ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២១)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២១)

នាងទេវី ដែលដួលសន្លប់ ស្ដូកស្ដឹងលើក្ដារនោះ ក៏បានបើកភ្នែកឡើង។ នាងមើលឃើញ មុខនាងភួង ដែលមានទឹកភ្នែក ហូររហាម។ ធីតាឱបនាងភួងយំ ហើយពោលយ៉ាងរវើរវាយថា៖

  • បង ! បង ! បង ! . . . នេះប្អូន !

នាងភួងឃើញដូច្នោះ ខំបមបីស្រីថែមទៀត។

  • កូន ! កូន ! នេះម៉ែ ! ម៉ែណា !
  • ច៎ាះ ! ម៉ែ!
  • អី ! នេះម៉ែ!
  • ច៎ាះ បង ! បងទៅណាហើយ បងគាត់ខឹងខ្ញុំទេ? ទេប្អូនឥតក្បត់បងទេ ! ប្អូនស្រលាញ់បង នឹកបងណាស់។

នាងភ័យរឹតតែខ្លាំងឡើង ។ ស្រ្ដីជាម្ដាយញ័រ អស់សព្វសព៌ាង្គកាយ នាងទេវីបិទភ្នែកជិតស្លុង មាត់ចេះតែនិយាយៗទៅ គ្មានដឹងខ្លួនប្រាណសោះ។

  • ម៉ែ ! ម៉ែ ! បងគាត់ទៅណាហើយ ? អូ ! ប្រហែលគាត់ខឹងនឹងខ្ញុំមែនហើយ ។ អូ ! គាត់មិនដឹងរឿងទេ . . . ។
  • កូន !ទេវី ! កូនមាសម្ដាយ ! កូននិយាយអី ដូច្នោះ ? កូន ! កូន !

នាងភួងអង្រួន នាងទេវីយំរឹតតែខ្លាំងឡើង។

  • ទេ ! កុំៗ សម្លាប់កូនខ្ញុំអី ! ទុកជីវិតកូនខ្ញុំ ឲ្យរស់នៅសិន ! ហ៊ីបង! កុំជឿពាក្យគេ។ ទេ . . . កូន . . . លោកឱស ៗ ស្លាប់ខ្ញុំហើយ ! ទេខ្ញុំចង់រស់ . . . !

នាងភួងគ្រវីក្បាល ហួសចិត្ដ មិនដឹងគិតយ៉ាងណា ដើម្បីឲ្យកូនសម្លាញ់របស់គាត់ និយាយត្រឹមត្រូវវិញ។

  • កូនៗ កុំនិយាយ ! កូនទៅឲ្យស្ងៀម !
  • ច៎ា ! ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចកូនខ្ញុំស្លាប់។ តែមិនឲ្យខ្ញុំនិយាយឯណាបាន បងគាត់ខឹងនឹងខ្ញុំងាប់ហើយ។ …បង បង..! បង កុំជឿតាមគេណា ! អាណិតប្អូនទៅ កុំជឿតាមគេ។

ញើសហូរចេញពីថ្ងាសនាងទេវី ផ្លោតៗ ។ នាងភួងយកកូនកន្សែងជូតញើសនោះបណ្ដើរ និយាយបណ្ដើរ៖

  • ឱ! ព្រះម្ចាស់ថ្លៃអើយ ! សូមជួយកូនខ្ញុំផង កុំឲ្យកូនខ្ញុំនិយាយច្រើនពេក ។ កូន ៗ ! កូនសម្ងំឲ្យលក់ទៅ ។
  • ច៎ាះ !
  • អឺ ! កូននៅឲ្យស្ងៀមកុំនិយាយអី ។
  • ច៎ាះ !
  • បើកូនស្លាប់ ម៉ែក៏ស្លាប់ដែរ ។
  • ច៎ាះ !
  • កូនមិនស្លាប់ទេ ព្រោះមានម៉ែ ។
  • ច៎ាះ !

មួយស្របក់ក្រោយមក នាងទេវីក៏ដេកលក់ ស្កប់ស្កល់។ ដល់នាងភ្ញាក់ឡើង ធីតាហាក់មានកម្លាំងកំហែង។ កល្យាណក្រោកដើរទៅមុជទឹក រួចទើបនិយាយ ទៅកាន់នាងភួងទៀតថា៖

