ទំព័រដើមប្រវត្តិសាស្ត្រព្រះឥន្រ្ទក្នុងសង្គមខ្មែរស.វ.ទី៧

ព្រះឥន្រ្ទក្នុងសង្គមខ្មែរស.វ.ទី៧

ព្រះឥន្រ្ទ គឺជាអាទិទេពដ៏សំខាន់មួយក្នុងព្រហ្មញ្ញសាសនា ដែលខ្មែរបានស្គាល់និងគោរព​ប្រណិប័តន៍យ៉ាងខ្លាំងកាលពីសម័យបុរាណ។ ទ្រង់ គឺជាស្តេចនៃស្ថានសួគ៌ តំណាងឱ្យផ្គររន្ទះ និងជាលោកបាលប្រចាំនៅទិសខាងកើត។ ក្នុងគម្ពីរខ្លះរៀបរាប់ថា ទ្រង់តែងចូលចិត្តធ្វើសង្រ្គាម ចូលចិត្តសេពសុរា និងល្មោភកាម។ ជាទូទៅ ព្រះឥន្រ្ទ មានយានជំនិះជាសត្វដំរីដែលបានមកពីការកូរសមុទ្រទឹកដោះឈ្មោះថា “ព្ធវ៌ត”, មានព្រះហស្តចំនួនបួនដែលមានកេតនភណ្ឌមួយចំនួនដូចជា  វជ្រ (រន្ទះ) ស័ង្ខ ធ្នូ ព្រួញ ផ្លែសន្ទូច និងសំណាញ់។ គេស្គាល់ច្បាស់ថាទ្រង់ជាទេពនៃទឹកភ្លៀងតាមរយៈទេវកថាមួយដែលរៀបរាប់អំពីការប្រយុទ្ធជាមួយអសុរមួយមានឈ្មោះថា “វិត្រ្ត”។

នៅស.វ.ទី៧ គេបានបង្ហាញវត្តមានព្រះឥន្រ្ទតាមរយៈសិលាចារឹកផង និងចម្លាក់ផង។ ក្នុងនោះ មានសិលាចារឹកមួយដែលគួរឱ្យកត់សម្គាល់ គឺសិលាចារឹកចុះបញ្ជីលេខ K.604 រកឃើញនៅក្រុមប្រាសាទយាយព័ន្ធ (S17-6) ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដែលនៅក្នុងគាថាទី៣ គេបានរៀបរាប់អំពីការប្រៀបធៀបឫទ្ធានុភាពព្រះរាជា គឺព្រះបាទឦសានវរ្ម័នទី១ លើសឫទ្ធានុភាពព្រះឥន្រ្ទទៅទៀត។

                        “​ប្រយុក្តនយមេត្រេណ                         កទាចិទ៑ អវនីភុជាំ

                        បក្ឞច្ឆិទាបកត៌្ឫណាម៑                           ពជ្រី យេន វិឝេឞិតះ”។

            ប្រែថា៖

                        “​ដោយបានយកឈ្នះលើកងទ័ពក្សត្រ ដែលជាសត្រូវទាំងឡាយតាមរយៈការប្រើឧបាយកលតែមួយគត់ ព្រះរាជាទ្រង់មានឫទ្ធានុភាពអស្ចារ្យលើសទេពដែលក្នុងព្រះហស្តកាន់គ្រាប់រន្ទះទៅទៀត”។

ចំណែក ចម្លាក់អំពីព្រះឥន្រ្ទនៅស.វ.ទី៧ គេនិយមឆ្លាក់ខ្លាំងណាស់ ជាពិសេស គឺឆ្លាក់នៅលើផ្តែរទ្វារ។ ភាគច្រើន គេច្រើនឆ្លាក់ព្រះឥន្រ្ទគង់នៅលើសត្វដំរីមានក្បាលមួយ (ខុសពីសម័យអង្គរនិយមឆ្លាក់ដំរីមានក្បាលបី) នៅចំពាក់កណ្តាលផ្តែរ និងច្រើនតែមានរូបទេពមរុតជិះនៅលើសេះនៅអមសងខាង។

