ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀមទាញព្រ័ត្រថ្វាយអ្នកតាដើមសំរោង

ទំនៀមទាញព្រ័ត្រថ្វាយអ្នកតាដើមសំរោង

អ្នកតាដើមសំរោង មាន​ខ្ទមមួយ​ស្ថិត​នៅក្បែរព្រំប្រទល់ភូមិត្របែកពក និងភូមិ​ព្រែក​​ឫស្សី ប្រប​នឹង​​​ដៃ​ទន្លេតូច​មួយ ក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ រៀងរាល់ឆ្នាំ អ្នកស្រុក​តែង​ប្រារព្ធបុណ្យភូមិបីថ្ងៃ និងលេង​ទាញព្រ័ត្រ​ក្នុង​ន័យ​​ជា “​កិច្ចថ្វាយអ្នកតា​ដើម​សំរោង” ពុំ​ដែល​ខកខាន។ តាម​ទំនៀមរបស់​អ្នកស្រុក ពិធី​បុណ្យ​នេះតែងធ្វើក្រោយ​ថ្ងៃ​ចូល​ឆ្នាំរួច​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ហើយ​វត្ថុ​យក​មកធ្វើព្រ័ត្រ​ទាញ​​ថ្វាយអ្នកតាគឺ “ផ្តៅ”។ ក្នុង​ថ្ងៃ​ចុង​ក្រោយ អ្វី​ដែល​​គួរឱ្យ​ពិចារណា​ គឺ​ការ​ប្រឹង​ទាញ​ “ផ្តាច់ព្រ័ត្រ” នៅ​ចំពោះ​មុខអ្នកតា​ ដ្បិត​ “ពេល”​ និង “កិច្ច” នេះ​ហាក់​បង្ហាញ​ន័យ​ឱ្យគិត​បាន​ថា “ដាច់” ពោលគឺដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី។

