ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់វិទ្យាធរ (Vidyãdhara) នៅសំបូរព្រៃគុក

ចម្លាក់វិទ្យាធរ (Vidyãdhara) នៅសំបូរព្រៃគុក

នៅឆ្នាំ១៩១៣ លោក Henri Parmentier និងភរិយារបស់គាត់ បានចាប់ផ្តើមសិក្សាអំពីសិល្បៈនិងស្ថាបត្យកម្មនៅតំបន់ប្រាសាទសំបូរព្រៃគុក។ បន្ទាប់មក នៅឆ្នាំ១៩២៧ លោកបានបោះពុម្ពផ្សាយសៀវភៅស្តីអំពីសិល្បៈខ្មែរដ៏ល្បីល្បាញមួយក្បាលមានចំណងជើងថា ‘L’art Khmer Primitif’។ អ្វីដែលគួរកត់សម្គាល់ នៅទំព័រដែលរៀបរាប់អំពីប្រាសាទសំខាន់នៅក្រុមខាងជើង (តួប៉ម N1) លោកបានរៀបរាប់ចម្លាក់មួយនៅលើហោជាងខាងលិច និងខាងជើងថា “អប្សរកំពុងហោះនៅខាងលើ” (des Apsaras volent au-dessus)។ ទោះបីជាយ៉ាងណា នៅក្នុងអត្ថបទខ្លីនេះយើងមិនយល់ស្របថាចម្លាក់នៅហោជាងតួប៉ម N1 នៃក្រុមប្រាសាទសំបូរនោះជារូបអប្សរទេ ប៉ុន្តែអាចជាតួអង្គនៅក្នុងព្រហ្មញ្ញសាសនាមួយប្រភេទដែលគេហៅថា “វិទ្យាធរ” (Vidyãdhara)។

វិទ្យាធរ គឺជាពាក្យសំស្រ្កឹតដែលមានន័យថា “អ្នកមានប្រាជ្ញា ឬអ្នកកាន់វិទ្យា” ដែលត្រូវបានគេចាត់ទុកថាជាឧបទេវក្នុងព្រហ្មញ្ញសាសនា រស់នៅជាមួយពួកកិន្នរ (Kinnaras) នៅភ្នំគន្ធមន្ធន (Gandhamandhana) និងភ្នំហិមាល័យ ដែលជាលំនៅដ្ឋានរបស់ព្រះសិវ។ នៅក្នុងទេវកថា វិទ្យាធរ មានរៀបរាប់នៅក្នុងគម្ពីរជាច្រើន ដែលសាច់រឿងមានភាពខុសគ្នាតិចតួច។ ជាក់ស្តែង នៅក្នុងគម្ពីរអគ្និបុរាណ (Agni Puraṇa) វិទ្យាធរ គឺជាអ្នកពាក់កម្រងផ្កានៅលើមេឃនិងអាចចាត់ទុកជាមនុស្សពាក់កណ្តាល ទេវតាពាក់កណ្តាល ដូចពួកយក្ស (Yakśa) និងពួកគន្ធវ៌ (Gandharva)ដែរ។ ចំណែនៅក្នុងរឿងរាមាយណ (Ramayaṇa) រៀបរាប់ថា ព្រះរាមបានឃើញស្រ្តីវិទ្យាធរ (វិទ្យាធរិ) រស់នៅលើភ្នំក្រៅន្ច (Kraucha) នៃតំបន់ចិត្រកុត (Citrakuta), ជ្រលងភ្នំមលពរ (Malabara) និងរស់នៅក្នុងព្រៃខន្ទវ (Khandava) ហើយវិទ្យាធរិ (ស្រ្តីនៃវិទ្យាធរ) តែងត្រូវយក្សរវន (Ravana) ចាប់ពង្រត់ និងរងគ្រោះថ្នាក់ត្រូវភ្នំមហន្រ្ទសង្កត់ដោយសារហនុមានរលំភ្នំនេះឆ្លងកាត់សមុទ្រទៅជួយព្រះនាងសីតា។ នៅក្នុងរឿងមហាភារត (Mahãbharata) ពួកវិទ្យាធរ ជាអ្នកដើរតាមព្រះឥន្រ្ទទៅកន្លែង​សត្វពស់ទេពរស់នៅ ដែលមានឈ្មោះថា “ជនមេជយ” (Janamejaya)។ ក្រៅពីនេះ នៅក្នុងគម្ពីរផ្សេងទៀតរៀបរាប់ថា ពពួកវិទ្យាធរមានរស់នៅក្នុងវិមានរបស់ព្រះកុបេរ​ ដែលដឹកនាំដោយ ឆក្រធម៌ន (Chakradharman) ព្រមទាំងមានរស់នៅវាំងរបស់ព្រះឥន្រ្ទដែលដឹកនាំដោយ វិប្រចិត្តិ (Vipracitti)។ នៅក្នុងទេវកថា គេច្រើនចាត់ទុកវិទ្យាធរជាវិញ្ញាននៃខ្យល់ ដែលតែងបង្ហាញជារូបភាពមើលការ​ប្រយុទ្ធ សំឡឹងមើលសមត្ថភាពមនុស្សក្នុងរូបភាពភ្ញាក់ផ្អើល ស្តាប់តន្រ្តីនិងសំណើច ផ្ការីក ពាក់​កម្រងផ្កា និងរូបភាពនាំប្រពន្ធ (វិទ្យាធរិ) រត់គេចពីគ្រោះថ្នាក់។ នៅក្នុងសិល្បៈមថុរា (Mathurã) របស់ឥណ្ឌា គេនិយមឆ្លាក់រូបវិទ្យាធរនៅក្នុងឈុតរឿងទេវកថាខ្លាំងណាស់ ដែលមានទាំងចម្លាក់ធ្វើអំពីដីដុត ថ្មភក់ លោហៈធាតុ។

