កាលមានន្ទ បានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះ ទៅភូមិរហាត់ទឹក ដោយបោលកាត់តាមវាលស្រែ ដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះ តម្រង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់ អាយុប្រមាណសែសិបឆ្នាំ កាន់ចន្លុះមួយ ចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះ ក៏គ្រវីចន្លុះឡើង រីករាយ ហើយស្រែកថា៖
- អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ?
ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចា របស់អ្នកកាន់ចន្លុះ គេសង្កេតឃើញ នូវការគោរពស្រលាញ់ យ៉ាងខ្ជាប់ខ្ជួន ជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះ ដោយអស់កម្លាំងខ្លាំងពេក។ មាណពស្ទុះទៅឱបសហជីវិនចាស់ របស់អ្នក យ៉ាងខ្លាំង ដោយក្ដីរលឹក។ មិត្ដចាស់នេះ ឈប់ធ្មឹង បាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា៖
*ឱ ! លោកគ្រូរបួសផង ?
- ថាហើយអ្នកម្ចាស់ផ្ទះ ស្ទុះទៅគ្រាហ៍មានន្ទ ដោយថ្នាក់ថ្នម។
មានន្ទញញឹមឆ្លើយថា៖ អឺ ! ខ្ញុំរបួស!
- អ្នកណា អាចកាប់លោកគ្រូ ត្រូវយ៉ាងនេះ ?
មានន្ទញញឹមទៀត ។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខ ពីស្រពោន ទៅចងចិញ្ចើម។ សម្លេងមួយ បន្លឺលាន់ឮឡើង តិចៗ ថា៖
- ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួសយ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម។
- អឺ ! ឆាប់ឡើង!
- មានការឬទេ ?
- ប្រហែលមាន បងគីឯងសុខសប្បាយជាទេ ?
- សុខ និង ទុក្ខ ជាធម្មតា តែកុំអាលសិន សម្រាន្តលើគ្រែនេះផ្អែកទៅនឹងខ្នើយ ចាំខ្ញុំដាំទឹក លាងឈាមឲ្យស្អាត រួចចាំខ្ញុំ រុំរបួសឲ្យស្រួល មើលៗ តើមុខរបួសធំទេ !
- មិនអីទេ ?
- ឱ ! ព្រះអើយ ! ធំដែរ ម្ដេចឈឺទេ លោកគ្រូ ឈឺខ្លាំង ឬ ?
មានន្ទប្រឹងធ្វើមុខជូរ តែអ្នក ខំប្រឹងញញឹម ឲ្យសហជីវិនរបស់អ្នក បានធូរទ្រូង។
- មិនជាអ្វីទេ!
- លោកគ្រូ សម្រាន្តនៅឲ្យស្ងៀម ទុកខ្ញុំធ្វើការនេះ។
នាយអគ្គីឆ្លេឆ្លា រហ័សជើង ស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើង ដាំទឹក ឆេះឲ្យទង្គោល រួចមកច្របាច់ដៃជើងឲ្យមានន្ទ ។ នាយអគ្គីនិយាយ ស្ទើរយំ ថា៖
- ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង។
- បងគីឯងជាមិត្ដជីវិតមួយ នឹងខ្ញុំ ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយឬនៅ?
- អឺ! គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីឯងបែកទៅខ្ញុំ តដៃនឹងខ្មាំង សម្លាប់អស់ជាច្រើន ដល់មានឱកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីឯងគ្រប់កន្លែង ស្រែកហៅ តែពុំឃើញ ខ្ញុំខ្លោចចិត្ដ នឹកថា បងគីឯងស្លាប់បាត់ទៅហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមក ខ្ញុំមានប្រពន្ធ . . .។
បុរសឈ្មោះអគ្គី កាលឮមានន្ទថ្លែងថាមានប្រពន្ធ ក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ។
- យី ! អីលោកគ្រូមានប្រពន្ធហើយ ?
តែមានន្ទធ្វើទឹកមុខស្មើដដែល។
- អឺ ! កុំអរ . . កុំសើច . . គឺជារឿងកម្សត់ . . ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាឯណា អាចមកប្រៀបធៀប នឹងសេចក្ដីស្នេហា របស់យើងទាំងពីរនោះទេ ។ នាងនោះមានរូបល្អ ។ ឱ! ល្អមែន . . .។
នាយគីទះដៃដោយត្រេកអរ។
- លោកគ្រូមានសំណាងណាស់!
មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សម្លឹងមើលទៅលើ។
- ទេ ! មិនដូច្នោះទេ ! ក្រោយមកស្រីនេះ……ឱ ! បង អើយ…. ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ។
- អី….បង បង មានសហាយ . . . ?
នាគីប្រែទឹកមុខ ស្រឡាំងកាំង បើកភ្នែកធំ។
- យី ! ម៉េចក៏ដូច្នោះ ?
មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដោយសម្លេងមូលដដែល ថា៖
- កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍។
នាយគីងាកក្បាលសម្លឹងគិត រួចសួរថា៖
- អ្នកណាជាសហាយ ?
- ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកឯណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . .អ្នកណា ? អ្នកណា ?
(សូមរងចាំតាមដានភាគទី២៦ នៅសប្តាហ៍ក្រោយ)