តៃយាន ៖ យោងតាមវិទ្យាស្ថានបុរាណវិទ្យាខេត្តសានស៊ី បានឱ្យដឹងថា ទីតាំងឡដុតប៉សឺឡែនដែលមានអាយុកាលតាំងពីរាជវង្សស៊ុយ (៥៨១-៦១៨នៃគ.ស.) និងដើមរាជវង្សថាង (៦១៨-៩០៧នៃគ.ស.) ត្រូវបានរកឃើញនៅក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។ ទីតាំងឡដុតនេះស្ថិតនៅក្នុងទីប្រជុំជនបុរាណមួយក្នុងសង្កាត់ Jinyuan នៃទីក្រុង Taiyuan។ ទីក្រុងនេះមានឈ្មោះ Jinyang គឺជាតំបន់ដ៏សំខាន់បំផុតមួយនៅក្នុងរាជវង្សថាង។
ក្រុមបុរាណវិទូបានប្រកាសពីការរកឃើញចុងក្រោយរបស់ពួកគេនៅថ្ងៃទី ១៩ ខែមេសានេះ ថា ទីតាំងឡដុតប៉សឺឡែនបុរាណស្ថិតក្នុងរាជវង្សស៊ុយ ត្រូវបានរកឃើញ និងធ្វើកំណាយនៅក្នុងបរិវេណប្រាសាទ Jinyang។ យោងតាមលោក Han Binghua អ្នកដឹកនាំក្រុមការងារបុរាណវិទ្យា បាននិយាយថា ទីតាំងឡដុតកុលាលភាជន៌នេះគឺស្ថិតនៅភាគពាយព្យនៃទីក្រុងបុរាណ Jinyang និងត្រូវបានរកឃើញនៅឆ្នាំ ២០២១ ហើយជាទីតាំងឡដុតដំបូងបំផុតដែលត្រូវបានរកឃើញនៅក្នុងខេត្ត សានស៊ី។
វិទ្យាស្ថានខេត្តសានស៊ី បាននិយាយថា អ្នកបុរាណវិទូបានរកឃើញទីតាំងឡដុតកាលពីឆ្នាំមុន ហើយបន្ទាប់ពីការធ្វើកំណាយរួចក្នុងឆ្នាំ ២០២២។ ឡដុតប៉សឺឡែនចំនួនបីរណ្តៅកំណាយចំនួនប្រាំបួន និងបំណែកប៉សឺឡែនរាប់ពាន់ត្រូវបានរកឃើញ។ អ្នកបុរាណវត្ថុវិទូបានបន្តនិយាយថា ប៉សឺឡែនដែលបានរកឃើញនោះ ជាប្រភេទសេឡាដុន និងចានប៉សឺឡែនដូចកញ្ចក់ពណ៌ស ដែលមានសភាពល្អិតល្អន់។ តាមរយៈការរកឃើញឡបុរាណនេះបានបង្ហាញពីសារៈសំខាន់ចំពោះការសិក្សាអំពីកុលាលភាជន៌ប៉សឺឡែនក្នុងសម័យចិនបុរាណ។
លោក Han Binghua ដែលទទួលបន្ទុកគម្រោងកំណាយនេះបាននិយាយថា “មានកន្លែងដុតតិចតួចណាស់ដែលមានសមត្ថភាពផលិតប៉សឺឡែនពណ៌សល្អ យ៉ាងនេះ ដែលស្ថិតនៅក្នុងអំឡុងសម័យកាលដូចគ្នា។ លោក Han បានបន្ថែមថា “ទីតាំងឡដុតប៉សឺឡែន ជាទូទៅស្ថិតនៅឆ្ងាយពីតំបន់រស់នៅ ប៉ុន្តែទីតាំងឡដុតនេះស្ថិតនៅខាងក្នុងវាំង ដែលពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់”។
កុលាលភាជន៌ទាំងអស់នឹងត្រូវប្រមូលយកទៅសម្អាត និងជួសជុល ។ បន្ទាប់ពីជួសជុលរួចអ្នកបុរាណវិទូ នឹងយកទៅដាក់បង្ហាញនៅសារមន្ទីរខេត្ត៕
ប្រភព៖ https://english.news.cn/20220421/7fe7b85d3d1540159b970b01629f1e1d/c.html