ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៦)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៦)

មានន្ទនៅស្ងៀម យកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះ ធ្វើឲ្យនាយគី រឹតតែឆ្ងល់ទៅទៀត ។ ភ្នែក ដែលនាយគីមើល ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើឲ្យបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដ ។ មានន្ទ បន្ថែមទៀតថា៖

  • កុំចង់ដឹងអី !
  • ទេលោកគ្រូ !
  • ជារឿងហួសអស់ទៅហើយ។
  • ទេ លោកគ្រូ !
  • ជារឿងឥតប្រយោជន៍។

នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាច ឲ្យមានន្ទប្រាប់ខ្លួន ដ្បិតអ្នកមានប្រយោជន៍ នឹងដឹងរឿងរបស់មិត្ដ ដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹង នូវអស់រឿងរបស់មានន្ទ ទោះរឿងនោះជារឿងកំទេចកំទី ក៏ដោយ ឲ្យតែមានន្ទព្រមនិយាយរឿងឲ្យស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយ តិចៗថា៖

  • លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ។

ពាក្យនេះមានសំនួនខ្លាំងមែន ដ្បិតមានន្ទ បែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា៖

  • កាមាប្អូនប្រុសខ្ញុំ . . .។
  • យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?
  • អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែឥឡូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទម្ងន់ ប្រហែលវាស្លាប់ហើយ ឯខ្ញុំក៏ត្រូវរបួសនេះឯង។
  • ឱ ! ព្រះម្ចាស់ថ្លៃអើយ !
  • កុំឲ្យខាតពេល ! អឺ កុំឲ្យខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ ។ តែត្រូវដឹងថា ពីពេលនេះទៅ ជីវិតយើងមានគ្រោះរដឹក រហូតតាមផ្លូវហើយ។
  • បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់ រស់ជាមួយលោកគ្រូដែរ។
  • ប៉ុន្ដែបើស្លាប់ ឬ រស់ក៏ល្អមើល។
  • បាទ ! បាទ !

មានន្ទចាប់បាតដៃនាយគី ច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀត ដូចតទៅ៖

  • ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការណ៍មួយយ៉ាងធំ។
  • គឺអ្វី ?
  • គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងឲ្យបានរុងរឿងឡើងវិញ។
  • ធ្វើយ៉ាងណា ?
  • តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ។
  • បាទ ! ខ្ញុំក៏តស៊ូដែរ!
  • អឺ ! ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ។
  • យល់ព្រមពេញទី !

អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម។

  • តែការតស៊ូ មិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អាណិតគេ រួចចង់ជួយគេមែនៗ គឺជាអ្នកដែលរម្យទម មិនចេះខឹង មិនខ្លាចការ មានចិត្ដអំណត់ ក្នុងកិច្ចការ។ អើបង ! អ្នកតស៊ូ គឺមនុស្ស ដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រ អត់ឃ្លាន គ្មានពេលសប្បាយ ឬ ពេលទំនេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺប្រាសព្រាត់អស់ចំណងស្នេហាទាំងឡាយ ដែលចងយើង ដើម្បីឈោងចាប់យកភពមួយថ្មី ដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពឯកា» ឬ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅតស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខ និង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។
  • ទឹកពុះហើយឬ ?

នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះ ក្នុងចានដែក។ អ្នកយកគមកធ្វើសំលី រួចលុបលាងមុខរបួស យ៉ាងថ្នមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា៖

  • គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថា

លោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិនដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួស ស្រេចទៅហើយ ។ ចុះមិត្ដយើងឯទៀតទៅ តាមយើងទេ?

  • ទៅ! ប្រាកដជាទៅដាច់ខាត។
  • យើងទៅតាំងទីកន្លែងត្រង់ណា ?
  • គង់ដឹងទេ តែឥឡូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ។
  • ជយោ ! លោកគ្រូ ! ហ៊ី រួចហើយឥឡូវសូមលោកគ្រូសម្រាកចុះ ខ្ញុំយាមមាត់ទ្វារជូន។

មានន្ទសើច ចាប់ដៃនាយអគ្គីជាប់ នៅស្ងៀមមួយស្របក់ រួចនិយាយថា៖

  • យាមឯណា ខ្ញុំមិនទាន់បានសួរបងឯងផង។

នាយអគ្គីមុខស្មើ។

  • ឱ ! បាទ !
  • តើកាលពីយើងបែកគ្នានោះ បងឯងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?

នាយអគ្គីឡើងស្រងូតស្រងាត់ ឆ្លើយថា៖

  • បាទ ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំង ដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេយកខ្ញុំ ទៅសម្លាប់។ ខ្ញុំញញឹម មុខក្ដីមរណភាពនេះ។ បាទ ! ខ្ញុំញញឹម ព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ ដោយបានបំរើបុព្វហេតុមួយ ដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាត ស្រីម្នាក់ជាបុត្រីមេកង មានចិត្ដអាណិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។

បរិយាកាសនៃកិច្ចសន្ទនា ក៏ប្រែរីករាយវិញ។ សម្លេង៖

 (សូមរងចាំតាមដានភាគទី២៧ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!