ដោយឡែក ចម្លាក់វិទ្យាធរនៅតួប៉មប្រាសាទ N1 ដែលយើងលើកយកមកបង្ហាញនេះ គេឆ្លាក់នៅផ្នែកខាងលើបង្អស់របស់ហោជាង តែសព្វថ្ងៃនៅសល់តែហោជាងខាងជើងចំនួនពីរ និងហោជាងខាងលិចចំនួនមួយ ដោយសារតែផ្នែកខាងលើរបស់ប្រាសាទ​បានបាក់ធ្លាក់មកក្រោមអស់ ហើយរូបភាពដើមអាចមានចម្លាក់នេះស្ទើរគ្រប់ជ្រុងក៏ថាបាន យ៉ាងហោចណាស់ក៏មានបីជ្រុងដែរ (ស្មើប្រាំមួយរូប)។ ចម្លាក់ទាំងបីដែលនៅសល់សុទ្ធសឹងជាចម្លាក់ក្រុមវិទ្យាធរភេទប្រុស ក្នុងកាយវិការកំពុងហោះហើរបែរមុខរកគ្នា ដោយចម្លាក់នៅហោជាងខាងជើងដៃឆ្វេងច្រត់ចង្កេះនិងដៃស្តាំដាក់ទៅមុខ ជើងស្តាំដាក់រាបស្មើនិងឆ្វេងដាក់បញ្ឈរមកលើ។ 

ចម្លាក់វិទ្យាធរនៅសំបូរព្រៃគុក តួប៉ម N1 (ហោជាងខាងលិច)

ចម្លាក់នៅហោជាងខាងលិចវិញ ដោយសារចម្លាក់រលុបដៃម្ខាង ដូច្នេះយើងឃើញនៅសល់តែដៃឆ្វេងលើកខ្ពស់មកក្រោយខុសពីចម្លាក់នៅហោជាងខាងជើង តែជើងទាំងពីរមានកាយវិការដូចរូបនៅហោ​ជាងខាងជើងដែរ។ ចម្លាក់ទាំងបីមានការតុបតែងសក់និងខ្សែក្រវ៉ាត់ចង្កេះថែមទៀតផង។ ការឆ្លាក់ចម្លាក់នេះឡើង ទំនងក្នុងបំណងបង្ហាញអំពី​ឈុតទេវកថាអ្វីមួយនៅលើហោជាង តែគួរ  ឱ្យសោកស្តាយចម្លាក់ទាំងអម្បាលម៉ានបានជ្រុះក្បាច់​អស់បាត់ មិនអាចឱ្យយើងដឹងថាគេបង្ហាញឈុតឆាករឿងអ្វី។ ក្នុងតំបន់សំបូរព្រៃគុកទាំងមូល ចម្លាក់វិទ្យាធរកម្រមានខ្លាំងណាស់ ពោល គឺមានតែនៅ តួប៉ម N1 ប៉ុណ្ណោះ។ ប៉ុន្តែនៅសម័យកាលស.វ.ទី៧ដូចគ្នា យើងប្រទះឃើញចម្លាក់នេះឆ្លាក់នៅលើផ្តែរទ្វារប្រាសាទគុកព្រះធាតុធំ (បន្ទាយព្រៃនគរ) ហើយនៅលើ​ផ្តែរទ្វារមួយមិនស្គាល់ប្រភពយើងឃើញចម្លាក់តួអង្គមធុ និងកៃដភ ដែលជាតួអង្គលួចគម្ពីររបស់ព្រះព្រហ្ម ឆ្លាក់ក្នុងកាយវិការហោះហើរស្រដៀងនឹងចម្លាក់វិទ្យាធរនេះដូចគ្នា។​

ផ្តែរទ្វារប្រាសាទគុកព្រះធាតុធំ ខេត្តត្បូងឃ្មុំ បង្ហាញចម្លាក់ពីរក្នុងទម្រង់ហោះដូចវិទ្យាធរ
ផ្តែរមិនស្គាល់ប្រភព បង្ហាញអំពីតួអង្គមធុនិងកៃដភ ហោះដូចវិទ្យាធរ (ប្រភព៖ Emma & Douglas)