មុននឹងឈាន​ចូលអធិប្បាយ​​លម្អិត​ អំពីទំនៀមទាញព្រ័ត្រ​របស់​អ្នកស្រុក​កំពង់កុង យើងសូម​រំឭកថា ​ក្នុង​បរិបទខ្មែរ “ព្រ័ត្រ” ក៏ជា​វត្ថុ​មួយមាន​តួនាទី​សំខាន់​ទាំងក្នុង​​ជំនឿ និង​ទំនៀម​​ទម្លាប់​ប្រពៃណី​ដែរ​។ ​អ្នក​ស្រាវជ្រាវ​មើល​ឃើញថា ព្រ័ត្រ​​ច្រើន​សំដៅ​​ទៅ​​លើខ្សែ​វេញ​​ដែល​ជាប់​មាំ​មួន ពោលគឺ​មិន​មែន​គ្រាន់​តែ​ជាខ្សែ​ចំណង​​​ធម្មតា ហើយក៏​ខុស​ពី​ពួរ ដែល​​ជា​ខ្សែ​​វេញ​ជាប់​​មាំដែរ តែ​សម្រាប់​ចង​វត្ថុ​​​ធំ​ ឬ​​​ធ្ងន់​ឱ្យ​ជាប់​ទៅ​​នឹង​អ្វី​​មួយ​​មិន​​ឱ្យ​របូត​រសាត់។ ព្រ័ត្រ​​អាច​សំដៅ​ទៅ​លើ​វត្ថុ​ដែល​មាន​នាទី​ពីរខុសគ្នា ម្យ៉ាង​​​​ជាខ្សែ​សម្រាប់​ទាក់​សត្វ និង​ជា​​ខ្សែ​សម្រាប់​ទាញឱ្យ​ដាច់ក្នុង​ការ​​ប្រកួត​គ្នា​​​ដែល​​មាន​លក្ខណៈ​ជា​កិច្ច​ពិធី​​​ផង។ ដូច្នេះទើប​​យើង​​សង្កេត​​ឃើញ​គេលេង​ទាញ​ព្រ័ត្រ​​ក្នុង​ពិធី​ចូល​ឆ្នាំ ​​ឆ្លង​ចែត្រ​ ឬ​ឡើង​​អ្នក​តា ហើយ​ថ្ងៃចុង​ក្រោយ​​គេត្រូវទាញ​ព្រ័ត្រ​ឱ្យ​ដាច់។ ទំនៀម​​នេះ គេ​សង្កេត​ឃើញ​​មាន​​ឧទាហរណ៍ខ្លះ​នៅ​តាម​​ភូមិ​ស្រុក​មួយ​ចំនួននៅកំពង់ធំ និងសៀមរាបដែរ។ ដូចបាន​បញ្ជាក់​ត្រួសៗមកខាងលើ អ្នកស្រុកកំពង់កុង​តែង​បោច​ផ្តៅ​វេញ​ធ្វើ​ព្រ័ត្រ​​សម្រាប់​លេង​​​ក្នុង​ពិធី​បុណ្យ​​ភូមិ ដែល​ប្រារព្ធធ្វើបន្ទាប់ពី​បុណ្យ​​ចូល​ឆ្នាំរួច។ បុណ្យ​នេះ​​មាន​រយៈ​ពេលបីថ្ងៃ។ ថ្ងៃទី១ គេហៅថា “ថ្ងៃតាំង” ថ្ងៃទី២ហៅថា “បួសភ្នំ” (ពូន​​និង​បំបួស​ភ្នំខ្សាច់) និងថ្ងៃទី៣ ហៅ​ថា “ផ្តាច់ព្រ័ត្រ”។ ការ​ងារបោច​ផ្តៅ ជា​ទូទៅ​តែងចាប់ផ្តើម​ធ្វើ​​​មុន​ថ្ងៃ​បុណ្យ​ប្រមាណ​១ខែ ឬ​កន្លះ​ខែ​​។ តាម​ការ​សង្កេត ចំពោះ​​ការចូល​ព្រៃ​​បោច​ផ្តៅធ្វើ​ព្រ័ត្រ​នេះ ហាក់​ដូច​ជា​កិច្ច​សំខាន់​មួយដែរ​ចំពោះ​ភូមិស្រុកទាំង​មូល មុន​នឹង​បាន​ព្រ័ត្រ​សម្រាប់​លេង​ថ្វាយ​អ្នក​តា ពោលគឺពុំ​មែន​ដើម្បីគ្រាន់តែ​យក​មក​ធ្វើ​​ជា​ព្រ័ត្រ​សម្រាប់​លេង​ធម្មតា​ឡើយ ដ្បិត​​កិច្ច​ការ​នេះ​ត្រូវ​មាន​ការ​ចូលរួម​ពី​ចាស់​ទុំ និង​អ្នក​ភូមិ​ តាំង​ពី​ចូលព្រៃបោចផ្តៅ រហូត​ដល់​ចប់បុណ្យ។ ទន្ទឹមនឹង​នេះ យើងសង្កេត​ឃើញមាន​កិច្ចសែន(?) បន្តិច​បន្តួច​ក្នុង​​ព្រៃផ្តៅ មុននឹង​ចាប់ផ្តើម​បោចផងដែរ។

