ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿបុណ្យឆ្លង ឬចូលឆ្នាំមហាសករាជ

បុណ្យឆ្លង ឬចូលឆ្នាំមហាសករាជ

មកទល់បច្ចុប្បន្ននេះ ខ្មែរ​យើង​ប្រើសករាជចំនួនបួន គឺមហាសករាជ ពុទ្ធសករាជ​ ចុល្លសករាជ និងគ្រិស្ដសករាជ។ ចាប់តាំងពីខ្មែរយើងមានភស្ដុតាង​ជាសំណេរមក យើង​ឃើញ​ថា​សករាជដែលខ្មែរដំបូងគឺ «មហាសករាជ» ដែលកាលដើមដំបូងបំផុត ប្រើត្រឹមតែ​ពាក្យថា «ឝក» (សក) ប៉ុណ្ណោះ​។ ចំពោះបុណ្យចូលឆ្នាំ​ឬឆ្លងឆ្នាំនៃសករាជនីមួយៗ យើង​ឃើញ​​មាន​ពិធីធំៗចំនួនពីរ គឺបុណ្យពិសាខបូជា ដែលជាបុណ្យពុទ្ធសាសនាផង និងជា​ការឆ្លងឆ្នាំថ្មីនៃអាយុព្រះពុទ្ធសាសនាផង​។ ចំណែកឯបុណ្យចូលឆ្នាំ​ខ្មែរ ដែលតែង​តែ​ប្រារព្ធ​​នៅ​អំឡុងខែមេសានោះ គឺជាបុណ្យឆ្លងនិងចូលឆ្នាំចុល្លសករាជ ពោល​​គឺ​​គេ​ប្ដូរ​ចូល​ចុល្លសករាជថ្មីនៅក្នុងឱកាសនោះ។ ចំណែកឯ​ «មហាសករាជ» វិញ តើឆ្លងឬចូល​ឆ្នាំ​ថ្មី​នៅពេលណា​ដែរ? តើមានប្រារព្ធពិធីអ្វីឬទេ?

មហាសករាជ ចាប់កំណើតនៅប្រទេសឥណ្ឌា នៅថ្ងៃ១កើត ខែចេត្រ គ.ស.៧៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា គ្រិស្ដសករាជឆ្នាំ៧៨ ដោយឈ្មោះសករាជនេះ ​យក​តាម​ព្រះនាម​របស់ព្រះបាទ​សក​(ឝក​)។ ប្រតិទិនរបស់មហាសករាជ គិតតាមដំណើរគោចរ​​​របស់​ព្រះចន្ទ ឬ​ «ចន្ទគតិ»។ ដូច្នេះ កាលបើគិតពីឆ្នាំរបស់មហាសករាជ គេត្រូវគិតតាម​ថ្ងៃ​ខែ​របស់​ចន្ទគតិ ពុំគិតតាមដំណើរសុរិយគតិឡើយ។ ​មហា​សករាជថ្មី រមែង​រាប់ចាប់​ពីថ្ងៃ១កើត ​ខែ​ចែត្រ ជារៀងរាល់ឆ្នាំ។ នៅប្រទេសកម្ពុជា ពិធីបុណ្យ​ឆ្លង​ឬ​ចូល​ឆ្នាំ​មហា​សក​រាជ​ មនុស្ស​ម្នា​ទូទៅ​ហាក់ពុំ​បានដឹង និងពុំឃើញ​មាន​ធ្វើជាទូទៅនោះឡើយ គឺមាន​ប្រារព្ធពិធី​​ជាពិសេស​តែនៅ​ក្នុង​ព្រះបរមរាជ​វាំង​តែប៉ុណ្ណោះ។

ព្រះសង្ឃសូត្រភាណយក្សក្នុងព្រះរាជពិធីត្រស្ដិសង្ក្រាន្ត (ប្រភពរូបថត៖ https://bit.ly/3tTLVcu)