នៅសម័យអង្គរ ចម្លាក់វិទ្យាធរនៅតែបន្តវត្តមាននៅតាមហោជាង ក្នុងឈុតទេវកថាផ្សេងៗ ជាពិសេសទេវកថាដែលទាក់ទងនឹងព្រះសិវ ឧទាហរណ៍ចម្លាក់ហោជាង​ប្រាសាទធម្មនន្ទដែលបង្ហាញអំពីរូបព្រះសិវសមាធិ យើងឃើញសិល្បករបង្ហាញចម្លាក់វិទ្យាធរិពីរអង្គកំពុងហោះហើរអមសងខាងព្រះសិវ។

ជារួមមក ចម្លាក់វិទ្យាធរ គឺជាចម្លាក់មួយប្រភេទដែលកម្រមាននៅតំបន់ប្រាសាទសំបូរព្រៃគុក និងនៅសម័យមុនអង្គរទាំងមូល។ ការឆ្លាក់ចម្លាក់នេះឡើងស្តែងឱ្យឃើញអំពីឥទ្ធិពលនៃការទទួលអារ្យធម៌ឥណ្ឌាដ៏ធំធេងរបស់ខ្មែរនៅសម័យនោះ ដែលមានន័យថា ទោះបីចម្លាក់តូចតាចក្តីក៏ខ្មែរអាចចេះដឹងនិងស្គាល់អំពីតួអង្គទេវកថាព្រហ្មញ្ញសាសនាបានយ៉ាងច្បាស់ ហើយបង្ហាញជា​ចម្លាក់ឡើង។ ទោះបីចម្លាក់វិទ្យាធរមិនសូវពេញនិយមនៅក្នុងស.វ.ទី៧ក្តី ក៏ចម្លាក់នេះនៅតែបន្តវត្តមាននៅសម័យក្រោយៗមកទៀត ជាពិសេស គឺបង្ហាញជាមួយឈុតឆាកទេវកថាផ្សេងៗដែល​ច្រើនទាក់ទងនឹងព្រះសិវ៕

—————————————————————–

Relief of Vidyādharas in Sambo Prei Kuk

In 1913, Henri Parmentier and his wife started to study the art and architecture of Sambo Prei Kuk and a book called L’art Khmer Primitif was publishedin 1927. A point described a temple in the north group N1, Henri Parmentier mentioned a relief as Apsaras flying overhead. In contrast to the figure of Apsaras, the flying figures are Vidyadharas.

Vidyādhara is a Sanskrit word that means a knowledgeable person or wisdom-holder. Vidyādharas are living among Kinnaras in Gandhamandhana and Himalaya, where is the place of Lord Shiva. Vidyādhara has been described differently in many scripts. In Agni Purana, Vidyādhara is described wearing garland in the sky and revealed with other semi-divine beings like Yakshas and Gandharvas. In Ramayana, Ram saw Vidyādhari living on Kraucha mountain at Citrakuta, Malabara valley. Additionally, they live in the Khandava forest. Vidyādharis or the women of Vidyādharas were victims of kidnapping by Ravana and receiving pressure from mount Mahendra while Hanuman tries to cross the ocean for helping Sita. In Mahābharata, Vidyādharas are following Indra to the serpent-sacrifice of Janamejaya. Besides the above scripts, Vidyādharas live in the palace of Kubera and has Chakradharman as a leader or live in the court of Indra under Vipracitti. In Hindu myth, Vidyādharas are the spirits of the air. They are shown watching combat, gazing at human competence with amazement, delight with music and hilarity, wearing a garland, and escaping with their wives from danger. In Mathura’s art, Vidyādharas were popular. There are Vidyādharas made of ceramic, sandstone, and metal. 

Remarkably, Vidyādharas from the N1 temple were carved on the upper part of the lintel. Unfortunately, there are only two lintels in the north and a lintel in the west. The top part of the temple collapsed. However, the reliefs of Vidyādharas might be present on three sides. The three remaining flying Vidyādharas are facing one other. Vidyādhara on the northern lintel puts the left hand on the waist, the right-hand puts forward, and the left foot puts slightly in a squat position. Vidyādhara on the west’s lintel remains only left hand which raising upward. Vidyādharas has a beautiful design on the hair and the belt. These presentations might be illustrating a scene in Hindu myth. Unfortunately, the decay ruins the information. 

The reliefs of Vidyādharas are rare in Sambo Prei Kuk, except N1 temple. In the same period, the 7th century, Vidyādharas appeared in Prasat Kuk Preah Theat Thom (Banteay Prei Nokor) and on an unknown lintel found the relief of Madhu and Kaidhabha, who are the thieves who stole the script of Brahma. They were carving in flying form similar to Vidyādharas. In the Angkorian period, reliefs of Vidyādharas appear on lintels to describe the scenes in Hindu myth, especially related to Shiva. For instance, the lintel of the Dhammanan temple shows meditating Shiva with two flying Vidyādharas. 

In conclusion, the relief of Vidyādhara is rare in Sambo Prei Kuk and also rare in the Pre-Angkorian period. The reliefs show the influence of Indian art. Khmer artists in the past known in detail the divinities in Hinduism and beautifully showed them in art. The relief of Vidyādhara was rare in the 7th century but continued to appear in later periods with the various scenes and, mainly related to Shiva.

អត្ថបទដើម៖ លោក ម៉ង់ វាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!