គុកនគរ

នៅរវាងដើមស.វ.ទី១១ មានព្រះមហាក្សត្រមួយអង្គដែលកើតចេញពីវង្សត្រកូលខ្ពង់ខ្ពស់​មួយ ហើយប្រវត្តិវិទូមួយចំនួនច្រើនយល់ថា ទ្រង់ទំនងជាស្តេចត្រាញ់មួយអង្គក៏ថាបាន នោះគឺព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។ មុននឹងឡើងគ្រងរាជ្យគ្រប់គ្រងដែនដីខ្មែរទាំងមូល ទ្រង់បានធ្វើ សង្រ្គាមប្រឆាំងជាមួយស្តេចមួយអង្គទៀតដែលសោយរាជ្យនៅតំបន់អង្គរ គឺព្រះបាទ​ជ័យវីរវរ្ម័ន (គ.ស.១០០២-១០០៦)។ ថ្វីដ្បិតព្រះបាទសូរ្យវរ្ម័នទី១ គឺជាស្តេចដែលមិនជាប់ខ្សែ​ស្រឡាយរាជវង្ស ជាមួយស្តេចអង្គមុនៗក៏ដោយ នៅក្នុងរជ្ជកាលរបស់ទ្រង់គេមើលឃើញថាមាន​ភាពរីកចម្រើន យ៉ាងខ្លាំងទាំងផ្នែកនយោបាយ ការទូត និងសាសនា។ ដោយឡែក ប្រសិនបើគេ​និយាយអំពីសំណង់ ប្រាសាទដែលកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ គឺមាន​ច្រើនពេកពន់ណាស់ ហើយមានស្ទើរទូទាំងដែនអាណាចក្រខ្មែរ។ នៅក្នុងអត្ថបទនេះ យើងនឹង​លើកយកប្រាសាទមួយ ដែលកសាងឡើងនៅក្នុងរជ្ជកាលរបស់ទ្រង់មួយដែលមានឈ្មោះថា “គុក​នគរ”។

ពាក្យថា “គុកនគរ” អាចជាពាក្យផ្សំរវាង​​ពាក្យខ្មែរថា ​”គុក” និងពាក្យសំស្រ្កឹតថា “នគរ” ដែល មានន័យថា “ប្រាសាទរបស់ក្រុង”។ ដូច្នោះហើយ ពីមុនមកទីតាំងនេះទំនងជាទីប្រជុំជនមួយ កាលពីសម័យបុរាណ ទោះបីយើងមិនដឹងថាមានទំហំធំឬតូចប៉ុនណាក៏ដោយ។ ទីតាំងប្រាសាទ​នេះ ទំនងស្ថិតនៅតាមបណ្តោយផ្លូវបុរាណមួយចេញពីតំបន់អង្គររត់សំដៅទៅភាគខាងត្បូង ដែលកាត់ តាមកំពង់ក្តី ប្រាសាទទ្វារក្តី វត្តស្លែង គោករកា ភ្នំសន្ទុក ភ្នំជើងព្រៃ។ គុកនគរ មានទីតាំង​ស្ថិត​នៅ​ភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែល​មានចម្ងាយ​ប្រមាណ ៧០គ.ម.​ពីទីរួម​ខេត្តកំពង់ធំ២,៥គ.ម. ខាងលិចវត្តតាំងគោក ២,៧គ.ម.ខាងកើតប្រាសាទ​ស្រះ​សំបួរ។ កន្លងមក​មានអ្នកស្រាវជ្រាវច្រើនណាស់ដែលបានមកសិក្សានៅគុក​នគរ ដែលអ្នកស្រាវ​ជ្រាវទាំងនោះ​មាន​ដូចជា លោក Étinne Aymnoier លោក Lunet De Lajonquière លោក M. Dufosse លោក George Groslier លោក អ៊ុក ជា, ជា ពន្លក លោក ម៉ក់ ភឿន លោក កែវ គីណាល់ ហ៊ិន សោភ័ណ ហោ សុគន្ធារី, លោក ទា វ៉ាន់ ។ល។

