នៅក្នុងឯកសារមុនៗដែលសិក្សាដោយអ្នកស្រាវជ្រាវជនជាតិបារាំង គេច្រើនហៅប្រាសាទនេះថា “គោករកា” ប៉ុន្តែឈ្មោះនេះសព្វថ្ងៃពុំមានអ្នកស្រុកណាម្នាក់ស្គាល់ឡើយ ព្រោះអ្នកស្រុកហៅតៗគ្នាថា “ព្រះធាតុ” ឬ “ព្រះធាតុរកា”។ ពាក្យ “ព្រះធាតុ” ច្រើនតែជាពាក្យដែលគេហៅសំណង់ប្រាសាទប្រៀបប្រដូចទៅនឹងចេតិយ។ ព្រះធាតុរកា មានទីតាំងស្ថិតនៅភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងមានចម្ងាយ៥០០ម៉ែត្រ ខាងត្បូងទួលដំរីស។ កន្លងមក ប្រាសាទនេះបានទាក់ទាញអ្នកស្រាវជ្រាវជាតិ និងបរទេសមកសិក្សាច្រើនណាស់ ចាប់តាំងពីដើមស.វ.ទី២០មក ដែលអ្នកស្រាវជ្រាវទាំងនោះមានដូចជា លោក Goerge Groslier ឆ្នាំ១៩២៤ លោក Henri Parmentier ឆ្នាំ១៩៣៥ លោក Goerge Coedès ឆ្នាំ១៩៥៣ លោកស្រី Mireille Bénisti ឆ្នាំ១៩៧៤, ១៩៧៧ លោក ម៉ក់ ភឿន ឆ្នាំ១៩៩៥ លោក បេ តៃសែ ឆ្នាំ២០០៣ និងលោក ភុំ រតនៈពិសិដ្ឋ ឆ្នាំ២០១៤។
ព្រះធាតុ មានប៉មមួយមានរាងកាកបាទ សង់អំពីថ្មភក់ មានយ៉មួយ បែរមុខទៅទិសខាងកើត និងនៅទិសផ្សេងទៀតលម្អជាទ្វារបញ្ឆោត។ នៅទិសឦសាន មានស្រះតូចមួយដែលមានរៀបថ្មបាយក្រៀមនៅជុំវិញ តែសព្វថ្ងៃថ្មបាយក្រៀមនេះបានបាត់បង់ស្ទើរអស់ទៅហើយ ហើយនៅខាងកើតមានស្រះទឹកធំមួយ។ ប្រាសាទនេះ គេតម្រៀបថ្មភក់ជាបួនថ្នាក់ តែមិនសូវមានក្បាច់លម្អអ្វីឡើយ។ ប្លង់ជាទូទៅនៃប្រាសាទនេះ មានលក្ខណៈដូចនឹងប្លង់សំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យជាច្រើនទៀតនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលសំណង់ទាំងនោះមានប្លង់ជារួមដូចខាងក្រោម៖
- កំពែងព័ទ្ធជុំវិញ និងមានក្លោងទ្វារពីរនៅទិសខាងកើតឬខ្លះទៀតក្លោងទ្វារខាងលិចដែរ
- តួប៉មនៅកណ្តាលមួយបែរមុខទៅទិសខាងកើតភ្ជាប់ដោយយ៉ទៅខាងមុខ
- មានកូនប្រាសាទមួយស្ថិតនៅទិសអាគ្នេយ៍ (ហោត្រៃ) ដែលបែរមុខទៅទិសខាងលិច
- នៅក្រៅកំពែង នាទិសឦសាន មានស្រះទឹកមួយ។
ប៉ុន្តែ ប្លង់នៃប្រាសាទគោករកាមិនដូចទាំងស្រុងនឹងលក្ខណៈទាំងបួនខាងលើទេ ដ្បិតនៅទីនេះ មិនមានហោត្រៃដូចសំណង់ហោបន់ស្រន់ដទៃឡើយ។