ជារៀងរាល់ឆ្នាំ នាថ្ងៃ១២ ១៣ ១៤ និង១៥ រោច ខែផល្គុន នៅក្នុង​ព្រះបរម​រាជវាំង​ តែង​ប្រារព្ធ​​ព្រះរាជ​ពិធីមួយ​មានឈ្មោះ​ថា «ព្រះរាជពិធី​ត្រស្ដិសង្ក្រាន្ត​» ឬមានឈ្មោះ​ហៅ​ផ្សេង​ទៀតដូចជា​៖ ព្រះរាជពិធីសូត្រភាណយក្ស ព្រះរាជពិធីបញ្ជាន់ត្រស្ដិ ព្រះរាជពិធី​សម្ព​ច្ឆរច្ឆិន្ទ​ ដែលជាកិច្ច​ផ្ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។  កិច្ច​ត្រស្ដិសង្ក្រាន្ដ​នេះ ​ចប់នៅថ្ងៃ១៥រោច ខែផល្គុន ឯចាប់ពីថ្ងៃ១កើត​ ខែចែត្រតទៅ នឹងចូលឆ្នាំថ្មីនៃមហាសករាជហើយ។ ពាក្យ​ «ត្រស្ដិសង្ក្រាន្ដ» នេះមានន័យថា «ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី»។ ព្រះរាជ​ពិធីនេះដែលហៅម្យ៉ាងទៀតថាជា «ព្រះរាជពិធីសូត្រភាណយក្ស» ដ្បិតមាន​ការ​សូត្រ​អាដា​នាដិយបរិត្ត​បណ្ដេញ​យក្ស ខ្មោចបិសាច។ ចំណែកឯពាក្យថា «បញ្ជាន់ត្រស្ដិ» គឺ​បញ្ជាន់​​បណ្ដេញ​ខ្មោច​បិសាចឆ្នាំចាស់ឱ្យបរវៀសជៀសឆ្ងាយទៅ។ នៅក្នុង​ព្រះ​រាជ​ពិធី​នេះ មាន​កិច្ចពិធីជាច្រើន ដែលយើងមិនលើកមកជជែកនៅទីនេះឡើយ ដ្បិត​មាន​បរិយាយ​​នៅក្នុងសៀវភៅ ព្រះរាជពិធីទ្វាទសមាស យ៉ាងក្បោះក្បាយរួចហើយ។

ឯកសារកំណត់ពិធីត្រស្ដិសង្ក្រាន្ត ឆ្នាំ១៩០៤
(ប្រភពឯកសារ៖ https://bibliotheque-numerique-patrimoniale.cu-alencon.fr/)