  • ម្ដាយអើយ ! ក្នុងជាតិនេះ កូនអភ័ព្វណាស់ ។ បងមានន្ទមកទីនេះ អំបាញ់មិញ។ កូនមិនហ៊ានមើលមុខបងទេ ពីព្រោះអាកាមា វាសម្លាប់កូនរបស់ខ្ញុំ។ ម្ដាយមាសម្ដាយ ! បើម្ដាយឃើញបទុមកូនខ្ញុំ ម្ដាយមុខជាស្លាប់មិនខាន។ អាកាមា វាឲ្យមនុស្សអសិរពិសម្នាក់ យកដាវដាក់ចំកកូនខ្ញុំ ដើម្បីបង្ខំកុំឲ្យខ្ញុំនិយាយអ្វី ធ្វើអ្វី។ ក្នុងពេលនោះ អាកាមា វាបង្កាច់ថាខ្ញុំនឹងវា សហាយគ្នា។ ឱ អ្នកម្ដាយ ! កូនស្លាប់តែក្នុងថ្ងៃនេះឯង ជាប្រាកដហើយ។ កូនឈឺចិត្ដណាស់ អាកាមាវាធ្វើបាបកូនដល់ហើយ . . . ។ ឱ! ឥឡូវកូនខ្ញុំទៅណា បាត់ពីបង្អួចនោះហើយ . . .? អំបាញ់មិញ ខ្ញុំមើលឃើញកូនខ្ញុំ ពីទីនេះទៅ។ វាយកកូនខ្ញុំ ទៅទៀតហើយ។ កូនខ្ញុំដេកលក់ គ្មានដឹងថាជីវិត នៅនឹងចុងដាវគេទេ មានតែខ្ញុំទេ ដឹងភ័យ ស្រៀវ ទុក្ខ ។ នាងដេកលក់ ព្រងើយ។ ឯខ្ញុំ ស្ទើរស្លាប់ខ្លួន។ ឱ! ម្ដាយអើយ ! កូននឹករលឹកបងមានន្ទខ្លាំងណាស់។ កូនប្រុងកាយប្រុងចិត្ដថា កូនផុតទុក្ខ ថ្ងៃនេះហើយ។ តែឥឡូវ កូនរឹតតែមានទុក្ខទៅទៀត កូនឃើញគេមក កូនស្ទើរស្ទុះទៅឱបជើងគេ ។ កូនឃើញតែជើងគេទេ។ កូនឥតបានឃើញមុខគេទេ។ គេខឹងនឹងកូនហើយ។ គេនិយាយមករកកូនដែរ តែកូនពុំហ៊ានឆ្លើយ។ គេគំហកកូន តែកូននឹកថា បើគ្មានអាកាមាទេ គេគំហកយ៉ាងណា ក៏កូនមិនថាដែរ កូនមុខជាឲ្យគេគំហកតាមចិត្ដ ឲ្យតែកូនបានឮសម្លេងគេ បានស្ដាប់សម្ដីគេ ទោះសម្ដីនោះ ទ្រគោះបោះបោកយ៉ាងណាក៏ដោយ។ ម្ដាយអើយ ! ហេតុតែកូនស្រលាញ់គេ។ ឥឡូវគេមិនដឹងរឿង គេទៅបាត់ ទុកតែស្នាមជើងនៅទីនេះ។ កូនសូមថើបធូលីជើងគេហើយ អ្នកម្ដាយកុំថាឲ្យកូន កុំសើចកូន។ ច៎ាះ ! កូនថើប ដោយឥតអៀនខ្មាសទេ។ ឥឡូវកូនក៏បាត់ ប្ដីបាត់ តើឲ្យកូនទៅណា? ធ្វើអ្វី ?គិតអ្វី? កូនអស់រលីងហើយ។ អ្នកម្ដាយៗ ជួយគិតគូរកូនផង។ ឱ ! . . . !

ក្នុងពេលនោះ មនុស្សម្នាក់ មាឌមាំ អាយុប្រមាណហាសិបប្លាយឆ្នាំ ចូលមកបីកូនមកផង។ នាងទេវីស្គាល់ជាក់ ជាកូនខ្លួន ក៏ស្ទុះរត់មកលុតជង្គង់ ពីមុខបុរសពុំស្គាល់នោះ លាតដៃទាំងពីរ . . . ។ បុរសអង្គុយចុះ ទឹកមុខញញឹម ហុចកូនទៅឲ្យនាង។

  • លោក ៗ កូនខ្ញុំមែនទេ?
  • បាទ ! កូននាងហើយ !
  • ឱ! ព្រះម្ចាស់ថ្លៃអើយ ! កូនខ្ញុំមែន !
  • ខ្ញុំលួចគេយកមកជូននាងវិញ។
  • ច៎ាះ ខ្ញុំសូមអរគុណលោកណាស់ វាលាក់កូនខ្ញុំឯណាលោក ?
  • មិនសំខាន់ទេ សំខាន់ត្រង់ខ្ញុំយកកូនមកជូននាងវិញ។
  • ច៎ាះ ! លោកខ្ញុំអរគុណលោកណាស់ រកអ្វីមកប្រៀបគ្មានទេ។ ឱ ! លោកហៅ ចំជាមានគុណនឹងខ្ញុំមែន តែខ្ញុំក្រណាស់ លោក

