ប្រាសាទភ្នំដា

ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅលើកំពូលតូចមួយឈ្មោះភ្នំដា ក្នុងភូមិព្រែកតាផូ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ហើយស្ថិតនៅភាគខាងត្បួងនៃប្រទេស និងមានចម្ងាយប្រមាណជា ១០០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។  ភ្នំដា នេះជាមជ្ឈមណ្ឌលព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ហ្វូណន ហើយពាក្យ “ភ្នំដា” នេះទៀតសោតក៏ជាឈ្មោះសិល្បៈខ្មែរដំបូងផង។

នៅចុងស.វ.ទី១៩ និងដើមស.វ.ទី២០ អ្នកស្រាវជ្រាវជនជាតិបារាំងជាច្រើនបានមកសិក្សានៅតំបន់ប្រាសាទភ្នំដា ក្នុងនោះមានលោក Etienne Aymonier (ឆ្នាំ១៨៨២) លោក Henri Parmentier (ទ.ស.១៩២០) និងជាពិសេស គឺលោក Henri Mauger ដែលបានមកជួសជុល និងធ្វើកំណាយកាលពីឆ្នាំ១៩៣៥ ព្រោះមុនពេលលោកមកដល់ប្រាសាទភ្នំដាមានស្ថានភាពខូចខាតច្រើនដោយអន្លើ។

ប្រាសាទនេះមានប្លង់រាងបួនជ្រុងស្មើ បែរមុខទៅទិសឯជើង កសាងឡើងពីថ្មបាយក្រៀម លាយជាមួយឥដ្ឋ (ផ្នែកខាងក្រោមសាងពីថ្មបាយក្រៀម និងខាងលើធ្វើពីឥដ្ឋ) ដែលមានទំហំ ១២ម៉ែត្រ គុណនឹង ១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ ឯជញ្ជាំងមានកម្រាស់ ៣,៨០ម៉ែត្រ។ តាមរយៈការសិក្សាលើក្បាច់លម្អនៅលើសំណង់ស្ថាបត្យកម្មដូចជា ហោជាង ផ្ដែរ និងសរសរពេជ្រ គេអាចសន្និដ្ឋានបានថា ប្រាសាទភ្នំដាទំនងសាងសង់នៅក្នុងស.វ.ទី១១ នៃគ.ស. ក្នុងរវាងរចនាបថឃ្លាំង និងបាពួន។ ប្រាសាទនេះមានទ្វាចូលនៅខាងជើង និងអមដោយទ្វារបញ្ឆោតបីទៀតនៅទិសខាងកើត ខាងលិច និងខាងត្បូង។ ហោជាងប្រាសាទភ្នំដានៅមានរូបរាងល្អប្រសើរ លម្អជាទម្រង់ក្បាច់ទ្រនង់នាគ ដែលនៅចុងសងខាងមានមករខ្ជាក់នាគ និងនាគខ្ជាក់កម្រងផ្កា (រូបលេខ៣)។

ហោជាងខាងកើតរបស់ប្រាសាទភ្នំដា
បំណែកផ្តែរម្ខាងរក្សាទុកនៅសារមន្ទីរហ្គីមេ ប្រទេសបារាំង

ចំណែកផ្ដែរទ្វារនៅប្រាសាទនេះវិញមានពីរសំខាន់ៗគឺ ចម្លាក់ទី១ បង្ហាញអំពីរឿងកូរសមុទ្រទឹកដោះ(រូបលេខ៤) តែចម្លាក់នេះបានបែកបាក់ជាច្រើនបំណែកហើយមួយផ្នែកនៃចម្លាក់នេះរក្សាទុកនៅសារមន្ទីរហ្គីមេនៃប្រទេសបារាំង និងមួយបំណែកទៀតរក្សាទុកនៅសារមន្ទីរអង្គរបុរីខេត្តតាកែវ (រូបលេខ៥)។ ចម្លាក់ផ្ដែរទ្វារមួយទៀត ឆ្លាក់បង្ហាញអំពីរឿងទេវកថាព្រះនរាយណ៍ផ្ទំរង់ចាំបង្កើតលោកថ្មី (រូបលេខ៦)។ ចំពោះសរសរពជ្រ ពុំសូវមានការលម្អអ្វីច្រើននោះទេ ដោយគ្រាន់តែសិល្បករឆ្លាក់ជាក្បាច់ស្លឹកឈើល្អិតៗដូចជា ធ្មេញរណា និងក្បាច់ផ្កាតិចតួច (រូបលេខ៧)។

