ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកលើចម្លាក់ឧមាមហេសូរគង់លើគោ K.១៤០៧

សិលាចារឹកលើចម្លាក់ឧមាមហេសូរគង់លើគោ K.១៤០៧

ប្រាសាទបាសែត មានឈ្មោះបុរាណថា «ស្រីជ័យក្សែត្រ» (ឝ្រីជយក្ឞេត្រ) ស្ថិតនៅ​ក្នុង​ភូមិបាសែត​ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង​ កសាងឡើង​នៅក្នុងរាជ្យព្រះបាទ​សូរ្យវម៌្មទេវ​ទី​១ (សូរ្យវរ័្មនទី១​៖ ១០០២ – ១០៥០ គ.ស.)។ ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ បាន​​​​ចាប់​​ផ្ដើម​ជួស​​ជុល​ប្រាសាទ​នេះ​ពីចុង​ឆ្នាំ២០១៥ និងបញ្ចប់គម្រោង​នៅក្នុងឆ្នាំ​២០១៨​។  នៅ​​កំឡុង​ពេល​ជួស​ជុលនោះ គេ​​បាន​រក​ឃើញ​បដិមា​មួយ​ចំនួន​ជា​បន្ដ​បន្ទាប់ ដែល​ក្នុង​ចំណោម​បដិមា​ទាំងនោះ​ ក្រុមការងារ​បាន​រកឃើញចម្លាក់​ឧមាមហេសូរគង់លើ​គោនន្ទី។ បច្ចុប្បន្ន​ចម្លាក់​នេះ​ដាក់តាំងបង្ហាញ​នៅ​ក្នុងសារមន្ទីរខេត្តបាត់ដំបង ដោយចុះលេខ បប.​ក.​០៨៤៤ ក្នុង​បញ្ជី​សារពើ​ភណ្ឌរបស់សារមន្ទីរ​ខេត្ត​បាត់ដំបង និង​ចុះលេខ K.១៤០៧ ក្នុង​បញ្ជី​សារពើ​ភណ្ឌ​សិលាចារឹកខ្មែរ​។

លោក ឡេង ស៊ីរ៉ង់​ បានព័ណ៌នា​បដិមានេះថាជាប្រភេទចម្លាក់ក្រឡោតខ្ពស់ ពោល គេអាចមើលឃើញរូបរាងបដិមាបានតែផ្នែកខាងមុខប៉ុណ្ណោះ ព្រោះនៅផ្នែកខាងក្រោយ​​នៃបដិមាមានផ្ទៃថ្មធ្វើជាជញ្ជាំងបិទបាំង។ ក្រៅពីនេះ ចម្លាក់មានលក្ខណៈផុសខ្លាំង​ចេញពីផ្ទៃជញ្ជាំង ដែលលក្ខណៈបែបនេះ ខុសពីប្រភេទចម្លាក់ក្រឡោតទាបដែលមានការផុសចេញពីផ្ទៃជញ្ជាំងតែបន្តិចបន្តួចតែប៉ុណ្ណោះ និងខុសពីប្រភេទចម្លាក់ទោលដែលមិនមានផ្ទៃថ្មនៅខាងក្រោយ ដែលអាចឱ្យយើងមើលឃើញដងខ្លួនទាំងស្រុងនៃបដិមា​។ រូបបដិមានេះមានការបាក់បែកខូចខាតផ្នែកសំខាន់ៗមួយចំនួន តែបើទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចមើលស្គាល់បានដែរថាបដិមានេះជាទេវរូបភេទប្រុស​គង់បញ្ឈរព្រះ​ជានុ​(ជង្គង់)ស្ដាំ ព្រះហស្ដដាក់លើព្រះឩរូទាំងសងខាង។ នៅខាងឆ្វេងទេវរូបប្រុស ជារូបទេវរូបភេទស្រីគង់បត់ព្រះបាទ ដែលព្រះហស្តស្ដាំចាប់ព្រះហស្តឆ្វេងទេវរូបប្រុស​។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតគឺ ទេវរូបទាំងពីរអង្គគង់លើសត្វជាពាហនៈដែលមានលក្ខណៈ​ជាសត្វគោ ដោយយើងអាចសង្កេតបានតាមរយៈរូបរាង ជើង និងជាពិសេសនៅផ្នែកបួរ ដែល​នេះជាលក្ខណៈពិសេសរបស់សត្វគោ។ តាមរយៈលក្ខណៈបដិមា​ខាងលើនេះធ្វើឱ្យយើងអាចសន្និដ្ឋានបានថា បដិមានេះជារូប «ឧមាមហេសូរ​គង់​លើ​គោនន្ទី» ដោយចម្លាក់ក្នុងទម្រង់បែបនេះ យើងប្រទេះឃើញយ៉ាងច្រើននៅក្នុងសិល្បៈខ្មែរ ដូចជាចម្លាក់ព្រះឧមាមហេសូរនៅលើផ្ដែរប្រាសាទព្រៃថ្នល់ខាងជើង ផ្ដែរប្រាសាទមឿងតាំ និងតាមហោជាងប្រាសាទខ្មែរជាច្រើនផ្សេងទៀត។