ចម្លាក់មរុតឆ្លាក់លើផ្តែរក្នុងតំបន់ប្រាសាទសំបូរព្រៃគុក

មរុត គឺជាក្រុមទ័ពខ្យល់នៅស្ថានសួគ៌ និងស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះឥន្រ្ទ។ ម្ល៉ោះហើយ ការដែលគេឆ្លាក់បែបនេះ ទំនងសំដៅលើដំណើរនៃការបង្អុរទឹកភ្លៀងមកស្រោចស្រពនៅលើផែនដី ដ្បិតយើងដឹងច្បាស់ហើយថា មុននឹងមានភ្លៀងភាគច្រើនតែងតែមានខ្យល់ ផ្គររន្ទះ ដែលមរុតដើរតួនាទីជាទ័ពខ្យល់ រីឯព្រះឥន្រ្ទជាអ្នកគប់វជ្រនាំឱ្យមានស្នូរផ្គររន្ទះ និងទឹកភ្លៀងធ្លាក់មក។ ក្រៅពីឆ្លាក់អមដោយទេពមរុត ខ្លះគេឆ្លាក់ព្រះឥន្រ្ទនៅចំកណ្តាលអមដោយរូបនាគរាជនៅសងខាង ដូចយើងជួបនៅចម្លាក់ផ្តែរទ្វារវត្តសូភាស។ នាគ គឺជាតួអង្គទេវកថាតំណាងឱ្យទឹក ម្ល៉ោះហើយការដែលគេឆ្លាក់នៅអមសងខាងព្រះឥន្រ្ទដែលជាទេពតំណាងឱ្យផ្គររន្ទះនិងទឹកភ្លៀងដូចគ្នាវាមិនមានអ្វីដែលគួរឱ្យចម្លែកអ្វីឡើយ។

ចម្លាក់មរុតឆ្លាក់លើផ្តែរក្នុងតំបន់ប្រាសាទសំបូរព្រៃគុក

 ក្រៅពីនេះទៀត ផ្តែរទ្វារវត្តព្រះធាតុ ខេត្តកណ្តាល គេឆ្លាក់រូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌តនៅចំពាក់កណ្តាល ហើយខាងស្តាំមានរូបព្រាហ្មណ៍ម្នាក់លុតជង្គង់ចំពោះព្រះឥន្រ្ទ និងខាងឆ្វេងមានរូបព្រះឥសូរគង់នៅលើគោនន្ទិ (រូបលេខ៤)។ ចម្លាក់របៀបនេះ គេមិនធ្លាប់ឃើញមាននៅប្រាសាទណាផ្សេងឡើយ ហើយយើងមិនដឹងជាក់លាក់អំពីសាច់រឿងដែលគេចង់បង្ហាញឡើយ តែលោក Lunet De Lajonquière និងលោក Henri Parmetier យល់ដូចគ្នាថាទំនងជារូបភាព​បង្ហាញពីព្រះរាជពិធីថ្វាយព្រះភ្លើង។ ចំណែក នៅលើផ្តែរទ្វារខាងកើតនៃប្រាសាទយាយព័ន្ធ តួប៉ម S1 គេបានបង្ហាញចម្លាក់ព្រះឥន្រ្ទត្រឹមមួយកំណាត់ខ្លួនឡើងលើ ដោយនៅលើព្រះកាយមានតុបតែងគ្រឿងតែងកាយច្រើន ដែលនៅខាងស្តាំមានតួអង្គហែរហមចំនួនបួនជាទេពប្រុស (មានមួយអង្គជានាគរាជ) និងខាងឆ្វេងជាទេពស្រីចំនួនពីរអង្គ (អាចមានមួយអង្គជាឥន្រ្ទានី?) (រូបលេខ៥)។ សព្វថ្ងៃ រូបចម្លាក់ភាគច្រើននៅលើផ្តែរនេះបានរលុបអស់ច្រើនទៅហើយ តែនៅសម័យអាណានិគមរូបនៅមានសភាពល្អនៅឡើយ ហើយលោកស្រី Mireille Bénisti អាចសម្គាល់ថាជាព្រះឥន្រ្ទបានដោយសារព្រះហស្តខាងស្តាំរបស់ទ្រង់មានកាន់វជ្រ (គ្រាប់រន្ទះ)។

ផ្តែរប្រាសាទព្រះធាតុ ខេត្តកណ្តាល (សព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ)

ក្រៅពីចម្លាក់ដែលបានបង្ហាញទាំងអម្បាលម៉ាន មានចម្លាក់ព្រះឥន្រ្ទមួយទៀតនៅស.វ.ទី៧ ដែលគេឆ្លាក់ក្នុងទម្រង់ឈរត្រង់ពេញមួយជំហរព្រះកាយនៅលើចម្លាក់ទេពនព្វគ្រោះ ដែលគេ​រកឃើញនៅទួលភូមិចាស់ (តំបន់ប្រាសាទសំបូរព្រៃគុក) (រូបលេខ៦)។ ដោយហេតុថា រូបទេពនព្វគ្រោះនៅស.វ.ទី៧ គេមិនបានបង្ហាញអំពីយានជំនិះរបស់ទេព នាំឱ្យមានការពិបាកកំណត់ថាទេពណាមួយជាព្រះឥន្រ្ទឱ្យបានច្បាស់ណាស់។ ប៉ុន្តែយ៉ាងណាក៏ទេពពីរអង្គនៅខាងចុងផ្នែកខាងឆ្វេងគេអាចសម្គាល់បានថាជាព្រះកេតុ និងរាហូ (ទេពជិះលើពពក) ដែរ ហើយចម្លាក់ទេពពីរអង្គនៅខាងចុងផ្នែកខាងស្តាំវិញទំនងជា​ព្រះសូរ្យ និងព្រះចន្រ្ទ ហើយទេពនៅចំកណ្តាលគេដែលរាប់ពីខាងមកលេខរៀងទីប្រាំ ក៏ទំនងជា​ព្រះឥន្រ្ទដែរ ប្រសិនបើយើងប្រៀបធៀបជាមួយចម្លាក់ទេពនព្វគ្រោះជាច្រើនទៀតនៅសម័យអង្គរដែលគេធ្លាប់បានរកឃើញនិងសិក្សា។ ចម្លាក់ព្រះឥន្រ្ទនៅលើផ្ទាំងចម្លាក់ទេពនព្វគ្រោះនេះ គេឆ្លាក់ព្រះហស្តខាងស្តាំកាន់កេតនភណ្ឌ និងខាងឆ្វេងដាក់ច្រត់ចង្កេះ ប៉ុន្តែដោយសារចម្លាក់នេះរលុបទៅហើយយើងមិនអាចមើលឃើញពីកេតនភណ្ឌនោះឱ្យប្រាកដថាជាវជ្របានឡើយ។            