គុកនគរ សាងឡើងអំពីថ្មបាយក្រៀម មានគ្រឿងលម្អស្ថាបត្យកម្មតិចតួចធ្វើអំពីថ្មភក់បែរ​មុខទៅ​ទិសខាងកើត តាមបណ្តោយអ័ក្សពីកើតទៅលិចដូចប្រាសាទភ្នំជីសូរ​ ខេត្តតាកែវដែរ។ ប្រាសាទនេះសង់​នៅលើខឿនដែលមានរាងបួនជ្រុងទ្រវែង មានប្រវែងបណ្តោយលាតសន្ធឹងពី​ខាង​កើតទៅលិច វែងជាង​ប្រវែងទទឹងលាត​សន្ធឹងពីខាងជើងទៅខាងត្បូង។ ប្រាសាទនេះមាន​កំពែង​ព័ទ្ធជុំវិញមួយជាន់ធ្វើអំពីថ្ម​បាយក្រៀមមានក្លោងទ្វារចេញចូលពីរ (ទ្វារខាងកើត និងខាងលិច)។ កំពែងពីកើត​ទៅលិច​មានប្រវែង​៣៥ម៉ែត្រ និងពីជើងទៅ​ត្បូងមានប្រវែង២៥ម៉ែត្រ។ ខាងក្នុងទីធ្លា​កំពែង មានតួប៉មកណ្តាល ឬអាចជាតួប៉ម​សំខាន់នៃ​ប្រាសាទ ដោយគេមិនសង់ឱ្យស្ថិតនៅ​ចំកណ្តាលទេ ពោល គឺ​សង់ឱ្យខិតទៅខាងលិចបន្តិច ​ដើម្បីឱ្យ​ផ្នែកខាងមុខមានធ្លាស្រឡះស្រួលរៀបជាយ៉​មួយ​មកខាងមុខដែលជាលក្ខណៈពិសេសនៃ​រចនាបថឃ្លាំងហៅថា “មណ្ឌប”។ នៅខាងមុខក្លោង​ទ្វារ​ខាងកើតនិងខាងលិច គេបានធ្វើកម្រាលថ្មបាយ​ក្រៀមជាផ្លូវដើរឆ្ពោះមកកាន់តួប៉មកណ្តាល​ឬ​តួប៉មសំខាន់។

ច្រកចូលខាងកើតគុកនគរ  (រូបថត ៖ ថៃ ឈាងម៉េង)

នៅទិសអាគ្នេយ៍នៃតួប៉ម​កណ្តាល យើង​ឃើញមានអាគារមួយ​ដែ​ល​មានដំបូលជារាងដំបូលទូកដែលគេហៅថា ហោត្រៃ ឬបណ្ណាល័យ បែរមុខ​ទៅទិសខាង​លិច​បញ្ច្រាសជាមួយតួប៉មកណ្តាល។ នៅក្បែរហោត្រៃ មានអាគារតូចមួយដែលអ្នក​ស្រុកហៅថា “អាគារគុកសំពៅ” សង់នៅក្រៅបរិវេណប្រាសាទ ក្បែរ​កំពែងខាងត្បូងតួប៉មនៃ​កណ្តាល ហើយ​នៅទិសខាងជើងនៃអាគារគុកសំពៅ មានចោះជញ្ជាំងធ្វើជាច្រកចេញចូលតែ​មួ​យ​បែរមុខ​មករកតួប៉មធំ​កណ្តាល​​។ នៅចំខាងមុខប្រាសាទ គេបានជីកស្រះ​ចំនួនបី ដែលក្នុង​នោះស្រះតូចពីរនៅអមផ្លូវចូលខាងកើតនៃប្រាសាទ អ្នកស្រុកហៅថា ស្រះ​ស្រង់ និង​ស្រះកែវ ដែលស្រះ​តូចទាំងពីរមានប្រវែងទទឹង៣០ម៉ែត្រ និងបណ្តោយ​៨៨ម៉ែត្រ។ នៅទិស​ពាយព្យ​មាន​ស្រះមួយទៀតអ្នក​ស្រុកហៅថា ស្រះយាយកែវ។

