ទំព័រដើមប្រវត្តិសាស្ត្រព្រះស្កន្ទក្នុងគំនិតខ្មែរបុរាណ

ព្រះស្កន្ទក្នុងគំនិតខ្មែរបុរាណ

ស្កន្ទ (Skanda) ជាព្រះនាមមួយក្នុងចំណោមព្រះនាមទាំង១០៨របស់ព្រះស្កន្ទ ដែលជាពាក្យក្នុងភាសាសំស្រ្កឹតប្រែថា “លោត, វាយប្រហារ, ផ្ទុះ, កំពប់, វិនាស” ហើយព្រះនាមសំខាន់ៗផ្សេងទៀតដែលគេស្គាល់ទេពអង្គនេះ ដែលមានដូចជា កុមារ (Kumãra) កាត៌ិកេយ (Kãrtikeya) មុរុគន (Murugana) សុព្រហ្មន្យ (Subrahmanya)។

នៅក្នុងទេវកថាព្រហ្មញ្ញសាសនា គេចាត់ទុកទេពអង្គនេះ ជាទេពនៃសង្រ្គាម ឬជាមេទ័ពប្រចាំនៅស្ថានសួគ៌ ត្រូវជាបុត្ររបស់ព្រះឥសូរ និងព្រះនាងបវ៌តី ដែលមានយានជំនិះជាសត្វក្ងោក មានព្រះសិរមួយនិងប្រាំមួយ ព្រះហស្តកាន់ធ្នូ ដាវ រន្ទះ ពូថៅ លំពែង។ រឿងនិទានទាក់ទងនឹង ព្រះស្កន្ទមានច្រើនគម្ពីរណាស់ ហើយសាច់រឿងខ្លះផ្សេងៗពីគ្នាទៅតាមការរៀបរាប់របស់គម្ពីរនីមួយៗ។

ជាក់ស្តែងតាមកំណាព្យរបស់កុមារសម្ភវ (Kumãrasambhava) និទានថា៖ “មានអសុរមួយឈ្មោះថា “តរក” (Taraka) មានអំណាចនិងវេទមន្តខ្លាំងពូកែ ដ្បិតអសុរនេះបានទទួលពរពីព្រះឥសូរ។ អសុរនេះ បានដើរអុកឡុកកក្រើកស្ថានទាំងបី ក្នុងពេលដែលព្រះឥសូរកំពុងតាំងសមាធិ។ គ្មាននរណាអាចសម្លាប់អសុរនេះ​បានក្រៅពីថាមពលអំណាចរបស់ព្រះឥសូរឡើយ ពោល គឺបុត្ររបស់ព្រះឥសូរ។ ដោយមានកង្វល់ពីការអុកឡុករបស់អសុរនេះ អាទិទេពនៅស្ថានសួគ៌បានបញ្ជាឱ្យនាងបវ៌តីដែលជានារីមានចិត្តចង់រៀបអភិសេកជាមួយព្រះឥសូរ ចូលទៅលួងលោមព្រះឥសូរឱ្យរៀបអភិសេកនឹងខ្លួន និងក្នុងបំណងឱ្យព្រះឥសូរបោះបង់ការតាំងសមាធិទៅបង្រ្កាបបិសាចតរក។ ទោះបីជានាងបវ៌តីបានលួងលោមទ្រង់យ៉ាងក្តី ក៏ព្រះឥសូរមិនអើពើ និងបន្តតាំងសមាធិ។ អាទិទេព ក៏បានបញ្ជូនព្រះកាមទេព ដែលជាទេពនៃសេចក្តីស្នេហា ទៅលបបាញ់ព្រួញកាមទេពទៅព្រះឥសូរ ហើយព្រួញនោះបានបាញ់ចំព្រះឥសូរដូចប្រាថ្នា។ ក្នុងពេលនោះ ព្រះឥសូរខឹងយ៉ាងខ្លាំងក៏បានប្រើព្រះនេត្រទីបីដុតព្រះកាមឱ្យរលាយក្លាយជាផេះផង់រហូតមក។ បន្ទាប់មក ព្រះឥសូរក៏ព្រមរៀបអភិសេកជាមួយនាងបវ៌តី ប៉ុន្តែទ្រង់មិនអាចផ្តល់មេជីវិតដល់នាងបវ៌តីដើម្បីបង្កើតបុត្របានទេ ដោយហេតុថាទឹកកាមរបស់ទ្រង់មានអំណាចនិងក្តៅខ្លាំងដោយសារទ្រង់តមសោយអាហារយូរឆ្នាំក្នុងអំឡុងពេលតាំងសមាធិ។ អាទិទេព ក៏បញ្ជាឱ្យព្រះអគ្នីជួយអន្តរាគមន៍រឿងនេះ។ ព្រះអគ្នីបានទទួលទឹកកាមព្រះឥសូរដាក់លើបាតដៃ យកទៅទម្លាក់ចូលក្នុងបឹងមួយ ហើយទឹកកាមនោះក៏ចាប់កំណើតជាព្រះស្កន្តឡើង និងបានទៅកម្ចាត់អសុរតរកដូចក្តីបំណង”។

