ទំព័រដើមប្រវត្តិសាស្ត្រ«ខ្ញុំ» និង «អញ» (ភាគ២)

«ខ្ញុំ» និង «អញ» (ភាគ២)

នៅក្នុងអត្ថបទភាគ១ ស្ដីពីពាក្យ «ខ្ញុំ» និង «អញ» យើងបានបង្ហាញអំពីពាក្យ «ខ្ញុំ» រួចមកហើយ​ថា នៅសម័យមុនអង្គរនិងអង្គរ ពុំឃើញមានប្រើពាក្យនេះជាសព្វនាមបុរិសៈ​ បុរសទី១ឡើយ។ លុះមកដល់សម័យកណ្ដាល​អំឡុងសតវត្សទី១៧-១៨ ទើប​យើង​ឃើញពាក្យនេះប្រើខ្លះក្នុងដើមដដែល និងខ្លះប្រើជាសព្វនាមបុរិសៈ បុរសទី១។ ដូច្នេះ យើង​នឹង​បង្ហាញ​ថា​តើពីសម័យ​បុរាណ ពោលគឺសម័យមុនអង្គរនិងអង្គរ ខ្មែរយើងប្រើប្រាស់ពាក្យអ្វីសម្រាប់ហៅខ្លួនឯង?

ផ្អែកតាម​ភស្ដុតាងភាសាខ្មែរតាមរយៈសិលាចារឹក បានបង្ហាញថា នៅសម័យបុរា​ណ ខ្មែរប្រើពាក្យ «អញ» សម្រាប់ហៅខ្លួនឯង។ នៅសម័យមុនអង្គរ ពាក្យនេះមានសំណេ​រជា «អញ៑» និង «អញ្ញ» ដែលសំណេរ «អញ‍៑» លេចឡើងច្រើនជាងគេ។ មកដល់សម័យអង្គរ ពាក្យ​នេះ នៅតែរក្សារូបរាងសំណេរ​ ដូចសម័យមុនអង្គរដដែល និងមានសំណេរមួយទៀតគឺ «អញ» ដែលចាប់ផ្ដើមមាននៅពេលដែលសញ្ញាវិរាម «៑» លែងប្រើប្រាស់ជាទៀងទាត់ដូចមុន។ សំណេរ «អញ» នេះបន្ដប្រើរហូតមកដល់សម័យកណ្ដាល និងពេលបច្ចុប្បន្នផងដែរ។ បើយើង​ពិនិត្យ​មើល​លើ​បម្រែបម្រួលសំណេរស្រៈ «អ» ពីបុរាណ​មកជាសំណេរស្រៈ «អា» និង «អា់» នាពេលក្រោយៗមក យើង​ក៏ឃើញ​ថា​សំណេរពាក្យ «អញ» មាន​សរសេរទៅជា «អាញ» និង «អាញ់» ឬជា «អ័ញ» ផងក៏មាន។ យ៉ាងណាក្ដី នៅពេលមានវចនានុក្រម ក្រុមជំនុំ​សម្រេចយកសំណេរ «អញ» ជាអក្ខរាវិរុទ្ធ ហើយកំណត់ឱ្យអានថា [អាញ់] និងចាត់ទុកជាអញ្ញត្រសព្ទ។

សិលាចារឹកសម័យមុនអង្គរ K.១០១០

ពាក្យ «អញ» នេះ ប្រើសម្រាប់មនុស្សទូទៅ គ្រប់វ័យ គ្រប់ឋានៈតួនាទី នៅក្នុងសង្គម​ខ្មែរបុរាណ។ ជាក់ស្ដែង ដូចនៅក្នុងសិលាចារឹកប្រាសាទក្ដីតាគម K.២៤៥ ម្ចាស់សិលាចារឹកដែលមិនបានបញ្ចេញឈ្មោះ បានឱ្យហៅខ្លួនរបស់គាត់​ថា «អញ» ដូចមាននៅ​ក្នុងឃ្លា៖ «…អញ៑អញ្ជេញ៑កំម្រតេង៑អញ៑វ្រះគុរុស្ឋាបនា អញ៑ឱយ៑តម្រ្យអ្សេះទក្ឞិណានេះវ្រះនេះផោង៑ តិអញ៑ឱយ៑តក្វន៑អញ៑…» (K.២៤៥៖ បន្ទាត់២១-២៣) ដែលអាចសម្រួលជាភាសា​ខ្មែរទំនើបបានថា «…អញអញ្ជើញគម្ដែងអញព្រះគ្រូស្ថាបនា អញឱ្យដំរី សេះ ជាតង្វាយទក្ខិណា(សម្រាប់ការស្ថាបនា)ព្រះនៅទីនេះ ដែលអញឱ្យដល់កូនអញ…»។

