វត្តរអាងថ្មបីដុំ ស្ថិតនៅលើភ្នំត្បែង ក្នុងភូមិសាស្ត្រ ភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ដែលមានចំនុចនិយាមការ X 490382 Y 1510503 មានកម្ពស់៤៩៥ម៉ែត្រធៀបនិងទឹកសមុទ្រ។ វត្តរអាងថ្មបីដុំអាចធ្វើដំណើរឡើងពីខាងស្រុកសង្គមថ្មី ឬក៏ឡើងតាមវត្តដំបូកខ្មៅ និងបន្តដំណើរមកកាន់វត្តថ្ម៣ដុំ ដោយថ្មើរជើងឬម៉ូតូប្រមាណ៥គីឡូម៉ែត្រ។ ភ្នំត្បែងត្រូវបានរាជរដ្ឋាភិបាល បានដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដោយអនុក្រឹត្យលេខ១៨៩ អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានផ្ទៃដី ២៥២៦៩,៤១ហិកតា។ វត្តរអាងថ្មបីដុំខ្លះហៅកាត់ថាវត្តថ្មបីដុំ ជាទីតាំងជំនឿខាងសាសនាដ៏សំខាន់មួយនៅលើភ្នំត្បែង។ ហេតុអ្វីបានជាគេហៅថាវត្តថ្ម៣ដុំ?
ថ្មបីដុំត្រូវបានហៅទៅតាមឈ្មោះថ្មធំៗ៣ដុំ មានសណ្ឋានដូចជាមុំចង្ក្រានដែលស្ថិតនៅខាងត្បូងព្រះវិហារលើកំពូលភ្នំត្បែង។ ក្នុងចំណោមថ្មទាំងបីដុំ មានមួយដុំមានសិលាចារឹកចារជាភាសាសំស្ក្រឹតចំនួន១០បន្ទាត់។ សិលចារឹកនេះ មានភាពបែកនៅផ្នែកខាងឆ្វេង និងខាងក្រោម ផ្នែកកណ្តាលមានស្នាមដាប់។ សិលាចារឹកនេះ អាចចារក្នុងអំឡុងស.វទី១០-១១នៃគ.ស ដែលចាប់ផ្តើមដោយ នមស្ការចំពោះព្រះសិវៈ នៅបន្ទាត់ទី៦ក៏មាននិយាយអំពីសិវៈបុត្រ ក្នុងន័យនេះអាចថាទីតាំងនេះមានការគោរពចំពោះព្រះសិវៈឬព្រះឥសូរ។
យើងបានឃើញភស្តុតាងដូចជាបល្ល័ងនៃលិង្គព្រះឥសូរ (ចម្លាក់បុរាណ) និងចម្លាក់លិង្គព្រះឥសូរដែលគេឆ្លាក់ថ្មីចំនួន២។ នៅផ្នែកខាងក្រោមនៃថ្ម៣ដុំមានល្អាង១ហៅថាល្អាងព្រះខែ នៅក្នុងល្អាងមានឆ្លាក់ជាចម្លាក់ក្បាច់លំអមួយរាងមូលនៅចំកណ្តាលជាក្បាច់ផ្កាឈូករីក នៅជុំវិញមានផ្កាឈូករីកតូចៗ និងមានរូបថូទឹកដុះចេញផ្កាឈូក៣ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងចម្លាក់ត្រីសូល៌។ អ្នកស្រុកខ្លះគាត់ហៅថាយ័ន្ត ដែលមានរូបដូចជាព្រះខែ ទើបគេហៅល្អាងនេះថាជាល្អាងព្រះខែ។
នៅផ្នែកខាងក្រោយនៃល្អាងមានសិលាចារឹកនៅខាងក្រោយថ្មចំនួន២បន្ទាត់ចារនៅខាងក្រោយដែលនៅខាងចុងនៃឃ្លានៅ…ព្រះឥន្ទ្រគុហារ។ នេះអាចជាឈ្មោះនៃល្អាងព្រះខែនេះ តាមរយៈអក្សរមានលក្ខណៈដូចគ្នានឹងសិលាចារឹកដែលចារលើថ្ម៣ដុំដែលអាចចារក្នុងអំឡុងស.វទី១០-១១គ.ស។ ក្នុងន័យនេះអាចបញ្ជាក់ថាទីតាំងនេះជាទីតាំងគោរពបូជា ខាងព្រហ្មញ្ញសាសនា ក្នុងសម័យអង្គរ។
ភស្តុតាងមួយចំនួនទៀតដូចជាសន្លុងជាទីតាំងដែលមានថ្មភក់រៀបចំដូចជាឃឿនប្រាសាទ ជាទីកន្លែងដែលត្រូវបានរៀបចំសម្រាប់ដម្កល់ព្រះ ទីតាំងនេះត្រូវបានជួសជុលឡើងវិញក្នុងអំឡុងឆ្នាំ១៩៦២ តាមរយៈអក្សរដែលចារលើកំបោរបាយអរ បច្ចុប្បន្នមានដាក់ព្រះពុទ្ធរូប និងសំណត់ឈើនៅខាងលើ។ តើសំណង់អាចសាងសង់ពីមុនមកក្នុងសម័យអង្គរឬយ៉ាងណា? យើងបានឃើញស្លាកស្នាមកាប់ថ្មពីទីតាំងនៅក្បែរនោះ។ តាមរយៈលោកអាចារ្យ ហាម រ៉ោន បាននិយាយថាមានចម្លាក់ព្រះព្រហ្មកាលពីមុន ត្រូវបានគេវាយបំបែកនិងលួចយកព្រះកេសទៅបាត់។ ក្រោយមកក៏បានឆ្លាក់ជាព្រះកេសថ្មីអំពីថ្មក្នុងអំឡុងឆ្នាំ១៩៩៥?។ បំណែកនៃរូបទី១២ ដែលតាមរយៈលោកអាចារ្យនោះបានដាក់នៅក្រោមបុស្សបុក អាចជារូបនៃព្រះពុទ្ធរូបចតុមុខ សាងអំពីថ្មភក់ មានលាភម្រ័ក្ស ដែលឃើញមានដូចជានៅព្រះពុទ្ធត្រឡេងកែងនៅបន្ទាយលង្វែក ប្រាសាទចតុមុខនៅព្រះខ័នកំពង់ស្វាយ ខេត្តព្រះវិហារ។ តាមរយៈចម្លាក់នេះថាតើអាចជាស្នាដៃនៃសិល្បៈសម័យកណ្តាលដែរឬទេ? នៅលើភ្នំត្បែងក៏មានទីតាំងមួយដែលហៅថាព្រះបាទ តែចម្លាក់នៃព្រះបាទពុំមានក្បាច់លំអ និងសិករិចរិល។ នៅខាងលិចព្រះវិហារក៏មានស្រះទឹកបុរាណមួយដែលមានទឹកខួបប្រាំងខួបវស្សា។
រួមសេចក្តីមកទីតាំងវត្តថ្មបីដុំ ជាទីតាំងដែលប្រជាជនខ្មែរបានគោរបបូជាតាំងពីសម័យអង្គរ ខាងផ្នែកព្រហ្មសាសនា ជាទីតាំងសម្រាប់ធ្វើតបៈធម៌ពីសម័យអង្គរបន្តមកសម័យកណ្តាល និងមកដល់ពេលបច្ចុប្បន្ន៕
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