នៅទីនេះ មានវត្ថុសិល្បៈធ្វើអំពីថ្មភក់ច្រើនណាស់ ដែលខ្លះជាវត្ថុធាតុដើមនៃប្រាសាទ និងខ្លះទៀតអាចគេប្រមូលមកពីប្រាសាទចាស់ៗនៅក្បែរៗនោះ។ បើយើងចាប់អារម្មណ៍អំពីផ្តែរទ្វារដែលរកឃើញនៅប្រាសាទនេះ មានរហូតដល់ ៨ ផ្ទាំង ហើយក្នុងនោះមានតែ ២ ផ្ទាំងទេដែលនៅនឹងទ្វារបញ្ឆោតខាងជើងនិងខាងត្បូង។ រីឯ ៦ ផ្ទាំងផ្សេងទៀត សុទ្ធសឹងជាផ្តែរដែលគេយកមកទុកនៅក្បែរប្រាសាទ។ ផ្តែរនៅទ្វារបញ្ឆោតខាងត្បូង សិល្បករបានយកផ្តែរចាស់មកកាត់តម្រឹមឲ្យស្មើនឹងទ្វារដើម្បីប្រើប្រាស់ឡើងវិញ ដែលផ្តែរទ្វារនេះ យើងឃើញក្បាច់បន្ទាត់ធ្នូមានរាងត្រង់សំប៉ែត ហើយខាងក្រោមជាក្បាច់រំយោលផ្កានិងកម្រងមាលា ខាងចុងសងខាងមានចម្លាក់រូបនាគរាជ នៅកណ្តាលផ្តែរគេឆ្លាក់រូបព្រះឥន្រ្ទគង់លើដំរី និងសងខាងមានរូបមរុតជិះលើសត្វសេះ។ ផ្តែរទ្វារប្រភេទនេះ ជាសិល្បៈរចនាបថព្រៃក្មេង ក្នុងស.វ.ទី៧។ ផ្តែរទ្វារបញ្ឆោតខាងជើងវិញក៏មិនខុសគ្នាដែរ គឺផ្តែរចាស់យកមកប្រើប្រាស់ឡើងវិញ តែផ្តែរទ្វារនេះជាសិល្បៈរចនាបថបាភួន ស.វ.ទី១១ ដោយយើងឃើញសិល្បករកាត់ចុងផ្តែរ។ ផ្តែរនេះមានចម្លាក់រូបរាហូនៅចំកណ្តាលដៃចាប់កាន់ជើងតោដែលកំពុងខាំឬខ្ជាក់ក្បាច់បន្ទាត់ធ្នូរាងមូលដូចមែកឈើ និងមានចម្លាក់ហង្សចំនួនពីរដែរ។ ចំណែក ផ្តែរទ្វារដែលយើងឃើញកប់ពាក់កណ្តាលនៅក្នុងតួប្រាសាទវិញ មានលម្អដោយរូបចម្លាក់គ្រុឌកាន់នាគនៅសងខាង និងនៅលើក្បាច់បន្ទាត់ធ្នូមានចម្លាក់រូបព្រះគណេស ចំនួនបី ដែលផ្តែរឆ្លាក់រូបគណេសបែបនេះជាភាពកម្រមួយនៅក្នុងសិល្បៈខ្មែរ។
ផ្តែរទ្វារនេះ ក៏សិ្ថតនៅក្នុងសិល្បៈរចនាបថព្រៃក្មេង ស.វ.ទី៧ ដូចផ្តែរខាងលើដែរ។
ក្រៅពីផ្តែរទាំងបីខាងលើ នៅមានផ្តែរចំនួន ៦ ផ្ទាំងទៀតដែលគេដាក់នៅខាងក្នុងប្រាសាទមួយដែលជាផ្តែរទ្វារមានរូបមករ ស្ថិតនៅក្នុងរចនាបថសំបូរព្រៃគុក ស.វ.ទី៧។ ផ្តែរមួយនៅខាងមុខប្រាសាទដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សិល្បករលម្អដោយក្បាច់សន្លឹកឈើធំៗនៅសងខាង និងនៅលើក្បាច់បន្ទាត់ធ្នូរាងត្រង់មានក្បាច់សន្លឹកឈើតូចធំចំនួន ៥សន្លឹក ហើយនៅកណ្តាលគេច្នៃសន្លឹកឈើទៅជាមុខរាហូ។
ផ្តែរនេះ ស្ថិតនៅក្នុងរចនាបថព្រៃក្មេង ស.វ.ទី៧។ ចំណែក ផ្តែរទ្វារចំនួន ៣ ផ្ទាំងទៀត គឺសុទ្ធសឹងជាផ្តែរទ្វារនៅរចនាបថប្រែរូប ក្នុងស.វ.ទី១០។
ក្រៅអំពីផ្តែរទ្វារ នៅទីនេះក៏មាននៅសល់វត្ថុសិល្បៈថ្មភក់ផ្សេងទៀតដូចជាសសរពេជ្ររាងប្រាំបីជ្រុងដែលជាសិល្បៈស.វ.ទី១០ ចំនួន ៤ដើម ជើងទម្រ ឬបល្ល័ង្កចំនួន ៤ដុំ កំពូលប្រាសាទ ១។ ជាពិសេសទៀតនោះ នៅទីនេះ ក៏បានរកឃើញសិលាចារឹកចំនួន ៦ ផ្ទាំង រួមមាន៖ សិលាចារឹក K.155 (1), K.155 (2), K.435, K.482, Ka.39, Ka.40។