នៅសម័យបុរាណ ខ្មែរមានជំនឿទៅលើព្រះស្កន្ទមុតមាំខ្លាំងណាស់ ដ្បិតយើងដឹងស្រាប់ហើយ ទ្រង់ជាបុត្រព្រះឥសូរ ហើយសង្គមខ្មែរសម័យបុរាណព្រះឥសូរមានឥទ្ធិពលធំធេងណាស់។ ជាក់ស្តែងនៅរវាងស.វ.ទី៦-៧ គេរកឃើញចម្លាក់ និងបដិមាព្រះស្កន្ទ​ច្រើនណាស់ដូចជា ចម្លាក់ព្រះស្កន្ទឈរលើសត្វក្ងោកនៅសារមន្ទីរជាតិភ្នំពេញ (មិនស្គាល់ប្រភព) (រូបលេខ១-២), ចម្លាក់ព្រះស្កន្ទគង់លើក្ងោកមកពីទួលក្តីអង្គ (តាំងសារមន្ទីរហ្គីមេ) (រូបលេខ៣), ចម្លាក់ព្រះស្កន្ទគង់លើក្ងោកមកពីកំពង់ចាម (រូបលេខ៤), ព្រះស្កន្ទគង់លើក្ងោកនៅសារមន្ទីរកំពង់ធំ (រូបលេខ៥)។ ចំណែក នៅសម័យអង្គរវិញ ចម្លាក់ព្រះស្កន្ទក៏មានមិនច្រើនដែរ ហើយច្រើនសម្បូណ៌នៅស.វ.ទី១០-១១ ដូចជា ចម្លាក់ព្រះស្កន្ទឈរចាប់ព្រះហស្តព្រះឥសូរ  (រូបលេខ៦), ព្រះស្កន្ទគង់លើក្ងោក មកពីប្រាសាទក្រចាប់ (រូបលេខ៧), ព្រះស្កន្ទឆ្លាក់នៅលើផ្តែរវត្តកកោះ (រូបលេខ៨), ព្រះស្កន្ទឆ្លាក់នៅលើផ្តែរប្រាសាទភិមាឃ (រូបលេខ៩), ព្រះស្កន្ទឆ្លាក់រួមគ្នាជាមួយព្រះឥសូរជិះតោនៅពើងគំនូរ (រូបលេខ១០), ព្រះស្កន្ទ ឆ្លាក់រួមគ្នាជាមួយព្រះឥសូរ​ជិះតោនៅពើងត្បាល់ចំនួនពីរទីតាំង (រូបលេខ១១)។ល។ ប្រការគួរកត់សម្គាល់ រាល់ចម្លាក់ព្រះស្កន្ទភាគច្រើនក្នុងសិល្បៈខ្មែរ សិល្បករច្រើនឆ្លាក់រូបព្រះស្កន្ទក្នុងទម្រង់ជាកុមារ (ក្មេងតូច) មានព្រះសិរត្រឹមតែមួយប៉ុណ្ណោះ លើកលែងចម្លាក់នៅពើងគំនូរដែលបង្ហាញទ្រង់មានព្រះសិរចំនួនប្រាំមួយ។ ចំពោះរឿងទេវកថាដែលនិទានទាក់ទងនឹងកំណើ​តព្រះសិរប្រាំមួយរបស់ព្រះស្កន្ទ ក៏មាននិទាន​នៅក្នុងគម្ពីរជាច្រើនដែរ ហើយសាច់រឿងនីមួយៗក៏ខុសគ្នាតាមនោះដែរ។

