ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់នាគរាជខ្មែរនៅស.វ.ទី៧-៨

ចម្លាក់នាគរាជខ្មែរនៅស.វ.ទី៧-៨

រូបនាគរាជក្នុងទម្រង់ជាទ្វារបាលនៃសិល្បៈឥណ្ឌាបុរាណ ស.វ.ទី៩ (តាំងនៅសារមន្ទីរ V & A, London)

នាគរាជ (Nãgarãja) ឬស្តេចនាគ នៅក្នុងអត្ថបទនេះសំដៅលើចម្លាក់នៅតាមប្រាសាទខ្មែរ​នៅស.វ.ទី៧-៨ មានរាងកាយក្នុងទម្រង់ដូចមនុស្ស និងប្រក់នាគនៅខាងលើព្រះសិរ។ ក្នុងទេវកថាព្រហ្មញ្ញសាសនា នាគរាជត្រូវជាកូនរបស់ឥសីកស្យាប និងនាងកាទ្រុ ដែលមានបងប្អូនចំនួន ១០០០នាក់។ ក្នុងនោះ មាននាគរាជចំនួនបីសំខាន់ៗដែលគេស្គាល់ច្រើនជាងនៅក្នុងទេវកថាមាន អនន្ត, វាសុកិ និងតក្សក។ អនន្ត (Ananta) ឬ សេស (Shesha) គឺជាតួអង្គនាគដែលគេស្គាល់ថាជានាគដែលព្រះវិស្ណុផ្ទុំនៅពីលើរង់ចាំបង្កើតលោក និងជាបងប្រុសច្បងក្នុងចំណោមនាគរាជទាំងបី។ នាគរាជទីពីរឈ្មោះថា “វាសុកិ” (Vãsuki) ជាតួអង្គនាគដែលគេស្គាល់ជាគ្រឿងអល្លង្ការរបស់ព្រះឥសូរពាក់ជាប់នឹងករបស់ទ្រង់ និងជានាគដែលយកធ្វើជាខ្សែសម្រាប់ការកូរសមុទ្រទឹកដោះយកទឹកអម្រឹត ដែលអ្នកកូរម្ខាងជាទេវតា និងម្ខាងទៀតជាអសុរ។ នាគរាជទីបីឈ្មោះថា  “តក្សក” (Takshaka) គឺជាតួអង្គនាគដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងព្រៃខន្ទវ (Khandava) ដែលដុតដោយអជ៌ន និងជាតួអង្គដែលសម្លាប់ចៅប្រុសរបស់អជ៌នឈ្មោះ បរិក្សិត (Parikshit) នៅក្នុងរឿងមហាភារត។ នាគ គឺជាសេនាការពារ​ទ្រព្យសម្បត្តិទាំងពួងនៃផែនដី ហើយជាអ្នកថែរក្សាថាមពលនៅក្នុងទឹក ឬជាសត្វតំណាងឲ្យទឹក ឬភាពត្រជាក់​ត្រជុំ។

