ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយ​ផូស៊ីល​​ឈើ​ ស្រុក​សៀម​បូក​ ខេត្តស្ទឹង​ត្រែង​​

ស្ថានីយ​ផូស៊ីល​​ឈើ​ ស្រុក​សៀម​បូក​ ខេត្តស្ទឹង​ត្រែង​​

ផូស៊ីល​ឈើ ​(Petrified Wood) ​បាន​រក​ឃើញនៅ​សង​ខាង​ទន្លេ​មេគង្គ ​ ​ក្នុង​ភូមិ​សាស្ត្រស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​សង​ខាង​ដង​ទន្លេ​មេគង្គ។​​ តាមរយៈ​ផែន​ទី​ភូគព្ភ​សាស្ត្រ​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា​ ស្ថានភាព​ដី​នៃ​តំបន់​នេះ​មាន​អក្សរ​សំគាល់​ T3-J2ss ដែល​ជា​តំបន់​នៃ​ពពួក​សិលា​ចាក់​បង្គរ មាន​​ថ្មភក់​ក្រហម ដីឥ​ដ្ឋ​ជា​ដើម​ ដែល​ស្ថិត​ក្នុង​ចុង​សម័យ​កាល​ Triassic (២២៨លានឆ្នាំ) និង​ពាក់​កណ្តាល​សម័យ​កាល Jurassic​​ (១៦១លាន​ឆ្នាំ​)។​ ទីតាំង​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​នៅ​តាម​កោះ​ ដូចជា​កោះ​ស្រឡៅ​ កោះ​ព្រះ​ ក្នុង​ផែន​ទី​មាន​អក្សរ​សំគាល់​ Q2a ជាទីតាំង​ដែល​មាន​ដី​ចាក់​បង្គរ ដែល​ស្ថិត​ក្នុង​សម័យ​កាល​ Quaternary (អាយុកាល​ប្រមាណ​២លាន​ឆ្នាំ​និង​បន្ត​មក​បច្ចុប្បន្ន)​។ ថ្វី​ត្បិត​អាយុ​កាល​នៃ​តំបន់​នេះ​មាន​ភាព​ខុស​គ្នា​ គឺ​វា​បាន​បង្ហាញ​អំពី​ការ​ចាក់​បង្គ​នៃ​ឥទ្ធិពល​របស់​ទន្លេ​មេគង្គ​​មក​លើ​តំបន់​កោះ​ទាំង​នោះ​។ ​ក្រុម​ការងារសិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​ អគ្គ​សហគមន៍​មូល​ដ្ឋាន នៃ​ក្រសួង​បរិស្ថាន​ បាន​ទៅ​ដល់​ទីតាំង​នោះ​កាល​ពី​ឆ្នាំ​២០១៩​។

ផូស៊ីល​ឈើភាគច្រើន​បាន​រក​ឃើញ​នៅក្នុង​តំបន់​កោះ​ព្រះ និង​សង​ខាង​ដង​ទន្លេ​មេគង្គ​ដោយ។ តាមរយៈប្រជាជនស្ថិតនៅទីតាំង​​ភូមិ​ស្រែ​ក្រសាំង​ ឃុំ​ស្រែ​ក្រសាំង​ ស្រុកសៀម​បូក​​បានឱ្យដឹងថា​ មាន​គគីរ​ថ្ម​ជា​ច្រើន​បាន​លេច​ចេញ​ពីដី​ និង​ខ្លះ​កប់​ក្នុង​ដី​ប្រមាណ​១​ម៉ែត្រ​ ​និងខ្លះទៀត​ក៏​បាន​លេច​ចេញ​មក​តាម​ច្រាំង​នៃ​ទន្លេ​មេ​គង្គ​ផង​ដែរ​។ តាមរយៈ​ផូស៊ីល​ឈើ​ដែល​អ្នក​ស្រុក​​ប្រមូលបាន​ គឺ​មាន​ប្រ​ភេទ​ខុស​ៗ​គ្នា។​ ក្នុង​ភូមិ​សាស្រ្ត​ដដែល​ យើង​ក៏បានប្រទះឃើញផូស៊ីលឈើ​ស្ថិតក្នុង​សាលា​បឋម​សិក្សា​មួយ​នៅ​ចំងាយ​ប្រមាណ​១​គី​ឡូ​ម៉ែត្រ​ពី​ដង​ទន្លេ​មេគង្គ​ ដែល​​លេច​ចេញ​ក្នុង​ពេល​ដែល​គេ​ឈូស​ឆាយ ​ធ្វើ​ជាតារាង​បាល់​របស់​សាលា​។​  