រឿងមួយនិទានថា៖ “កាត៌ិកេយ (ស្កន្ទ) ជាបុត្ររបស់ព្រះអគ្នីមានម្តាយចំនួន ៦នាក់ ហើយអ្នកទាំង៦នាក់តែងតែឈ្លោះប្រកែកដណ្តើមគ្នាមើលថែទាំ និងបំបៅដោះព្រះកាត៌ិកេយ។ ដើម្បីបញ្ចប់ជម្លោះ ព្រះកាត៌ិកេយក៏ជប់ឱ្យមានព្រះសិរចំនួន៦ ដើម្បីឱ្យ​ម្តាយទាំងប្រាំមួយនាក់ស្រួលមើលថែទាំទ្រង់”។ ចំណែក រឿងមួយទៀតនិទានថា៖ ព្រះអគ្និបាន​លួចព្រះទ័យប្រតិព័ទ្ធប្រពន្ធចំនួន៦នាក់របស់ឥសីម្នាក់ឈ្មោះថា “អង្គិរស” ហើយក៏បានចូលសុំស្នេហា តែពួកនាងមិនព្រមស្រឡាញ់ឡើយ ព្រោះនាងស្មោះស្ម័គ្រតែចំពោះប្តីរបស់នាង។ រឿងនេះបានឮទៅដល់នាងស្វាហាដែលជាបុត្រីរបស់ស្តេចទក្ស និងជានារីម្នាក់ដែលបានចាប់ចិត្តលើ​ព្រះអគ្នីតាំងពីក្មេងមក ហើយធ្លាប់សារភាពព្រះអគ្នីដែរ តែទ្រង់មិនចាប់ព្រះទ័យ។ នាងស្វាហាក៏បានប្រែក្រឡាធ្វើជាប្រពន្ធរបស់ឥសីអង្គិរសដើម្បីចូលទៅរួមមេត្រីជាមួយព្រះអគ្គី ដោយពេលដំបូងនាងប្រែក្រឡាទៅនាងសិវា លើកទីពីរប្រែក្រឡាជានាងបក្សីគ្រឌី និងបាននិម្មិតជាប្រពន្ធឥសីជាបន្តបន្ទាប់ទៀត។ ម្ល៉ោះហើយ ទើបពេលព្រះស្កន្ទប្រសូត្រមានព្រះសិរប្រាំមួយ ដ្បិតព្រះអគ្នីបានរួមមេត្រីជាមួយនាងស្វាហាដែលប្រែក្រឡាទៅជានាងទាំងប្រាំមួយនាក់ជាប្រពន្ធឥសី

ដោយឡែក ក្រៅពីចម្លាក់ដែលបានរៀបរាប់ខាងលើ អ្វីដែលយើងអាចកត់សម្គាល់ជាពិសេសបាននោះគឺ ខ្មែរបុរាណបានកត់ត្រាព្រះនាមព្រះស្កន្ទប្រៀបធៀបជាមួយអំណាចព្រះរាជាខ្មែរទៀតផងនៅក្នុងសិលាចារឹក។ ឧទាហរណ៍ សិលាចារឹក​ប្រាសាទភ្នំហាន់ជ័យ (K.81) (រូបលេខ១២) ស.វ.ទី៧ គាថាទី២១ រៀបរាប់ថា៖

          “នវេវយសិវ្ឬត្តស្យ                  យស្យរាជ្យភរោទ្យតះ

          ចិត្រិយតេកុមារស្យ               សៃនាន្យំមរុតាមិវ”។

ប្រែសម្រួលថា៖

          “តាំងពីនៅបឋមវ័យរហូតដល់ព្រះអង្គបានទទួលភារកិច្ចគ្រប់គ្រងដែនដី ព្រះអង្គ​មានព្រះតេជៈបារមី មានរស្មីភ្លឺថ្លា ប្រៀបដូចព្រះកុមារ ដែលដឹកនាំទ័ពមរុត (Maruta)

