារប្រាសាទខ្ទីងស្លាប់ ភ្នំគូលែន) តែការនិយមឆ្លាក់ព្រះឥន្រ្ទនៅលើផ្តែរទ្វារខាងកើតនៅតែពេញនិយមគ្រាន់តែមិនមានចម្លាក់មរុតអមសងខាងដូចនៅស.វ.ទី៧៕

———————————————————————–

Maruta in Khmer Art

Maruta, also known as Marutagaṇa, is Indra’s air force in the heavens, which serves Indra and is extremely powerful, breaking down clouds and creating rain for the world. In Hinduism, Maruta is considered to be the god of light, thunder, storm, and armed with a golden ax containing the vehicle is a powerful warhorse. In addition, Maruta is very cruel, with iron teeth that can roar like a lion living in the northwest, and is considered a young warrior because they helped Indra defeat Vritra.

In Hindu mythology, there is also a story describing the biography of Maruta since was born until Maruta became troops in heaven to serve Indra, as they were very powerful and numerous members after the breakup of Vajra weapon of Indra and assigned them to be his servants in breaking the clouds, creating rain for the world forever.

In Khmer art, the name Maruta is well known through the illustrating of inscriptions and sculptures in the Sambor Prei Kuk style, the 7th century. Most of the Maruta sculptures found in the Sambor Prei Kuk temple complex appeared on the lintels of the temple, which were carved as the Maruta troops riding on the horses on either side of Indra containing at least 13 lintels inside the Sambor Prei Kuk and more than 20 outside the Sambo Prei Kuk area. In addition, Maruta sculptures are also found on temples in Kampong Cham provinces, such as Kuk Trapang Sruk, Wat Tang Krasang, Phnom Thom, Wat Supheas, and Dambang Dek, and other temples in Kampong Thom, such as Preah Theat Roka, Wat Mohr, Wat Sleng, Kuk Bareng, Tang Krasang, Bhumi Run, South Wat Boeng, Kuk Nokor, and Tuol Kbil, as well as other temples in present-day Thailand.

In 2015, Ben Wreyford studied this sculpture in detail, trying to find the argument that the horse-riding deity on either side of Indra carved on the lintels of the Sambor Prei Kuk style was “Maruta”, was not Ahsvin (cavalryman) who is a horse twin of a child of lord sun. His conclusion is depended on the inscriptions and sculptures on the lintel entire representing the creation of rain for the world because lord Indra is in the center as the god of thunder (the creator of rain), Maruta is riding on the horse, the carving of a curved bow on lintel representing the rainbow, Makara, the flower tassels falling down and the lotus representing the raindrops falling Irrigate the earth. Overall, Maruta is an air force and a mighty warrior in the heavens. In the 7th century, the Khmer people were well acquainted with the myth of Maruta, which was recorded in inscriptions and carved in many temples. Cambodian artists generally carve a sculpture of Maruta as a riding horse on either side of Indra, the god of thunder and protector in the east, especially most illustrated in the area of ​​Sambor Prei Kuk. In later times, however, sculptures depicting Maruta riding horse on either side of Indra sitting on an elephant were very rare, as we saw very few at the end of the 8th century (on Lintel of Khting Slab Temple, Phnom Kulen) but the carving Indra on the east lintel is still popular, except that there are no Maruta sculptures on either side as in the 7th century.

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!