នៅក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាសភាគទី៣ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១កើត​ ខែចែត្រ គឺចាស់បុរាណរាប់ថាជាឆ្នាំថ្មីហើយ ដោយគ្រាន់តែមិនទាន់ឡើងស័កប៉ុណ្ណោះ។ ឯកសារនេះ ពុំបានបញ្ជាក់ថាឆ្នាំ​ថ្មីដែលឆ្លង​នេះ ជាឆ្នាំថ្មីរបស់សករាជណា​ឡើយ។ យ៉ាង​នេះ​ក្ដី យើងដឹងដោយពិនិត្យលើកំណើត​របស់​មហាសករាជ​ ឆ្នាំថ្មីនេះ​ គឺ​សំដៅ​ដល់​ឆ្នាំ​ថ្មី​របស់​មហាសករាជនោះឯង។ ចំណែកឯការដែលពុំទាន់ឡើងស័ក​នោះ ដ្បិត​តែ​ខ្មែរ​ប្រើ​ប្រាស់​សករាជច្រើនដូចបានបញ្ជាក់មកស្រាប់។ យើង​ឃើញថា​ «មហា​សក​រាជ» ត្រូវ​ចូល​ឆ្នាំថ្មី ពីថ្ងៃ១កើត ខែចែត្រ ឯចុល្លសករាជ ត្រូវចូ​ល​ឆ្នាំ​ថ្មី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ចំណែក​ឯ​ពុទ្ធសករាជ​វិញ​ ត្រូវចូលឆ្នាំថ្មី​ នៅថ្ងៃ១រោច ខែពិសាខ។ ដូច្នេះឃើញ​ថា​សករាជ​ទាំង​បីនេះ ចូលឆ្នាំមុនក្រោយគ្នា​ ជាហេតុនាំឱ្យពិបាកក្នុងផ្លូវកិច្ចការរាជការ។ ដើម្បី​សម្រួល​ដល់​កិច្ចការនេះ​ ចាស់បុរាណ​យកមហាសករាជ ដែលឆ្លងចូលឆ្នាំថ្មីហើយ​នៅ​ដើម​ខែ​ចែត្រ និងពុទ្ធសករាជដែលនឹងឆ្លងចូលឆ្នាំថ្មីនៅពាក់កណ្ដាលខែពិសាខ មក​ឡើង​​សករាជ​រួម​គ្នា​ជាមួយចុល្លសករាជ ដែលជាកាលវេលាខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជា​តិ​។  ក្រោយៗមក ដោយគិតគត់មត់​តាម​ត្រឹមត្រូវ​ពេក​ទៅ ក៏នាំជាសេចក្ដី​លំបាក​ដល់​កិច្ចការ​រដ្ឋបាលដោយអន្លើ ដូចជាការរង់ចាំប្ដូរពុទ្ធសករាជ​ដល់ថ្ងៃ១រោច ខែ​ពិសាខ ​ជា​ដើម​។ នៅក្នុងសៀវភៅសូរិយាត្រឡើងស័ករបស់លោក ពូវ អ៊ុម បានពន្យល់​បញ្ជា​ក់យ៉ាងច្បាស់អំពីការ​​លើកសករាជ​ និងភាពផ្សេងគ្នារវាង “ពុទ្ធសាសនា” និង “ពុទ្ធសករាជ”។ លោក​បាន​ពន្យល់ថា សករាជ​ជាកំណត់​រាប់ចំនួន​ឆ្នាំ គឺមួយឆ្នាំ​ សករាជ​ឡើង​១ សករាជ​ឆ្នាំ​ចាស់និ​ង​សករា​ជឆ្នាំថ្មីផ្លាស់គ្នា ត្រង់​ថ្ងៃឡើងស័ក ​នៅវេលា​ដែលហោរា​ចុះក្នុងមហាសង្ក្រាន្ដ​ តែ​វេលា​ត្រង់​ផុត​សករាជឆ្នាំចាស់ដល់មកជារឿយៗ​ ខុសវេលាត្រង់វេលាថ្ងៃ​ចែក​គ្នា គឺ​កម្រ​ត្រូវ​ត្រង់​វេលា​អាធ្រាត្រដែលជាទីបំផុតថ្ងៃនោះឯង ជាហេតុ​នោះលោក​(ចាស់​បុរាណ)ឱ្យរាប់ថ្ងៃទី១ ក្នុងសករាជឆ្នាំ​ថ្មី នៅថ្ងៃពីមុខថ្ងៃឡើងស័កតទៅ ព្រោះ​ពុទ្ធ​សក​រាជក្ដី មហាសករាជក្ដី ចុល្ល​សក​រាជក្ដី បោករាណសករាជក្ដី សឹងរាប់ដូចគ្នា។ បើនឹង​គិត​ពីពុទ្ធសករាជ​ ត្រូវ​គិត​ពេញ​តាំង​ពីថ្ងៃឡើងស័កតទៅ។ ប៉ុន្ដែបើនឹងគិតពី(អាយុ)ព្រះពុទ្ធ​សាស​នា ត្រូវគិតពីថ្ងៃ​ដែល​ព្រះ​អង្គ​បរិនិព្វាន​ទៅ គឺពីថ្ងៃ​១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ឯកស័ក គឺគិត​គត់ឆ្នាំ គត់ខែ​ គត់ថ្ងៃ​ ដែល​ត្រូវកំណត់យកនោះឯង។ ឧបមា​ដូច​គ្នា​នឹង​អាយុ​ព្រះគ្រិស្ដ​ និ​ង​គ្រិស្ដសករាជទៅចុះ​។ ខ្មែរ​យើងប្រកាន់ថា គ្រិស្ដសករាជ គឺគិតចាប់ពីព្រះគ្រិស្ដប្រសូត​។ ព្រះគ្រិស្ដប្រសូតនៅថ្ងៃ២៥ ខែធ្នូ ប៉ុន្ដែគ្រិស្ដសករាជបែរជាលើកនៅថ្ងៃទី១ ខែមករា ជាឆ្នាំថ្មីទៅវិញ ពុំគិតរាប់ថាជាឆ្នាំថ្មីពីថ្ងៃទី២៥ ខែធ្នូនោះមកទេ៕

