ទំព័រដើមសិល្បៈវិហារ​បុរាណវត្តកោះផ្តៅ

វិហារ​បុរាណវត្តកោះផ្តៅ

វត្តកោះផ្តៅ​​ ឬវត្តទួលខ្សាច់ ស្ថិត​​ក្នុង​​ឃុំ​កំពង់​ត្រាច​​ខាង​លិច ​ស្រុក​​​កំពង់ត្រាច ខេត្ត​កំពត ពោលគឺស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​៣៣ (កំពង់ត្រាច-កែប)។ វត្តនេះ​​ជា​វត្ត​​ចំណាស់​​មាន​វិហារ​បុរាណ​ដ៏​​​ល្អឆើត ក្នុង​ចំណោម​​វត្ត​ចាស់ៗមួយ​ចំនួន​ទៀត​​​ក្នុង​​​ខេត្ត​កំពត​ដូចជា​ វត្តព្រៃតាកុយ វត្ត​ស្រែព្រីង វត្ត​ដំណាក់​​កន្ទួត និង​​វត្ត​អង្គរជ័យ​ជាដើម។ បន្ទាប់​ពីអ្នក​ជំនាញ​​​ក្រសួង​​​​វប្បធម៌ ​​​និង​វិចិត្រ​សិល្បៈ​ ​បានសិក្សា​​ និង​ជួស​​ជុល​រួច​​រាល់​ជាស្ថាពរ​ក្នុង​ឆ្នាំ​២០២១ សន្និ​ដ្ឋាន​ថាវិហារ​វត្ត​នេះ​​មាន​អាយុ​កាល​១០០​​ឆ្នាំ​គត់​ ហើយ​ធ្លាប់​ជា​​អតីត​​រោង​​ជាងកាត់​ដេរ​ និង​ជង្រុក​​ស្រូវ​សម័យ​ ប៉ុល ពត។

តាមការសង្កេត មុនក្រសួង​វប្បធម៌ជួសជុលអភិរក្ស​ វិហារ​វត្ត​កោះ​ផ្តៅ​ក៏​ធ្លាប់​​ជួស​ជុល​​​ខ្លះ​​តាមបែបប្រពៃណីដោយ​សទ្ធាបរិស័ទ​ជិត​ឆ្ងាយ​។​ ប៉ុន្តែ​​​​ជាអកុសល​ចូលដល់​សម័យ​ ប៉ុល ពត គេបានប្តូរ​មុខងារ​សំណង់​នេះ​ធ្វើ​ជា​​រោង​ជាង​កាត់​ដេរ​​ ដែល​​​​ឃើញ​មាន​​​ស្នាម​គំនូស​​​​កត់​ត្រា​​ផ្សេងៗ​ជាភស្តុតាង​ស្រាប់ និង​មួយ​ផ្នែកគេប្រើ​ជា​​​ជង្រុក​ស្រូវ​​។ បច្ចុប្បន្ន​វិហារ​នេះ​បាន​ជួស​ជុល​តាម​បច្ចេក​ទេស​ជំនាញ ពង្រឹង​​រចនា​​សម្ព័ន្ធ​គ្រឿង​​បង្គុំ​ផ្នែក​ខាង​លើ ​ដូរក្បឿង​ដំបូល គ្រឿង​ល្អ​ស្ថាបត្យ​​កម្ម​ និង​លាបពណ៌ថ្មី តាមទម្រង់​សិល្បៈ​ស្ថាបត្យកម្ម​ដើម​​ទាំង​ស្រុង​ ដើម្បី​ទុក​​ជា​​តំណ​​ព្រះពុទ្ធ​​​សាសនា​តទៅ​​មុខ​​​ទៀត។

