ទំព័រដើមប្រវត្តិសាស្ត្រពាក្យហៅសាច់ញាតិ ក្នុងសិលាចារឹកខ្មែរ (ភាគ២)

ពាក្យហៅសាច់ញាតិ ក្នុងសិលាចារឹកខ្មែរ (ភាគ២)

នៅក្នុងអត្ថបទភាគ១ បានបង្ហាញអំពីពាក្យហៅញាតិជា ជីដូនជីតា និងឪពុកម្ដាយ​​ តាម​រយៈសិលាចារឹករួចមកហើ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពាក្យបុរាណ​ទាំង​នោះជាបន្ដទៅទៀត។

បង៖ នៅសម័យកណ្ដាល យើងប្រទះឃើញសំណេរពាក្យនេះសរសេរច្រើនរបៀប​ជា បោង បៅង និង បង។ នៅសម័យមុនអង្គរ និងអង្គរ យើងពុំប្រទះឃើញពាក្យនេះទេ ប្រទះឃើញតែពាក្យ ច្បោង៑ និង ឆ្បោង៑ ដែលមានន័យថា ច្បង កូនបង។ ថ្វីដ្បិតតែយើង​ ពុំប្រទះពាក្យ បង នៅសម័យមុនអង្គរនិងអង្គរ តាមរយៈសិលាចារឹកក្ដី ក៏យើងអាច​ធ្វើ​បុន​ស្ថាបនកម្ម (Reconstruction) ឬកសាងពាក្យនោះឡើងវិញតាមរយៈពាក្យកម្លាយ​ ច្បោង៑ និង ឆ្បោង៑ ដែលក្លាយមកពីឫស *បោង៑។ ដូច្នេះពាក្យ បង កាលពីសម័យមុនអង្គរ និង​អង្គរ​​មានសំណេរជា *បោង៑ ដែលបន្ដប្រើនៅសម័យកណ្ដាលជា បោង។  យើង​សូម​ជូន​ឃ្លា​ឧទាហរណ៍ ដែល​ដកស្រង់ពីសិលាចារឹក​វត្ត​សសរ​មួយ​រយ ​ខេត្ត​ក្រចេះដូចខាងក្រោម៖

«​កន្ហេង៑​កម្រតេង៑​អញ៑​​ត​ច្បោង៑ ក្វន៑​កន្ហេង៑​កម្រតេង៑អញ៑ឝ្រីជយេន្ទ្ររភា ចៅ​កន្ហេង៑​អញ៑​ឝ្រី​ន្ឫបេន្ទ្រ​ទេវី ​ចៅ​ទ្វោត៑​​​វ្រះ​កម្រតេង៑អញ៑​ឝ្រិន្ទ្រលោក» (K.១២៤៖ បន្ទាត់ទី៣-៦)។

ឃ្លាខាងលើនេះ​អាច​ប្រែសម្រួល​បាន​ថា «កន្ហេងគម្ដែង​អញ(ជាកូន)ច្បង កូន​របស់​​កន្ហេងគម្ដែងអញស្រីជយេន្ទ្ររភា ចៅ​​របស់​កន្ហេងអញស្រីន្រឹបេន្ទ្រទេវី ចៅទួត​របស់​​ព្រះគម្ដែងអញស្រិន្ទ្រលោក។

ប្អូន៖ ពាក្យនេះនៅសម័យមុនអង្គរ ​មានសំណេរ​ជា​ ប្ឱន៑ និងនៅសម័យអង្គរ មាន​សំណេរ​ជា ផ្ឱន៑ ផឱន៑ ផ្អ្វន៑ និង ផអ្វន៑ ដែលពាក្យទាំងនេះជាពាក្យកម្លាយមកពីឫស ឱន៑ និង អ្វន៑ មានន័យថា អូន។ ខាងក្រោមនេះជាឧទាហរណ៍ដកស្រង់ពីសិលាចារឹកអ្នកតា​ចារឹក​ K.១៨១ ដែល​បង្ហាញពីមន្ត្រីម្នាក់មានងារនិងឈ្មោះថា វាបស្រី ជាប្អូនរបស់​អភិបាល​​ក្រុង​ដែលបានប្រើឱ្យទៅច្រូតស្រូវគេ ត្រូវទទួលទោសវាយខ្នង១០២រំពាត់។

«វាប៑ឝ្រី តផ្អ្វន៑ម្រតាញ៑កុរុង៑ តតិប្រេច្រ្វត្តស្រុ តគិតិត្រានិណ៌្នយប្ឫឞ្ឋតាទន១០០-២»  មានន័យថា វាបស្រីជាប្អូនម្រតាញកុរុងដែលប្រើច្រូតស្រូវ (សភា)ជម្រះក្ដីដោយវាយខ្នង១០២រំពាត់។