អ្វីដែលកាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការប្រើពាក្យ «អញ» នាសម័យ​បុរាណ ចំពោះមនុស្សទូទៅ គ្រប់ឋានៈនោះ យើងអាចពិនិត្យ​ទៅលើសិលាចារឹក​តាកឹង ស្ថិតនៅក្នុងអតីតរាជធានីសម្ភុបូរ បច្ចុប្បន្នស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។ ​សិលា​ចារឹក​នេះ​ចារនៅឆ្នាំ​១០០១ បង្ហាញពីមន្ត្រីម្នាក់ឈ្មោះ «ទីឃ៌ហោរ» មានឋានន្តរនាមជា «វាប» ជាអ្នក​ប្រចាំការនៅប្រាសាទ​ដែលបានរកឃើញសិលាចារឹកនេះ បានសរសេរសំបុត្រទូល​ថ្វាយ​​ទៅ​ព្រះ​​មហា​ក្សត្រ​ ដោយរៀបរាប់ពីដំណើរដើមទងនៃការកកើតប្រាសាទនេះ និង​ពូជ​ពង្ស​វង្សសន្ដានគាត់ដែលនៅប្រចាំការនាប្រាសាទនេះពីដើមរហូតមក ក្នុងបំណង​ស្នើ​សុំ​បន្ដជាអ្នកប្រចាំការនៅប្រាសាទនោះតទៅទៀត។

នៅក្នុងសេចក្ដីសំបុត្រនោះ គាត់បាន​ប្រើពាក្យ​ហៅខ្លួនឯងថា «អញខ្ញុំ» ចំពោះព្រះមហាក្សត្រ​។ ខាងក្រោមនេះជាសម្រង់​ឃ្លា​​ដក​ស្រង់ពីសិលាចារឹកនោះ៖

១- ៩២៣ឝកនុវាប៑ទីឃ៌ហោរឱយ៑សំន្វត៑គិវ្រះអាលក្ឞនមន៑​ករុនាគិត្រា

២- តប្រឝស្ដ​នាវ្រះកំម្រតេង៑អញ៑ចន្ទិយ​ ○ នេះ​គិរោះ​ហសំន្វត៑ ○ អញ៑ខ្ញុំបំច្យំ​ទីឃ៌

៣- ហោរ៑កំម្រតេង៑ជគត៑ឝំម្ភុបុរឱយ៑សំន្វត៑បិបង្គំថ្ប្វង៑និវេទនតធូលិវ្រះបាទធូ

៤- លិជេង៑​វ្រះកំម្រតេង៑អញ៑តបរម​បពិត្រ​នុក្ឫតជ្ញភក្ដិយ ○ […]

សេចក្ដីដកស្រង់ខាងលើនេះ អាចប្រែសម្រួលបានថា «មហាសករាជឆ្នាំ​៩២៣​ នូវ​វាប​ទីឃ៌ហោរថ្វាយសំនូត្រ(សំបុត្រ)​តាមរយៈព្រះអាលក្សណ៍​។ មានព្រះករុណា​(ត្រាស់ឱ្យ​)​ចារលើសិលាចារឹកនា​(ប្រាសាទ)ព្រះគម្ដែងអញចន្ទី។ នេះគឺសេចក្ដីសំនូត្រ(សំបុត្រ)៖ អញ​ខ្ញុំ(ជា)អ្នកប្រចាំការ(នា)គម្ដែងជគត​សម្ភុបូរ (សូមក្រាប)ថ្វាយសំនូត្រ(សំបុត្រ)ដើម្បី​ក្រាប​ ​បង្គំទូលថ្វាយ​ចំពោះ​ធូលីព្រះបាទ​ធូលីជើង​ព្រះគម្ដែងអញ​ដ៏បរមបពិត្រនូវ​កតញ្ញូភក្ដី»។

