ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៩)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៩)

មានន្ទជិះសេះយ៉ាងលឿនស្លុងបោលសំដៅទៅទិសខាងជើងកាត់ព្រៃមួយយ៉ាងធំដែលសម្បូរពោពាសទៅដោយរុក្ខជាតិធំតូច។ អ្នកនឹងស្រលាញ់ប្រទេសខ្មែរក្រៃពេក។ ដោយប្រទេសខ្មែរមានព្រៃជាធនជាន ហើយដែលកូនខ្មែរស្រាវយកមិនចេះអស់។ ខាងលើមេឃផ្កាយរះព្រោងព្រាតនាកណ្តាលនភាល័យពណ៌បៃតងខ្ចី ធាតុអាកាសត្រជាក់ស្រួលរកប្រទេសណាមកប្រដូចគ្មានឡើយ។ បុរសស្រលាញ់ប្រទេសខ្មែរ ស្រលាញ់ជនជាតិខ្មែរ ស្រលាញ់នឹងសាច់នឹងឈាមអ្នក តែមាណពអាក់អន់ចិត្តយ៉ាងធំអនេកគឺខ្មែរមិនឯករាជ្យ។ យាមទីពីរ។ផ្កាយព្រឹករះត្រឈៃនៅទិសខាងកើត។ អ្នកជិះសេះយើងអស់កម្លាំងយ៉ាងខ្មាំង។ លបស្តាប់ខាងក្រោយគ្មានឮសូរអ្វីសោះ។ ទឹកចិត្តដ៏រីករាយមកគ្របដណ្តប់អ្នក។ បរិយាកាសព្រួយភ័យបើកវាំងននចេញស្រឡះពីដើមទ្រូងដើម្បីទុកបរិវេណឲ្យសេរីភាពបញ្ចេញរស្មីឡើង។ អ្នកឈប់នឹកនាដល់ខ្មាំងដែលដេញតាមប្រកិតអស់ពេលជាយូរមកហើយ។ ​ហើយបណ្តោយសណ្តានចិត្តឲ្យដើរលេងរាយមាយគ្មានទីដៅ។ ញើសដែលហូរៗ ចុះកុំឲ្យតែនៅក្នុងកណ្តាប់ដៃខ្មាំង។ គឺជាសំណាងមួយយ៉ាងធំហើយដែលបានរួចខ្លួននេះ។ ព្រឹត្តិការណ៍ក្នុងប៉ុន្មានថ្ងៃនេះ មានមកយ៉ាងខ្លាំងជ្រួលខ្លាំង។ ក្នុងការតស៊ូដើម្បីសេរីភាព និងអាយុជីវិតនេះ មានន្ទនឹកឃើញកោប អគ្គី នាងយីហ៊ុប….មែន ! នាងយីហ៊ុបគួរនឹកខ្លាំងជាងគេ។ នៅពីចម្ងាយលើទួលដំបូក ភ្នក់ភ្លើងមួយឆេះផ្លុងៗកណ្តាលទីងងឹត ឃើញបីដូចភ្លើងរបស់បិសាចកំណាចណាមួយ។

  • អីយ៉ា ! ខ្មាំង ឬ មិត្ត ?

មានន្ទភ័យញ័រក្នុងពោះឡើងវិញ ។ បុរសលោតចុះពីលើខ្មងសេះចងអាជានេយ្យ​ រួចក៏តាំងលូនសំដៅទៅទីដែលមានភ្លើង ដោយប្រយ័ត្នមិនឲ្យមានឮសូរអ្វីដល់តិចតួចឡើយ ក្នុងពេលកំពុងលូននេះ ឆ្កែមួយក៏ព្រុសឡូឡើង។ អ្នកលបភ័យតក្កមានឹកថា ម្តងនេះមុខជាស្លាប់មិនខាន។ មនុស្សបួននាក់ក្រោកច្រូង។ បរិយាកាសស្ងប់ស្រួលក៏ប្រែទៅជាតឹងតែងយ៉ាងខ្មួលខ្មាញ់។ អ្នកដុតភ្លើងត្រៀមខ្លួនព្រឹប ខ្លះរត់រកដាវ ខ្លះឆក់បានព្រួញគ្រប់ៗគ្នា។ គឺជាទាហន។ ជនអ្នកត្រៀមឱនៗខ្លួនទៅពួនរាយជាខ្សែតាមគល់ឈើ។ ឆ្កែកាន់ព្រុសខ្លាំងឡើង សម្លឹងទៅទិសដែលមានន្ទលូនមក។ ពួកអ្នករោមភ្លើងកំហែងលាន់ឡើងថា :

  • អ្នកណា ?