សិលាចារឹក K.155 មានចំនួន ២ ផ្ទាំង ដែលសុទ្ធសឹងជាសិលាចារឹកស.វ.ទី៧-៨។ ក្នុងនោះ សិលាចារឹក K.155 (1) ធ្លាប់បានសិក្សាដោយលោក George Coedès ម្តងរួចមកហើយក្នុងឆ្នាំ១៩៥៣។ សិលាចារឹកនេះ គេចារជាប់នឹងថ្មមេទ្វារច្រកចូលប្រាសាទ មានចំនួន ២១បន្ទាត់ ជាភាសាខ្មែរបុរាណ ហើយផ្នែកខាងលើនិងខាងក្រោមនៃចារឹកមានការខូចខាតច្រើន។ សេចក្តីជាទូទៅនៃសិលាចារឹកនេះ គឺរៀបរាប់ដង្វាយរបស់មន្រ្តីម្នាក់ឈ្មោះថា “ធាន្យករបតិ”ថ្វាយដល់អាទិទេពព្រះនាម “ស្រីសិតិកណ្ឋេស្វរ” និងអាទិទេពព្រះនាម “ស្រីសៅរិបតិស្វរ” ដែលអំណោយជាច្រើនសុទ្ធសឹងជាអ្នកបម្រើនៅទេវស្ថានមានមុខងារផ្សេងៗគ្នា។
ចំណែក សិលាចារឹក K.155 (2) ក៏ធ្លាប់បានសិក្សាដោយលោក George Coedès ម្តងរួចមកហើយដែរនៅឆ្នាំ១៩៥៣៧ ហើយលោកស្រី ពៅ សាវរស ក៏បានសិក្សាឡើងវិញដោយចុះបញ្ជីលេខ Ka.41។៨សិលាចារឹកនេះ បានបាក់បែកជាពីរកំណាត់ផ្សេងគ្នា ប៉ុន្តែ នៅសព្វថ្ងៃអ្នកជំនាញបានជួសជុលតភ្ជាប់ឡើងវិញ ហើយរក្សាទុកនិងដាក់តាំងបង្ហាញនៅលើថែវសារមន្ទីរខេត្តកំពង់ធំ។ សិលាចារឹកនេះ ចារជាភាសាខ្មែរមានចំនួន ៣២បន្ទាត់ តែផ្នែកខ្លះមានការរលុបអក្សរ។ រូបរាងអក្សរនៃចារឹកនេះ គឺប្រហាក់ប្រហែលនឹងសិលាចារឹកខាងលើដែរ ពោល គឺទំនងចារនៅស.វ.ទី៧ឬ៨។ សេចក្តីជាទូទៅនៃចារឹកនេះ គឺរៀបរាប់អំពីឈ្មោះអ្នកបម្រើប្រុសស្រី កសិករ សត្វពាហនៈ និងស្រែរបស់ពួកគេ ហើយក៏មានរៀបរាប់អំពីស្រុកថ្មីមួយឈ្មោះថា “ទ្រទោ” ដោយមានប្រាប់អំពីពួកខ្ញុំធ្វើស្រែ ក្រុមគ្រួសារពួកគេ ពួកសិប្បករ អ្នកចំការនៅស្រុកនោះ និងបញ្ជីឈ្មោះស្រែ។
សិលាចារឹកមួយទៀតចុះបញ្ជី Ka.39 សព្វថ្ងៃរក្សាទុកនៅខាងមុខប្រាសាទ ដែលជាប្រភេទចារឹកនៅលើមេទ្វារ មានចំនួន ១៩បន្ទាត់ ចារឹកជាភាសាខ្មែរបុរាណ ហើយធ្លាប់បានសិក្សាដោយលោកស្រី ពៅ សាវរស ម្តងរួចមកហើយកាលពីឆ្នាំ២០០១។ សេចក្តីជាទូទៅនៃចារឹកនេះរៀបរាប់អំពីដង្វាយថ្វាយចំពោះព្រះអាទិទេពមួយអង្គព្រះនាម “ស្រីកលញ្ជលេស្វរ” មានដូចជា ក្ញុំបម្រើព្រះប្រុសស្រី ដីស្រែ ចម្ការ ច្បារដំណាំ អង្ករ សម្លៀកបំពាក់….។ បើមើលតាមរូបរាងអក្សរ ទំនងចារឹកនៅស.វ.ទី៧ ឬ ៨។
សិលាចារឹក Ka.40 សព្វថ្ងៃរក្សាទុកនៅខាងមុខប្រាសាទ ដែលជាប្រភេទចារឹកនៅលើមេទ្វារ មានចំនួន ២០បន្ទាត់ ចារឹកជាភាសាខ្មែរបុរាណ ហើយធ្លាប់បានសិក្សាដោយលោកស្រី ពៅ សាវរស ម្តងរួចមកហើយកាលពីឆ្នាំ២០០១។ សេចក្តីជាទូទៅនៃចារឹកនេះ រៀបរាប់អំពីការទិញដីស្រែនៅក្នុងរាជ្យស្តេចយាងទៅសួគ៌សិវបុរ (ជ័យវរ្ម័នទី១)។ សិលាចារឹកនេះអាចចារនៅស.វ.ទី៨។
សិលាចារឹកមួយទៀតចុះបញ្ជី K.482 បានបាត់បង់ពីទីតាំងដើមហើយ ប៉ុន្តែ ធ្លាប់បានសិក្សាដោយលោក George Coedès កាលពីឆ្នាំ១៩៥៣។ សិលាចារឹកនេះ មានចំនួន ២០ បន្ទាត់ ដែលផ្នែកខាងលើចំនួន ៨ បន្ទាត់ ចារជាភាសាសំស្រ្កឹត ស្មើនឹង ៤ស្លោក និង ១២បន្ទាត់ចារឹកជាភាសាខ្មែរបុរាណ។ សិលាចារឹកនេះ ផ្តើមឡើងដំបូងដោយការគោរពដល់អាទិទេពព្រះនាម “ស្រីកម្ភិរេស្វរ” ដែលជាអាទិទេពសំខាន់មួយនៅក្រុមខាងជើងនៃតំបន់ប្រាសាទសំបូរព្រៃគុក ហើយជាតឹកតាងមួយដែលឲ្យគេដឹងថាសិលាចារឹកនេះមានប្រភពមកពីតំបន់មិនឆ្ងាយពីកំពង់ធំ។ បន្ទាត់ទី១ បានខូចខាតទាំងស្រុង ហើយសំណេរជាសំស្រ្កឹតដែលនៅសល់បន្ទាប់ទៀត គឺរៀបរាប់អំពីការកសាងអាទិទេពភេទស្រីព្រះនាម “ត្រិភូវនេសៃ” ដោយក្រុមពួក “ជុង” ជាមន្រ្តីរាជការព្រះមហាក្សត្រ (រលុបឈ្មោះ) គឺប្រហែលក្នុងរាជ្យព្រះបាទឦសានវរ្ម័នទី១ ដោយសំអាងលើរូបរាងអក្សរដូចទៅនឹងសិលាចារឹកនៅតំបន់សំបូរព្រៃគុក។ បន្ទាប់មកទៀត ចាប់ពីបន្ទាត់ទី៩តទៅ គឺជាបញ្ជីរាយនាមក្ញុំបម្រើព្រះប្រុសស្រី ថ្វាយចំពោះអាទិទេពព្រះនាម “ភគវតិ”។
សិលាចារឹកមួយទៀតដែលសំខាន់ជាងគេ គឺចុះបញ្ជីលេខ K.435 ដែលអត្ថបទចារឹកនេះសរសេរជាភាសាសំស្រ្កឹតទាំងស្រុង មានចំនួន ៩៨បន្ទាត់ ចារនៅលើថ្មគោលមានបួនមុខ ដោយនៅលើមុខបីផ្នែកគេចារ ២៤បន្ទាត់ និងមុខមួយទៀតមាន ២៦បន្ទាត់។ សិលាចារឹកនេះ ចារឹកឡើងនៅម.ស.១១០៤ ត្រូវនឹងគ.ស.១១៨២ ស្តីពីអរោគ្យសាលាសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ អត្ថបទនេះ មានអត្ថន័យដូចគ្នាច្រើនទៅនឹងសិលាចារឹកសាយហ្វុង K.368 លើកលែងតែផ្នែកតិចតួច ហើយធ្លាប់បកប្រែដោយលោក Louis Finot កាលពីឆ្នាំ១៩១៥។ សិលាចារឹកនេះ បញ្ជាក់ថា ប្រាសាទគោករកា គឺជាហោបន់ស្រន់នៃមន្ទីរពេទ្យមួយកន្លែងក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដូចដែលបានរៀបរាប់ក្នុងសិលាចារឹកប្រាសាទព្រះខ័ន ចារក្នុងគ.ស.១១៨៦។ សេចក្តីជាទូទៅក្នុងសិលាចារឹកប្រាសាទគោករកា K.435 នេះ បានរៀបរាប់អំពីការលើកសរសើរអំពីព្រះរាជា និងបានបង្ហាញអំពីសេវានៅក្នុងមន្ទីរពេទ្យ និងរៀបរាប់ពីមុខងារ ចំនួនបុគ្គលិក ដែលធ្វើការនៅទីនោះ។
ជារួមមក ឆ្លងតាមការសិក្សាអំពីប្លង់ទូទៅ ក្បាច់លម្អស្ថាបត្យកម្ម សិល្បៈ និងសិលាចារឹកនៅប្រាសាទគោករកា យើងឃើញថា ទីតាំងនេះទំនងជាទីតាំងអតីតប្រាសាទចាស់មួយកាលពីសម័យមុនអង្គរ ហើយមកដល់រាជ្យព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានសាងសង់បន្ថែមទៅជាសំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យ ដ្បិតតាមរយៈសិលាចារឹក K.435 បានឲ្យយើងដឹងលម្អិតអំពីទេពនៅក្នុងប្រាសាទ គឺព្រះពុទ្ធភៃសជ្យគុរុ ឬហៅថា ព្រះពុទ្ធគ្រូថ្នាំ ដែលជាទេពនៃព្រះពុទ្ធសាសនាមហាយាន។ ដោយឡែក វត្ថុសិល្បៈទាំងអម្បាលម៉ានដែលមានសម័យកាលផ្សេងៗគ្នាដូចរៀបរាប់ខាង លើ គឺទំនងជារបស់ចាស់នៅទីនេះស្រាប់ និងមួយចំនួនអាចអ្នកស្រុកប្រមូលមកពីទីទួលផ្សេងៗនៅមិនឆ្ងាយពីប្រាសាទ។ ករណីនេះ នាំឲ្យយើងដឹងថា ទីតាំងណាដែលជាសាសនដ្ឋានដ៏ស័ក្តិសិទ្ធិពីបុរាណមក តែងតែមានការគោរពប្រណិប័តន៍ឥតឈប់ឈរ បើទោះបីនិន្នាការនៃការផ្លាស់ប្តូរសាសនាទៅហើយក្តី។ ជាក់ស្តែង កាលពីស.វ.ទី៧ ទីតាំងប្រាសាទនេះ ទំនងជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះឥសូរ តែក្រោយមកប្តូរមកជាសំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យក្នុងព្រះពុទ្ធសាសនាមហាយានវិញ។ អ្វីដែលគួរកត់សម្គាល់ថែមទៀតនោះ គឺកាលពីឆ្នាំ២០១៤ លោក ភុំ រតនៈពិសិដ្ឋ បានស្រាវជ្រាវលើប្រធានបទមួយស្តីពី “ពិចារណាលើទីប្រជុំជនវិស័យសន្ទុក” ហើយជាលទ្ធផលតាមរយៈការសិក្សាលើទិន្នន័យបុរាណវិទ្យាជាច្រើនកន្លែងនៅជុំវិញប្រាសាទនេះ លោកបានឲ្យសេចក្តីសន្និដ្ឋានបឋមថា “តំបន់ប្រាសាទគោករកា ទំនងជាទីប្រជុំជននៃវិស័យសន្ទុកកាលពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ចុងស.វ.ទី១២ ដើមស.វ.ទី១៣។ ពាក្យថា “វិសយសន្ទុក” នៅត្រង់នេះគឺចង់សំដៅលើទីប្រជុំជនតំបន់រដ្ឋបាលមួយ ដែលពេលនោះគេហៅតំបន់នេះថា “សន្ទុក”។ ការសន្និដ្ឋានដូចនេះ ក៏ដោយសារលោកយល់ថាប្រាសាទគោករកា មានតួនាទីជាសំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យម្ល៉ោះហើយទីប្រជុំជន គឺប្រាកដជានៅកន្លែងដែលមានមន្ទីរពេទ្យជាក់ជាមិនខាន៕
អត្ថបទដើម៖ លោក ម៉ង់់ វ៉ាលិ