អត្ថបទចារឹកផ្នែកខាងមុខ

ចំណុចសំខាន់ដែលយើងនឹងលើកមកបង្ហាញនៅទីនេះ គឺ​អត្ថបទ​ចារឹក​ដែល​ចារ​នៅ​លើបដិមាមួយនេះ។ សិលាចារឹកនេះចារពីរភាសា គឺ​ភាសាខ្មែរ​សម័យអង្គរ និង​​ភាសា​​សំស្ក្រឹត។ បើពិនិត្យ​តាមទម្រង់អក្សរតែម្យ៉ាង​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ស្ថិត​នៅ​ក្នុង​អំឡុង​សតវត្សទី១០ ប៉ុន្ដែតាមទម្រង់សិល្បៈ នរនាម និង​តួ​លេខ​កាល​បរិច្ឆេទ​​ដែល​ដាច់​បាត់​​តួ​ខាងដើម យើង​អាច​សន្និដ្ឋាន​ថា​ចារ​ឡើង​ក្នុង​អំឡុង​ដើម​ស.វ.​ទី​១១ ក្នុងរាជ្យរបស់ព្រះបាទ​សូរ្យវម៌្មទី១។ តាម​ទម្រង់​សិល្បៈ​របស់​ចម្លាក់​នេះ​ គេ​អាច​ដឹង​​ថា​ស្ថិ​ត​នៅ​អន្ដរ​កាល​រវាង​រចនា​បថ​បន្ទាយស្រី​និង​រចនាបថ​ឃ្លាំង គឺរវាង​ពាក់​កណ្ដាល​ទី​ពីរ​សតវត្សទី១០ និង​ដើម​សតវត្ស​ទី១១។

យើងពុំអាចទទួលបានព័ត៌មានលម្អិត​​ទាំងស្រុង​នៃ​សិលាចារឹកនេះឡើយ​ ​ដ្បិត​ផ្នែក​​សំខាន់​ៗ បាន​បែកបាក់ដាច់ដោចសឹករេចរឹលដោយអន្លើ បណ្ដាល​ឱ្យដាច់បាត់​អត្ថបទ​សិលា​ចារឹក​មួយ​​ផ្នែកធំ។ នៅលើពោះគោនន្ទី មាន​ចារឹកតួអក្សរ «ឱំ » ជា​តួ​អក្សរ​ស័ក្ដិ​សិទ្ធិក្នុ​ង​ព្រហ្មញ្ញ​សាសនា និងប្រើ​នៅ​ខាង​ដើម​មន្ត្រគាថាក្នុងភាសាសំស្ក្រឹត​​។ ចារឹក​នៅត្រង់​បួរ  ស្មាមុខ និង​ផ្ទៃ​ខាង​មុខ​ នាំ​ឱ្យ​យើង​អាច​យល់​បាន​ថា រូបបដិមា​ឧមាមហេសូរ​(ព្រះ​នាង​ឧមា​គង់​​លើ​ភ្លៅ​​ព្រះ​ឥសូរ​)​គង់​​លើនន្ទី​នេះ គឺជាតង្វាយ​របស់ «ស្ដេងសិវាចារ្យ» ដែលជាអាចារ្យ​ព្រះ​​ក្រលា​អាច៌្ចន(ក្រលាបូជា) ថ្វាយចំពោះប្រាសាទបាសែតនេះ។ អត្ថបទ​នៅ​ផ្នែក​ខាង​ឆ្វេង ចារពីតង្វាយ​របស់​ស្ដេងសិវាចារ្យ​ដែលថ្វាយទ្រព្យ​ជារណ្ដាប់បូជា​ទៅ​ព្រះ​ឯ​លិង្គបុ​រ​(កោះ​កេរ) រួម​មាន​អង្ករ​សម្រិត​១ថ្លូង ប្រេង១មាស ជារៀងរាល់ឆ្នាំ។ អត្ថបទ​ខាង​ឆ្វេង​ផ្នែក​ខាង​ក្រោមនិង​បន្ដទៅ​ផ្នែក​ខាងស្ដាំ បង្ហាញ​ពីកាលបរិច្ឆេទដែលដាច់បាត់តួលេខខាងដើម​ និង​សាច់រឿងដែល​ទំនង​ជាស្ដេងសិវាចារ្យជាវដី ព្រមទាំងថ្លៃជាវនោះរួមមាន​ខាលប្រាក់ ឧបករណ៍គាប​ទឹក​ផ្លែឈើ និងកន្ថោរស្ដោះផងដែរ។ នៅផ្នែកខាងក្រោយ ជា​ផ្នែក​សំខាន់​នៃ​អត្ថបទ​ចារឹកនេះ ដែលមានចារជាភាសាសំស្ក្រឹត​និងខ្មែរបុរាណ ប៉ុន្ដែ​ដោយ​សារ​ថ្ម​បាក់​បែក​និង​សឹករេចរឹល​ មិនអាចទាញយកព័ត៌មានអ្វីបានច្រើននោះឡើយ ក្រៅ​តែ​ពី​ពាក្យ​ខ្មែរ​ប៉ុន្មាន​​ពាក្យ​ដែល​បង្ហាញ​ស្ដេងសិវាចារ្យជាវដី​ប៉ុណ្ណោះ។

