ទំព័រដើមនិទានកថារឿងពុទ្ធិសែន នាងកង្រី (ភាគទី២)

រឿងពុទ្ធិសែន នាងកង្រី (ភាគទី២)

ភាគទី២

លុះនៅយូរបន្តិចទៅសន្ធមារស្រីយក្សក៏នឹកឃើញដល់អាហាររបស់ខ្លួនក៏ហៅនាងទាំង១២នាក់មកផ្តាំថាៈ ចូរកូនកុំនាំគ្នាទៅលេងនៅឃ្លាំងឯទិសទក្សិណ ព្រោះវាជាកន្លែងដែលមានគ្រោះថ្នាក់ ឯទឹកស្រះក៏ងូតមិនបានដែរ នាំឲ្យកើតរោគរមាស់ ក្តៅក្រហាយពេញខ្លួន កូននាំគ្នាទៅលេងតែឃ្លាំងមាសប្រាក់នៅទិសបច្ចឹមបានហើយ។ ផ្តែផ្តាំរួចហើយស្រីយក្សសន្ធមារ ក៏ចេញដំណើរទៅបាត់ក្នុងថ្ងៃនោះ​ នាងពៅដណ្តាំបាយរួចហើយ កាន់មិនបានប្រយ័ត្នក៏កំពប់ពេញដី ពេលនោះខ្មោចនៅទីនោះក៏ចេះមកស៊ី ស៊ីរួចវាក៏និយាយប្រាប់នាងពៅថាៈ ចូរពួកនាងកុំនៅទីនេះ ទីនេះគឺជាកន្លែងយក្សទេ វាចិញ្ចឹមពួកនាងគឺដើម្បីទុកធ្វើចំណីវាទេ​ ហើយនៅឃ្លាំងឯទិសទក្សិណ គឺមានសុទ្ធតែមនុស្សពិការ សេសសល់ដែលវាទុកជាចំណី ចំណែកឯស្រះទឹកវិញ គឺសុទ្ធតែឈាមដែលហូរចុះទៅ។ នាងពៅស្តាប់ហើយមានការភិតភ័យយ៉ាងខ្លាំង ក៏នាំដំណឹងនេះទៅប្រាប់បងៗ រួចហើយក៏នាំគ្នាទៅទិសទក្សិណ ឃើញថាដូចពាក្យខ្មោចប្រាប់មែន បន្ទាប់មកក៏នាំគ្នាទៅមើលស្រះទឹកឃើញសុទ្ធតែឈាម ក៏នាំគ្នាគិតថានឹងរត់ចេញពីទីនោះ ប៉ុន្តែត្រូវដឹងឲ្យបានជាក់ថា តើជាយក្សឬមិនមែន។ ពេលដែលពួកនាងទាំង១២នាក់ ទៅមើលឃ្លាំងនោះនាងកង្រីក៏បានចុះពីអង្រឹងមកជញ្ជក់បាយឆ្អែត ហើយក៏ឡើងទៅដេកវិញ។ លុះដល់នាង១២ត្រឡប់មករកបាយហូបវិញ ក៏ស្រាប់តែឃើញដូចបាយស្រា នាងជាបងក៏សម្គាល់ថា បាយនេះជាបាយយក្សស៊ីហើយ ពួកនាងភ្ញាក់ផ្អើល និងភិតភ័យជាខ្លាំង ប៉ុន្តែធ្វើជាធម្មតា។ លុះស្អែកឡើងនាងដណ្តាំបាយដូចធម្មតា ហើយនាំគ្នាប្រឡែងលេងជាមួយនាងកង្រី និងនាំឲ្យគេង ពេលកង្រីគេងលក់ពួកនាងធ្វើជាចុះទៅលេងដូចរាល់ដង។ ចំណែកនាងកង្រី កាលបើឃើញស្ងាត់មនុស្សហើយ ក៏ប្រែក្រឡាចុះទៅជញ្ជក់បាយដូចមុន លុះដល់ឆ្អែតហើយ ក៏ក្រឡាឡើងទៅដេកក្នុងអង្រឹងវិញ។ ពួកនាង១២នាក់លបមើលឃើញសកម្មភាពរបស់នាងកង្រី មានការតក់ស្លុតយ៉ាងខ្លាំង ប៉ុន្តែពួកនាងខំប្រឹងធ្វើជាធម្មតា ហើយក៏ឡើងទៅមើលបាយ ឃើញដូចពីថ្ងៃមុន ពួកនាងក៏សម្រេចចិត្តលួចចេញទៅភ្លាម ប៉ុន្តែពួកនាងធ្វើទៅលេងដូចធម្មតា។ ពេលដែលនាងរៀបចេញដំណើរ នាងបានទៅឃ្លាំងទិសបច្ចឹម យកម្កុដម្នាក់មួយទៅជាមួយ។ រត់ចូលទៅក្នុងព្រៃជ្រៅ ឮសូរសត្វតាវ៉ៅស្រែក ឮសូរសត្វតូចធំស្រែកយំឆ្លើយឆ្លង ពួកនាងភ័យណាស់យំរៀបរាប់បងប្អូនថា តើយើងអាចគេចផុតពីស្រីយក្សសន្ធមារនោះបានឬទេ? កាលដែលពួកនាងនិយាយពីយក្សសន្ធមារ ក៏មានសត្វក្អែកទុំក្បែរនោះមួយក៏គិតថាៈ “អញរស់នៅសព្វថ្ងៃក៏ដូចសាររំពាររបស់សន្ធមារ ដូច្នេះអញត្រូវតែទៅប្រាប់ដើម្បីកុំឲ្យពួកនាងៗទាំងនេះរត់រួច”។ គិតរួចហើយក្អែកក៏ហើរចេញទៅ ហើយក៏បានជួបនឹងសន្ធមារកំពុងតែចាប់សត្វជាចំណី។ ក្រោយពីបានឮក្អែកប្រាប់ដូច្នោះ សន្ធមារខឹងណាស់ក៏ប្រញាប់ត្រឡប់មកវិញ ហើយក៏ឡើងទៅរកកង្រី ឃើញនៅដេកក្នុងអង្រឹងក៏ប្រាប់ថាៈ ពួកវារត់បាត់អស់ហើយ។ កង្រីក៏ប្រញាប់សួរវិញថា តើអ្នកម៉ែដឹងរឿងនេះមកពីណា?