អ្នកស្រុកលើកគ្នាទៅបោចផ្តៅធ្វើព្រ័ត្រ

ព្រៃ​ដែល​ជា​ប្រភព​ផ្តៅ គឺស្ថិត​នៅ​ចម្ងាយ​​​ប្រមាណ​​​​២គីឡូម៉ែត្រពី​ភូមិ ហើយ​​ជា​ព្រៃ​ដែល​​អ្នក​ភូមិ​ចេញ​ចូល​ដើម្បី​រក​វល្លិ៍ រក​បន្លែ កាប់​ស្លឹក​ជ្រែ រក​ឧស ឬ​បេះ​​ផ្លែ​ផ្តៅ​​លក់​​ដូរ   ជា​ដើម។ ព្រៃនេះជាទ្រព្យរួមរបស់អ្នកស្រុក ដែល​​មាន​ផ្ទៃ​ដី​​​ទំហំ​​ប្រហែល​​ជាង​​១ហិកតា តែវា​ជា​ប្រភេទ​ព្រៃ​រនាម លិច​ទឹក​ក្នុងរដូវវស្សា និង​មាន​​ដើម​ឈើ​​ចម្រុះ​​​ដុះ​​​លាយ​​​ឡំ​ជាមួយ​ផ្តៅ។ ពីដើមមក ផ្តៅ​ដែល​អាច​កាប់​យក​មក​​ប្រើ​​សម្រាប់​​ធ្វើ​ព្រ័ត្រ​មាន​​ពីរ​ប្រភេទ “ផ្តៅ​ទឹក”​និង​“​ផ្តៅ​​ក្រែក”។​ ប៉ុន្តែ​​​បច្ចុប្បន្ន ប្រភេទ​ផ្តៅក្រែកពុំ​សូវ​សម្បូរ​​​ឡើយ ដូច្នេះ​គេ​​តែង​​យក​ផ្តៅ​ទឹក​​​តែ​ម្យ៉ាង​គត់​មក​វេញ​ធ្វើព្រ័ត្រ។ ​ឈ្មោះ​​​​ឡា​តាំង​​​​ផ្តៅ​ប្រភេទ​​​​​​នេះ​គឺ “Calamus viminalis” ជា​ប្រភេទ​ផ្តៅ​​មាន​ដើម​តូច ហើយ​ច្រើន​ដុះ​លូត​វារ​ឡើង​​​ដើម​ឈើ​ផ្សេងៗ​ក្បែរគុម្ពរបស់​វា ដែល​អាច​កាប់​​យក​ប្រើ​ការ​បាន​ចាប់​​ពី​វាលូតបាន​ប្រវែងប្រហែល​៥ម៉ែត្រឡើង​ទៅ ពោល​គឺ​ដុះ​​​លូត​លាស់បាន​រវាង​ពី​​១ឆ្នាំ ឬ២ឆ្នាំ​លើស (រូបលេខ៣-៤)។

ពពួកផ្តៅទឹកដុះវារឡើងព្រៃ ដែលអាចបោចវេញធ្វើព្រ័ត្របាន

ចំពោះផ្តៅ​​បោច​បាន បើចាស់ទុំ​មើល​ឃើញសន្មតថាគ្រប់ចំនួនហើយ គេ​ត្រូវ​ច​ង​​​បាច់​​​​​ជញ្ជូន​មក​ហាល​នៅ​ក្នុង​ភូមិ​ភ្លាមៗ ​​​មុន​​​​ដល់​កំណត់​ថ្ងៃវេញ​ធ្វើ​ជាព្រ័ត្រ (រូបលេខ​៥)។ ចំនួន​ផ្តៅ​ដែលគេត្រូវ​ការ​ប្រើ​ជា​មធ្យមសម្រាប់​ធ្វើ​ព្រ័ត្រមួយខ្សែប្រវែង​ពី​៤០ ទៅ​​៤៥ ម៉ែត្រ​ គឺ​ត្រូវការ​ផ្តៅ​​ប្រហែល​១០​ចន្ទាស ឬ១ក្រពើ ពោលគឺ​​​​ចន្លោះពី​១០០ ទៅ២០០ដើម ហើយ​​ត្រូវ​​ការ​ពេល​​​បោច​​ប្រហែល​​១ថ្ងៃ ទៅ​២ ថ្ងៃ​​ទើប​គ្រប់​តម្រូវ​ការ​។ រីឯការ​ហាលផ្តៅ​ទាំងអស់ខាងលើនេះ គឺត្រូវ​ការ​ពេល​ប្រហែល​​២ ទៅ​៣ថ្ងៃ ទើប​ដើម​​ផ្តៅស្រពាប់​ទន់​ ហើយ​ងាយ​ស្រួល​​វេញ​។ ចំណែក​ឯ​បច្ចេក​ទេស​វេញ​ផ្តៅ គេត្រូវ​ពឹង​ផ្អែក​លើ​ចាស់​​ទុំណែនាំច្រើន ដ្បិត​ការ​វេញ​ផ្តៅ​មួយ​ដើមៗ​បញ្ចូល​​​គ្នា ត្រូវ​ការ​បច្ចេក​ទេស​ចងរឹតឱ្យ​ជាប់​មាំ​ជា​ទី​បំផុត។ ប៉ុន្តែមុន​នឹង​​វេញ​ គេ​ត្រូវ​​យក​ផ្តៅ​​មួយ​​​ដើមៗ​មក​​លួស​សម្អាត​ចិញ្ចើម​ស្វា(​​​ថ្នាំង)ឱ្យ​ស្អាត ដើម្បី​កុំ​ឱ្យ​មុត​ដៃនៅ​ពេល​​​ទាញ​ព្រ័ត្រ។ បន្ទាប់មក គេ​ត្រូវ​យក​​​ផ្តៅ​ខ្លះ​ទៅ​ពុះ​ជាពីរ​ចម្រៀក​សម្រាប់​​ធ្វើ​ចំណង​។ ការងារ​ពុះ​ច្រៀក​ផ្តៅ​នេះ តែងតែ​ជា​ភារៈ​​​របស់​មនុស្ស​ចាស់ ដ្បិត​ពួក​គាត់​ស្ទាត់​​ប្រើ​​កាំ​បិត​​បន្ទស់ផង និង​ចេះ​លៃ​ប្រមាណ​ច្រៀក​បាន​​ស្មើ​​សាច់​ល្អផង (រូបលេខ៦-៧)។