————————————–

New Year or New Mahāsakarāj

Khmer uses four Eras, Mahāsakarāj (Great Era), Buddhist Era (Before Christ), Culāsakarāj (Lesser Era), and Common Era (Christ Era).  Since having the letter, Khmer has been using Mahāsakarāj. It was shortly written as Çaka. Khmer has two big ceremonies in every new year or new Sakarāj. They are Visakha Puja (Buddhist ceremony and a new year of Buddha). However, Khmer New Year which is usually celebrated in April is a crossing day ceremony and the entering of a new Culā year or Culāsakarāj. In contrast, when is a new Mahāsakarāj? Are there ceremonies?

Mahāsakarāj started in India on the Ket 1st of Caitra in 78 C.E. that is March 14th, 78 C.E. The word Mahāsakarāj came from the name of King Saka (Çaka). Mahāsakarāj refers to the movement of the moon (lunar). A new Mahāsakarāj is on the 1st Ket of Caitra annually. Generally, people do not do this ceremony because it does in the royal palace.

Annually, on the 12th, 13th, 14th and 15th of Phalguna, the royal palace celebrates a ritual called Preah Reach Pithi Tresh Sankranti or Preah Reach Pithi Sot Phea Nayak, Preah Reach Pithi Banchan Tresh, and Preah Reach Pithi Sampocharachhinda. It is a ritual to end the year and begin a new year. It is called Preah Reach Pithi Sot Phea Nayak because there is the chanting of a sermon that destroys Yaksa or bad spirit. The word Banchan Tresh refers to the act of removing or getting rid of the bad spirits from last year. This ritual has many activities and is mentioned in detail in the book called Tvea Tousameas (Dvadasamasa or 12 months). In the third edition of the book, Dvadasamasa says on the 1st Ket of Caitra, Culāsakarāj is a new year, but not yet changing the Saka. Significantly, this mention does not refer to any era. However, it refers to Mahāsakarāj. Also, why it is the new year but not Leung Saka (changing the year) because Khmer uses many eras. Remarkably, a new Mahāsakarāj will start on the 1st Ket of Caitra. However, a new Culāsakarāj will start on the 1st Roch of Visakha. The difference could bring a lot of confusion in the government work. To facilitate this issue, the elderly chose Mahāsakarāj to begin the new year, the early of Caitra, and the Buddhist era which begins in the mid of Visakha to change the year or Leung Sakarāj together with Culāsakarāj. It is when Khmer celebrate New Year. In a book published by Pov Oum, Soryatra clearly explains the shift of Saka and the difference between Buddhism and the Buddhist era. He explains Saka counts the number of years. One year, Saka increases one time. It is the changing between old and new Saka. The time of Leung Saka is in midnight. Therefore, it is decided to count the first day of a new Saka after the day of Leung Saka. Also, it is because Buddhist era, Mahāsakarāj, Culāsakarāj, Bokranasakarāj tends to count the same. However, if counting the age of Buddhism, it must be from the Buddha attained Nirvana which is the 15th Ket of Visakha, Msanh, Eka Saka. It is the same as the age of Christ and the common era. Khmer count the common era from the birth of Christ, December 25th. However, a new common era count from January 1st.

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!