ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគទី២)

ផ្កាស្រពោន (ភាគទី២)

                                                    

ស្ថានីយ៍អូរស្រឡៅ!​ ក្មេងនោះក្រោកឈរឡើង ហើយអើតតាមបង្អួចមើលទៅខាងកើត។ ក្នុងគ្រានេះអារម្មណ៍ផ្សេងៗក៏ស្ទុះមកបបុះអង្អែលព្រលឹងនាយកំលោះ មានសភាពដូចជាវាយោរហៀកៗ ដែលតែងរំហើយរាត្រីនៃរដូវក្តៅ។ ឳវាលស្រៃនេះ! ជួរដងអូរនេះ! ឳ! ត្រដោកហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះ!​ ខ្លួនបានធ្លាប់ស្គាល់ធ្លាប់ប្រទះ តែទោះឃើញយ៉ាងណាក៏ដោយ ខ្លួនមិនចេះជិនឆ្អន់សោះ នៅមានសេចក្តីប្រតិព័ទ្ធដូចមិត្តសម្លាញ់ជានិច្ច។

         កុមារគិតក្នុងចិន្តាថា៖ ឳភូមិកំណើតអើយ! នៅកំបាំងតែដងអូរពីរសង្កាត់ប៉ុណ្ណោះ ក៏នឹងដល់ហើយ!។

         រទេះភ្លើងបានចាប់បរទៅទៀត។ ពួកកូនសិស្សក៏នាំគ្នារៀបហឹបរៀបអីវ៉ាន់ ព្រោះនៅតែ១៥គីឡូទៀតនឹងដល់ផ្ទះហើយ។ មានខ្លះដែលជាអ្នកផ្ចិតផ្ចង់ខាងរាងកាយបានចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងមុខ សិតសក់ សំរួលមួកលើក្បាល ទាញខ្សែក្រវ៉ាត់ហើយដកវែនតាខ្មៅមកពាក់។

         ប៊ុន ធឿន គឺជានាមនៃកុមារដែលមានមុខក្រៀមក្រំ ដកសំបុត្ររទេះភ្លើងមកកាន់នៅដៃ ហើយទាញវ៉ាលីស្បែកដែលសឹកដាច់ដោយដំណើរញយៗមកដាក់ខាងខ្លួន។ នៅពេលដែលបានជិតមកដល់ក្រុងជាទីស្នេហាបំផុត អ្នកដំណើរនេះក៏ហាក់ដូចជាឮសូរបេះដូងយោលរឹតតែញឹកញាប់ឡើង។

ផុតដំណាក់អូរដំបងហើយ…ឆ្លងស្ពានដែក…ឈប់បន្តិចនៅជិតវត្តកណ្តឹង…ផ្លូវរទេះភ្លើ​ងកោងវាងទៅខាងមុខវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ។ គុកដ៏ត្រដាងជញ្ជាំងប្រផេះ…ផ្ទះ និងរោងជំនាងផ្សេងៗនៃក្រុមរទេះ ល្បឿនយន្តថយ…ថយ។ ស្ថានីយ៍! មនុស្សខ្មៅមីរនៅចាំទីនោះ។ អ្នកដំណើរទាំងអស់គ្នាក្រោកស្រ ឈរមើល។ ហ្វ្រាំងស្រែក រថភ្លើងក៏ឈប់ទន្ទឹមនឹងស្ថានីយ៍៖ ខ្លះស្រែកហៅ ខ្លះសើច ខ្លះនិយាយកោកកាក អ្នកដំណើរ ប្រជ្រៀតគ្នាដើម្បីចុះពីលើយានព្រោងព្រាត។

         ប៊ុន ធឿន ទាញមួកមកពាក់ កញ្ឆក់វ៉ាលីរបស់ខ្លួនមកកាន់ ចាប់ដៃលាពួកម៉ាកពីរបីនាក់ ហើយក៏ញែកពពួកមនុស្សដើរតំរង់ទៅអ្នកចាំទ្វារ។ ដល់ហើយក៏បង្ហាញសំបុត្រខ្លួនឲ្យគេកត់សម្គាល់ រួចក៏ឡើងជិះក្នុងរឺម៉កមួយ ទើបនិយាយប្រាប់អ្នកដែលធាក់ថាៈ ជូនខ្ញុំទៅកំពង់ព្រះ។

         ថ្នល់ពីក្រុងបាត់ដំបង ទៅភូមិកំពង់ព្រះ ជាផ្លូវអាណានិគមទី១ (ផ្លូវជាតិលេខ៥) ដែលជាអាណានិគម ឆ្ពោះទៅកាន់ក្រុងភ្នំពេញ ថ្នល់នេះចាក់ជ័រស្អាតរាបធេង។