អ្នកភូមិជញ្ជូនផ្តៅចេញពីព្រៃយកទៅហាលមុននឹងវេញធ្វើព្រ័ត្រ

បន្ទាប់​ពី​សម្អាតចិញ្ចើមស្វាចប់​សព្វគ្រប់ និង​បាន​ចម្រៀក​សម្រាប់​ធ្វើ​ចំណង​ល្មម​គ្រប់​គ្រាន់​ហើយ គេ​ត្រូវ​​​​យក​​ផ្តៅ​មកមួល​ចុងដើម ​​​​ចងបន្តគ្នានឹង​​ចំណង​ស្លឹក​ជ្រែ​បណ្តោះ​អាសន្នឱ្យ​បាន​ប្រវែងតាម​គេ​ចង់​បាន​សិន (ប្រហែល​​​​​​៤០​ម៉ែត្រ)។ ការ​ចងបែបនេះ ត្រូវ​ធ្វើ​ជា​ពីរ​​​ខ្សែ​សម្រាប់​វេញធ្វើ​ធ្លុង​មេ ឬធ្លុង​សំខាន់។ បន្ទាប់មក ទើប​គេ​ចាប់​ផ្តើម​ស្រាយ​ចំណង​ស្លឹក​​​​ជ្រែ​នៃ​ខ្សែ​​នីមួយៗ ហើយចង​នឹងចំណង​​ចម្រៀក​ផ្តៅឱ្យ​ល្អ សន្មតយក​ជា​បានការ ដើម្បី​​​​វេញ​បញ្ចូល​គ្នា​ឱ្យ​កើត​ជា​ធ្លុង​មេ​។ ពេល​បាន​ធ្លុង​សំខាន់ហើយ គេ​បន្ត​ត​ផ្តៅ​​ផ្សេងៗ​ទៀត​វេញ​ជា​ពីរ​ធ្លុង រួច​យក​មក​វេញ​បញ្ចូល​នឹង​ធ្លុង​​​​​​សំខាន់ដំបូង​​នោះជា​បន្ត​បន្ទាប់ ​រហូត​បាន​ខ្សែព្រ័ត្រ​តាម​ទំហំ ​និង​ប្រវែង​តាម​ការ​ចង់​បាន​ទើប​​គេឈប់​វេញ។ ប៉ុន្តែ​តាម​ការ​សង្កេត ចំណុច​ពិសេស​នៃការ​វេញ​បញ្ចូល​គ្នានេះ គេត្រូវ​លៃ​យ៉ាង​ណា​មិន​ឱ្យ​មុខ​តំណ​នៃធ្លុង​នីមួយត្រួត​ចំគ្នាឡើយ ហើយ​ដើម្បី​កុំឱ្យ​ធ្លុង​នីមួយៗ​រសាយ​ចេញពីគ្នា នៅ​លើ​ខ្សែ​ព្រ័ត្រ​ដែល​សម្រេច​​នោះ គេត្រូវ​ចង​ចំណង​ចម្រៀក​ផ្តៅ​ចន្លោះ​ពីមួយទៅ​មួយ​​ប្រហែល​៣តឹក ទើប​ធានា​ថាព្រ័ត្រ​នោះមាំល្អ ធន់​​នឹង​កម្លាំងទាញ​របស់ក្រុម​​មនុស្ស​ម្ខាងៗពី៣០ ទៅ៤០នាក់បាន។ ម្យ៉ាងវិញទៀត ចុង​​ព្រ័ត្រ​ទាំង​សង​ខាង គេត្រូវ​វេញ​​យ៉ាង​ណា​ឱ្យ​​រាវ​ស្តួច​តូច​ទៅរហូតសល់​ផ្តៅ​មួយ​សរសៃ ដែល​មើល​ទៅ​ហាក់​មិន​​ខុស​អ្វីពី​កន្ទុយ​ពស់​​ឡើយ។​ លុះស្រេច​បាច់​អស់​ហើយ គេ​ត្រូវ​យក​ក្រណាត់​​ក្រហម​​​មកចង​​សម្គាល់​នៅ​ចំ​កណ្តាល​ខ្សែព្រ័ត្រ។