ផូស៊ីល​ឈើ​ប្រ​ភេទ​ខុស​ៗ​គ្នា

ផូស៊ីល​ឈើ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ស្រទាប់​ដី​ឥដ្ឋ​ លាយ​ឡំ​ជា​មួយ​គ្រួសអាចម៍​ផ្កាយ​ជា​ច្រើន​ ដែល​បង្ហាញ​ថា​កាលពី​អតី​តាល​ក្នុង​ពេល​ណា​មួយ​មាន​ការ​ហូរ​ច្រោះ​ខ្លាំង ដោយ​ទឹក​​បាន​នាំ​មក​នៅ​ពពួក​គ្រួស​ចាក់​បង្គគ្របដណ្តប់លើ​ដើម​ឈើ អាចក្នុង​រយៈ​ពេល​រាប់​ម៉ឺន សែន​ឬ​លាន​ឆ្នាំ​ ទើប​ធ្វើ​ឱ្យ​ដើម​ឈើ​បាន​ក្លាយ​ទៅ​ជា​ថ្ម​។​ ចំពោះទីតាំងរកផូស៊ីលឈើមួយទៀត ដែលស្ថិតនៅតាមផ្លូវ​ធ្វើដំណើ​រឆ្លង​កាត់​កោះ​ព្រះ​ ដោយក្រុមការងារ​បាន​ជួប​ប្រទះ​ផូស៊ីល​ឈើ​ជាច្រើនន​ក្នុង​ជម្រៅ​ប្រមាណ​១ម៉ែត្រ​​។ ហើយ​ពួក​នេះ​ គឺ​ស្ថិត​នៅក្នុង​ស្រទាប់​ដី​ឥដ្ឋ​ និង​មាន​ស្រទាប់​គ្រួស​អាចម៍​ផ្កាយ​នៅ​ពី​លើ​ដូច​គ្នា​។​

​ស្រទាប់​គ្រួស​អាចម៍​ផ្កាយគ្របដណ្តប់លើផូស៊ីលឈើ

ដោយឡែកទីតាំងឆ្លង​ពី​កោះ​ព្រះ​ទៅ​កាន់​ត្រោយ​ម្ខាង​នៃ​ទន្លេ​មេគង្គ​ ស្ថិត​នៅ​ក្នុង​ស្រុក​សៀម​បូក​ ក្នុង​​ដែន​ជម្រក​សត្វ​ព្រៃ​ ព្រៃ​ឡង់​ ភូមិ​សាស្រ្ត​ខេត្តស្ទឹង​ត្រែង​។​ ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ក្នុង​ទីតាំង​មួយ​ មានចំងាយប្រមាណ​៧​គីឡូ​ម៉ែត្រ​ពី​ដង​ទន្លេ​មេគង្គ​ ផូស៊ីល​ឈើ​មួយ​ចំនួន​បាន​លេច​ចេញ​នៅ​ក្នុង​អូរ​ដែល​មាន​ជម្រៅប្រ​មាន​២​ម៉ែត្រ​។​ យើង​បានបន្ត​ដំណើរ​តាម​ដង​ទន្លេ​មេគង្គរហូតដល់ក្បែរព្រំប្រទល់ខេត្តក្រចេះ ក៏បានជួបបំណែក​ផូស៊ីល​ឈើ​តូចៗនៅ​តាម​ផ្លូវ​ផង​ដែរ​។​

ផូស៊ីល​ឈើរកឃើញដង​ទន្លេ​មេគង្គ​

តាមរយៈ​ភស្តុតាង​នៃ​ទីតាំងដែលរៀបរាប់ខាងលើ យើង​ឃើញ​ថា​បរិ​វេណនៃ​ផូស៊ីល​ឈើ​ស្រុ​ក​សៀម​បូក​ បាន​លាត​សន្ធឹង​ប្រ​មាណ​៣០​គី​ឡូ​​ម៉ែត្រ​ នៅ​តាម​កោះ​មួយ​ចំនួន​ និង​សង​ខាង​ដង​ទន្លេ​មេគង្គ​ និង​អាច​លាត​សន្ធឹង​ទៅ​កាន់​ខេត្ត​ក្រ​ចេះ​ផង​ដែរ​។ បាតុ​ភូត​នេះ​ប្រ​ហែល​ជា​កើត​មាន​ក្នុង​ពេល​វេលា​មួយ​ដែល​មាន​ទឹក​ហូរ​ខ្លាំង​ ចាក់​គ្រប​ទៅ​លើ​រុក្ខ​ជាតិ​ដែល​តំបន់​ទាំង​នោះ​ជា​ព្រៃ​កាល​ពី​បុរាណ​។​ ចំពោះ​អាយុ​កាល​យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ វា​អាច​ស្ថិត​នៅ​ចន្លោះ​រវាង​សម័យ​កាល Jurassic ​មក​កាន់​សម័យ​កាល​ Quaternary (អាយុកាល​ប្រមាណ​២លាន​ឆ្នាំ​)​។ ប្រ​ភេទ​ដែល​ឃើញ​នៅ​តំបន់​នេះមាន​លក្ខណៈ​ខុស​ពី​ប្រ​ភេទ​ផូស៊ីល​ដើម​ឈើ​ដែល​​ឃើញ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​លំ​ផាត់​ ខេត្ត​រតន​គិរី​ ។​ តែ​ពួក​នេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​និង​ផូស៊ីល​ដើម​ឈើ​ដែល​រក​ឃើញ​នៅ​ភ្នំ​គូលែន​។​ យើង​សង្ឃឹម​ថា​នឹង​អាច​មាន​ការ​សិក្សា​ស្រាវជ្រាវ​ជា​បន្ត​ទៀត​នាពេល​អនាគត​៕

អត្ថបទដើម៖ លោក លឹម​ វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!