សិលាចារឹកនេះផ្តល់ព័ត៌មានឱ្យយើងដឹងថា មនុស្សនៅសម័យបុរាណស្គាល់ច្បាស់ថា ព្រះស្កន្ទជាទេពខាងសឹកសង្រ្គាមនិងជាមេទ័ពដ៏អស្ចារ្យនៅស្ថានសួគ៌ក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ម្ល៉ោះហើយ ទើបបានគេចារជាកំណាព្យសំស្រ្កឹតឡើងប្រៀបប្រដូចអំណាចរបស់ព្រះរាជាដ៏ខ្លាំងក្លាដូចទេពអង្គនេះដែរ។ ពោល គឺគេប្រៀបធៀបព្រះបាទភវវរ្ម័នទី១ ដែលជាស្តេចអាណាចក្រចេនឡាសោយរាជ្យនៅរវាងឆ្នាំគ.ស.៥៩៨ ដល់ឆ្នាំ ៦០៦ ខ្លាំងក្លាដូចព្រះកុមារ ដែលជាព្រះនាមមួយរបស់ព្រះស្កន្ទ។ ជាពិសេសនោះ គឺគេស្គាល់យ៉ាងច្បាស់ថាព្រះស្កន្ទជាមេបញ្ជាការរបស់កងទ័ពមរុត ដែលជាកងទ័ពដ៏សំខាន់របស់ស្ថានសួគ៌ និងជាបុត្ររបស់នាងទិតិ។ ត្រង់ចំណុចនេះមានន័យថា ព្រះមហាក្សត្រនៅសម័យបុរាណប្រៀបដូចជាមេទ័ពដ៏ខ្លាំងក្លាក្នុងសឹកសង្រ្គាម ដែលតែងចូលរួម​ដឹកនាំទ័ពធ្វើសង្រ្គាមដោយផ្ទាល់ទៅគ្រប់ទិសទី ដូចមានរៀបរាប់នៅក្នុងគាថាផ្សេងទៀតនៃសិលាចារឹកភ្នំហាន់ជ័យនេះស្រាប់។

សិលាចារឹកមួយទៀតរកឃើញនៅវត្តហា ខេត្តព្រៃវែង ចុះបញ្ជីលេខ K.57 ចារក្នុងរាជ្យ​ព្រះបាទយសោវរ្ម័នទី១ បានរៀបរាប់ថា៖ “នៅមហាសករាជឆ្នាំ៨១១ ព្រះបាទស្រីយសោវរ្ម័នទី១ បានកសាងប្រាសាទមួយសម្រាប់ឧទ្ទិសដល់ព្រះស្រីកាត៌្តកេយ (ព្រះស្កន្ទ)”។ សិលាចារឹកនេះបង្ហាញថា​នៅស.វ.ទី៩ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩ – ៩១០) ទ្រង់ក៏មានការគោរពបូជាចំពោះព្រះស្កន្ទដូចគ្នា ដ្បិតទេពអង្គនេះជាបុត្ររបស់ព្រះសិវជាអាទិទេពធំជាងគេ។ ជារួមមក ព្រះស្កន្ទ គឺជាអាទិទេពខាងសឹកសង្រ្គាមឬចម្បាំងដ៏អស្ចារ្យក្នុងព្រហ្មញ្ញសាសនា ហើយទេពអង្គនេះ បានចាក់ដោតជ្រៅក្នុងផ្នត់គំនិតរបស់ខ្មែរបុរាណតាំងពីរវាងស.វ.ទី៦មកម្ល៉េះដូចមានបង្ហាញជាចម្លាក់និងសិលាចារឹក។ ការកត់សម្គាល់ជាពិសេសនោះគឺ នៅសម័យបុរាណគេបានប្រៀបប្រដូចអំណាចព្រះរាជា គឺព្រះបាទភវវរ្ម័នទី១ ឱ្យដូចនឹងព្រះស្កន្ទដែលជាមេទ័ពដ៏​ខ្លាំងក្លានៅស្ថានសួគ៌។ សព្វថ្ងៃ ឥទ្ធិពលព្រះស្កន្ទទៅលើសង្គមខ្មែរហាក់ថម​ថយចុះជាងមុនឆ្ងាយ ព្រោះបច្ចុប្បន្នយើងគោរពប្រណិប័តន៍ខ្លាំងទៅលើព្រះពុទ្ធសាសនាថេរវាទ។ ប៉ុន្តែ ពាក្យមួយដែលជាប់ទាក់ទងនឹងព្រះស្កន្ទ គឺពាក្យ “ស្កន្ទជាន់” នៅតែបន្តនិយាយមកដល់សព្វថ្ងៃ ដែលសំដៅទៅលើក្មេងដែលមានជំងឺប្រកាច់ មានអាការប្លែកៗ តឹងដើមទ្រូងផ្អើះៗ ក្តាប់ដៃក្តាប់ជើងជាដើម៕

