ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកល្អឡើងខ្ពស់ត្រដែត។ លោកអ្នកមានលាភមានជ័យ លុយកាក់ហូរចូលមហាសាល ដូច្នេះបើចង់រករបរ ឬការងារអ្វីកុំបង្អង់យូរ។ ពេលខ្លះត្រូវចេះបោះបង់របស់តូចតាច ដើម្បីទទួលបានផលច្រើន។ ថ្ងៃនេះរូបរាងកាយ និងស្នាមញញឹមរបស់អ្នកទាក់ទាញមនុស្សផងគ្នា ឲ្យជួយគាំទ្រ និងយកអាសារ។ មនោសញ្ចេតនាផ្អែមល្អែម កំពុងរងចាំលោកអ្នក ចូររៀបចំខ្លួនឲ្យបានស្អាតសមរម្យដើម្បីទទួលអំណរនេះ។ បញ្ហាសុខភាពគ្មានអ្វីធំដុំទេ គ្រាន់តែត្រូវប្រយ័ត្នការទទួលទានអាហារខាងក្រៅ ដែលមិនស្អាត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកនឹងជួបតែរឿងល្អៗក្នុងជីវិត ហើយរាល់កិច្ចការ រកស៊ីជួញដូរ នឹងរីកចម្រើន លុយហូរចូលដូចជាទឹក។ ប្រសិនបើអ្នកមិនអាចទទួលបានស្ថានការណ៍នានា ចូរឈប់សម្រាកមួយសន្ទុះហើយគិតពីកិច្ចការនោះសន្សឹមៗ នោះអ្នកនឹងអាចរកមធ្យោបាយបាន។ កុំភ័យខ្លាច កុំប្រញាប់ប្រញាល ហើយជឿទុកចិត្តខ្លួនឯង ដូចមានសុភាសិតពោលថា ប្រសិនបើអ្នកឡើងជិះទូក កុំខ្លាចទទឹក។ ថ្ងៃនេះជាពេលវេលាល្អ សម្រាប់ពិគ្រោះពិភាក្សាជាមួយមនុស្សជាទីស្រលាញ់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យពេញមួយថ្ងៃ ដូច្នេះចូរជឿជាក់ និងគិតតែរឿងល្អៗតាំងពីព្រឹកតែម្តង។ ថ្ងៃនេះចិត្តរបស់អ្នកត្រជាក់ដូចជាទឹក ដូច្នេះការងារ រកទទួលទាន នឹងមានតែភាពរីកចម្រើន ហើយគ្មានអ្វីមករំខានទេ។ លោកអ្នកអាចមានសមត្ថភាពពេលលេញ ដើម្បីដោះស្រាយជម្លោះ ដែលមានយូរមកហើយ ប្រសិនបើអ្នកហ៊ានសំដែងការពិត។ អ្វីគ្រប់យ៉ាងទាក់ទងនឹងរឿងផ្ទាល់ខ្លួន មិនបង្ករផលរំខានដល់ផ្លូវចិត្តអ្នកបានឡើយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរខំប្រឹងប្រែងធ្វើកិច្ចការងារដោយដៃអ្នកផ្ទាល់ ហើយធ្វើទំនាក់ទំនងល្អជាមួយមនុស្សជាច្រើននៅជុំវិញខ្លួន ដើម្បីស្រោចស្រង់លាភសំណាងធំ។ កុំធ្វើឲ្យខកខានឳកាសរៀនសូត្រថ្មីៗ ប៉ុន្តែចូរធ្វើឲ្យល្មមកុំឲ្យលើស។ រាសីអ្នកថ្ងៃនេះ ពោរពេញទៅដោយសុភមង្គលនៅក្នុងអារម្មណ៍។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកមានការផ្លាស់ប្តូរដែលល្អៗ។ ចំណែកសុខភាពអ្នកអាចមានបញ្ហាបំពង់ក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ រកស៊ីជួញដូររបស់អ្នកនឹងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ព្រោះតែភាពស្មោះត្រង់របស់អ្នក។ លោកអ្នកមានមនុស្សផ្ទុយភេទជាច្រើនគាំទ្រ និងយកចិត្តទុកដាក់ ដូច្នេះចូរសំដែងសេចក្តីល្អទៅគេវិញ ដើម្បីឲ្យការរស់នៅមានតែភាពសុខសាន្ត។ លោកអ្នកអាចទទួលអារម្មណ៍ស្មុគ្រស្មាញបន្តិច តែសូមអ្នកព្យាយាមបង្រៀនខ្លួនឯងឲ្យទទួលយកការពិត ហើយជឿជាក់ថាជីវិតនេះនឹងល្អប្រសើរ។ លោកអ្នកចូរទាក់ទាញមនុស្សជាទីស្រលាញ់ដោយឥរិយាបថល្អប្រពៃ ប៉ុន្តែកុំទុកគាត់ចោល និងបង្ខំឲ្យទ័លច្រក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកខំប្រឹងប្រែងធ្វើកិច្ចការនានាណាស់ ប៉ុន្តែហាក់អ្វីៗមិនសមតាមបំណងសោះថ្ងៃនេះ។ អ្នកអាចមានភាពចម្រូងចម្រាសច្រើន។ ចូរចាំថា ក្នុងពេលស្វែងរកលាភសំណាង ចូរកុំភ្លេចរក្សាកេរ្តិ៍ឈ្មោះរបស់អ្នក។ កុំប្រញាប់អួតពីសមិទ្ធផល។ សម្រាប់រឿងសេ្នហា អ្នកត្រូវមានចិត្តក្លាហានសម្តែងអារម្មណ៍ទៅមនុស្សជាទីស្រលាញ់ និងស្មោះត្រង់។ លោកអ្នកហាក់មានចិត្តព្រួយបារម្ភច្រើន ប៉ុន្តែហោរាផ្តាំថា សេចក្តីព្រួយបារម្ភទាំងនោះឥតប្រយោជន៍ ពីព្រោះវាជាហេតុការបណ្តោះអាសន្នប៉ុណ្ណោះ គួរយកពេលវេលាគិតរឿងផ្សេងដែលមានប្រយោជន៍ជាងនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកមិនអាចខ្លាចភាពក្បត់ និងការបោកប្រាស់ទេ។ ចូរធ្វើកិច្ចការអ្នកដោយភាពស្ងប់ស្ងាត់ និងអត់ធ្មត់។ បញ្ហាហិរញ្ញវត្ថុរបស់អ្នកមានផលប៉ះពាល់បន្តិចបន្តួច ដូច្នេះសូមចេះសន្សំសំចៃ និងមានគម្រោងច្បាស់លាស់ក្នុងការចាយវាយ។ សម្រាប់ក្តីស្នេហា ចូរប្រើប្រាស់ទេពកោសល្យ និងភាពទាក់ទាញ កុំឲ្យមនុស្សជាទីស្រលាញ់របស់អ្នករត់គេចពីអ្នក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរចាប់ផ្តើមថ្ងៃនេះជាមួយភាពរួសរាយរាក់ទាក់មនុស្សជុំវិញខ្លួន។ សុភមង្គលក្នុងចិត្តនៅថ្ងៃនេះ នឹងបណ្តាលវាសនាអ្នកទៅរកសំណាង និងលាភសក្ការក្នុងមុខរបរ និងការងារ។ ប៉ុន្តែសូមចងចាំថា បរាជ័យក្នុងវិជ្ជាជីវៈ មិនមែនជាហេតុផលឲ្យអ្នកអសកម្មនោះទេ។ ចូររក្សាចិត្តគំនិតស្មោះត្រង់ជានិច្ច ហើយសូមយកអាសារមនុស្សវ័យចំណាស់។ សម្រាប់ទំនាក់ទំនងប្រុសស្រី អ្នកមានភាពសុខដុមរមនាណាស់។ សូមរក្សាតុល្យភាពចំណីអាហារក្នុងខ្លួន ពីព្រោះកង្វះសារជាតិ ធ្វើឲ្យអ្នកមានបញ្ហាតម្រង់នោម និងជ្រុះសក់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចមានបញ្ហាតិចតួចរាំងស្ទះ ប៉ុន្តែចូរកុំខ្វល់ខ្វាយ ដកបញ្ហានោះចេញពីផ្លូវរបស់អ្នក។ ចូររីករាយជំនួសវិញ ពីព្រោះទេពកោសល្យ និងចំណេះដឹងដែលអ្នកមានក្នុងខ្លួន ល្មមគ្រប់គ្រាន់នឹងកែប្រែស្ថានការណ៍ទៅរកភាពជោគជ័យវិញ។ សូមរក្សាចិត្តគំនិត និងឥរិយាបថ រាល់ពេលសំដែងចេញ កុំធ្វើឲ្យហួសហេតុ ព្រោះវាអាចបណ្តាលឲ្យកាត់លាភ ហើយនាំបញ្ហាទៅវិញ។ ប្រសិនបើអ្នកបាត់បង់ទំនុកចិត្ត ចូរក្រលេកមើលភាពវិជ្ជមាននានាក្នុងជីវិតប្រចាំថ្ងៃ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកនៅទ្រឹង ហើយប្រឈមជាមួយឧបស័ក្គច្រើនណាស់។ កុំព្រងើយកន្តើយនឹងបញ្ហាតូចតាច ដោះស្រាយជាប្រញាប់ កុំឲ្យវាកក់កុញច្រើនរហូតដោះស្រាយមិនបាន។ ទំនាក់ទំនងផ្ទាល់ខ្លួននឹងជួបបរិយាកាសដ៏រំជួលចិត្ត។ មន្ទិល និងភាពមិនយោគយល់ឡើងខ្ពស់ហួសកំរិតបណ្តាលឲ្យប៉ះពាល់ខ្លាំងដល់ទំនាក់ទំនង។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីមិត្តភាពក៏បណ្តាលឲ្យប៉ះពាល់ដល់ស្នេហាដែរ។ សម្រាប់សុខភាព លោកអ្នកមានផលប៉ះពាល់លើចរន្តឈាម។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងល្អណាស់ក្នុងជីវិតនៅថ្ងៃនេះ ដូច្នេះត្រូវរីករាយទទួលវាចុះ។ ប៉ុន្តែទោះយ៉ាងណាត្រូវប្រឹងប្រែង និងមានសកម្ម ភាពជានិច្ច។ ទំនាក់ទំនងជាមួយភាពជាអ្នកដឹកនាំ អាចមានភាពស្មុគ្រស្មាញ ប្រសិនបើអ្នកមិនរៀនចុះចាញ់។ ពេលខ្លះត្រូវចូលទៅរកបញ្ហាបែបការទូតឲ្យបានច្រើន ពីព្រោះធម្មតាមនុស្សឆ្លាតមិនចាំបាច់ពន្យល់យូរទេ។ ថ្ងៃនេះជាពេលល្អបំផុត សម្រាប់សន្ទនាដោយស្មោះត្រង់ជាមួយមនុស្សជាទីស្រលាញ់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចនឹងមានបញ្ហាមិនយល់ពីគ្នាខ្លះក្នុងការងារ និងមុខជំនួញ ប៉ុន្តែត្រូវអត់ធ្មត់ រក្សាភាពស្ងប់ស្ងាត់ រីករាយនឹងបរិយាកាសថ្ងៃនេះ។ ចូររងចាំ ទំនាក់ទំនងនឹងត្រូវបានកែតម្រូវដោយខ្លួនឯង។ កុំព្យាយាមបង្ហាញខ្លួនអ្នកជានរណា។ រកមើលផ្លូវនានាសម្រាប់ជីវិតរបស់អ្នក មិនចាំបាច់គិតពីការយល់ឃើញរបស់អ្នកដទៃទេ ពីព្រោះស្មៅនីមួយៗ មានសន្សើមផ្ទាល់ខ្លួន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន មានភាពរកាំរកូសបន្តិច ដូច្នេះចូររកមូលហេតុណាមួយដើម្បីផ្សះផ្សា។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព