នៅក្នុងបរិបទសង្គមវប្បធម៌ខ្មែរ អ្នកស្រាវជ្រាវយល់ឃើញថា ពិធីដែលមានន័យខ្លឹមសារអំណរសាទរផលដំណាំដាំដុះស្រូវអង្កររួមមានដូចជា សំពះព្រះខែនិងអកអំបុក ដារលាន ពូនភ្នំស្រូវ ដុតភ្នំស្រូវ ហៅព្រលឹងស្រូវ ទានភ្លើង សយវេរ និងប្លុងក្រឡានជាដើម។ ពិធីខ្លះក្នុងបណ្តាពិធីខាងលើ គេសង្កេតឃើញប្រតិបត្តិជាទំនៀមប្រចាំភូមិស្រុកមួយចំនួនរហូតដល់សព្វថ្ងៃ។ បើនិយាយចំពោះ “ប្លុងក្រឡាន” គេដឹងថាអ្នកស្រុករស់នៅតំបន់អង្គរ តែងមូលមាត់គ្នាប្រារព្ធធ្វើជាបុណ្យសំខាន់មួយ នាចុងរដូវច្រូតកាត់ប្រមូលផលស្រូវ។
តាមទំនៀម បុណ្យប្លុងក្រឡាននៅតំបន់អង្គរតែងប្រារព្ធក្នុងខែបុស្ស នៅភូមិចំណុះជើងវត្តពីរគឺ វត្តអង្គក្រមោលនិងវត្តថ្មី ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ ខាងក្រោមនេះខ្ញុំសូមលើកយកតែសេចក្តីសង្កេតបុណ្យប្លុងក្រឡានរបស់ភូមិចំណុះជើងវត្តថ្មី អធិប្បាយបង្ហាញអំពីដំណើរកិច្ច និងការចូលរួមរបស់អ្នកភូមិ។ ចំពោះដំណើរកិច្ចនៃបុណ្យនេះ ហាក់ដូចជាមិនអធិកអធម វែងឆ្ងាយ មានឆាកហ៊ោលើកទង់ ឬព្រះសង្ឃសម្តែងធម្មទេសនាដូចបុណ្យធំៗផ្សេងទៀតឡើយ។ កិច្ចសំខាន់នៃបុណ្យប្លុងក្រឡានគឺ “ប្លុង” រីឯទេយ្យវត្ថុសំខាន់សម្រាប់ធ្វើជា “បន្លុង” គឺ “ក្រឡាន”។ ចំពោះក្រឡានដែលអ្នកស្រុកតំបន់អង្គរនាំយកទៅប្លុងក្នុងបុណ្យខាងលើ គេតែងដុតចម្អិនតាមផ្ទះរៀងខ្លួន។ គ្រឿងផ្សំធ្វើក្រឡានមានដូចជា អង្ករដំណើប សណ្តែក ខ្ទិះដូង អំបិល និងស្ករ (រូបលេខ១)។ គ្រឿងពីរមុខចុងក្រោយនេះ គេប្រើតិចភាគបំផុត ដើម្បីគ្រាន់តែឱ្យក្រឡានមានរសជាតិប្រៃ និងកើនជាតិផ្អែមខ្លះ រួចគេច្រកអង្ករក្នុងបំពង់ឫស្សី ដែលកាត់លៃទុកថ្នាំងម្ខាង ហើយចាក់ទឹកឱ្យលិចអង្ករ ចុកឆ្នុកនៅមាត់បំពង់ឱ្យជិត ទើបយកទៅដុតចម្អិនឱ្យឆ្អិន (រូបលេខ២)។
បើពោលតែវិធីដុតក្រឡានតាមរបៀបអ្នកស្រុកតំបន់អង្គរ គេដាក់តម្រៀបក្រឡានជាជួរ ផ្អែកសងខាងនឹងបង្គងដើមចេក ឬឈើស្រស់ (រូបលេខ៣) ហើយដុតភ្លើងឱ្យកើតរងើកនិងអណ្តាតភ្លើងខ្លះនៅចន្លោះជួរក្រឡាននោះ។ គេត្រូវឧស្សាហ៍បង្វិលបំពង់ក្រឡានដើម្បីកុំឱ្យឆេះ ឬខ្លោចខូច។ បន្ទាប់ពីមើលឃើញថា អង្ករនៅមាត់បំពង់ឆ្អិនហើយ គេត្រូវផ្កាប់មាត់បំពង់ចុះក្រោមវិញ ដាក់តម្រៀបបាតបំពង់ឡើងលើ ហើយដុតចម្អិនបន្តទៀតរហូតឆ្អិន (ប្រហែលជាង២ ម៉ោង)។ ក្រឡានដែលឆ្អិនល្អ (រក្សាទុកបានកន្លះខែ) គេត្រូវសកសម្អាតរៀបចំយកទៅចូលរួមក្នុងបុណ្យនៅវេលាល្ងាច (រូបលេខ៤)។
