ទំព័រដើមសិល្បៈវិហារបុរាណវត្តកំពង់ត្រឡាចលើ

វិហារបុរាណវត្តកំពង់ត្រឡាចលើ

វត្តកំពង់ត្រឡាចលើ ជា​បូជនីយដ្ឋាន​ពុទ្ធសាសនា​ដ៏ល្បី ស្ថិតក្នុង​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ វត្ត​នេះមាន​ឈ្មោះ​មួយទៀតគឺ “វត្ត​ពោធិរុក្ខារាម” ​ដែល​​គេ​ស្គាល់​ជា​ទូទៅ​ថា​មាន​​វិហារ​ចាស់មួយ​ប្រកបដោយគំនូរ​បុរាណយ៉ាង​វិចិត្រ​។ ឯកសារ​និង​ការ​​​និទានខ្លះ​​ថា​​វត្ត​កំពង់​ត្រឡាច​​​​លើ កកើត​ឡើង​​តាំង​ពីឆ្នាំ​១៦៧២ វិហារកសាង​​ឆ្នាំ​១៨៤៧ និង​គូរ​គំនូរ​ឆ្នាំ​១៨៥០។ ប៉ុន្តែ​បើ​ផ្អែក​លើ​លក្ខណៈ​សំណង់​ និង​តឹក​តាង​ខ្លះ គេ​សន្និដ្ឋាន​ថា​​វិហារ​​កសាង​​ក្នុងដើម​សតវត្ស​​​ទី​២០។ ជាអកុសល ក្នុង​​របបកម្ពុជា​ប្រជាធិប​តេយ្យគេបាន​យក​វិហារ​នេះ​ធ្វើ​ជា​ឃ្លាំង​ស្តុក​​អំបិល និងរក្សាថ្នាំបណ្តាល​ឱ្យខូចខាត ព្រមទាំងរលុបគំនូរដោយអន្លើ​។

វិហារ​វត្ត​កំពង់ត្រឡាចលើ ដែល​យើង​មើល​ឃើញ​គង់​វង្សដល់​សព្វ​ថ្ងៃនេះ ​កសាង​ឡើង​នៅលើទី​​ទួលមួយ​​ មាន​ស្រះទឹកព័ទ្ធ​ជុំវិញ​ទាំង​បួន​ជ្រុង និងមាន​ច្រក​ចូល​ទាំង​បួន​ទិស។ វិហារ​នេះសង់អំ​ពី​ឥដ្ឋ និង​​កំបោរ​បាយអនៅ​លើ​ខឿន​ពីរ​ថ្នាក់។ ខឿន​ថ្នាក់​ទី១ ជា​ថ្ម​​បាយ​ក្រៀម​​ធំៗ​ដាក់​តម្រៀប​ជុំវិញ មានកម្ពស់​ប្រហែល​​​១ម៉ែត្រ រីឯខឿន​ថ្នាក់ទី២ មាន​កម្ពស់​​ប្រហែល​ជាង​​១ម៉ែត្រ។ ​បណ្តោយវិហារ​មាន​​ប្រវែង​ជាង​១៥ ម៉ែត្រ ទទឹង​ប្រវែង​ជាង​៧ម៉ែត្រ​ ដំបូល​ប្រក់​ក្បឿង​ស្រកា​លេញ​ កសាង​ឡើង​​ក្នុងលក្ខណៈ​ជា​វិហារ​បុរាណ ​បំពាក់​ជហ្វា៤ (រូបលេខ១)។ ចាប់តាំងពីក្រោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ដួល​រលំ វិហារ​វត្ត​កំពង់ត្រឡាចលើ ធ្លាប់​បាន​​រៀបចំ និងជួស​ជុល​​ជាហូរហែ។ ​​ឆ្នាំ​១៩៨២ គេ​បាន​រៀបចំ​កសាង​បល័ង្ក​ព្រះ​ជីវ៍​ឡើង​វិញ ដោយ​រៀបចំ​តម្កល់​ព្រះបដិមានានា​ ជា​ព្រះពុទ្ធរូប​ពុម្ព​ស៊ីម៉ងត៍​ដូច​ឃើញសព្វថ្ងៃ​​ នៅ​ត្រង់​ចន្លោះល្វែង​គ្រឹះ​ផ្នែកខាងលិច។ ​​ឆ្នាំ២០០៣ អង្គការ​​យូណេស្កូ​សហការ​​ជាមួយ​ដៃគូ​​ជំនាញ​ បាន​សិក្សា​ចងក្រង​ឯកសារ ថត​រូប​គំនូរលើ​ពិតាន និងតាម​ជញ្ជាំង​នីមួយៗ​ ព្រម​ទាំង​​សម្អាត​ជួស​ជុលរចនាសម្ព័ន្ធ​ចាំបាច់។ ចុង​ឆ្នាំ​២០១០ ដល់​ដើម​ឆ្នាំ​២០១១ ក្រសួង​​វប្បធម៌និង​វិចិត្រ​សិល្បៈ បាន​សិក្សា​​អភិរក្ស​រចនាសម្ព័ន្ធដំបូល និង​ជួស​ជុល​គំនូរ។