នៅក្នុងសិល្បៈឥណ្ឌាបុរាណ ចម្លាក់នាគរាជ គេនិយមឆ្លាក់ខ្លាំងណាស់ ហើយជួនកាលមានឆ្លាក់ជាបដិមាទោលទៀតផង។ ចំណែក នៅក្នុងសិល្បៈខ្មែរនៅស.វ.ទី៧-៨ គេមិនដែលប្រទះឃើញបដិមាទោលនាគរាជដូចនៅឥណ្ឌាឡើយ ហើយចម្លាក់នាគរាជភាគច្រើនគេឆ្លាក់នៅលើផ្តែរទ្វារ និងខ្លះឆ្លាក់នៅតាមសសរផ្អោបនៃប្រាសាទ។ ជាការកត់សម្គាល់ ចម្លាក់នៅលើ​ផ្តែរទ្វារមានយ៉ាងតិច ៦ ផ្ទាំង គឺផ្តែរទ្វារខាងកើតប្រាសាទយាយព័ន្ធ (S1) ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក (ខេត្តកំពង់ធំ) ផ្តែរទ្វារប្រាសាទព្រះធាតុរកា (ខេត្តកំពង់ធំ) ផ្តែរទ្វាររកឃើញនៅវត្តសូភាស (ខេត្តកំពង់ចាម) ផ្តែរទ្វាររកឃើញនៅវត្តតាំងស្រែ (ខេត្តកំពង់ចាម) ផ្តែរទ្វារប្រាសាទព្រៃក្មេង (ខេត្តសៀមរាប) និងផ្តែរទ្វារមួយមិនស្គាល់ប្រភពរក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ។ នៅលើផ្តែរទ្វារខាងកើតប្រាសាទយាយព័ន្ធ គេឆ្លាក់រូបនាគរាជនៅខាងស្តាំព្រះឥន្រ្ទ ក្នុងកាយវិការយកព្រះហស្ត​ទាំងពីរដាក់ខ្វែងគ្នាមកប៉ះត្រង់ដើមដៃ ដែលមើលទៅទំនងកំពុងគោរពដល់ព្រះឥន្រ្ទាធិរាជដែលជាស្តេចនៅស្ថានសួគ៌។ ផ្តែរទ្វារប្រាសាទព្រៃក្មេងដែលសព្វថ្ងៃរក្សាទុកនៅសារមន្ទីរហ្គីមេប្រទេសបារាំង (រូបលេខ៣) និងផ្តែរទ្វារមិនស្គាល់ប្រភពរកឃើញនៅសារមន្ទីរខេត្តកំពង់ធំ គេឆ្លាក់រូបនាគរាជជិះលើសត្វមករទាំងសងខាងដូចគ្នា ដែលជាទូទៅនាគក៏តំណាងឱ្យទឹក រីឯសត្វមករក៏ជាសត្វទេវកថាតំណាងឱ្យទឹកដូចគ្នា។

ផ្តែរប្រាសាទយាយព័ន្ធ តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ

ផ្តែរទ្វារខាងត្បូងប្រាសាទព្រះធាតុរកាវិញ គេឆ្លាក់រូបនាគរាជនៅសងខាងផ្តែរ ក្នុងលក្ខណៈជាតួអង្គទោលអង្គុយបញ្ឈរជង្គង់ម្ខាង និងព្រះហស្តទាំងពីរលើកប្រណម្យដល់តួអង្គនៅចំពាក់កណ្តាលផ្តែរដែលជាព្រះឥន្រ្ទ ដែលមានអត្ថន័យស្រដៀងនឹងចម្លាក់នៅប្រាសាទយាយព័ន្ធដែរ។ ផ្តែរទ្វារនៅវត្តសូភាសវិញ គេឆ្លាក់រូបនាគរាជនៅអមសងខាងព្រះឥន្រ្ទ ក្នុងកាយវិការលើកដៃប្រណម ដែលមានលក្ខណៈស្រដៀងទៅនឹងផ្តែរទ្វារប្រាសាទព្រះធាតុរកាដែរ។ ផ្តែរទ្វារចុងក្រោយដែលរកឃើញនៅ​វត្តតាំងស្រែ មានលក្ខណៈប្លែកពីផ្តែរទ្វារដែលបានរៀបរាប់ទាំងអម្បាលម៉ានខាងលើ ដ្បិតគេឆ្លាក់រូបនាគរាជនៅខាងព្រះបាទរបស់ព្រះវិស្ណុ ក្នុងរឿងព្រះវិស្ណុផ្ទុំលើនាគអនន្តរង់ចាំបង្កើតលោក។ ការឆ្លាក់រូបនាគរាជ (ស្តេចនាគ) នៅខាងចុងព្រះបាទរបស់ព្រះវិស្ណុ គឺជាទម្រង់មួយដែលចម្លាក់ព្រះវិស្ណុផ្ទុំនៅស.វ.ទី៧ដូចគ្នាពុំឃើញមានឡើយ ហើយចម្លាក់នេះទំនងតំណាងឱ្យទឹកសមុទ្រ ដ្បិតនាគតំណាងឱ្យទឹក ដែលខុសពីផ្តែរផ្សេងៗទៀតយើងឃើញគេឆ្លាក់ជារូបរលក និងរូបក្បាលសត្វមករនៅក្បែរព្រះកាយព្រះវិស្ណុដែលបញ្ជាក់ពីទឹកដូចគ្នា។

ផ្តែរប្រាសាទព្រះធាតុរកា ខេត្តកំពង់ធំ
ផ្តែររកឃើញនៅវត្តសូភាស ខេត្តកំពង់ចាម (រូបថត៖ ភុំ រតនៈពិសិដ្ឋ)
ចម្លាក់នាគរាជឆ្លាក់នៅជើងសសរផ្អោបនៅប្រាសាទកំពង់ព្រះ ខេត្តកំពង់ឆ្នាំង  (រូបថត៖ លឿង សុវណ្ណ)

ក្រៅពីចម្លាក់នៅលើផ្តែរដែលបានរៀបរាប់ខាងលើ មានចម្លាក់ឥដ្ឋដែលគួរឱ្យសម្គាល់មួយទៀតនៅប្រាសាទកំពង់ព្រះ ខេត្តកំពង់ឆ្នាំង (ស.វ.ទី៨) ដែលគេឆ្លាក់នៅតាមជើងសសរផ្អោបរបស់​ប្រាសាទ ហើយយើងឃើញមានចំនួនបីកន្លែង។ ចម្លាក់នីមួយៗអង្គុយក្នុងទម្រង់ មហារាជលីលាសន (Mahãrãjalĭlãsana)  ដោយបញ្ឈរជង្គង់ឆ្វេងឡើងលើ ម្ខាងទៀតដាក់រាបស្មើ ព្រះហស្តស្តាំដាក់ច្រត់លើក្បាលជង្គង់ និងព្រះហស្តឆ្វេងយកកែងដាក់ច្រត់លើក្បាលជង្គង់ឆ្វេង។ ទម្រង់នេះហាក់បីដូចជាទ្វារបាលរបស់ប្រាសាទដូច្នេះដែរ ព្រោះយើងដឹងហើយថានាគតំណាង  ឱ្យភាពត្រជាក់ត្រជុំ និងជាតួអង្គម្នាក់ក្នុងលោកធាតុទាំងប្រាំនៃភ្នំព្រះសុមេរុដែលជាស្នូលនៃផែនដី (នាគ គ្រុឌ រក្សស យក្ស និងមហារាជ)។ ម្ល៉ោះហើយទើបយើងឃើញនៅសម័យក្រោយៗគេនិយមឆ្លាក់បង្កាន់ដៃនាគនៅតាមផ្លូវចូលប្រាសាទ។   

ជារួមមក ចម្លាក់នាគរាជដែលបានបង្ហាញខាងលើ ជាតឹកតាងមួយដែលឱ្យយើងដឹងថា ខ្មែរជ្រួតជ្រាបនូវលទ្ធិព្រហ្មញ្ញសាសនាយ៉ាងខ្លាំងក្លា ម្ល៉ោះហើយទើបបានជាមានចម្លាក់ទេវកថាទាំងនេះឡើងនៅតាមប្រាសាទខ្មែរនៅស.វ.ទី៧-៨។ តួអង្គនាគរាជដែលបានរៀបរាប់ទាំងអម្បាលម៉ាន យើងពុំអាចដឹងថាតើជាតួអង្គនាគមួយណា ឬឈ្មោះអ្វីបានឡើយ ព្រោះដូចយើងបានបញ្ជាក់ខាងដើមថា នៅក្នុងលទ្ធិព្រហ្មញ្ញសាសនា គេយល់ថានាគរាជមានបងប្អូនចំនួន ១០០០នាក់ តែក្នុងនោះមានបីដែលស្គាល់ច្រើន៕

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!