លុះដល់វេលាល្ងាច (ម៉ោងប្រហែល៨យប់) គេរៀបចំក្រឡាន ចេកទុំ នំនែកផ្សេងៗ និងវេចខ្ចប់អង្ករ ត្រីងៀត អំបិល ប្រហុក ស្ករ…(រូបលេខ៥-៦) នាំយកទៅប្រារព្ធកិច្ចសំខាន់គឺ “ប្លុង” ទេយ្យវត្ថុទាំងនោះនៅសាលាឆទានក្បែរខ្ទមអ្នកតា (អ្នកតាបាក់រទេះ?) នៅក្នុងភូមិ។ មកដល់ត្រង់នេះគេគួរយល់ពាក្យ “ប្លុង” ថាជាការយកអ្វីមួយទៅដាក់ចោលមិនឱ្យគេដឹង។ ឧទាហរណ៍ ប្លុងកូន ប្លុងសំបុត្រ ប្លុងចង្អាន់…។ ប៉ុន្តែប្លុងក្នុងន័យជំនឿ គឺគេយកទេយ្យវត្ថុនានាទៅដាក់នៅកន្លែងណាមួយ ឧបកិច្ចជាព្រៃ ទុកឱ្យព្រះសង្ឃទស់យក ដោយពុំចាំបាច់ប្រគេនផ្ទាល់ដៃ។ ប្រហែលដូច្នេះហើយ ទើបអ្នកភូមិយកក្រឡាននិងទេយ្យវត្ថុផ្សេងៗដូចរៀបរាប់ខាងលើ ទៅចាក់គរក្បែរសាលាឆទាន មុនព្រះសង្ឃនិមន្តដល់។ មិនតែប៉ុណ្ណោះ ដើម្បីឱ្យឃើញច្បាស់នឹងភ្នែកថាទេយ្យវត្ថុទាំងអម្បាលម៉ាននោះ “ប្លុងនៅក្នុងព្រៃ” គេកាច់មែកឈើដាក់លើវត្ថុទាំងអស់ (រូបលេខ៧)។
លុះព្រះសង្ឃនិមន្តមកដល់ លោកអាចារ្យផ្តើមដឹកនាំអ្នកភូមិធ្វើកិច្ចនមស្ការព្រះរតនត្រៃទៅតាមលំអាននៅលើសាលាឆទាន (រូបលេខ៨)។ បន្ទាប់មកទើបអារាធនានិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តជាជ័យមង្គល និងសមាទានសីល។ ក្នុងកិច្ចត្រង់នេះ ជាកិច្ចដូចបុណ្យទានធម្មតាផ្សេងទៀតដែរ អ្នកពុំចង់ឡើងលើសាលា អង្គុយជុំវិញគំនរក្រឡាន និងទេយ្យវត្ថុនានា សំពះផ្ចង់ស្មារតីនៅខាងក្រៅសាលា (រូបលេខ៩)។
ផុតពីកិច្ចនមស្ការចប់សព្វគ្រប់ លោកអាចារ្យដឹកនាំអុជទៀនធូប ដោតតាមបាច់ក្រឡាន និងទេយ្យវត្ថុផ្សេងៗ ហើយដាក់ក្រាលក្រមាបន្តគ្នាជុំវិញគំនរក្រឡាន (រូបលេខ១០-១១) សម្រាប់ព្រះសង្ឃនិមន្តប្រទក្សិណ។ កិច្ចត្រង់នេះបើនៅវត្តអង្គក្រមោលគេឃើញមនុស្សប្រុសពេញកម្លាំងមួយក្រុមនាំគ្នាដេកក្រាបផ្កាប់មុខជុំវិញគំនរក្រឡាន ដើម្បីជាផ្លូវឱ្យព្រះសង្ឃនិមន្តជាន់ពីលើ។ ទិដ្ឋភាពនេះគេអាចស្រមៃប្រៀបធៀបបានទៅនឹងសុមេធតាបសក្នុងគម្ពីរ “ពុទ្ធវង្ស” ដែលក្រាបធ្វើជាស្ពានឱ្យព្រះទីបង្ករនិមន្តឆ្លងអូរ ហើយគេតែងឃើញគូរតាមព្រះវិហារជាហូរហែដែរ។ បើពិចារណាកិច្ចត្រង់នេះបន្តិចអាចយល់បានថា ទីកន្លែងធ្វើកិច្ចប្លុងក្រឡានគឺជា “ព្រៃ” មានបន្លា ដុំថ្មតូចធំ ពុំរាបស្មើ… ដែលព្រះសង្ឃពិបាកនិមន្តដោយជើងទទេ។ គំនិតដែលយល់ថាកន្លែងធ្វើកិច្ចជាព្រៃនៅទីនេះ គឺពុំមែន “ព្រៃធម្មតា” ដោយគ្រាន់តែឧបកិច្ចកាច់មែកឈើគ្របដូចនិយាយខាងដើមឡើយ។