វិហារមើលពីចំហៀង (ខាងត្បូង)

ចំពោះរចនាសម្ព័ន្ធវិហារ នៅខឿនថ្នាក់ទី២ គេឃើញមាន​ជណ្តើរ​​ចំនួន​៦ ដោយ​នៅ​ផ្នែក​ខាងមុខមាន​ជណ្តើរ​ពីរ និង​ទ្វារពីរ ហើយនៅផ្នែក​ខាងក្រោយ​ ក៏​ឃើញ​មាន​ជណ្តើរ​ពីរ​ និង​ទ្វារ​ចេញ​ចូល​ពីរ​ដែរ។ ប៉ុន្តែនៅផ្នែក​ចំហៀង​ទាំងសងខាង​ គេ​ឃើញ​មាន​ជណ្តើរ​ម្ខាង​មួយដូចគ្នា ហើយ​ពុំមាន​ទ្វារ​ចេញចូលឡើយ ពោលគេ​រៀបចំ​ឱ្យ​មាន​​បង្អួច​ម្ខាង៥។ ចំណែកឯ​ជើង​ជញ្ជាំង​ខាងក្រៅ​ត្រង់​ចន្លោះរបៀងបាំង​សាច រចនា​ជា​ល្បាក់​ធំៗ​កម្ពស់​ត្រឹម​លើ​ចង្កេះ។

ក្បាច់ស៊ុម​ទ្វារ គេប្រើជាក្បាច់ភ្ញីទេស ដែល​នៅផ្ទៃ​កណ្តាល​មាន​រូប​រាហ៊ូ​និង​នៅ​ផ្នែក​ចំហៀង​​​ទ្រ​ចុង​ទងក្បាច់ គេ​រចនា​ឱ្យ​មានលំនាំ​ដូចគ្រុឌ​​ទ្រ​ចុង​ដំបូល។ រីឯ​ក្បាច់​ស៊ុមបង្អួចជុំវិញ​​ទាំងអស់ គេ​រចនា​មាន​លក្ខណៈ​​​ស្រដៀង​នឹង​មកុដ។ ប៉ុន្តែជាការគួរឱ្យ​សម្គាល់ នៅលើ​សន្លឹក​ទ្វារ​ និង​បង្អួច​នីមួយៗ​ គឺជា​ផ្ទៃឈើលាត​ទាំងអស់ ​ពុំមាន​ក្បាច់​ក្បូរ​លម្អ​អ្វីបន្តិចសោះ។ ដូច្នេះ​សន្លឹក​ទ្វា​របង្អួច​ទាំងនេះ ប្រហែល​​គេប្តូរ​ផ្លាស់ក្នុង​ពេលណាមួយ នៃ​សម័យ​​​ក្រោយៗមក។