វិហារវត្តកោះផ្តៅក្រោយជួសជុល

វិហារវត្តកោះផ្តៅជាប្រភេទសំណង់​ឈើលើ ទ្រដោយ​ជញ្ជាំងឥដ្ឋ សង់​លើ​ខឿន​​ពីរ​ថ្នាក់​។ វិហារ​នេះជាវិហារ​ជហ្វា៤ ដំបូលបីថ្នាក់ ប្រក់​ក្បឿង​ស្រកា​លេញ​ ហើយ​​​​មាន​​ហោជាង​ខាង​មុខ​ និងខាងក្រោយ។ នៅលើ​ផ្ទៃ​ហោជាង​​​ទាំង​ពីរ លម្អ​​ដោយ​​ក្បាច់​​​ពុម្ពបិទធម្មតា ពុំមានរូប​ទេព ឬអន្លើក្នុង​សាច់​រឿង​​រាមកេរ្តិ៍ ឬពុទ្ធ​ប្រវត្តិ​​ដូច​បណ្តា​វិហារ​បុរាណ​​ជាច្រើនក្នុងខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ ឬ​សៀមរាប​ឡើយ។ ប៉ុន្តែ​លក្ខណៈ​​ពិសេស​ដំបូលវិហារ​វត្ត​កោះផ្តៅ​ គឺនៅត្រង់​​គល់​​ហោជាង​​​​ទាំងពីរ គេច្នៃ​ឱ្យ​មាន​​​ដំបូល​​បន្តិច​ នាំឱ្យ​មើលឃើញថា​មាន​ដំបូល​ជ្រាល​​​បី​ថ្នាក់​​ដូច​​​​​ផ្ទៃ​ដំបូល​ចំហៀងដែរ។

ដោយ​ឡែកចំពោះ​រចនាសម្ព័ន្ធ​សំណង់ក្រោម​ដំបូល​ គេរៀបជា​ជញ្ជាំង​ព័ទ្ធជុំវិញ​ ពុំ​មាន​​បាំងសាច​ទេ​។ ​នៅ​ផ្នែកខាងកើត​ និង​​​ខាងលិច​មាន​​ជណ្តើរ​ និងទ្វារ​ចេញ​​ចូល​ម្ខាង​ពីរ ឯផ្នែក​ខាងជើង​ និងខាងត្បូង​​មាន​ជណ្តើរ​ និងទ្វារ​ចេញ​ចូល​ម្ខាង​មួយ​ដូច​គ្នា​។ នៅផ្ទៃ​ជញ្ជាំង​​​ខាង​ជើងផ្នែកខាងក្រៅ​ គេឃើញមាន​ចម្លាក់ពីរផ្ទាំង​គួរឱ្យ​ចាប់អារម្មណ៍។ ត្រង់​លើ​ទ្វារគេ​ឆ្លាក់​លម្អជារូប​រាហុ ឬហៅថា “ព្រះកាល​​​” នៅក្នុង​ផ្ទៃក្បាច់ព័ទ្ធជុំវិញ។ បើ​ត្រឡប់​​ទៅ​មើល​​គំនិត​បុរាណ​​នៅតាមប្រាសាទពាក់​ព័ន្ធនឹង​រូបរាហុ  ឬ​ព្រះកាលនេះ គេ តែង​​សង្កេត​ឃើញ​​​ឆ្លាក់នៅ​​​​ចំ​កណ្តាល​​​ផ្ទៃ​ផ្តែរ លើទ្វារចេញចូល ឬទ្វារបញ្ឆោតដែរ។ រីឯផ្ទៃជញ្ជាំង​​លើ​បង្អួច​ក្បែររូប​រាហុ គេឆ្លាក់​ជារូប​ស្រ្តី​ និង​កូនតូច​លង់​​លក់​ក្នុង​វិមាន ដែលមានតួអង្គក្សត្រមួយអង្គ​លើកព្រះហស្ថរា និងបុរស​​ម្នាក់​​អង្គុយ​បង្គំ​លា​ក្បែរ​សេះ​មួយ​ក្បាល។

រូបព្រះអង្គចេញបួស​ក្នុងពុទ្ធប្រវត្តិ

តាមរយៈ​តួអង្គ​​នេះ គេ​​អាច​​ស្មាន​​បាន​​​​ថា “ព្រះ​សិទ្ធត្ថ” (អនាគត​​ព្រះ​ពុទ្ធ​អង្គ) ក្នុង​រឿង​​ពុទ្ធ​ប្រវត្តិ​ទ្រង់​យាង​ចេញ​សាងផ្នួស​។ លក្ខណៈ​ចម្លាក់​ស្តើង​ៗ ផុស​ក្រឡោត​​​នៅលើផ្ទៃ​ជញ្ជាំងបែបនេះ គេឃើញ​និយម​​​​​​​​នៅ​វិហារ​​វត្ត​ក្តុល​ក្នុង​ខេត្ត​បាត់ដំបង និយាយ​​អំពី​រឿង​​រាមកេរ្តិ៍ ដែល​​​កសាង​​ក្នុង​សម័យ​អាណា​និគម​បារាំង នៅក្នុង​រវាងដើម​សតវត្ស​ទី២០។ ​ចំពោះ​ការ​លម្អ​ស្ថាបត្យ​​កម្ម គេ​សង្កេត​ឃើញ​ថា​វិហារ​វត្ត​កោះ​ផ្តៅពុំសូវ​លោភ​ក្បាច់​ទេ ផ្ទៃ​ជញ្ជាំង​លាត ក្បាល​​សសរ​នីមួយៗ​​លម្អដោយ​រូបគ្រុឌ និង​កិន្នរ ហើយ​នៅ​លើ​ផ្ទៃ​សសរ​តាម​ជញ្ជាំង គេ​បានរចនា​ជា​ក្បាច់​ផ្កា​ភ្ញីស្តើង​ៗ​ផុស​ក្រឡោត​យ៉ាង​​រស់​រវើក។

ជណ្តើរ ក្បាច់លម្អស្ថាបត្យកម្មតាមសសរ និងរូបគ្រុឌតាម​រងស្បូវ

ដោយ​ឡែកនៅផ្នែក​ខាងក្នុងវិហារ មាន​សសរឈើ​ធំៗ​១២ ដើម​ (២ជួរបណ្តោយ ៦ជួរ​ទទឹង) ទ្រគ្រឿងបង្គុំឈើ​​​នៅផ្នែក​ខាងលើ តែពុំ​មាន​ពិដាន​ទេ។​ សសរ និង​​គ្រឿង​​​​​​ឈើ​ទាំង​ឡាយ​នៅ​ផ្នែក​ខាងក្នុង​នេះ ក៏ពុំ​មានទឹប​ទឹកមាស ឬ​ក្បាច់លម្អអ្វីធំដុំដូច​បណ្តា​​​​វិហារ​​បុរាណ​​តាម​​ដង​ទន្លេ​ឡើយ ពោលគឺគេគ្រាន់តែ​ចិតឈើ រចនា​ជា​ក្បាច់​រាក់ៗ​បន្តិច​បន្តួច​ត្រង់​ចំណុច​ខ្លះ​​ប៉ុណ្ណោះ។

គ្រឿងបង្គុំឈើផ្នែកខាងលើ នៃវិហារបុរាណវត្តកោះផ្តៅ

ប៉ុន្តែអ្វីដែលគួរឱ្យ​ចាប់អារម្មណ៍ គឺគំនូរ​នៅតាម​ផ្ទៃ​ជញ្ជាំង​ជុំវិញ។ គំនូរ​ទាំងនោះ គេ​រចនាជាពីជួរលើ​ក្រោម។ សាច់​​រឿង​ក្នុង​គំនូរ​​ជួរ​ខាងលើជារឿង​ពុទ្ធប្រវត្តិ និង​ជួរ​ខាងក្រោម​ជា​រឿង​ក្នុងជាតក។