មានន្ទដែលគិតតែថយរត់ដកខ្លួន កាលបើឮសូរមាត់ស្រែកសួរនោះ ក៏សប្បាយចិត្តជាពន់ពេកដូចបានរស់ឡើងវិញម្តងទៀត ក្រោកឈរដើរទៅមុខស្លុងឥតបង្អង់។​ មាត់អ្នកសួរបន្លឺទៀតថា :

  • អ្នកណា? លោកគ្រូឬអី?* អឺ!

សូរមាត់ក៏ស្ទុះច្រូងច្រាងឡើង ជំនួសផ្លែដាវដែលយើងស្មានថា មុខជាបានឮនោះ។

  • អូ! លោកគ្រូ! លោកគ្រូ វើយ! អាកោបៗ
  • អ៊ើយ
  • អគ្គី! អគ្គីអ៊ើយ!
  • អើយ
  • លោកគ្រូទេវើយ!

អ្នកទាំងអស់គ្នារត់ទៅទទួលមានន្ទដែលសើចស្ញាញដើរចូលកាន់តែជិតមក។ មានន្ទទះស្មាបុរសម្នាក់ដែលមានមាឌស្តើងខ្ពស់ដើមទ្រូងធំក្រអាញ

  • ម៉េចមហាកាល សុខសប្បាយទេ?

បុរសឈ្មោះមហាកាលធ្វើគារវកិច្ចយ៉ាងគោរព រួចឆ្លើយយ៉ាងរាក់ទាក់តបវិញថា :

  • ​ បាទ! ចុះលោកគ្រូ?
  • សុខសប្បាយជាទេ ។ កូនចៅទាំងអស់មានប៉ុន្មាន?
  • រួមទាំងខ្ញុំបាទ ទាំងអាកោប ទាំអគ្គី ទាំងកូនទាហានបានដប់ប្រាំនាក់។

ជនទាំងដប់ប្រាំនាក់ ដូចរៀបរាប់មកនេះ ឈរត្រង់ខ្លួនមុខញញឹមរកមានន្ទដែលញញឹមរកអ្នករាល់គ្នាវិញ។

  • អើ! ប៉ុណ្ណឹងបានហើយ។

មហាកាលដែលមើលមុខមានន្ទធំជាងគេនោះ និយាយឡើងថា :

  • ​ ខ្ញុំមិនដឹងខ្លួនផង ស្រាប់តែអាកោបទៅដល់ផ្ទះខ្ញុំទាំងយប់។ ខ្ញុំសួរវាភ្លាម មានការអី វាក៏រាយការណ៍ប្រាប់ខ្ញុំៗ ក៏ប្រមូលគ្នាមកភ្លាមបានតែប៉ុណ្ណឹងឯង។

មានន្ទចោលភ្នែកទាំងពីរយ៉ាងមេត្រីរាប់អានទៅលើមុខមហាកាល។

  • ចុះអ្នកឯទៀតទៅណា?
  • ហ៊ី! លោកគ្រូរកហៅគេមិនទាន់ ស្រទុំវានៅផ្ទះឬទេ ក៏មិនដឹងស្បៃវែង និងអរុណមិននៅទេ។
  • ទៅណា?
  • បាទ! លោកគ្រូអើយ ខែនេះគេទៅទន្លេបាត់អស់ហើយ។ នៅតែខ្ញុំទេមិនចេះសោះខាងផ្លួវទឹក។

អ្នកទាំងអស់គ្នា ដែលឈរជុំវិញជនទាំងពីរស្តាប់យ៉ាងជក់ចិត្ត ថ្វីត្បិតតែកិច្ចសន្ទនានេះគ្មានជម្រៅអ្វីឡើយ។

  • កាលណាពួកនោះមកវិញ?
  • ប្រហែលកន្លះខែទៀត។

មានន្ទបែទៅកាន់ស្មាកោបវិញម្តង រួចសួរថា:

  • ម៉េចកោប?