ចង់បានអ្វីពីខ្ញុំ ឲ្យតែខ្ញុំមាន ខ្ញុំជូនលោកទាំងអស់។

  • ទេ ! ខ្ញុំធ្វើនេះឥតមានចង់បានអ្វីពីនាងទេ។
  • ច៎ាះ ! ច៎ាះ ! លោកមានចិត្ដអ្វីល្អម៉្លេះទេ។ លោកឈ្មោះអី ? នៅឯណា ? ដើម្បីឲ្យខ្ញុំបានដឹង ឲ្យខ្ញុំបាននឹកគុណអស់មួយ

ជីវិតខ្ញុំ។

  • ខ្ញុំជាមនុស្សឥតឈ្មោះ ឥតទីលំនៅ ឥតគ្រួសារទេ . . . ។
  • ហ៊ី ! លោកកុំខ្លាចខ្ញុំ កុំលាក់ខ្ញុំ ប្រាប់ខ្ញុំមក!
  • ទេ ! ខ្ញុំឥតខ្លាចអ្វីទេ គឺជាការពិតដូច្នោះឯង។
  • ច៎ាះ ! លោកជាមនុស្សអីប្លែកម៉្លេះទេ។
  • បើដូច្នោះ កិច្ចខ្ញុំសម្រេចហើយ ខ្ញុំសូមលាអ្នកហើយ។
  • ច៎ាះ ទេ ! សូមចាំអញ្ជើញពិសាបាយ នឹងខ្ញុំសិន។
  • បាទទេ ! ខ្ញុំសូមអរគុណណាស់ហើយ។ ខ្ញុំមានការប្រញាប់បន្ដិច ។
  • ហ៊ី ! លោកមានការអ្វី ?
  • ការផ្ទាល់ខ្លួន។ ខ្ញុំសូមលាអ្នក សូមអ្នកនៅឲ្យសុខសប្បាយណ៎ា !
  • ច៎ាះ ! លោកអញ្ជើញទៅណាមកណា សូមអាណិតចូលលេងផ្ទះខ្ញុំផងកុំខាន។
  • បាទ ! អរគុណនាងណាស់!
  • ចុះលោកស្គាល់ប្ដីខ្ញុំទេ?
  • បាទស្គាល់ តែឥឡូវអ្នកស្រុកប្រាប់ថា ឈ្លោះគ្នាយ៉ាងខ្លាំងជាមួយមេទ័ពកាមា ចាក់គ្នាឯវាលស្រែឯណោះ តាំងពីល្ងាចម៉្លេះ រួចកាមាក៏ចាញ់ទៅ។ ឥឡូវ ឮថាជិះសេះទៅខាងត្បូង បាត់ទៅហើយ។ មិនដឹងជាទៅណាផង។
  • តាមស្មានប្រហែលទៅណា ?
  • ប្រហែលទៅបាត់ដំបង!
  • ឱ ! ច៎ាះ សូមអរគុណលោកហើយ អញ្ជើញចុះឲ្យសុខសប្បាយ ឲ្យមានជ័យជំនះឈ្នះអស់មារ សត្រូវៗ ទាំងប្រាំបីទិស។

មនុស្សមិនស្គាល់មុខនេះ ក៏លោតលើខ្នងសេះទៅបាត់ទៅ។ នាងទេវី ក៏ក្រសោបបុត្រីថើប។ នាងនិយាយថា៖

  • កូនៗ ! ម្ដាយនឹកកូនណាស់ ម្ដាយស្មានតែពុំបានជួបមុខកូន ពុំបានឃើញកូនទៀតទេ ។ កូនកុំដេកអី ភ្ញាក់ឡើង។

នាង បទុមក៏ភ្ញាក់ ដោយនាងទេវីញក់ញីខ្លាំងពេក។ នាងសើចគ្រហាញដាក់ម្ដាយ ដែលធ្វើឲ្យនាងទេវី រឹតតែសប្បាយចិត្ដទៅ ទៀតនាងយំបណ្ដើរផង។

  • កូន ! កូនអត់ត្រូវគេធ្វើបាបអ្វី ទេឬ? កូននៅសុខសប្បាយទេ ? ម្ដាយមិនស្មានដូច្នោះសោះ នឹកខុសថាប្រហែលគេញក់ញី អារ

សាច់ ហុតឈាមទៅហើយ។ ម្ដាយយំខ្លាំងណាស់ប៉ុន្មានថ្ងៃនេះ។ ទៅកូន ! ទៅជាមួយម្ដាយ ទៅរកឪពុកកូនឯងទៀត។

ថាដូច្នោះហើយ នាងទេវីរកកន្សែងដណ្ដប់ឲ្យនាងបទុម រួចប្រាប់នាងភួងថា៖(សូមរងចាំតាមដានភាគទី២២ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!