សាច់​​រឿង​ក្នុង​គំនូរ​រឿង​ពុទ្ធប្រវត្តិ និងជាតក

អ្វីដែល​គួរ​ឱ្យ​សង្កេត សិល្បករ​ហាក់ដូចជា​និយមប្រើពណ៌បៃតង និង​បញ្ចូល​​​ទិដ្ឋ-​ភាព​​​សំណង់​សម័យ​បារាំង​ក្នុង​ខ្លឹមសារ​គំនូរ។ ទន្ទឹមនឹង​នេះគេឃើញ​​ព្រះនាម និង​នាម​សែរាជវង្ស ​ទ្រង់​មាន​សទ្ធា​​ចេញថ្លៃគំនូរ​ដូចជា ព្រះអង្គម្ចាស់រត្តណៃ(?) អ្នកម្នាង​ដាំ និង​អ្នក​អង្គម្ចាស់វិច្ចរជាដើម។ រីឯ​ព្រះជីវ៍នៃវិហារ​វត្ត​កោះ​ផ្តៅនេះ គេបាន​ដាក់​តម្កល់​លើ​អាស្នា​ខ្ពស់​ផុត​​ពីកម្រាល ហើយ​ព្រះជីវ៍សោត គឺជា​បដិមា​ពុម្ពស៊ីម៉ងត៍លាបពណ៌មាស ដែល​ទំនង​រៀបចំ​​ក្រោយសម័យ​សង្រ្គាម។

ដូច្នេះសរុបមក សិល្បៈស្ថាបត្យកម្មវិហារ​បុរាណវត្តកោះផ្តៅ ជាសិល្បៈ​មួយ​កម្រ​នៅ​ក្នុង​ខេត្ត​កំពត ហើយ​ដែល​គេសន្និដ្ឋាន​ថា​មាន​អាយុកាល​១០០ឆ្នាំ ដូច​គ្នា​នឹង​ចេតិយ​ ដែល​មាន​ចារឹកកាលបរិច្ឆេទ​ច្បាស់​ (ព.ស.​២៤៦៥) នៅ​ខាងមុខ​វិហារ​នោះ។ ​ប៉ុន្តែ​តាម​ការ​សិក្សា​​របស់​ Daniel Guéret និង Dominique-Pierre Guéret យល់ថាវិហារនេះ​កសាង​ក្នុងឆ្នាំ​១៩៣២៕

———————————————–

Ancient Vihara at Vat Koh Ptau

Vat Koh Ptau or Vat Toul Khsach locates in Kampong Trach West commune, Kampong Trach district, Kampot province. It is along national road 33. The pagoda has an old beautiful Vihara. In Kampot province, there are some ancient pagodas such as Vat Ta Kuy, Vat Sre Pring, Vat Damnak Kantout and Vat Angkor Chei. After the research and restoration by the Ministry of Culture and Fine Arts, the Vihara is about one hundred years old. It was a tailor’s place and rice storage in the Pot Pot regime. Before the Ministry of Culture and Fine Arts restoration, the Vihara was restored by the people. 

The Vihara of Koh Ptau has a wooden roof and concrete wall built on a two levels base. It has four Jveas (the decoration on the roof), three levels roof, and covers by fish scale shape tile. Both pediments are decorated with motifs. The uniqueness of the Vihara of Vat Koh Ptau is the parts of the pediment that are covered by the roof. 

The wall does not have the additional part to protect from the rain or the sun. East and the west have stairs, and two doors on each side. The north and the south have one stair and one door. The outer wall in the north has two interesting reliefs. The door is decorated by Rahu or Kala that surrounded by motifs. In the past, the relief or Rahu or Kala appeared in the middle of lintel or false door. Next to Rahu is a relief from the great departure of Siddhartha. The same type of relief exists in the Vihara of Vat Kdul in Battambang province. It depicts Ramayana in the period of French colonization of the early 20th century. Generally, the Vihara does not have rich decoration. The wall has no painting, the top of columns decorated with Garudas and Kinnaras. However, the columns have rich thin reliefs. 

The inner part of the Vihara has twelve columns of two rows and six columns. All wooden elements and columns do not paint in gold or have the decoration as the Vihara along the river. It has only some wooden motifs. However, the most interesting is the moral painting surrounding the outer wall. It has two parts, up and down. The upper part shows Buddha life and the lower part shows Jataka. The artists introduced green colour and French architectural structure. It is also seen that many from the King family donated to draw the paintings. The main Buddha statue is installed on a high pedestal. He is made in concrete and painted in gold after the war. 

To sum up, the architectural structure of the Vihara of Vat Koh Ptau is a rare art in Kampot province. The date of the Vihara might match the date of the stupa (B.E. 2465) which is 100 years old. According to Daniel Guéret and Dominique-Pierre Guéret, the Vihara was built in 1932. 

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!