រៀម៖ នៅក្នុងវចនានុក្រមខ្មែរ​ ពន្យល់ថាពាក្យនេះជារាជសព្ទ ឬពាក្យប្រើ​ជាមួយ​ព្រះរាជានិងព្រះរាជវង្សានុវង្ស ដូចជា ព្រះរៀម សម្ដេចព្រះរៀម។ នៅក្នុងស្រទាប់​មនុស្ស​ទូទៅ ប្រើពាក្យនេះ​ភ្ជាប់ជាមួយពាក្យ ច្បង ជា​ រៀមច្បង។ នៅសម័យមុនអង្គរ យើង​មិន​ប្រទះ​ឃើញពាក្យ​នេះទេ។ នៅសម័យអង្គរ ពាក្យនេះមានសំណេរច្រើនរបៀបដូចជា អ្រិំ អ្រ្យាំ និង អ្រ្យាម៑។ ចំណែកឯនៅសម័យកណ្ដាលសរសេរជា រៀម ដូចពេលបច្ចុប្បន្ន​ដែរ។  ពាក្យនេះនាសម័យបុរាណ​មានប្រើដូចជា អ្រ្យាំច្បោង៑ = រៀមច្បង, អ្រ្យាំសហោទរ = បងបង្កើត/បងរួមផ្ទៃតែមួយ, វ្រះអ្រ្យាំ = ព្រះរៀម។ ខាងក្រោមនេះជាឃ្លាឧទាហរណ៍៖

«វ្រះកម្រតេង៑អញ៑ឝ្រីកណ្ឋបណ្ឌិត​អ្រ្យាំ​សហោទរវ្រះកម្រតេង៑អញ៑​ឝ្រី​កវីឝ្វរបណ្ឌិត​» (K.៩១ខ៖ បន្ទាត់ទី២២-២៣) អាចប្រែសម្រួលបានថា «ព្រះគម្ដែងអញ​ស្រីកណ្ឋបណ្ឌិត​ជា​បងបង្កើត​ព្រះគម្ដែងអញស្រីកវីសូរបណ្ឌិត»។

កូន៖ នៅសម័យមុនអង្គរ ពាក្យនេះមានសំណេរជា កោន៑ កោន្ន កុន៑ និង ក្វន៑។ លុះមក​ដល់សម័យអង្គរ​ កាន់តែមានសំណេរសម្បូរបែបដូចជា ក្វន៑ ក្វន ក្វន្ន ក្វណ៑ ក្វណ្ន ក្វាន៑ និង ក្វេន៑។ នៅសម័យកណ្ដាលមានសំណេរ កូន កូន្ន និង កូណ។ ខាងក្រោម​នេះ​ជា​ឃា្លឧទាហរណ៍ស្រង់​ពីសិលាចារឹក​សម័យមុនអង្គរ​និងអង្គរ៖

«អ្មេបន្លេ១ កុក្ទោស៑១ អ្មេទ្រោង៑១ កោន៑កុ២ កុស្រី១ កោន៑កុ កុចាហ្វ១ កុយេសាយ៑១ កោន៑កុ៣ កុយេមាយ៑១ កោន៑កុ១ កុយោង៑កន៑១ កោន៑កុ កុយងាហ្វ១ កុយមា១ កោន៑កុ២ កុយឥង៑១ កោន៑កុ២ កុម៌្មេង៑១ ​កោន៑កុ២» (K.៤៥១ត្បូង៖ បន្ទាត់៧-១០) ដែលមានន័យថា «មេបន្លែ១ កុ ក្ទោស១ មេទ្រោង១និងកូន២ កុស្រី១(និង)កូន កុចាហ្វ១ កុយេសាយ១និង​កូន​​៣ កុយេមាយ១និងកូន១ កុយោងកន១និងកូន កុយងាហ្វ១ កុយមា១និងកូន២ កុយឥង១និងកូន២ កុរម្មេង១និងកូន២»។

«មាន៑ក្វាន៑ម្វាយ៑ជ្មះតេង៑ក្ឫឞ្ណ» (K.៦១ខ៖ បន្ទាត់​៤) មានន័យថា «មានកូន​មួយ​ឈ្មោះ​តេង​​ក្រឹស្ណា»។

ចៅ៖ នៅសម័យមុនអង្គរ​ ពាក្យនេះមានសំណេរដូចបច្ចុប្បន្នដែរ។ ពាក្យនេះ​ក៏​ឃើញ​មាន​នៅ​ក្នុង​សិលាចារឹកមនបុរាណ​ជា​ Cow និងពាក្យមនទំនើបជា Cao។ ពាក្យនេះ​ក៏មាននៅក្នុងក្រុមភាសាមន-ខ្មែរដទៃទៀតផងដែរ។ ដូច្នេះពាក្យ ចៅ គឺជា​ពាក្យរបស់​ក្រុម​ភាសាមន-ខ្មែរ។ នៅសម័យអង្គរ​ ពាក្យនេះមានសំណេរជា ចៅ ចៅវ៑ និង ចោ។ លុះ​មក​ដល់សម័យកណ្ដាល​ ពាក្យនេះមានសំណេរជា ចៅ ចៅវ ច្ចៅ ចោវ ចោ ច្ចោ និង ច្ចោវ។ ពាក្យ ចៅ នេះក៏ប្រើនៅក្នុងន័យម្យ៉ាងទៀត​ថា ម្ចាស់ ផងដែរ ដូចជាពាក្យ ព្រះចៅ គឺព្រះរាជា ជាដើម។ នៅទីនេះ យើងពុំលើកយកពាក្យនេះមកពិភាក្សាឡើយ​ ដ្បិត​ពុំ​ទាក់​ទងនឹងប្រធានបទ។