ដោយ​ឡែក​ហោជាង​​ទាំង​សងខាង​នៃវិហារ​នេះ គេ​រចនា​ជា​​ភ្ញី​​​​ទេស​យ៉ាង​​រស់​រវើក លាប​ពណ៌ដីលែង រំលេច​ជុំវិញ​​រង្វង់​ពង​ក្រពើដែល​ចារឹក​កាលបរិច្ឆេទ និងឈ្មោះ​អ្នក​មាន​សទ្ធា​សាង​បូជា​ព្រះរតនត្រ័យ។​ ហោជាង​​ទាំង​ពីរ​ចារឹក​កាល​បរិច្ឆេទ​ “ពុទ្ធ​សក​រាជ​២៤៦៨” ដែល​ត្រូវ​នឹង​រវាង​គ្រិស្តសករាជ​១៩២៥។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​តាមរ​យៈ​​រូប​ថត​​សាលាបារាំង​ចុង​បូព៌ា​​ប្រទេស (EFEO) ​​ថតឆ្នាំ១៩២៩ (EFEO_CAM15561) បង្ហាញ​ថាហោ​ជាង​វិហារ​វត្តកំពង់ត្រឡាចលើក្នុង​គ្រានោះ រចនា​លម្អ​ដោយ​ក្បាច់​ភ្ញីទេស​ រំលេច​​ជុំវិញ​រូប​មួយ​មាន​លំនាំដូច​ប្រាសាទ(?)។ ហោជាង​​ដើមនោះទំនង​ឆ្លាក់​អំពី​​ឈើ ពោលគឺពុំ​មែន​ជា​ហោជាង​រចនា​​លម្អអំពីស៊ីម៉ងត៍​ដូចសព្វថ្ងៃឡើយ។ ដូច្នេះ​ហោជាង​​ដែល​ឃើញសព្វថ្ងៃ ព្រម​ទាំង​ចារឹក​កាលបរិច្ឆេទ​នោះ ​ទំនង​ជួស​​ជុល​ប្តូរ​ផ្លាស់ពេល​​ក្រោយ​ ហើយ​ចារឹក​កត់​ទុក​កាលបរិច្ឆេ​ខាងលើទុកជា​ចំណាំ​តមក។

បើប្រៀបធៀបរូបថត​​ឆ្នាំ១៩២៩ ​ខាងលើនោះ​គេ​ឃើញ​​​ថា ​ការ​លម្អ​ក្បាល​​សសរ​​របៀង​បាំង​សាចជុំវិញវិហារ ​ក្បាច់​ល​ម្អ​រងស្បូវ និង​នាគ​ដង​ក្តារ​ទាំងអស់​ក៏បាន​ប្តូរ​ផ្លាស់​ដូច​ហោជាង​ទាំងពីរដែរ។ ទន្ទឹម​នឹង​នេះ ប្រសិនបើ​គេ​ពិនិត្យ​មើល​រូប​ថត​សាលាបារាំង​​​ចុង​បូព៌ា​​​​​​​ប្រទេស​​ថត​ក្នុង​ឆ្នាំ​១៩២៩ មួយ​សន្លឹក​ផ្សេង​ទៀត (EFEO_CAM15591) (រូបលេខ៩) គេឃើញ​ថា​ព្រះជីវ៍​ដើម​​​នៃ​វិហារ​នេះ​តម្កល់លើ​បល័ង្កខ្ពស់​ក្នុងបុស្បុក ដែលមាន​ព្រះ​បដិមា​ក្នុង​កាយ​វិការ​ផ្ចាញ់​មា​រ​តូច​មួយ​តម្កល់នៅខាងមុខ។ ប៉ុន្តែ​ព្រះជីវ៍​បច្ចុប្បន្ន ជាព្រះ​បដិមា​ចាក់​​ពុម្ព​ស៊ីម៉ងត៍​(?) ក្នុង​កាយ​វិការ​ផ្ចាញ់មារ តម្កល់​លើបល័ង្ក​កសាង​ក្នុងឆ្នាំ​១៩៨២ (រូប​លេខ​​១០)។ រីឯ​ព្រះ​បដិមា​​ផ្ចាញ់​មារ​ដែលធ្លាប់តម្កល់​មុខព្រះជីវ៍ចាស់ ​គេបាន​រំកិលតម្កល់​ទុក​ក្រោយ​ព្រះជីវ៍ធំ​សព្វថ្ងៃ (រូបលេខ១១)។​​ លើស​ពីនេះ គេ​បាន​កែសម្រួលសសរ​ខាងក្នុង​ទាំង​​អស់ ដោយលុបឆ្នូត​ចង្អូរបណ្តោយ​សសរ និង​ប្តូរការ៉ូបាតផងដែរ។

ចំណែក​ឯគំនូរ​ក្នុងវិហារ​ខាងលើនេះ ជាប្រភេទគំនូរ​បុរាណដ៏ល្អវិចិត្រ និយាយ​អំពី​​អន្លើ​ ឬតួអង្គខ្លះ​ក្នុងរឿង​រាមកេរ្តិ៍ រឿងពុទ្ធប្រវត្តិ​ និងរឿង​ជាតក។ រឿងរាមកេរ្តិ៍ គេគូរ​នៅ​លើ​ពិតាន​ ត្រង់​លើ​ចន្លោះ​ល្វែង​គ្រឹះ ​តួអង្គ​មួយភាគ​ធំទៀត​គូរនៅត្រង់​ហប់​ខ្យល់ និងតាម​គែម​បង្អួច(រូបលេខ១២-១៣)។ រឿង​​ពុទ្ធប្រវត្តិ និង​រឿងជាតក គេ​គូរ​លើជញ្ជាំង​ជុំវិញ តែ​រឿង​​​ពុទ្ធប្រវត្តិគេ​គូរ​នៅ​បន្ទាត់​ខាង​លើ​​ (រូបលេខ១៤-១៥) រីឯ​រឿងជាតក​នៅ​បន្ទាត់​ខាង​ក្រោម (រូបលេខ​១៦-១៧)។ អ្វីដែល​គួរ​ឱ្យ​កត់សម្គាល់នៃគំនូរ​បុរាណ​ក្នុងវិហារ​នេះ នៅ​​ត្រង់​​អន្លើ​ខ្លះ​ក្នុងរឿង​ពុទ្ធប្រវត្តិ​ និង​រឿង​ជាតក គេបាន​គូរ​​បញ្ចូល​បន្ថែម​ទិដ្ឋភាព​ជីវភាព​រស់​នៅ​​របស់​អ្នក​ស្រុក និ​ង​ល្បែង​របាំ​ផ្សេងៗ (រូបលេខ១៨-១៩)។

 រួម​សេចក្តីមក វិហារ​វត្តកំពង់ត្រឡាចលើ​ ជា​ស្ថាបត្យកម្ម​ពុទ្ធ​សាសនា​ដ៏ល្អ​វិសេស ដ្បិត​មាន​គំនូរ​បុរាណ​ល្អឯក​ប្រកបដោយ​ខ្លឹម​សារ​យ៉ាង​សំខាន់​​។ ប៉ុន្តែ​ការ​​លើកឡើង​ថា​វត្ត​នេះ​កកើតក្នុង​​ចុង​សតវត្ស​ទី​១៧ ហើយសង់​វិហារ​និង​គូរ​គំនូរ​រវាង​ពាក់​​កណ្តាល​​សតវត្ស​ទី​១៩ ហាក់​ជា​ព័ត៌មាន​គួរឱ្យ​ពិចារណា ព្រោះ​ចន្លោះ​ពេល​កកើត​វត្ត​ និង​កសាង​វិហារ​​ឃ្លាត​គ្នា​រហូត​ជាង​២០០ឆ្នាំ។ ​លើស​ពីនេះ​ក្នុង​កំណត់ហេតុ​លោក​ ហ្សង់ មូរ៉ា (Jean Moura) អំពី “​ដំណើរពីភ្នំពេញទៅកាន់ខេត្តពោធិសាត់ ឆ្នាំ១៨៨៣” ​និយាយ​ពី​ភូមិ​កំពង់​ត្រឡាច តែពុំ​មាន​ចំណុច​ណា​និយាយពីវត្តឈ្មោះកំពង់ត្រឡាច​ឡើយ។ ម្យ៉ាង​ទៀត ​សាលា​​ធម្ម​សភា​​វត្តនេះ​កសាង​ក្នុង​ឆ្នាំ​១៩២២។ ដូច្នេះវិហារ​ទំនង​កសាង​ឡើង​ក្នុងរវាង​ដើម​សតវត្សទី២០ ពោលគឺ​កសាងក្រោយ​សាលាធម្មសភា​ដូច​បណ្តាវត្តទូទៅដែរ៕