ការរឹតចំណងត្រង់មុខតំណសរសៃផ្តៅ

មកដល់ថ្ងៃបុណ្យ គេត្រូវ​រៀបចំ​ធ្វើកិច្ចប្រុងពាលីជាធម្មតានៅវេលាល្ងាច។ បន្ទាប់​មកគេពូន​ភ្នំខ្សាច់ និងបួសភ្នំខ្សាច់ រួចទើប​ធ្វើកិច្ចបន្ត​បន្ទាប់​​តាម​គន្លង​ព្រះពុទ្ធសាសនា ព្រម​ទាំង​លេងល្បែងរបាំផ្សេងៗ រួមទាំងទាញព្រ័ត្រ​ផង។ ប៉ុន្តែ​ការទាញ​ព្រ័ត្រ​​ក្នុង​ថ្ងៃទី១ និងថ្ងៃទី២ គេពុំប្រឹងទាញឱ្យដាច់ឡើយ ពោល​គឺគ្រាន់​​តែ​ទាញ​​លេង​សប្បាយ​​​ប៉ុណ្ណោះ។ លុះ​ចូលដល់ថ្ងៃទី៣ ជាថ្ងៃផ្តាច់ព្រ័ត្រ​ គេ​ត្រូវ​យក​ព្រ័ត្រ​ដែល​បាន​និយាយ​​ហូរហែមក​ខាង​លើ​ មក​ទាញ​ជាកិច្ច​ក្បែរ​ខ្ទម​អ្នកតា ។ ការ​ទាញ​​នៅ​ពេល​នេះ ម្ខាងជា​ក្រុមស្រីៗ និងម្ខាងជា​ក្រុមបុរស ដែលភាគច្រើនជា​យុវជន​ពេញ​កម្លាំង តែ​ចំនួន​មនុស្សក្នុង​ក្រុម​ម្ខាងៗ​ពុំស្មើគេដូចរាប់ទេ។ គេត្រូវ​ទាញបីក្តារ​ដើម្បី​ផ្តាច់​ព្រ័ត្រ​នោះ ប៉ុន្តែបើទាញក្នុង​ក្តារទី១ ឬក្តារទី២ ហើយចាស់ទុំ​មើលឃើញថា​មិនដាច់ទេ គេយក​កាំបិត​មក​​កាត់​​ធ្លុង​ព្រ័ត្រខ្លះ ​ដើម្បីឱ្យទាញដាច់ទៅតាម​បំណងជា​កិច្ច​បញ្ចប់​ថ្វាយ​អ្នកតា​។ បន្ទាប់ពីទាញផ្តាច់ព្រ័ត្រថ្វាយអ្នកតាហើយ ភ្លាមនោះគេ​និមន្ត​​ព្រះ​សង្ឃ​ប្រោះ​ព្រំបន្ថែមទៀត ដើម្បីសុំសុខសប្បាយ​តាម​ទំនៀម។

