ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកព្រះស្រីសៅគន្ធកុដិ

សិលាចារឹកព្រះស្រីសៅគន្ធកុដិ

នៅក្បែរស្ពានបុរាណមួយដែលមានឈ្មោះថា “ស្ពានពងទឹក” ស្ថិតនៅក្នុងស្រុកពួក ខេត្តសៀម​រា​ប​ គេ​បានប្រទះឃើញ​ថ្ម​មួយផ្ទាំងរាងជាសន្លឹកសីមា មានអក្សរចារឹកខ្លីចំនួនពីរបន្ទាត់ ដែលមិនទាន់ចុះក្នុងបញ្ជី​សារពើភណ្ឌ​សិលាចារឹក​នៃប្រទេសកម្ពុជានៅឡើយ។ នៅផ្នែកម្ខាង​មានចារឹកអក្សរបុរាណថា “ព្រះ​ឝ្រីឝៅគន្ធកុដិ” បើសរសេរជាអក្សរទំនើបគឺ “ព្រះស្រីសៅ​គន្ធកុដិ”។

សៅគន្ធកុដិ ជា​សំណេរតាមពាក្យសំស្ក្រឹតដែលត្រូវនឹងសំណេរពាក្យបាលីថា សុគន្ធកុដិ។ នៅផ្នែកម្ខាងទៀតមានឆ្លាក់រូបចេតិយ​ ដែលខឿននៃរូបចេតិយនោះមានទម្រង់ជាឈូកផ្កាប់ឈូកផ្ងាទ្រ ហើយផ្នែកកណ្ដាលដែលជាអង្គចេតិយ​មានរាងជាកណ្ដឹង។ នៅ​ផ្នែកកំពូលនៃរូបចេតិយមានធ្វើជា “ដំបែ” សម្រាប់ទ្រផ្នែកខាងលើដែលគេហៅថា “ត្រយ៉ូង”។

សិលាចារឹកនេះពុំមានកាលបរិច្ឆេទទេ ប៉ុន្ដែតាមតួអក្សរ យើងអាចសន្និដ្ឋានបានថាស្ថិតនៅក្នុងស.វ.ទី១៤។ ក្នុងរាជ្យព្រះបាទស្រិន្ទ្រវម៌្ម (១២៩​៥​-១៣០៧គ.ស) យើងចាប់ផ្ដើម​ឃើញមានភស្ដុតាងសិលាចារឹកមួយចំនួន បង្ហាញពីវត្តមានព្រះ​ពុទ្ធសាសនាថេរវាទ​នៅប្រទេសកម្ពុជា។ អ្នកស្រាវ​ជ្រាវចាត់ទុកសិលាចារឹកគោកស្វាយចេក ជាសិលាចារឹក​ពុទ្ធសាសនាថេរវាទប្រើភាសាបាលីដំបូងគេ។ ចារឹកខ្លីនៅក្បែរស្ពានពងទឹកនេះ ក៏មាន​សេចក្ដីទាក់ទងនឹង​ព្រះពុទ្ធសាសនាថេរវាទដែរ ហើយ​តាមការស្រាវ​​ជ្រាវកន្លងមកវាជាភស្ដុតាងដំបូងតែមួយ​គត់ដែលបង្ហាញពី សុគន្ធកុដិ នៅប្រទេសកម្ពុជា។ សុគន្ធកុដិគន្ធកុដិ ជាកុដិដែល អនាថបណ្ឌិកសេដ្ឋី សាងថ្វាយព្រះពុទ្ធអង្គ​នៅវត្តជេតពននា​ក្រុងសាវត្ថី​។

ក្រោយមកកុដិដែលគេសាងថ្វាយព្រះពុទ្ធនៅទីដទៃទៀត​ ក៏ហៅថា សុគន្ធកុដិ ដែរ ដូចជាកុដិដែលនាងវិសាខាសាងថ្វាយនៅបុព្វា​រាមជាដើម។ សុគន្ធកុដិគន្ធកុដិ មានន័យថាកុដិដែលមានក្លិនក្រអូប ហើយក៏ជាឈ្មោះកុដិដែល​ជាលំនៅព្រះសម្មា​សម្ពុ​ទ្ធ មានផ្កាក្រអូបដែលគេដាក់បូជាព្រោះបរិស័ទទាំង​ឡាយ​​តែងយកផ្កាភ្ញី និងគ្រឿងក្រអូបជាដើមថ្វាយព្រះពុទ្ធនៅខាងមុខកុដិនោះ នៅ​ពេល​ពួកគេមកថ្វាយបង្គំព្រះអង្គ​។ នាពេល​បច្ចុប្បន្ននេះ​ ពុទ្ធសាសនិក​គ្រប់ទិសទីដែលធ្វើធម្មយាត្រាទៅកាន់ទីតាំងវត្តជេតពន នៅតែមានទំនៀមបូជាផ្កានៅសុគន្ធកុដិដដែល។

សម្រាប់ការសិក្សាបែបបុរាណវិទ្យាលើទំនាក់ទំនងថ្មចារឹកនេះ​ និង​ទីតាំង​នៅជុំវិញ គឺពុំទាន់ឃើញមានការសិក្សានៅឡើយ​ទេ ដូច្នេះទើបយើងមិនទាន់យល់ច្បាស់អំពីតួនាទីរបស់ថ្មរាងសន្លឹកសីមានេះ​ ថាតើមានតួនាទីជាអ្វីឱ្យពិតប្រាកដ?។ ចំណែកឯរូបចេតិយដែលឆ្លាក់នៅលើថ្មនោះ ទំនងជាឧទ្ទិសជាព្រះស្រីសៅគន្ធកុដិ(?) ឬពុំ​នោះ​សោតថ្មគោលចារឹកនេះអាចយកមកពីទីតាំង​ ព្រះស្រីសៅគន្ធកុដិ ដែលគេសាងក្នុងអំឡុងស.វ.ទី១៤នោះ។

នៅប្រទេសកម្ពុជានាអំឡុងប្រមាណជាពីរទសវត្សរ៍ចុង​ក្រោយ​នេះ​​​ យើងសង្កេតឃើញមានការចាប់ផ្ដើម និង​និយមសាងសង់អគារកុដិ ឬ​ចេតិ​យ​ នៅ​ក្នុងអារាមឬអាស្រមមួយចំនួនដែល​ឱ្យ​ឈ្មោះស្រដៀងៗគ្នាថា គន្ធកុដិ ព្រះគន្ធកុដិ ព្រះមហាគន្ធកុដិ សុគន្ធកុដិព្រះមហាសុគន្ធកុដិ ជាដើម។ ឈ្មោះទាំងនេះក៏បានប្រើសម្រាប់ដាក់ជាឈ្មោះវត្តឬអាស្រម ពុទ្ធសាសនាមួយចំនួន​​ផងដែរ។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!