ផ្ទាំងចម្លាក់ទេពនព្វគ្រោះ រកឃើញនៅទួលវត្តចាស់ (តំបន់ប្រាសាទសំបូរព្រៃគុក)

ជារួមមក នៅស.វ.ទី៧ ព្រះឥន្រ្ទជាអាទិទេពមួយដែលខ្មែរបានជ្រួតជ្រាបនៅក្នុងសង្គមយ៉ាងខ្លាំង ដូចបានបង្ហាញថាក្នុងសិលាចារឹកគេបានប្រៀបធៀបព្រះរាជាមានឫទ្ធានុភាពលើសព្រះឥន្រ្ទ។ ចំណែកសិល្បៈវិញ គេឃើញមានចម្លាក់ព្រះឥន្រ្ទយ៉ាងច្រើនសន្ធឹកសន្ធាប់ តែច្រើនបង្ហាញនៅលើផ្តែរទ្វារខាងកើត ដែលជាទិសប្រចាំការរបស់ព្រះឥន្រ្ទ។ សាច់រឿងដែលគេនិយមឆ្លាក់ គឺព្រះឥន្រ្ទគង់នៅលើដំរីក្បាលមួយព្រះហស្តកាន់វជ្រនៅចំពាក់កណ្តាលផ្តែរ អមដោយរូបទេពមរុតជិះលើសេះ ដែលជាដំណើរការនៃការបង្អុរភ្លៀងដើម្បីស្រោចស្រពនៅលើផែនដី៕

—————————-

Indra in Khmer society at 7th century

Indra is an important Hindu god who worshipped in ancient Khmer society. He is a God of heaven who represents thunder, lightning, and guardian of the east. He is a great warrior who likes drinking wine and has relations with ladies. India has an elephant as the mount. His name is Airawat. he was born from the churning ocean of milk. Indra has four arms with some attributes; Vajra, Conch shell, bow, arrow, hook, and net. He is also known as the rain god.

In the 7th century, Indra existed in some inscriptions and reliefs. In the inscription K.604, stanza 3, found at a temple in group Yeay Pean (S17-6) of Sambo Prei Kuk describes the power of King Isanavarman I greater than Indra.

Furthermore, the reliefs of Indra were popular on the lintels in the 7th century. Generally, he is shown sitting on the head of an elephant at the center of the lintel and tend to have Marut on both sides. Marut is a group of soldiers in heaven and under the control of Indra. Hence, this form of appearance is related to the act of giving rain to the earth. In this case, Marut works as a wind soldier and Indra throws Vajra to set thunder and rain. Sometimes, India is shown surrounded by the King of Naga who represents the water. For instance, the lintel at So Pheas pagoda.

In Kandal province, on the lintel of Vat Preah Theat, Indra sits on the head of Airawat in the center of lintel and has kneeling Brahma at the right-hand side, and Shiga on Nandin on the left. This relief has never been found in other temples. Also, the story about it is not quite sure.

However, Lunet De Lajonquière and Henri Parmentier suggest that it shows the ritual of giving fire in cremation. In the east lintel of Prasat Yeay Pean, S1 shows an adorned half body, Indra, with four male deities on the right (one is a Naga king) and two female deities on the left. Nowadays, carving has huge decay. However, based on Mireille Bénisti, the presence of Vajra shows that the male figure is Indra.

In contrast to above, there is a 7th-century lintel from Phum Chas mount that shows standing Indra on the relief of Navagriha (Sambo Prei Kuk). The absence of the vehicle gives the doubt to identify the deity. However, two male deities on the left could be Ketu and Rahu (deity on the cloud) and two deities on the right might be Surya and Chandra. Also, a deity on the 5th order could also be Indra.

In conclusion, in the 7th century, Indra was a god known in Khmer society as he appeared in inscriptions and reliefs.

អត្ថបទដើម៖ លោក​ ម៉ង់វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!