ក្រោយពីរៀបចំស្រេចបាច់ និងអុជទៀនធូបដោតតាមក្រឡាន និងទេយ្យវត្ថុផ្សេងៗរួចរាល់ហើយ គេនិមន្តព្រះសង្ឃមួយអង្គចង្រ្កមយឺតៗ យ៉ាងស្ងប់ស្ងាត់ ជុំវិញគំនរក្រឡាន៣ជុំ ដោយព្រះហស្ថម្ខាងកាន់កំសៀវច្រូចទឹក និងព្រះហស្ថម្ខាងកាន់ឈើទស់មួយ ដែលគេពន្យល់ថា ជាលំនាំព្រះសង្ឃធុតង្គ។ បន្ទាប់មកទើបព្រះសង្ឃទាំងអស់និមន្តឈរជុំវិញបន្លុងគំនរក្រឡាន ធ្វើកិច្ចទស់យកទេយ្យវត្ថុនិងក្រឡានពីគំនរស្លឹកឈើ (រូបលេខ១២)។ កិច្ចទស់ទេយ្យវត្ថុទាំងអស់នេះ ហាក់ដូចជាពុំខុសអ្វីពីឆាកបង្សុកូលឡើយ ពោលគឺឧទ្ទិសកុសលឱ្យដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ទៅ។
បន្ទាប់ពីព្រះសង្ឃទស់យកបន្លុងចប់ស្រេចហើយ គេនាំគ្នារៀបចំក្រឡាននិងទេយ្យវត្ថុនានាដាក់លើសាលាឆទានមួយអន្លើ សម្រាប់ព្រះសង្ឃឧទ្ទិសកុសលម្តងទៀតក្នុងកិច្ចវេរចង្ហាន់ព្រឹកស្អែក។ អ្នកស្រាវជ្រាវខ្លះពន្យល់ថា និមិត្តរូបនេះមាននៅក្នុងកិច្ចតែងហៅថា “ឆាក” ត្រង់ពេលដែលព្រះសង្ឃ ឬអាចារ្យទាញហូតក្រណាត់សគ្របដណ្តប់សាមីពិធីឱ្យចេញពីខ្លួនម្តងបន្តិចៗ។ បន្លុងនោះច្រើនជាវត្ថុនានា ដែលជាគ្រឿងឧបភោគបរិភោគមានដូចជា មុង កន្ទេល ចាន ឆ្នាំងជាដើម ដែលគេយកទៅដាក់នៅទីណាមួយសន្មតថាជាទីដាច់សង្វែង។ បន្ទាប់មកព្រះសង្ឃមួយអង្គធ្វើជានិមន្តកាត់តាមទីនោះ ហើយក៏ប្រទះឃើញវត្ថុទាំងនោះដោយចៃដន្យ។
សរុបមកបុណ្យប្លុងក្រឡាននេះ មានន័យមិនខុសពីបង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់ឡើយ តែគេធ្វើក្នុងរដូវប្រមូលផល ដែលសម្បូរសប្បាយទាំងបន្លែ ផ្លែឈើ ដំណាំ ស្រូវអង្ករ រួមទាំងត្រីសាច់ផ្សេងៗ។ បុណ្យប្លុងក្រឡាននេះ ពុំមែនជាបុណ្យក្នុងពុទ្ធសាសនាសុទ្ធសាធ ដែលមានចែងក្នុងគម្ពីរណាឡើយ តែជាទំនៀមប្រពៃណីស្តែងឱ្យឃើញច្បាស់ពីការចូលរួមរបស់របស់អ្នកស្រុកក្នុងការជួយជ្រោមជ្រែងព្រះសង្ឃ។ សូមបញ្ជាក់ថា “កិច្ច”និង “ពិធី” ពាក់ព័ន្ធកសិកម្ម ឬអបអរផលដំណាំក្នុងសង្គមខ្មែរមានទាំង “មុន” “អំឡុងពេល” និង “ក្រោយ” ការដាំដុះ៕
អត្ថបទដើម៖ លោក ហៀង សុវណ្ណមរកត