តាមរយៈពាក្យ ដែលបាន​លើកបង្ហាញកន្លងមកនេះ យើងសង្កេតឃើញថាពាក្យ​នៅ​សម័យកណ្ដាល​ មានសំណេរ​ច្រើនរបៀប ច្រើបបែប​ជាង​សម័យមុនអង្គរនិងសម័យ​អង្គរ​។ ចំពោះ​​សំណេរច្រើនរបៀបនៅសម័យកណ្ដាល ក៏មាន​មតិ​របស់​អ្នក​សិក្សា​អក្សរ​សា​ស្ត្រ​​និង​ភាសាសម័យកណ្ដាលមួយចំនួន ចាត់ទុកថាជា​ការធ្លាក់ចុះនៃអក្សរសាស្ត្រខ្មែរ ដ្បិត​សំណេរ​​គ្មានក្បួនខ្នាតច្បាស់លាស់ ឬមានអនាធិបតេយ្យ សរសេរតាម​តំបន់ប្លែកៗគ្នា​។ ជា​ពិសេស​សំណេរនៅលើសាស្ត្រាស្លឹករឹត ក៏កាន់តែប្លែក ចម្រុះ និងច្រើនបែប​ជាង​នៅលើ​សិលាចារឹក​ទៅទៀត។ នេះជាការមើលឃើញ​ពី​ផ្នែកម្ខាង។ ប្រសិន​បើ​យើង​ក្រឡេក​មើល​និង​ពិចារណាលើ​ទិដ្ឋភាព​ម្ខាងទៀត នោះយើងនឹង​អាចឃើញអ្វីផ្សេងមួយបែបទៀត។

នៅសម័យអង្គរ យើងសង្កេតឃើញថាសិលាចារឹកភាគច្រើន​ចារឡើង​ តាម​ព្រះរាជ​បញ្ជារបស់ព្រះមហាក្សត្រ​ដែលបានត្រាស់បង្គាប់ ឬចារឡើងដោយទូលសុំទៅព្រះរាជា។ ចំណែកឯក្រុមចារទៀតនោះ ក៏មានក្រុមជាងដែលទទួលបន្ទុកចេញទៅធ្វើនិងចារ​សិលា​ចារឹកនោះផងដែរ។ ករណីផ្សេងទៀត ក៏ឃើញមាន​ក្រុមជាងមូលដ្ឋានដែលទទួលភារៈ​ចារ​សិលាចារឹកនោះផងដែរ។ ទោះបីជា​មានក្រុមជាងចារផ្សេងគ្នា​ ប៉ុន្ដែក្រុមទាំងនោះស្ថិត​នៅក្រោមអំណាចកណ្ដាលរួមគ្នាតែមួយ ដែលជាហេតុនាំឱ្យមានសំណេរឯកភាពគ្នា​ច្រើន។ ចំណែកសម័យកណ្ដាលវិញ យើងឃើញថា​អំណាចកណ្ដាល មានភាពមិន​នឹង​នរ ឯការចារសិលាចារឹកវិញ ក៏មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីរាជវាំងនិងព្រះរាជា​ទៀតដែរ។ មន្ត្រីតូចធំ ព្រះសង្ឃគ្រប់លំដាប់ថ្នាក់ អ្នកមានឋានៈក្នុងសង្គម ក្រុមអ្ន​ក​ធ្វើ​ធម្ម​យាត្រា  អ្នកមកធ្វើបុណ្យនៅតាមបុរាណស្ថាននានា សុទ្ធតែអាច​ចារសិលាចារឹក​បាន​។ ម្យ៉ាង​ទៀត ទោះបីជា​សំណេរទាំងនោះខុសប្លែកគ្នាក៏ដោយចុះ ក៏សំណេរទាំងនោះអាច​ជា​​កម្ម​វត្ថុនៃការសិក្សារកមូលដ្ឋាននៃសំណេរ​ខ្មែរ ក្នុងទស្សនៈរបស់មនុស្សខ្មែរសម័យ​កណ្ដាលផងដែរ។ ជាពិសេស គំនិតជាមូលដ្ឋាននៅក្នុងការ​បង្កើតសញ្ញានិងកត់ត្រាសូរ​​ដែល​កើតឡើងថ្មី នាសម័យនោះផងដែរ៕

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!