         រឺម៉ក ដែលប៊ុន ធឿនជិះមិនយូរប៉ុន្មានក៏រត់ផុតគេហដ្ឋានអ្នកស្រុកក្រុងអស់។ មាគ៌ានេះមិនសូវស្ងាត់ទេ គេតែងជួបនឹងរទេះគោ អ្នកថ្មើរជើង អ្នកជិះចក្រយានទៅមក តែដោយប៊ុន ធឿន ធ្លាប់ឮសូរសំរែករទេះភ្លើង ឮសំដីពួកម៉ាកពីមុនមក ថ្នល់នេះក៏ហាក់ដូចជាមានសភាពស្រងេះស្រងោច រឹងរឹតតែធ្វើឲ្យអ្នកដំណើរយើងខ្លោចផ្សារក្នុងចិត្តពេកក្រៃ។ ទុក្ខដែលក្រាបងំ កាលដែលជិះរទេះភ្លើង ឥឡូវក៏បែរទៅជាជោរជន់ដល់បំពង់ក។

         ប៊ុន ធឿន លូកយកសំបុត្រដែលនាងសោភ័ណជាប្អូនបង្កើតបានផ្ញើទៅឲ្យ នៅថ្ងៃមុន ដែលខ្លួនចេញពីក្រុងភ្នំពេញ មកមើលឡើងជាថ្មីម្តងទៀត។ សារនោះមានសេចក្តីថាៈ

         អ្នកបង! ខ្ញុំមិនហ៊ានលាក់ មិនប្រាប់អ្នកបងពីរឿងយើងមានគ្រោះថ្នាក់ ទុក្ខភ័យយូរទៅទេ ក្រែងបងនិន្ទាថាប្អូនធ្វេសប្រហែស។

         បងគង់បានជ្រាបតាមសំបុត្រខ្ញុំពីថ្ងៃមុនៗមកស្រាប់ ហើយថាលោកឪពុកយើងគាត់បានផ្ទុកស្រូវនឹងទូកប៉ុកចាយមួយចំណុះមួយហ្មឺនថាំង ដើម្បីនឹងនាំចុះទៅក្រុងព្រៃនគរតាមផ្លូវទន្លេសាប។ ខ្ញុំទើបបានដំណឹងច្បាស់ថា ទូកស្រូវនោះឥឡូវត្រូវខ្យល់ព្យុះបោកលិច  កណ្តាលទន្លេទៅហើយ គេគ្មានសង្ឃឹមថានឹងស្រង់យកស្រូវបានវិញខ្លះទេ។ មុខតែខាតធំហើយគ្រានេះ។

         ប៊ុន ធឿនកាលបើនឹកឃើញសេចក្តីសំបុត្រនេះហើយ ក៏សែនតក់ស្លុតក្នុងស្មារតី។ សេចក្តីបំណងដែលខ្លួនបានគិតទុកទាំងអម្បាលម៉ាន ក៏រលាយដូចជាអំបិលត្រូវទឹក។ ឳអញអើយ! ម្លេះសមនឹងត្រូវចាកចេញវិទ្យាល័យ ដើម្បីមកជួយកំលាំងឪពុកម្តាយវិញ។

         ឪពុកម្តាយប៊ុន ធឿន ដែលមានធនធានបន្តិចបន្តួចបានខំត្រដេរត្រដរ​ប្រមូលប្រាក់យកទៅទិញស្រូវដាក់ទូកទៅលក់ ហើយថែមទាំង​បានចងការប្រាក់គេខ្លះផង។ បើប្រសិនជាគាត់លក់ទ្រព្យរបស់ ដីស្រែខ្លះទៅ ដើម្បីនឹងសងជំពាក់គេ ក៏មុខជាមិនសេសសល់លើប៉ុន្មានឡើយ?

         ឳគំនិត ដែលតែងធ្វើឲ្យស្រមៃឃើញខ្លួនទៅរៀនឯក្រៅប្រទេសឲ្យបានជ្រៅជ្រះ ឳ! ពាក្យដែលសច្ចាថាប្រុងនឹងចិញ្ចឹមគូសង្សារឲ្យបានសុខសំរាន្ត ឳឪពុកម្តាយអើយ ខ្ញុំសែនពិបាក!

         អន្លង់វិល ជ្រនីក ស្វាយកង់…រឺម៉ករត់កាត់ភូមិដែលរាយទៅតាមថ្នល់ ហើយដែលមាននាមជាប់ក្លិនដីក្រអូបឈួល។ ប៊ុន ធឿន មិនបានគយគន់មើលសោះទេ ព្រោះចិត្តនៅជំពាក់ខ្វល់តែនឹងសេចក្តីតោកយ៉ាកមួយមុខប៉ុណ្ណោះ។

(សូមតាមដានភាគទី៣ នៃរឿងផ្កាស្រពោននៅសប្តាហ៍ក្រោយ…………)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!