សូមកុំភ្លេច​ថា ក្នុង​សៀវភៅ​មហា​សង្រ្កាន្ត​​បុរាណៗ​លោកតែងហៅល្បែង​ទាញ​ព័ត្រ​ជា “ល្បែង​នក្ខត្តឫក្ស” ពោលគឺ​ពុំមែន​ល្បែង​ដែល​យក​​​​លេង​ល្បង​កម្លាំង​គ្នា​យកឈ្នះ​ចាញ់​ក្នុងន័យ​ជា​កីឡាឡើយ។ ​រីឯ “ផ្តាច់​ព្រ័ត្រ​” ក្នុង​ទីនេះគេយល់ថា ជា​និមិត្ត​រូប​នៃ​ការ​ដាច់​ឆ្នាំ​ចាស់​​ចូល​ឆ្នាំថ្មី ពោល​គឺ​​​បញ្ចប់​វដ្ដកសិកម្ម​​ចាស់​​ផ្តើម​ចូល​​វដ្ត​កសិកម្ម​ថ្មី។ ចប់ខែចែត្រចូល​ខែ​ពិសាខ ដែល​ខ្មែរ​ហៅថា “ដើមឆ្នាំ”។ លើសពីនេះគេ​ដឹង​ថា​ល្បែងទាញ​ព្រ័ត្រ​​ មាន​ខ្លឹមសារ​​​​ជ្រៅ​ក្នុង​​ជំនឿ​ពាក់​ព័ន្ធនឹង​កសិកម្ម​ដាំ​ដុះ​ របស់​ប្រជា​ជន​​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី។ ហេតុដូច្នេះ ទើប​នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៥​ ល្បែង​ទាញព្រ័ត្រ​ ត្រូវ​បាន​ចុះ​​​បញ្ជី​ពហុជាតិ​សាសន៍ក្នុង ​“បញ្ជី​តំណាង​នៃ​បេតិក​ភណ្ឌ​​វប្បធម៌​អរូបី​​នៃ​មនុស្ស​ជាតិ”តាម​សំណើ​​រួម​របស់​កម្ពុជា ហ្វីលីពីន វៀតណាម និង​សាធារណរដ្ឋ​កូរ៉េខាងត្បូង៕

—————————————

The traditional tug of war for Neak Ta Derm Samrong

Neak Ta Derm Samrong has a shelter near a border of Trabek Pok and Prek Rusei village, along with Tonle Touch of Kampong Kung commune, Koh Thom district, Kandal province. Annually, three days’ ceremonies and tug of war celebrate there to offer for Neak Ta Derm Samrong. This ceremony has been doing three days after Khmer New Year and the material uses for tug of war is rattan. On the last day, two teams pull the rattan rope on opposite ends against each other. The goal is to break down the rope. The time and action are significant in ending the old and welcome new year. 

The rope uses for tug of war calls in Khmer Prat. It uses to tie big things and to play in a tug of war for religious purposes such as New Year, Chlang Chet or Loeung Neak Ta. This custom is still practiced in some districts of Kampong Thom and Siem Reap province. 

The people in Kampong Kung collect rattan about half or a month before the ceremony and make the rope using in the ritual, in front of Neak Ta. This activity involves the whole community. Collecting the rattan requires a small ritual practice. 

People could be the rattan in the forest. In the past, there are two types of rattan used to make a rope. They are Ptau Terk (rattan water) and Ptau Krek (rattan Krek). However, rattan Krek has not many in the present. The rattans of about 100 to 200 of 40 to 45 meters will be collected and dried around 2 to 3 days before making the rope. It needs one to two days to collect this amount of rattan. The technique to make the rattan rope requires skill from the elderly. Each sliding long string of rattan will be twisted together following the two main keys. The connecting point is avoided overlapping and make sure not to detach from each other. To secure the place, a string is used to tie the rope every 30 centimeters. It is also to make sure that the rope could resist for 30 or 40 people. The middle point of the rope ties with a red string. 

The ceremony starts with concertation to Bali in the evening, making sand mount and release sand mount. Furthermore, some Buddhist rituals celebrate along with traditional games and tug of war. Tug of war is played for three days. However, the first and second days are not intending to break the rope. On the third day, the rattan rope is brought to play in front of the shelter of Neak Ta. A team of women and a team of men pull the two ends of the rope against each other until the rope break. The third day of tug of war will pull three times. However, in case the rope is too strong, the elderly will slightly cut open the rope. After the rope breaks, the monks will do chanting and blessing. 

In conclusion, the Khmer tug of war is a ritual game. It relates to cutting from the old for the new year. It ends a circle of agriculture and starts a new phase. Tug of war is significantly related to agriculture. This practice is also practiced in some countries in Asia. On December 2nd, Teanh Prat or tug of war has listed in the intangible cultural heritage through the request of Cambodia, the Philippines, Viet Nam and the Republic of South Korea. 

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!