នាយកោបបញ្ឈរភ្នែកឡើងទៅលើធ្វើអៀនប្រៀនឆ្លើយថា :

  • ខ្ញុំបាទភ័យណាស់ ដោយមិនដឹងថាយប់នោះ លោកគ្រូបែកទៅខាងណា។

មានន្ទសើចកាន់តែខ្លាំងឡើង លេចធ្មេញសស្គុស រួចបែរទៅរកនាយគីសហជីវិនចាស់ទៀត។

  • គីភ័យដែរឬ?
  • ខ្ញុំបាទវាយថយៗ រួចគេចផុតទៅ
  • ​ ទាំងអស់គ្នាមានត្រូវរបួសដែរឬអ្វី?
  • ​ បាទ ទេ!

នាយកោបក៏ឆ្លៀតបញ្ចូលសំឡេងខ្លួនជាមួយអគ្គីទៀតថា :

  • ​ បាទ ទេ!

មហាកាលកាត់ថា :

  • ពួកនេះលោកគ្រូទុកចិត្តចុះ ថាវាយននៀលដូចត្រីក្រាញ់។

នាយកោបរឹតតែអៀនដោយគេបញ្ជោរបន្តិចនេះ យកម្រាមដៃលូកមាត់ ឱនមុខលួចសំឡក់មហាកាល។ ជនទាំងអស់គ្នាក៏សើចលាន់ឮក្អាកក្អាយ។ ទាំងពលទាហាន ទាំងមេទ័ព ទាំងមេ បន្ទាបមក គេទាំងអស់គ្នាសប្បាយរីករាយលើសធម្មតា។ នាយគីនឹកឃើញនិយាយថា :

  • អុញហ្ន៎ ! ភ្លេចសួរលោកគ្រូ តើពិសាបាយហើយឬនៅ?
  • នៅ តែខ្ញុំស្រេកទឹកណាស់ មានទឹកមួយផ្តិលទេ?

មហាកាលទាញដៃនាយកោបមកឆ្ងាយពីស្មាមានន្ទ ទះក្បាលមួយផូងរួចនិយាយថា :

  • អូ! យកទឹកមកជូនលោកគ្រូ ។ កោប ! រួចមករកដាំបាយជូនលោកគ្រូទៀត។

នាយកោបជ្រុលតះៗទៅមុខ។ មានន្ទសួរទៅមហាកាលថា :

  • ​ មានអ្វីជាអាហារ?
  • មាន!​ លោកគ្រូសាច់ទន្សាយខ្ញុំទើបបាញ់បាន!
  • អើ បានទន្សាយផង! នាំឲ្យពិបាកទេឬ?
  • ទេ ! មិនអីទេលោកគ្រូ ធ្វើតែមួយសន្ទុះរួចហើយ។

ជនទាំងអស់មិនព្រមទៅណាឆ្ងាយពីមានន្ទសោះ ។ មានន្ទក៏និយាយអំពីស្ថានការណ៍បច្ចុប្បន្នឲ្យអ្នករាល់គ្នាស្តាប់ រួចដាស់ទឹកចិត្តអ្នករាល់គ្នាថា :

  • យើងត្រូវតែតស៊ូ។ ការពិបាកនេះតែជាការចាំបាច់។ ការនេះធំតែជាការដែលគេអាចសម្រេចបានដោយយើងពួតដៃគ្នាពុះពារឡើង។ ក្នុងសង្រ្គាមយើងកុំខ្លាច បើយើងខ្លាច ខ្មាំងបានចិត្តរឹតតែរឹបវាយយើង ។

(សូមរងចាំតាមដានភាគទី៣០ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!