គឺក្អែកជាអ្នកប្រាប់ កូនស្មានតែពួកវាចុះទៅលេងដូចធម្មតា មិនដឹងថាវារត់អញ្ចឹងសោះ។ ដោយខឹងខ្លាំងស្រីយក្ស    សន្ធមារកំណាចបានយកកង្រីទៅផ្ញើទុកគេសិន រួចប្រែក្រឡាខ្លួនទៅរកនាង១២នាក់។ នាងទាំង១២នាក់ឮសូរសន្ធឹកយក្សហោះមកភ័យណាស់នាំគ្នារត់ទៅក៏ជួបនឹងដំរី ហើយក៏នាំគ្នាលុតជង្គង់សំពះដំរីឲ្យជួយ។ ដំរីយល់ឃើញថាអាណិតនាង១២ ក៏ឲ្យចូលក្នុងពោះ ពេលចូលអស់យក្សមកដល់ល្មម ហើយសួរដំរីថាៈ​ តើព្រះស្តែងបានឃើញនាង១២នាក់ទេ? ដំរីស្តាប់ហើយធ្វើជាខឹងឆ្លើយវិញថាៈ យើងមិនឃើញទេ កុំមកសួរនាំយើង ឯងឃើញយើងកំពុងមានផ្ទៃពោះចាស់ខែទេ តិចយើងព្រិចឯងស្តាប់ឥឡួវ។ យក្សសន្ធមារឮដូច្នោះភិតភ័យក៏ហោះចេះទៅវិញ។ បន្ទាប់យក្សចេញទៅ ដំរីក៏ហៅនាងទាំង១២នាក់ចេញមក នាងទាំង១២នាក់ក៏សំពះអរគុណដំរី ហើយក៏ចេញទៅ។ ទៅបានឆ្ងាយបន្តិចយក្សសន្ធមារក៏ទៅតាម ពួកនាងទាំង១២នាក់ គិតថាមើលទៅមិនអាចរួចពីស្លាប់ទេ ភ្លាមនោះនាងក៏បានជួបព្រះគោនៅពីមុខនាង ពួកនាងក៏សំពះឲ្យព្រះគោជួយ ព្រះគោក៏បានឲ្យចូលក្នុងពោះ គ្រាន់តែចូលផុត យក្សមកដល់ល្មម យក្សសន្ធមារសួរព្រះគោថាៈ ព្រះគោតើបានជួបនាងទាំង១២នាក់ឬទេ? ព្រះគោក៏ឆ្លើយវឹងថាៈ​ យើងមិនដឹងមិនឮរឿងមនុស្សទេ កុំមកសួរយើង តិចយើងជល់ស្លាប់ឥឡូវ។ សន្ធមារភិតភ័យក៏ហោះចេញទៅ។ សន្ធមារចេញទៅផុត ព្រះគោក៏ហៅនាងទាំង១២នាក់ចេញមក នាង១២នាក់សំពះអរគុណព្រះគោរួចចេញដំណើរទៅ    ទៀត។ ពួកនាងធ្វើដំណើរទៅទៀត សន្ធមារដេញតាម ពួកនាងក៏បានជួបនឹងឈ្លូស ហើយក៏សុំចូលក្នុងពោះឈ្លូស។ ពេលសន្ធមារទៅបាត់ ពួកនាងចេញពីពោះឈ្លូសវិញ ហើយនាំគ្នាបេះផ្លែឈើឲ្យឈ្លូសឆី បន្ទាប់មកពួកនាងក៏សំពះលាឈ្លូសទៅទៀត។ ពួកនាងធ្វើដំណើរជាច្រើនថ្ងៃក៏បានមកដល់នគរឥន្ទបត្តក្សត្រា ហើយក៏បានទៅជួបស្រះទឹកមួយដែលមានទឹកថ្លាឈ្វេង។ មនុស្សម្នារស្រីប្រុសនាំគ្នាដួសយកទឹកទៅងូត និងប្រើប្រាស់យ៉ាងកុះករ ពួកនាងទាំង១២នាក់ក៏នាំគ្នាចុះទៅងូតទឹករួចយកម្កុដមកពាក់ម្នាក់មួយ រួចហើយក៏នាំគ្នាឡើងលើដើមឈើធំមួយនៅក្បែរនោះ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!