———————————–

The Vihara of Vat Kampong Tralach Leur

Kapong Tralach Leur pagoda is a popular pagoda in Kampong Chhnang province. The official name of the pagoda is Vat Po Rukha Ram. According to the legend and some documentation, the Kampong Tralach pagoda or Vat Kampong Tralach was built in 1672, the Vihara was built in 1847, and the painting was painted in 1850. However, based on the structure and some findings, the pagoda might be built in the early 20th century. During the Pol Pot regime, the Vihara was used to store the salt and some medicine which cause seriously flaking and fading of the painting.

The Vihara was built on a mound, surrounded by the ponds, and has four entrances from four cardinal directions. It was built in brick and coated with stucco. The first level is one meter in height and made from big blocks of laterite. The second level is also one-meter in height. The Vihara is 15 meters in length and 7 meters in width. It has a roof and is filled in with fish scale tiles. This Vihara is listed in the type of ancient Vihara as it has four Jvars. 

Since the end of the Pol Pot regime, the Vihara has been restored many times. In 1982, a big pedestal was built to install the main Buddha statues and also some small Buddha statues. In 2003, UNESCO and the specialists were collecting the data and photographed paintings on ceilings and the walls to be restored. At the end of 2010 and early 2011, the Ministry of Culture and Fine Arts studied the structure of the roof and restored paintings. 

The second level of the Vihara has 6 stairs. There are two stairs and two doors in the front and the same arrangement apply at the back. The walls in the south and the north directions do not have a door. There is an additional part or gallery in the south and the north. The motif around the door is called Phnhi Tesh and it has a Rahu (Kala) in the middle and Garudas on the sides. The whole design is similar to a crown. However, the doors and the windows do not have the decoration. Those elements might be the replacement. Both pediments were designed with Phnhi Tesh motif and oval shape design, painted in ochre, and show the date, 2468 BE which is 1925 CE. According to the photo from EFEO in 1929, the pediments were decorated with Phnhi Tesh motifs and a temple? The original pediments were probably made of wood. Therefore, the current pediments and the date are new. Once again, based on the photo of EFEO, the main Buddha in the Vihara was installed on a high Pushpaka (Vimana). It had a small statue in Bhumisparsa mudra in the front. In the present, the small Buddha in Bhumisparsa mudra is located at the back of a current concrete Buddha statue. More importantly, all the columns have changed their shape and design. The tiles on the floor were also replaced. 

The inner paintings are beautiful ancient paintings. It depicts Ramayana, Buddha-hood, and Jataka. Ramaya story was painted on the ceiling and the edges of the windows. Buddha-hood and Jataka were painted on the wall. Remarkable, the Buddha-hood was painted on the top. Besides, paintings also express the daily life of the people in the French colonization period.  The Vihara of Vat Kampong Tralach is significant architecture. However, the date between construction and painting is 200 years different, which could be a concern. The record of Jean Moura in 1882 did mention Vat Kampong Tralach. Furthermore, another structure called Dharmasabha was constructed in 1922. Therefore, the Vihara might built early 20th century together with Dharmasabha.

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!