តាមរយៈសិលាចារឹកភាសាខ្មែរ ព្រាហ្មណ៍ឈ្មោះ «សិវាចារ្យ» មានងារជា​ «ស្ដេង‍» «ស្ដេងអញ» និង «កំស្ដេងអញ»​ ដែលមានវត្តមានក្នុងសិលាចារឹក​តាំងពីរាជ្យព្រះបាទ​រាជេន្ទ្រ​​​​វម៌្មទេវ​​ (៩៤៤ – ៩៦៨ គ.ស.) រហូត​ដល់រាជ្យព្រះបាទ​សូរ្យវម៌្មទេវទី១។ យោង​តាម​សិលា​ចារឹក​ប្រាសាទភ្នំជីសូរ្យ K.៣៣ បាន​បង្ហាញ​ថា​ ស្ដេងសិវាចារ្យ ជាអ្នកស្រុក​ផ្នូរ​សម៉​(វ្នុរ៑​ស្រមោ) ដែលអាចស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឬក្នុងស្រុកពួក ខេត្តសៀម​រាប។ តាមសិលាចារឹកស្ដុកកក់ធំ K.២៣៥ ស្ដេងអញសិវាចារ្យ ជាចៅរបស់ស្ដេង​អញ​អាត្មសិវៈ និងជាបុរោហិតប្រចាំ​គម្ដែងជគតដ៏រាជ​ចាប់ពីរាជ្យ​ព្រះបាទ​ជ័យវម៌្មទេវទី៥ និង​ស្លាប់​នៅក្នុងរាជ្យ​ព្រះបាទ​សូរ្យវម៌្មទេវទី១។

តាមរយៈសិលាចារឹកថ្មីដែលរកឃើញនៅប្រាសាទបាសែតនេះ នៅផ្ទាំងខាងឆ្វេង​ នៅសល់កាលបរិច្ឆេទខាងចុងពីរតួគឺ «-៣០ឝក» ដែលយើងយល់ថាតួលេខដែលបាត់​នោះ ​​​គួរ​តែ​​ជាលេខ «៩» ពុំអាចជាលេខ «៨»​ នោះឡើយ។ ដូច្នេះកាលបរិច្ឆេទ​ដែល​រំលឹក​កាល​ពី​ស្ដេង​សិវាចារ្យ​ជាវដី(?)នោះ គឺ​មហា​សករាជឆ្នាំ​៩៣០ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ​១០០៨។ ចំណែកឯកាលបរិច្ឆេទ​ដែល​ដាច់​នៅសល់ត្រឹមលេខ «២» នៅផ្ទាំងខាងស្ដាំនោះ គួរតែជាមហាសករាជឆ្នាំ​៩៣២ ត្រូវ​នឹង​​គ្រិស្ដសករាជឆ្នាំ​១០១០។ ដូច្នេះ «សិវាចារ្យ» នៅ​ក្នុង​សិលាចារឹកនេះ គឺជា «ស្ដេង​សិវា​ចារ្យ​» ឬ «ស្ដេងអញសិវាចារ្យ» ដែល​ជា​អាចារ្យ​នា​ព្រះ​ក្រលា​បូជា​ និងជាបុរោហិតប្រចាំ​គម្ដែង​ជគតដ៏រាជ​ ដែល​បម្រើ​ការ​តាំង​ពី​រាជ្យ​ព្រះ​បាទ​ជ័យ​វម៌្មទេវទី៥ រហូតដល់​រាជ្យព្រះ​បាទ​សូរ្យវម៌្មទេវទី១៕

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!