អ្នកស្រាវជ្រាវជាច្រើនយល់ស្របគ្នាថា ប្រាសាទភ្នំដាដែលនៅឈរមានរូងរាងល្អនិងសាង​ឡើងនៅរវាងស.វ.ទី១១នេះ សង់ពីលើប្រាសាទដ៏ចំណាស់មួយដែលអាយុកាលពីសម័យហ្វូណន​មកម្ល៉េះ។ បើយើងមើល​​​​​​​​​​​​​​​​​​ផ្នែកខាងក្រៅនៃជ្រុងខាងលិច យើងនឹងអាចមើលឃើញប្រាសាទចាស់នាសម័យហ្វូណននោះ ត្បិតការជួសជុលរបស់លោក Henri Mauger បានទុកផ្នែកខាងក្រោមជ្រុងខាងលិចនេះ ដើម្បីបង្ហាញឱ្យអ្នកស្រាវជ្រាវ និងសាធារណជនបានដឹងថា ប្រាសាទសម័យអង្គរនេះ (ប្រាសាទភ្នំដា) សង់ពីលើប្រាសាទឥដ្ឋចាស់ពីសម័យមុនអង្គរ។

ផ្តែរទ្វាររូបព្រះនារាយណ៍ផ្ទំ រង់ចាំបង្កើតលោក

ក្នុងឆ្នាំ១៩៣៥ ក្នុងពេលលោក Henri Mauger ​ជួសជុលនិងធ្វើកំណាយ លោកក៏បានរកឃើញបដិមាព្រះនារាយណ៍ដៃប្រាំបី ព្រះពលរាម និងព្រះរាម តែបានបែកបាក់ជាច្រើនបំណែក ហើយបច្ចុប្បន្នបដិមាទាំងបីនេះរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ (រូបលេខ៨)។ បដិមាទាំងបីនេះធ្វើពីថ្មភក់ ដោយរូបព្រះនារាយណ៍មានកម្ពស់ ២,៧០ម៉ែត្រ, ព្រះរាមមានកម្ពស់ ១,៧៦ម៉ែត្រ និងព្រះពលរាមមានកម្ពស់ ១,៥៧ម៉ែត្រ។ បដិមាទាងបីនេះក៏ជាផ្នែកមួយដ៏សំខាន់នៃការសិក្សារចនាបថភ្នំដាផ្នែកខាងដើម ឬហៅថារចនាបថភ្នំដា “ក” ដែលលោក Pierre Dupont (អ្នកប្រវត្តិសិល្បៈខ្មែរដ៏ល្បីល្បាញ) បានកំណត់ជាសិល្បៈសម័យហ្វូណន រចនាបថភ្នំដា “ក” និង “ខ” ។

បដិមារចនាបថភ្នំដា រកឃើញពេលធ្វើកំណាយនៅប្រាសាទភ្នំដា

ជារួមមក ប្រាសាទភ្នំដា ទំនងជាប្រាសាទដែលសាងសង់ឡើងនៅរវាងស.វ.ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ហើយសង់នៅលើទីតាំងប្រាសាទចាស់កាលពីសម័យហ្វូណនទៀតផង។ ជាងនេះទៀតសោត ប្រាសាទភ្នំដាមានលក្ខណៈស្ថាបត្យកម្មនិងសិល្បៈប្រហាក់ប្រហែលប្រាសាទ​ត្រាវ (ខេត្តសៀមរាប) និងប្រាសាទគោកខ្វិត (ស្រុកបាធាយ ខេត្តកំពង់ចាម)៕

អត្ថបទដើម៖ លោក លាក់ ស៊ីផាន់ណា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,500SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!