—————————————————————-

Skanda in ancient Khmer concept

Skanda is one of 108 names of the Hindu god Skanda. It means to jump, attack, exploit, spill or perish. Some other names are Kumara, Kartikeya, Murugana and Subrahmanya.

In Hindu myth, he is a warrior or a general of heaven. He is a son of Lord Shiva and Goddess Parvati and has one head and six heads peacock as a vehicle. He holds a bow, sword, lightning, axe, and spear. There are many stories that describe him. For instance, Kumarasambhava says there is a demon named Taraka who got a blessing from Lord Shiva and nobody could destroy him except the energy of Lord Shiva. During Shiva is medication, the demon disturbs everybody in heaven so then the gods suggest goddess Parvati marry Lord Shiva. Unfortunately, lord Shiva did not agree. Thus, other gods request the god of Kām to help. Kām shoots an arrow and hits Shiva. Lord Shiva is angry and burns the god of Kām to the ash and then marries Parvati.

However, he could give his sperm to Parvati so he puts his sperm into a pond, and at that time Skanda was born to kill the Taraka demon. In the past, Khmer was strongly believing Skanda because he is the son of Lord Shiva who was a great god. There are many reliefs and statues of Skanda in the 6th-7th century. For instance, Skanda stands on peacock in National Museum of Cambodia, Skanda on peacock from Toul Kdei Ang (Guimet), Skanda on peacock from Kampong Cham, Skada on peacock from Kampong Thom museum. However, the reliefs of Skada in the Angkorian period are not many, excepts 10th and 11th century. For instance, Skanda stands on the arm of Shiva, Skanda on peacock from Prasat Kracap, Skanda carves on a lintel from Vat Kakoh, Skanda on a lintel of Phimai temple, Skanda and Shiva on a lion at Peung Kumnou, and two Skanda and Shiva on a lion at Peung Tbal.

Significantly, Skanda in Khmer arts tends to show in a young form with a single head. It is except Peung Kumnou where Skanda has six heads. 

There are various stories about Skanda. One among those stories says Skanda is a son of lord Akni with six mothers who always fight one another to look after him. Therefore, to stop this argument Skanda manifests six heads, one for one mother. Another story describes god Akni who loves the six wives of sage Angirasa, However, they do not love him. This story makes Svaha who is in love with god Akni angry badly. Svaha manifests herself as the six wives of the sage to sleep with god Agni. Therefore, Svaha gives birth to Skanda who has six heads.

However, according to the inscription Skanda is recorded to show the power of the King. For instance, the Han Chey inscription admires a King who has great power as Vrāh Kumāra (Skanda) who leads the soldiers Maruta. The description might compare King Bhavavarman I (598-606 CE) to Skanda. In addition, Prei Veng inscription K.57 carved in the reign of King Yasovarman I shows the worshipping of Skanda.

In conclusion, Skanda is a god of war or warrior in Hinduism. His name has been spreading in the Khmer concept since the 6th century. King Bhavavarman I was compared to him. In the present, worshipping of Skanda is decreasing because people are believing Buddhism. However, there is a word that might connect to him, Skan Chorn. Skan Chorn refers to a disease that usually occurs in children.

អត្ថបទដើម៖ លោក​ ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!