តួប៉មកណ្តាលគុកនគរ

តួប៉មកណ្តាលនៃគុកនគរ មានរាងបួនជ្រុងស្មើ មានកម្ពស់១២ម៉ែត្រ ដែលគេសង់ឡើង​ដោយតម្រៀបថ្មបាយក្រៀមធ្វើជាជញ្ជាំងបួនផ្ទាំងហ៊ុំព័ទ្ធបន្ទប់ខាងក្នុង ដែលមានរាងបួនជ្រុងស្មើ​លើខឿនរាងកាក​បាទ ហើយនៅតាមជ្រុងកែងនៃជញ្ជាំងតួប៉មមានលម្អដោយក្បាច់​សារពើសូត្របីជ្រុង។ នៅលើជញ្ជាំងប្រាសាទ​ទាំងបួនជ្រុងនេះ គេយកតួប្រាសាទមកបង្រួមខ្នាត ឬបន្ថយខ្នាត រួចដាក់​តម្រួតជាជាន់ថ្នាក់ចំនួនបួនជាន់​មានរាងស្តួចទៅលើរហូតដល់ទីបញ្ចប់។ គេបានយកផ្ទាំងថ្មភក់​មួយមានរាងបួនជ្រុងស្មើមកបន្តុបបិទភ្ជិតពី​លើ។ តួប៉មកណ្តាលនេះ មានច្រក​ចេញចូលតែមួយ​គត់ គឺនៅទិសខាងកើត ឆ្លងកាត់ដោយអន្តរាលខ្លី និងមណ្ឌបមួយ។ លក្ខណៈ​នៃតួប៉មកណ្តាល​គុកនគរ មានលក្ខណៈដូចគ្នាបេះបិតជាមួយតួប៉មកណ្តាលនៃ​ប្រាសាទភ្នំជីសូរ ខេត្តតាកែវ។

ចំណែក អាគារគុកសំពៅ ដែលនៅចំកំពែងខាងត្បូងដូចបានរៀបរាប់ខាងលើ គឺមានរាង​បួនជ្រុង​ទ្រវែង សង់លើឃឿនមួយកម្ពស់១,១០ម៉ែត្រ ដែលឃឿននេះគេបានសង់ជញ្ជាំងពីរផ្ទាំង​កម្ពស់ ២,៩០ម៉ែត្រ​ហ៊ុំព័ទ្ធជាបន្ទប់ មានដំបូលរាងកោងក្រឡូប ដោយរៀបបន្តុបដុំថ្មបាយក្រៀម​បង្ខិតចូលគ្នា។ អាគារនេះ មាន​ច្រកចេញចូលតែមួយគត់គឺនៅជញ្ជាំងខាងជើង។ នៅអាគារនេះ​មានប្រហោងចំនួ​ន ៤៦ ដែលលោក Lunet De Lajonquière បានប្រដូចទៅនឹងច្រកសម្រាប់បាញ់នៅតាមជញ្ជាំង​សាតូរបស់អឺរ៉ុប។ នៅចំ​កណ្តាលជញ្ជាំងខាងត្បូង មានទបង្ហូរទឹកមួយមាន​ចំពួ​យ​លៀនចេញមកក្រៅ ហើយផ្នែកខាងក្នុងមានរាង​លាតត្រប៉ាតធំ។

ដោយឡែក ផ្នែកតុបតែងលម្អស្ថាបត្យកម្មនៃគុកនគរ មិនសូវមានលក្ខណៈសម្បូណ៌បែប​ដូចប្រាសាទដទៃៗទៀតទេ ព្រោះកសាងឡើងពីថ្មបាយក្រៀម ម្ល៉ោះហើយគេមិនអាចឆ្លាក់ជា​ក្បាច់លម្អបានច្រើនដូចប្រាសាទសាងអំពីថ្មភក់នោះទេ។ ប៉ុន្តែ សិល្បករក៏បានយកថ្មភក់មក​ប្រើ​ប្រាស់លើ​ការលម្អនៃប្រាសាទនេះខ្លះដែរ ដូចជា ផ្តែរទ្វារ សសរផ្អោប បល្ល័ង្ក។ ក្នុងនោះ យើងកត់​សម្គាល់ឃើញថា ហោជាង និងសសរពេជ្រ គឺសិល្បករ​បានឆ្លាក់ដាប់ថ្មបាយក្រៀមលម្អតែម្តង។

ផ្តែរទ្វារខាងកើតគុកនគរ (រូបថត ៖ ថៃ ឈាងម៉េង)

ផ្តែរទ្វារគុកនគរ គឺឃើញមាននៅសល់តែមួយប៉ុណ្ណោះ ពោល គឺនៅយ៉ច្រកចូលតួប៉ម​កណ្តាល។ ផ្តែរទ្វារនេះ លម្អដោយដងធ្នូរាងដូចទម្ពក់ដែលខាងចុងរាងគួចឡើងលើ ផ្នែកខាងលើ និងខាងក្រោមលម្អ​ដោយក្បាច់ជាក្បាច់ស្លឹកឈើ រំយោលផ្កា ផ្នែកកណ្តាលមានរូបព្រះឥន្រ្ទគង់​នៅលើដំរីព្ធវ៌ត ស្ថិតនៅអន្តរកាលរវាងរចនាបថឃ្លាំង និងបាភួន ស.វ.ទី១១។ ចំណែក ហោជាងមានលម្អនៅច្រកចូលនៃ​មណ្ឌបខាងមុខតួប៉មកណ្តាល គេប្រើប្រាស់​ថ្ម​បាយក្រៀមឆ្លាក់​ចេញជារូបរាងហោជាងតែម្តង មានរាងទ្រនង់នាគ ហើយពុំសូវមានលម្អអ្វីឡើយ​។ ដងខ្លួននាគ គេឆ្លាក់ក្នុងកាយវិការពត់ពែនដងខ្លួន​ បត់​បែនជួបគ្នានៅផ្នែកកន្ទុយ ហើយនៅ​ផ្នែក​ខាងចុងមាន​លម្អជានាគក្បាលប្រាំ។

ហោជាងគុកនគរ  (រូបថត៖ ថៃ ឈាងម៉េង)

លក្ខណៈ​ហោជាងរបៀបនេះ   មានលក្ខណៈដូច​ ហោជាង​នៅប្រាសាទភ្នំជីសូរ  ប្រាសាទវត្តបាសែត  ប្រាសាទឯកភ្នំ និងប្រាសាទព្រះវិហារ​ដែលសុទ្ធសឹងជាសំណង់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១​ នាស.វ.ទី១១។ ដោយឡែកសសរពេជ្រគុកនគរ គឺជា​ថ្មបាយក្រៀម ដែលដាប់ជារាងប្រាំបីជ្រុងដោយពុំមានក្បាច់លម្អអ្វី​ទាំ​ងអស់។ ប៉ុន្តែសសរ​ផ្អោប​វិ​ញ​ជាថ្មភក់ ដែលលម្អដោយក្បាច់ផ្កាភ្ញីរាងជាត្របកឈូក​តម្រៀបគ្នា​ពី​ក្រោមដល់លើយ៉ាងប្រណិត នៅក្នុងផ្ទាំងត្របកឈូកនីមួយៗនៅផ្ទៃខាងក្នុងមានលម្អជារូប​គង់ភ្នែនដែលនៅគល់សសរផ្អោបផ្នែកខាងត្បូង មានលម្អរូបព្រះក្រឹស្ណទ្រភ្នំគោវ៌ធន និងនៅគល់សសរផ្នែក​ខាងជើងលម្អជាចម្លាក់តោ។

ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវ៌ធនឆ្លាក់នៅលើគល់សសរផ្អោបខាងត្បូងគុកនគរ
(រូបថត៖ ថៃ ឈាងម៉េង)

ជារួមមក ទោះបីប្រាសាទនេះពុំមានសេសសល់សិលាចារឹកក៏ដោយ ក៏យើងអាចសិក្សា​តាមរយៈការសិក្សាប្រៀបធៀបរចនា​សម្ព័ន្ធប្លង់ជាទូទៅនៃ​ប្រាសាទ បច្ចេកទេសនៃការកសាងក្បាច់​លម្អ​ផ្សេងៗនៃប្រាសាទ គេសន្និដ្ឋាន​ថា គុកនគរ ទំនងកសាង​ឡើង​ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័ន​ទី១ (គ.ស.១០០២-១០៤៩) នា​ស.វ.ទី១ ពោល គឺទំនងមានអាយុ​កាលប្រហាក់ប្រហែលគ្នាជាមួយប្រាសាទភ្នំជើងព្រៃឬភ្នំធំ ខេត្តកំពង់ចាម ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ) ប្រាសាទវត្ត​បាសែត និង​ឯកភ្នំ (ខេត្តបាត់ដំបង)។ល។ ក្នុងអន្តរកាលរវាងរចនាបថឃ្លាំង ឬ​បាភួន ហើយឧទ្ទិសទៅ​ដល់​លទ្ធិព្រហ្មញ្ញ​សាសនា (ទំនងនិកាយព្រះឥសូរ)៕

អត្ថបទដើម៖ ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!