សិលាចារឹក​ប្រាសាទព្រះគោ K.៣១៤

ហេតុអ្វីត្រូវប្រើពាក្យ «អញខ្ញុំ» នេះ​? បើមើល​តាមសិលាចារឹក​ នៅ​សម័យមុន​អង្គរ​ យើងមិនទាន់ជួបប្រទះពាក្យនេះនៅឡើយទេ ​យើងឃើញពាក្យនេះតែក្នុងសម័យអង្គរ​បន្ដ​រហូតមកដល់សម័យទំនើប​ និងប្រើចំពោះតែព្រះមហា​ក្សត្រ​ អាទិទេព ទេពតា និង​ព្រះ​តែប៉ុណ្ណោះ ដ្បិត​បើយើងសម្រាយពាក្យនេះ មានន័យជា​ពាក្យទំនើបថា «ខ្ញុំ​ជា​អ្នក​បម្រើ» ពោលគឺជាខ្ញុំបម្រើរបស់ព្រះមហាក្សត្រ ទេពតាជាដើម។ វចនានុក្រមខ្មែរ ក៏​បាន​បង្ហាញថាមានពាក្យ «អញខ្ញុំ, អញខ្ញុំព្រះអង្គ, អញខ្ញុំម្ចាស់» ដែលមានន័យថា «ខ្ញុំ, ខ្ញុំព្រះ​អង្គ​, ខ្ញុំម្ចាស់»។ នេះបញ្ជាក់ឱ្យឃើញថា ពាក្យ «អញ» គឺប្រើទូទៅមិនចំពោះ គឺ​ប្រើ​បាន​ជាមួយ​មនុស្សគ្រប់ឋានៈតូចធំ ទេពតា ព្រះជាដើម។ ចំណែកឯពាក្យ «ខ្ញុំ» ដាក់មក​ខាង​ក្រោយ​នោះ គឺប្រើក្នុងន័យលំអុតលំឱន ចំពោះអ្នកមានឋានៈខ្ពង់ខ្ពង់ ដោយបញ្ជាក់ថា​ខ្លួន​ជា​អ្នកបម្រើរបស់អ្នកនោះ។ ដោយការប្រើកន្សោមពាក្យ «អញខ្ញុំ» សម្រាប់ហៅខ្លួនឯង​ ចំពោះ​ម្ចាស់ខ្លួនមានព្រះមហាក្សត្រ អាទិទេពជាដើម និងប្រើពាក្យ «ខ្ញុំម្ចាស់, ខ្ញុំព្រះ​អង្គ​…» ជាដើមផង នាំឱ្យមាន​ការប្រើខ្លីមកត្រឹមជា «ខ្ញុំ» ទៅវិញ។

ពាក្យ «អញ» នេះ​ ជាធាតុមួយដែលចូលរួមបង្កើតឋានន្តរនាម​ តាំងពីសម័យមុន​អង្គររហូតមក។ ឋានន្តរនាមនោះ រមែងជាប់ន័យ​ទាក់ទងនឹង​បុរសទី១ ដូចជាពាក្យ «កម្រតាង៑អញ៑ > កម្រតេង៑អញ៑ > កម្រតែងអញ > គម្ដែងអញ» មានន័យថា​ «អម្ចាស់​ខ្ញុំ លោកជាម្ចាស់នៃខ្ញុំ…»។  ខាងក្រោមនេះ​ គឺជាសម្រង់ឋានន្តរនាម​ ឬពាក្យសម្រាប់សម្គាល់​ឋានៈនៅសម័យបុរាណ តាមរយៈសិលាចារឹកភាសាខ្មែរ៖

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!